អានតួអត្ថបទ
បារាំង

បារាំង​ស្នើ​ឲ្យ​កំណត់​សិទ្ធិ​ធ្វើ​វេតូ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ

ប្រមុខ​ការបរទេស​បារាំង នៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​និយាយ​ពីករណី​អ៊ីរ៉ាក់
ប្រមុខ​ការបរទេស​បារាំង នៅក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដើម្បី​និយាយ​ពីករណី​អ៊ីរ៉ាក់ ©REUTERS/Shannon Stapleton

ប្រទេស​បារាំង​កំពុង​រកវិធីសាស្រ្ត​​ដើម្បី​កាត់បន្ថយសិទ្ធិ​ធ្វើ​​វេតូរបស់​សមាជិក​អចិន្ត្រៃយ៍ ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ ក្រៅក្របខ័ណ្ឌ​កិច្ចប្រជុំ​អចិន្រ្តៃយ៍​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក បារាំង និង​ប្រទេស​ម៉ិចស៊ិក​ជាអ្នកផ្តួចផ្តើម​គំនិត​​រៀបចំ​កិច្ចប្រជុំ​ពិសេស​ស្តី​ពី​បញ្ហា​នេះ ដោយ​មាន​ចូលរួម​ពី​ប្រទេស​ជាង ២០ ដែល​នៅក្នុង​នោះ មាន​សមាជិក​អន្រ្តៃយ៍​ចំនួន ៤ លើក​លែង​តែ​រុស្ស៊ី​ដែល​មិន​បង្ហាញខ្លួន។  

ផ្សាយពាណិជ្ជកម្ម

បារាំង​ជា​អ្នកផ្តួចផ្តើមគំនិត ចង់ស្នើ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ពិចារណា​ឡើង​វិញ ពី​សិទ្ធិ​ធ្វើ​វេតូ​របស់​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ របស់​ក្រុមប្រឹក្សា​ ដែល​មាន ដូចជា សហរដ្ឋអាមេរិក បារាំង រុស្ស៊ី អង់គ្លេស និង​ចិន។ ប៉ុន្តែ នៅក្នុង​កិច្ចប្រជុំ​ដែល​មាន​ប្រទេស​ជាង ២០​ចូលរួម គ្មាន​ទេ​វត្តមាន​របស់​ភាគី​រុស្ស៊ី។ រុស្ស៊ី​ និង​ចិន​ឧស្សាហ៍​ត្រូវ​ប្រទេស​លោកខាង​លិច​រិះគន់ ដោយសារ​តែ​ប្រទេស​ទាំងពីរ ជាញឹកញយ​ប្រើ​សិទ្ធិ​វេតូ​របស់ខ្លួន ដើម្បី​ប្រឆាំង​មិន​ឲ្យ​ក្រុមប្រឹក្សា​ចេញ​សម្រេច​ដាក់​គំនាប​​ទៅលើប្រទេសសម្ព័ន្ធមិត្ត​របស់ខ្លួន។

 
លោក​ប្រមុខការបរទេស​បារាំង ដែល​លើក​យក​ឧទាហរណ៍​ករណី​សង្រ្គាម​ស៊ីវិល នៅ​ស៊ីរី បាន​ថ្លែងថា សំណើ​កាត់បន្ថយ​សិទ្ធិ​ធ្វើ​វេតូ​របស់​សមាជិក​អចិន្ត្រៃយ៍ នឹង​ជួយ​កាត់បន្ថយ​ភាព​ស្ពឹកស្រពន់​របស់​​ក្រុមប្រឹក្សា​សន្តិសុខ នៅពេល​វិបត្តិ​ធំ​មួយ​កំពុង​កើតឡើង។ ជារួម តាមរយៈ​សំណើនេះ បារាំង​ចង់​ទាមទារ​ឲ្យ​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​របស់​ក្រុម​ប្រឹក្សា​ឈប់​ប្រើសិទ្ធិ​វេតូ នៅពេល​ដែល​ការសម្លាប់​រង្គាល (ដូចជា​អំពើ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្រ្គាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ) កំពុង​កើតឡើង។​

សូមបញ្ជាក់ថា ចាប់តាំង​ពី​សង្រ្គាម​ស៊ីវិល​ផ្ទុះ​នៅ​ស៊ីរី និង​សម្លាប់​មនុស្ស​ជាង​២សែននាក់ រុស្ស៊ី និង​ចិន​បាន​រួមគ្នា​បោះឆ្នោត​វេតូ ៤​ដង ប្រឆាំង​មិន​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ចេញ​​សេចក្តី​សម្រេច ​ដែល​សំដៅ​ដាក់​ទណ្ឌកម្ម​ទៅលើ​របប​លោក​បាស្ហា អាល់ អាសាដ។

សម្រាប់​រដ្ឋមន្រ្តីការបរទេស​ម៉ិចស៊ិក​ដែល​ជា​សហប្រធាន​កិច្ចប្រជុំ​ សិទ្ធិ​ធ្វើវេតូ មិនមែន​ជា​បុព្វសិទ្ធិ​ផ្តាច់មុខ ប៉ុន្តែ ជាការទទួល​ខុសត្រូវ​របស់​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ។ មន្រ្តីទូត​បារាំង​ម្នាក់​បាន​បង្ហើប​ប្រាប់​ទីភ្នាក់ងារ​បារាំង​AFP ថា សមាជិក​មួយ​ចំនួន​តូច ដែល​ខ្លាច​បាត់​បង់​ប្រយោជន៍ សិទ្ធិ​អត្ថិភាព​របស់ខ្លួន នៅ​ក្រុមប្រឹក្សា​សន្តិសុខ​​មិន​សូវ​ពេញចិត្ត​ គាំទ្រ សំណើ​របស់​បារាំង​ ប៉ុន្តែ មាន​ប្រទេស​ជាច្រើន​ផ្សេងទៀត និង​​អង្គការ​សង្គមស៊ីវិល​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​បារាំង។ ដូច្នេះ គេ​នៅ​ត្រូវការ​ពេលវេលា​យូរ​ និង​ការងារ​ប្រឹងប្រែង​ជាច្រើន​ទៀត ដើម្បី​ធ្វើ​ការ​​បញ្ចុះបញ្ចូល និង​ដាក់​គំនាប​ឲ្យ​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥​របស់​ក្រុមប្រឹក្សា​សន្តិសុខ​លះបង់​បុព្វសិទ្ធិ​ពិសេស​របស់ខ្លួន៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ