អានតួអត្ថបទ

ឥណ្ឌា និងប៉ាគីស្ថានបន្តបាញ់ផ្លោង​ដាក់គ្នា​ខ្លាំងក្លា​នៅក្បែរ​តំបន់​ព្រំដែន​កាស្មៀរ​

នៅថ្ងៃពុធទី ២៧ កុម្ភៈ ប្រជាជនឥណ្ឌាជួបជុំគ្នាអបអរមុនពេលអ្នកបើកយន្ដហោះរបស់ខ្លួន ត្រូវបានដោះលែងដោយអាជ្ញាធរប៉ាគីស្ថាន។
នៅថ្ងៃពុធទី ២៧ កុម្ភៈ ប្រជាជនឥណ្ឌាជួបជុំគ្នាអបអរមុនពេលអ្នកបើកយន្ដហោះរបស់ខ្លួន ត្រូវបានដោះលែងដោយអាជ្ញាធរប៉ាគីស្ថាន។ REUTERS/Amit Dave

ភាព​តានតឹង​រវាង​ប្រទេស​ឥណ្ឌា​ និង​ប៉ាគីស្ថាន​ បានផ្ទុះឡើង​យ៉ាងខ្លាំង​សា​ជាថ្មី​ទៀត​ កាលពី​ថ្ងៃសៅរ៍​ ទី២​ មីនា​ ម្សិលមិញ​នេះ  ដោយសារតែ​កងទ័ព​របស់​ប្រទេស​ទាំងពីរ​ បាញ់ផ្លោង​គ្រាប់​កាំភ្លើងធំ​ដាក់គ្នា​ទៅវិញទៅមក​។ ការ​ប៉ះទង្គិច​គ្នា​ថ្មីនេះ​ បាន​សម្លាប់​ប្រជាជន​របស់​ប្រទេស​ទាំងពីរ​ដែល​រស់នៅ​ក្បែរ​ព្រំ​ប្រទល់ដែន​តំបន់​កាស្មៀរ​ យ៉ាងហោច​ណាស់​ក៏​ចំនួន​ប្រាំពីរ​នាក់​ដែរ។

ផ្សាយពាណិជ្ជកម្ម

គេរំពឹងទុកថា ក្រោយប៉ាគីស្ថានដោះលែង អ្នកបើកយន្តហោះចម្បាំងរបស់ឥណ្ឌា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងវិលមករកភាពធូរស្រាលបានខ្លះ។ ប៉ុន្តែអ្វីៗ ខុសពីការស្មានទុកទាំងស្រុង ភាពតានតឹងរវាងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ នៅតែបន្តកើតមាន និងកាន់តែធ្ងន់ធ្ងរជាមុនបន្ថែមទៀត។

ជាក់ស្តែង កងទ័ពរបស់ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានបន្តបាញ់ផ្លោងគ្រាប់គាំភ្លើងត្បាល់ដាក់គ្នា ពេញមួយថ្ងៃសៅរ៍ ទី២ មីនាម្សិលមិញនេះ និងបណ្តាលឲ្យប្រជាជនទាំងសងខាងស្លាប់។

បើតាមអាជ្ញាធរប៉ាគីស្ថាន ការប៉ះទង្គិចគ្នាខាងលើនេះ បានបណ្តាលឲ្យទាហានរបស់ខ្លួនពីរនាក់ស្លាប់ និងជនស៊ីវិលប៉ាគីស្ថានពីរផ្សេងទៀតស្លាប់ផងដែរ។ រីឯនៅខាងឥណ្ឌាវិញ មានមនុស្សបីនាក់ស្លាប់ ដែលក្នុងនោះមានស្ត្រីម្នាក់ និងកូនៗរបស់គាត់ចំនួនពីរនាក់។

គួរជម្រាបជូនថា ការផ្ទុះអាវុធដាក់គ្នាកាលពីថ្ងៃសៅរ៍ម្សិលមិញ រវាងប្រទេសបងប្អូនដែលជាគូសត្រូវនឹងគ្នា ពោលគឺឥណ្ឌា និងប៉ាគីស្ថាន កើតឡើងដោយសារតែឥណ្ឌាខឹងប៉ាគីស្ថាន ទាក់ទងនឹងរឿងដោះលែងអ្នកបើកយន្តហោះរបស់ខ្លួន កាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះ។

សម្រាប់ឥណ្ឌា ការដោះលែងនេះមិនមែនចេញពីចិត្ត និងដើម្បីស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើយ។ បើតាមសារព័ត៌មានឥណ្ឌា មុនត្រូវដោះលែង អ្នកបើកយន្តហោះចម្បាំងឥណ្ឌា ត្រូវប៉ូលិសប៉ាគីស្ថានបង្ខំឲ្យនិយាយនៅក្នុងវីដេអូមួយ ដោយឲ្យលោកលើកសរសើរពីកងកម្លាំងរបស់ប៉ាគីស្ថាន និងបន្ទោសបង្អាប់បណ្តាញសារព័ត៌មានរបស់ឥណ្ឌា។

ការណ៍នេះ បានជំរុញឲ្យប្រជាជន និងរដ្ឋាភិបាលឥណ្ឌាផ្ទុះកំហឹងជាខ្លាំង។ បន្ទាប់មក ការប៉ះទង្គិច តាមរយៈការបាញ់កាំភ្លើងធំដាក់គ្នារវាងឥណ្ឌា និងប៉ាគីស្ថានក៏បានផ្ទុះឡើងយ៉ាងខ្លាំងក្លាតែម្តងនាម្សិលមិញនេះ។

គួរជ្រាបដែរថា រហូតមកដល់ពេលនេះ មានមនុស្សស្លាប់ចំនួន១២​នាក់ហើយ នៅក្បែរតំបន់ព្រំដែនកាស្មៀរ ដោយសារតែការបាញ់ផ្លោងដាក់គ្នាទៅវិញទៅមករបស់ឥណ្ឌា និងប៉ាគីស្ថាន រាប់ចាប់តាំងពីដើមសប្តាហ៍នេះមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ