អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

ភពសុក្រ៖ ផ្កាយព្រឹក ឬ​ផ្កាយចោរ

សំឡេង ០៩:៥២
ភពសុក្រ ជា​ភពទី២​រាប់ពីព្រះអាទិត្យ
ភពសុក្រ ជា​ភពទី២​រាប់ពីព្រះអាទិត្យ NASA

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​ភពសុក្រ ដែល​តែងតែ​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​បងប្អូនភ្លោះ​នៃ​ភពផែនដី​របស់​យើង។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ផ្កាយ​ពីរដួង ដែល​គេ​​ស្គាល់​ជាទូទៅ​​តាំង​ពី​សម័យ​បុរាណ ដោយសារតែ​វា​ជា​ផ្កាយ​ដែល​គេ​មើល​ទៅ​ឃើញ​មាន​​​ពន្លឺ​ភ្លឺ​ខ្លាំង ហើយ​ទាក់ទាញ​អារម្មណ៍​ជាង​ផ្កាយណា​ផ្សេងទៀតទាំងអស់។ ផ្កាយ​ទាំងពីរ​ដួងនេះ មួយ​​តែងតែ​រះ​នៅ​ពេលព្រឹកព្រលឹម​មុននឹង​ត្រូវ​លុបបាត់​ដោយ​ពន្លឺ​ព្រះអាទិត្យ ដែល​យើង​ហៅ​ថា “ផ្កាយព្រឹក” និង​មួយ​ទៀត​តែងតែ​បង្ហាញ​ខ្លួន​​នៅ​ពេល​ល្ងាច ហើយ​បាន​តែ​ប៉ុន្មាន​ម៉ោង​​ក៏​លិច​ទៅវិញ ដែល​យើង​ឲ្យ​ឈ្មោះ​​​ថា "ផ្កាយចោរ”។

តាមការពិត​ទៅ “ផ្កាយព្រឹក” និង​ “ផ្កាយចោរ” នេះ មិនមែន​ជា​ផ្កាយ​ពីរ​ផ្សេងគ្នា​​ដូច​ដែល​មនុស្ស​ភាគច្រើន​ធ្លាប់​គិត​នោះទេ ក៏ប៉ុន្តែ គឺ​ជា​ផ្កាយតែមួយ​ គ្រាន់តែ​បង្ហាញ​ខ្លួន​នៅ​ពេល​ផ្សេងគ្នា​តែ​ប៉ុណ្ណោះ ហើយ​ផ្កាយនេះ គឺ​ភពសុក្រ ដែលមាន​គន្លង​តារាវិថី​ស្ថិត​នៅ​លំដាប់​ទីពីរ​​ រាប់​ពី​ព្រះអាទិត្យ ពោលគឺ ស្ថិត​នៅ​បន្ទាប់​ពី​ភព​ពុធ និង​មុន​ភពផែនដី​របស់​យើង។

ដោយសារ​តែ​មាន​គន្លង​តារាវិថី​ស្ថិត​នៅ​ប៉ែក​ខាង​ក្នុង​ធៀប​នឹង​ភពផែនដី​យើង​បែបនេះ​ហើយ បាន​ជា​ភពសុក្រ​តែងតែ​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ព្រះអាទិត្យ ដោយ​ពេលខ្លះ​រះ​នៅ​ពេល​ព្រឹក​ព្រលឹម​មុន​ព្រះអាទិត្យ​បន្តិច (ផ្កាយព្រឹក) ​ពេល​ខ្លះ​​លិច​ទៅ​​តាម​ក្រោយ​ព្រះអាទិត្យ​នៅ​ពេល​ល្ងាច (ផ្កាយចោរ) ចំណែក​ឯ​ពេល​ខ្លះ​ទៀត​​ត្រូវ​បាត់មុខ​ពី​ផ្ទៃមេឃ​ទាំងស្រុង ដោយ​ត្រូវ​រះ​នៅ​ពេល​ថ្ងៃ ហើយ​ត្រូវ​លុប​ដោយ​ពន្លឺ​ព្រះអាទិត្យ។

ភពសុក្រ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ផ្កាយ​ដែល​មាន​ពន្លឺ​ភ្លឺ​ជាង​គេ​បំផុត​នៅ​ពេលយប់ ពោលគឺ ក្រៅ​ពី​ព្រះចន្ទ​មួយ​ចេញ គ្មាន​អ្វី​ដែល​ភ្លឺ​ជាង​ភព​សុក្រ​នេះ​ទេ។ នេះ​ក៏ដោយសារ​តែ​ភព​សុក្រ​ ជា​ភព​ដែល​ស្ថិត​នៅ​ជិត​នឹង​ភពផែនដី​ជាងគេ មាន​ទំហំ​ក៏​ធំ​​ប្រហាក់​ប្រហែល​នឹង​ភពផែនដី ព្រម​ទាំង​មាន​ស្រទាប់​បរិយាកាស​ ដែល​ធ្វើ​ឲ្យ​ពន្លឺ​ដែល​ទទួល​ពី​ព្រះអាទិត្យ​ត្រូវ​​ចាំង​ផ្លាត​​ខ្លាំង​ចេញមកវិញ។

លក្ខណៈ​ស្រដៀងគ្នា​ ទាំង​ទំហំ ធាតុផ្សំ និង​វត្តមាន​នៃ​បរិយាកាស​បែបនេះហើយ ដែល​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ តាំង​ពី​ដើម​រៀងមក តែងតែ​ចាត់ទុក​ភពសុក្រ​ប្រៀបដូចជា​បងប្អូន​ភ្លោះ​របស់​ភពផែនដី ហើយ​នាំគ្នា​គិត​ថា នៅលើ​ភពសុក្រ​នេះ ក៏​ប្រហែល​ជា​មាន​ជីវិត​រីកដុះដាល​ខ្លាំង ដូច​ជា​នៅលើ​ភពផែនដី​របស់​យើង​នេះ​ដែរ។

ក៏ប៉ុន្តែ បន្តិចម្តងៗ នៅ​ពេល​ដែល​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​កាន់តែ​រីកចម្រើន​ជឿនលឿន អាច​ឲ្យ​គេ​សិក្សា​កាន់តែ​លម្អិត និង​រហូត​អាច​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ឲ្យ​ទៅ​ចុះ​ចត​នៅ​លើភពសុក្រ ទើប​គេ​នាំគ្នា​ភ្ញាក់ផ្អើល​ដោយ​មើលឃើញ​ថា ភពសុក្រ​នេះ​មាន​ភាព​ខុសគ្នា​ស្រឡះ​ពី​ភពផែនដី ជាពិសេស គឺ​ទាក់ទង​នឹង​លក្ខខណ្ឌ​អំណោយផល​នៃ​ជីវិត។

ប្រទេស​ដែល​បាន​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ឲ្យ​ទៅ​ចុះចត​ដោយ​ជោគជ័យ​លើ​ភពសុក្រ​មុនគេ គឺ​សហភាព​សូវៀត នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៧០។ សហភាព​សូវៀត​បាន​ចាប់ផ្តើម​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ឲ្យ​ទៅ​ចុះចត​លើ​ភពសុក្រ តាំង​ពី​ឆ្នាំ១៩៧០ ក៏ប៉ុន្តែ ត្រូវ​បរាជ័យ​ជាច្រើន​លើក ដោយ​យាន​ខ្លះ​ត្រូវ​បាត់ការ​ទាក់ទង​​តាំង​ពី​ពេល​មិនទាន់​ចុះ​ដល់​ដី ហើយ​ខ្លះ​ទៀត​បាត់​ការទាក់ទង​ភ្លាមៗ ក្រោយ​ពី​ចុះ​ដល់ដី។

រហូត​ដល់​ឆ្នាំ​១៩៧៥ ទើប​សូវៀត​អាច​ចុះចត​យាន​គ្មាន​មនុស្ស​បើក​ដោយជោគជ័យ​លើ​ភពសុក្រ​ជាលើកទីមួយ។ យាន​នេះ ក៏ដូចជា​យាន​ក្រោយៗ​មក​ទៀត​ដែរ អាច​មាន​ដំណើរការ​នៅលើ​ដី​នៃ​ភពសុក្រ​បាន​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​តែ​ប៉ុណ្ណោះ ក៏ប៉ុន្តែ ទោះជាយ៉ាងណា វា​គ្រប់គ្រាន់​ល្មម​នឹង​អាច​ឲ្យ​គេ​ប្រមូល​ទិន្នន័យ​បាន​ច្រើន​ពី​ស្ថានភាព​នៃ​ផ្ទៃដី និង​ពី​បរិយាកាស​របស់​ភព​សុក្រ ហើយ​ទិន្នន័យ​អស់ទាំងនេះ​ធ្វើ​ឲ្យ​គេ​អាច​យល់​កាន់តែ​ច្បាស់​ថា តើ​ហេតុអ្វី​បាន​ជា​យាន​ដែល​ចុះចត​លើ​ភពសុក្រ​នេះ មិន​អាច​ស្ថិត​ស្ថិរ​នៅ​បាន​យូរ​លើស​ពី​ប៉ុន្មាន​ម៉ោង​បែបនេះ?

ភពសុក្រ ថ្វីដ្បិត​តែ​មាន​ទំហំ ម៉ាស់ និង​កម្លាំងទំនាញ​​ប្រហាក់​ប្រហែល​នឹង​ភពផែនដី ហើយ​មាន​សណ្ឋានដី និង​រចនា​សម្ព័ន្ធ​ប្រហាក់ប្រហែល​នឹង​ភពផែនដី ក៏ប៉ុន្តែ លក្ខណៈស្រដៀងគ្នា​នឹង​ភពផែនដី​យើងនេះ គឺ​មានតែ​ត្រឹមនេះ​ប៉ុណ្ណោះ ចំណែក​អ្វីៗ​ផ្សេងទៀត ភពសុក្រ​ គឺ​ខុសគ្នា​ស្រឡះ​ពីភពផែនដី​របស់​យើង។

ភពសុក្រ បើទោះបីមិនមែន​ជា​ភព​ដែល​ស្ថិត​នៅ​ជិត​ព្រះអាទិត្យ​ជាងគេ ក៏ប៉ុន្តែ ជា​ភព​ដែល​ក្តៅជាងគេ​បង្អស់ នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង។ សីតុណ្ហភាព​នៅលើ​ភពសុក្រ​មាន​រហូតដល់​ទៅ​ជាង ៤៦០​អង្សារ ពោលគឺ​ក្តៅជាង​ភពពុធ ដែល​ជា​ភព​ស្ថិតជិត​ព្រះអាទិត្យ​ជាងគេ​ទៅទៀត។

មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យភពសុក្រ​មាន​សីតុណ្ហភាព​ក្តៅ​ខ្លាំង​បែបនេះ គឺ​ដោយសារ​តែ​ភព​សុក្រ​មាន​ស្រទាប់​បរិយាកាស​ក្រាស់​ខ្លាំង ហើយ​បរិយាកាស​នេះ​ទៀត​សោត​មាន​ធាតុផ្សំ​ចម្បង​ជាឧស្ម័នកាបូនិច (៩៦,៥%) និង​អាសូត (៣,៥%) ដែល​សុទ្ធសឹង​ជា​ប្រភេទ​ឧស្ម័ន​ផ្ទះកញ្ចក់​ដ៏​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការ​ស្រូប និង​​ទប់កម្តៅ​ពី​ព្រះអាទិត្យ​មិន​ឲ្យ​សាយភាយ​ចេញ​ទៅវិញ។

ស្រទាប់​បរិយាកាស​ដ៏​ក្រាស់ឃ្មឹក​នេះ​ក៏​ធ្វើ​ឲ្យ​សម្ពាធ​លើ​ភពសុក្រ​ត្រូវ​កើនឡើង​ដល់​កម្រិត​កំពូល​ផងដែរ ដោយ​គ្រាន់តែ​នៅលើ​ផ្ទៃដី​នៃភពសុក្រ មាន​សម្ពាធ​ខ្លាំង​ប្រហាក់ប្រហែល​នឹង​នៅ​បាតសមុទ្រ​ជម្រៅ​​ដល់​ទៅ​ជិត​១ពាន់ម៉ែត្រ​នៅលើ​ភពផែនដី​របស់​យើង។ សម្ពាធ​ និង​សីតុណ្ហភាព​ដ៏​សែន​ក្តៅ​បែបនេះហើយ ដែល​ធ្វើ​ឲ្យ​គេ​សន្និដ្ឋាន​ថា ភពសុក្រ (យ៉ាងហោចណាស់​នៅលើ​ផ្ទៃដី) មិនមែន​ជា​ទីកន្លែង​ដែល​មាន​អំណោយផល​សម្រាប់​ការ​រីកដុះដាល​នៃ​ជីវិត ដូចអ្វី​ដែល​គេ​ធ្លាប់​គិត​ពីមុន​មក​នោះទេ។

ក្រៅពីនេះ ភពសុក្រ​នៅមាន​លក្ខណៈ​ដ៏​ចម្លែក​មួយ​ទៀត ដែល​ខុស​ពី​ភពផ្សេងៗ​ទៀត នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង គឺ​ភពសុក្រ​នេះ​មាន​ចលនា​វិល​ជុំវិញ​ខ្លួនឯង​យ៉ាងយឺតៗ​បំផុត ដោយ​វិល​មួយជុំខ្លួនឯង​​ត្រូវ​ចំណាយ​ពេល​យូរ​ជាង​វិល​ជុំវិញ​ព្រះអាទិត្យ​ទៅទៀត។ គេ​អាច​និយាយ​បាន​ម្យ៉ាងទៀត​ដោយ​ងាយស្តាប់​ថា នៅលើ​ភពសុក្រ ១ថ្ងៃ​មាន​រយៈពេល​យូរ​ជាង១​ឆ្នាំ​ទៅ​ទៀត។ ១ឆ្នាំ​លើ​ភពសុក្រ​មាន​រយៈពេលស្មើនឹង ២២៥ថ្ងៃ​លើ​ភពផែនដី ចំណែក​ឯ​១ថ្ងៃ​វិញ​មាន​រយៈពេល​រហូតដល់​ទៅ ២៤៣ថ្ងៃឯណោះ។

ចំណុច​ចម្លែក​មួយ​ទៀត ប្រសិនបើ​គេ​អាច​ទៅ​ឈរ​នៅលើ​ដី​នៃ​ភពសុក្រ​បាន (ដោយ​មិនត្រូវ​ស្លាប់​ដោយ​កម្តៅ និង​សម្ពាធ) ហើយ​ប្រសិនបើ​មិនមាន​ពពក​ និង​ស្រទាប់​បរិយាកាស​ដ៏​ក្រាស់ឃ្មឹក​បាំងទេនោះ គេ​នឹង​អាច​សង្កេតឃើញ​ថា ថ្ងៃ​មិនត្រឹមតែ​ដើរយឺតជាង​ឆ្នាំនោះទេ ក៏ប៉ុន្តែ ព្រះអាទិត្យ​មាន​ចលនា​ផ្ទុយ​ពី​អ្វី​ដែល​យើង​ឃើញ​នៅលើ​ភពផែនដី​របស់​យើង​ទាំងស្រុង ពោលគឺ ថ្ងៃ​នៅលើ​ភពសុក្រ​​រះ​នៅ​ទិស​ខាងលិច ហើយ​លិច​ទៅវិញ​​នៅ​ឯ​ទិស​ខាង​កើត។ នេះ​ដោយសារ​តែ​ភពសុក្រ រួមជាមួយ​នឹង​ភព​អ៊ុយរ៉ានុស គឺ​ជា​ភពតែពីរគត់ នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង ដែល​មាន​ចលនា​វិល​ជុំវិញ​ខ្លួនឯង ក្នុង​ទិសដៅ​បញ្ច្រាស់​ពី​ភពផ្សេងទៀត។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ថ្វីដ្បិត​តែ​គេ​សន្មត់​ជារួម​ថា ភពសុក្រ​មិនមែន​ជា​ទីតាំង​ដែល​មាន​លក្ខខណ្ឌ​​អំណោយ​ផល​សម្រាប់​ការ​រីកដុះដាល​នៃ​ជីវិត ក៏ប៉ុន្តែ អ្នក​វិទ្យាសាស្ត្រ​នៅតែ​បន្ត​ចាប់​អារម្មណ៍​សិក្សា​លម្អិត​លើ​ភពនេះដដែល ជាពិសេស គឺ​គេ​ចង់​ដឹង​លម្អិត​អំពី​បរិយាកាស​ដែល​​​ពោរពេញ​ទៅ​ដោយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅលើ​​​ភពសុក្រ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន ក្នុងការ​សិក្សា​ទៅលើ​ដំណើរវិវឌ្ឍន៍​នៃ​អាកាសធាតុ​នៅលើ​ភពផែនដី​របស់​យើង។

តាមរយៈទិន្នន័យ​ដែល​គេ​ប្រមូលបាន​កាល​ពី​ពេល​កន្លងមក អ្នក​វិទ្យាសាស្រ្ត​ជាទូទៅ​នាំគ្នា​សង្ស័យ​ថា មុននឹង​ត្រូវ​ប្រែក្លាយ​ជា​ទី​គ្មាន​អំណោយផល​ដូច​ជា​សព្វថ្ងៃនេះ កាល​ពី​ដើម​ដំបូងឡើយ ភពសុក្រ​ប្រហែល​ជា​មាន​ទឹក និង​បរិយាកាស​ស្រដៀងគ្នា​​ច្រើន​នឹង​ភពផែនដី​របស់​យើង។ ហេតុដូច្នេះហើយ​បាន​ជា​គេ​ចង់ឈ្វេងយល់ថា តើ​មាន​មូលហេតុ​អ្វី ដែល​ធ្វើ​ឲ្យ​​ភព​សុក្រ​ត្រូវ​ប្រែប្រួល​បែបនេះ ហើយ​តើ​ភពផែនដី​របស់​យើង​​ទៅ​ថ្ងៃ​អនាគត​អាច​នឹង​មាន​ជោគវាសនា​ដូចគ្នា​ដែរ​ឬ​ក៏​យ៉ាងណា ?

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ