អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

នាយក​ទី​ភ្នាក់ងារ​​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​អាមេរិកលាលែង​ចេញ​ពី​តំណែង

លោក Dan Coats នាយក​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​អាមេរិក
លោក Dan Coats នាយក​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​អាមេរិក REUTERS

នាយក​ទី​ភ្នាក់ងារ​ស៊ើប​ការ​ណ៍សម្ងាត់​ជាតិ​អាមេរិក លោក Dan Coats បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​លា​លែង​ចេញ​ពី​តំណែង ហើយ​នឹង​ត្រូវ​ចាក​ចេញ​ពី​រដ្ឋបាល​លោក​ត្រាំ នៅ​ថ្ងៃ​ទី​១៥​ខែ​សីហា​ខាង​មុខ​។ ដំណឹង​នេះ​ត្រូ​វ​បាន​​ប្រកាសដោយ​​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​អាទិត្យ ទី​២៨​កក្កដា​ម្សិលមិញ​ តាម​គណនី​សង្គម Twitter។ គួរ​កត់​សម្គាល់​ថា លោក Dan Coats ជា​មន្ដ្រី​ជាន់​ខ្ពស់​ម្នាក់​ទៀត ដែល​សម្រេច​ចិត្ត​​ដើរ​ចេញ​ពី​លោក​ដូណាល់ ត្រាំ ដោយ​សារ​តែ​​ខ្វែង​គំនិត​គ្នា​ក្នុង​សំណុំ​រឿង​ការ​លូក​ដៃ​របស់​រុស្ស៊ី ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៦ ​នៅ​សហរដ្ឋ​អាមេរិក​​។

ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​លិខិត​លាលែង​ចេញ​ពី​តំណែង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អាទិត្យ ទី​២៨​កក្កដា លោក Dan Coats មិន​បាន​គូស​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​សម្រេច​ចិត្ត​របស់​លោក​ទេ​។ លោក​គ្រាន់​តែ​បាន​រំឭក​ឡើង​វិញ​ខ្លះ​ៗ​ពី​កិច្ច​ខិត​ខំប្រឹង​ប្រែង​របស់​លោក ធ្វើ​ការ​ជាមួយ​ស្ថាប័ន​ស៊ើប​ការណ៍​សម្ងាត់​ដទៃទៀត ដើម្បី​ការពារ​សហរដ្ឋ​អាមេរិក។ បន្ទាប់​ពី​កាន់​តំណែង​ជា​នាយក​ទី​ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​អាមេរិក​អស់​រយៈ​ពេល​ជាង​២​ឆ្នាំ លោក Dan Coats លើក​ឡើង​ថា វា​ដល់​ពេល​ហើយ​សម្រាប់​លោក ដែល​ត្រូវ​បន្ត​ដំណើរ​ទៅ​កាន់​ជំពូកថ្មី​​មួយ​ទៀត​នៃ​ជីវិត​។

គួរ​កត់​សម្គាល់​ថា លោក Dan Coats ជា​មន្ដ្រី​ជាន់​ខ្ពស់​ម្នាក់​ទៀត ដែល​សម្រេច​ចិត្ត​​ដើរ​ចេញ​ពី​លោក​ដូណាល់ ត្រាំ ដោយ​សារ​តែ​​ខ្វែង​គំនិត​គ្នា​ក្នុង​សំណុំ​រឿង​ការ​លូក​ដៃ​របស់​រុស្ស៊ី ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៦ ​នៅ​សហរដ្ឋ​អាមេរិក​​។ ​ឡើង​កាន់​តំណែង​ជា​នាយក​ទីភ្នាក់ងារ​ស៊ើប​ការ​ណ៍សម្ងាត់​អាមេរិក កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧​ លោក Dan Coats ​បាន​ដឹក​នាំ​ការ​ស៊ើប​អង្កេត ហើយ​​ឈាន​ទៅដាក់​ការ​សន្និដ្ឋាន​ថា ​រុស្ស៊ី​​មាន​​សកម្មភាព​ជ្រៀតជ្រែក​​​ដំណើរការ​បោះ​ឆ្នោត​អាមេរិក ទាំង​នៅ​ក្នុង​ឆ្នាំ​២០១៦ និង​នា​ពេល​បច្ចុប្បន្ន​​។ ប៉ុន្តែ​ លោក ដូណាល់ ត្រាំ វិញ មិន​ដែលជឿ​លើ​ការ​សន្និដ្ឋាន​នេះ​ទេ​។

យ៉ាង​ណា​ក៏​ដោយ លោក ដូណាល់ ត្រាំ បាន​ថ្លែង​អំណរ​គុណ​លោក Dan Coats ដែល​បាន​បម្រើ​ការងារ​ជូន​ជាតិ​។ ប្រធានាធិបតី​អាមេរិក បាន​ឆ្លៀត​ឱកាស​នេះ បង្ហើប​ពី​បេក្ខភាព​ថ្មី​ដែល​នឹង​ត្រូវ​ឡើង​មក​ជំនួស​តំណែង​លោក Dan Coats ផង​ដែរ​ នោះ​គឺ​លោក John Ratcliffe។ លោក John Ratcliffe ដែល​ជា​សមាជិក​សភា​មក​ពី​រដ្ឋ​តិចសាស់ និងដែល​មាន​ជំហរ​ស្រប​នឹង​លោក ដូណាល់ ត្រាំ ជាង​លោក Dan Coats។

ដូច​គ្នា​ទៅ​នឹង​ប្រធានាធិបតី​អាមេរិក​ដែរ, លោក John Ratcliffe ថា លោក​រក​មិន​​ឃើញ​ភស្តុតាង​ណាមួយ​សោះ ដែល​បង្ហាញ​ពី​ការ​លូកដៃ​ជ្រៀតជ្រែក​របស់​រុស្ស៊ី ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​អាមេរិក​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សមាជិក​សភា​មក​ពី​រដ្ឋ​តិចសាស់​រូប​នេះ ថែម​ទាំង​បាន​ដាក់​ការ​សង្ស័យ​ពី​ភាព​ត្រឹមត្រូវ នៃ​របាយការណ៍​ដែល​ចោទ​ប្រកាន់​រុស្ស៊ី​ថា​មាន​ពាក់ព័ន្ធ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ថែម​ទៀត​៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ