អានតួអត្ថបទ

របាយការណ៍​៖ ក្រុមហ៊ុន​ល្បី​ឈ្មោះធំៗ​ មិនគោរពសន្យា​ដែលថា​មិន​បំផ្លាញ​ធនធាន​ព្រៃឈើ​

ដីព្រៃឈើមួយកន្លែង ត្រូវបានកាប់បំផ្លាញនៅម៉ាដាហ្គាស្ការ។
ដីព្រៃឈើមួយកន្លែង ត្រូវបានកាប់បំផ្លាញនៅម៉ាដាហ្គាស្ការ។ Dudarev Mikhail/Shutterstock.com

ចំនួនដីព្រៃ ដែលមានទំហំស្មើនឹងប្រទេសអេស្បាញ ប្រមាណជាង ៥០ ម៉ឺនគីឡូម៉ែតក្រឡា នឹងរងការបំផ្លិចបំផ្លាញទាំងស្រុង ដោយក្រុមហ៊ុនធំៗក្នុងលោក ដូចជាក្រុមហ៊ុន ដូងប្រេងជាដើម នៅត្រឹមឆ្នាំ ២០២០។ ជាឆ្នាំដែលក្រុមហ៊ុនទាំងនោះ សន្យាថានឹងបិទបញ្ចប់ការកាប់ព្រៃឈើឲ្យបានទាំងស្រុង។ នេះបើតាមការឲ្យដឹង របស់អង្គការការពារបរិស្ថានពិភពលោក Greenpeace នៅថ្ងៃអង្គារ ទី ១១ មិថុនា។

ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនលំដាប់គ្រាក់ៗមួយចំនួនក្នុងលោក មានដូចជា ក្រុមហ៊ុន Nestle ព្រមទាំងUnilever ជាដើម បានសន្យាកាលពីឆ្នាំ ២០១០ ថា នឹងបញ្ចប់ការកាប់ព្រៃឈើឲ្យបានដល់កម្រិតសូន្យ ក្នុងរយៈពេលមួយទសវត្សរ៍ទៅមុខ ពោលគឺនៅត្រឹមឆ្នាំ ២០២០។ ក្រុមហ៊ុនទាំងនោះ បានសន្យាថានឹងកាត់បន្ថយ និងបញ្ឃប់ការកាប់ឈើ តាមរយៈការប្រើប្រាស់នូវធនធានដូចជាសត្វពាហនៈ ដូងប្រេង សណ្តែកសៀង និងមុខទំនិញផ្សេងៗទៀតជាដើម ប្រកបដោយការទទួលខុសត្រូវ។

ក៏ប៉ុន្តែ រយៈពេល ៩ ឆ្នាំមកហើយ ចាប់តាំងពីដាក់ការសន្យាគេមើលឃើញថា ការកាប់ព្រៃបានកើនឡើងជាគំហុក និងគួរឲ្យសង្វេគជាទីបំផុត។ ជាក់ស្តែង ព្រៃក្នុងទំហំប្រមាណជា៥០ លានហិកតា ត្រូវបានកាប់បំផ្លាញ។ នេះបើយោងតាម អង្គការ Greenpeace។

ទាក់ទងរឿងនេះដែរ លោកស្រី Anna Jones ប្រធានគម្រោងសកលដើម្បីកិច្ចការពារព្រៃឈើ របស់អង្គការGreenpeace អង់គ្លេស បាននិយាយថា ក្រុមហ៊ុនធំៗគ្រាក់ៗមួយចំនួន កំពុងតែបំផ្លាញអនាគតរបស់ក្មេងៗជំនាន់ក្រោយ។ ការបំផ្លាញនេះ ធ្វើតាមរយៈសកម្មភាព បំផ្លាញព្រៃនិងប្រព័ន្ធអេកូឡូស៊ី។

លោកស្រី Anna Jones បានសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុនពាក់ព័ន្ធទាំងអស់នោះគួរឲ្យនាំគ្នាចាត់វិធានការឆ្លើយតបនឹងវិនាសកម្មមួយនេះ។ តែផ្ទុយទៅវិញ ពួកគេនៅតែមិនខ្វល់និងគិតតែពីបន្តការកាប់ព្រៃ ដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ពួកគេទៅវិញ។

គួរជម្រាបជូនថា ការប្រែប្រួលអាកាសធាតុបានក្លាយជាទៅប្រធានបទ ដ៏រសើបនិងក្តៅបំផុតមួយក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ ពិភពលោកកំពុងតែរងគ្រោះ កាន់តែខ្លាំងឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ ដោយសារការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បូករួមទាំងការកាប់បំផ្លាញព្រៃ។

គួរជ្រាបទៀតថា ព្រៃឈើ អាចស្រូបយកឧស្ម័នផ្ទះកញ្ចក់ រហូតដល់ចំនួន ៣០ ភាគរយ ហើយវាក៏ជាប្រភពដ៏ចំបងមួយ មិនអាចខ្វះបានសម្រាប់ជីវៈចម្រុះផងដែរ។បន្ថែមលើនេះ ១ ភាគ ៤ នៃព្រៃឈើ ក៏ត្រូវបានគេយកទៅកែច្នៃ ដើម្បីផលិតជាឱសថពេទ្យទៀតផង។​ដូច្នោះហើយ ប្រសិនបើព្រៃទាំងនោះ នៅតែរងការកាប់បំផ្លាញបន្តទៅមុខទៀតនោះ ពិភពលោកក៏នៅតែទទួលរងគ្រោះថ្នាក់និងគ្មានថ្ងៃស្រោចស្រង់បានឡើយ ពីព្រោះថា ការកាប់ព្រៃ គឺជាការគំរាមទ្វេដង ដល់បរិយាកាសពិភពលោកដែលកំពុងរងគ្រោះស្រាប់ទៅហើយនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ