អានតួអត្ថបទ
កម្ពុជា

សហគមន៍ព្រៃឡង់៖ បទល្មើសព្រៃឈើនឹងត្រូវកាត់បន្ថយ ប្រសិនបើព្រៃឡង់ក្លាយជាតំបន់អេកូទេសចរណ៍

ការ​កាប់​បំផ្លាញ​ព្រៃឡង់
ការ​កាប់​បំផ្លាញ​ព្រៃឡង់ @សហការី

តំណាង​សហគមន៍​ព្រៃឡង់ ចង់​ឲ្យ​មាន​ការ​ប្រែក្លាយ​ព្រៃ​ឡង់ ជា​តំបន់​អេកូ​ទេសចរណ៍ ដែល​អាច​រួម​ចំណែក​កាត់​បន្ថយ​បទ​ល្មើស​ព្រៃ​ឈើ និង​រក​ចំណូល​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​ផង​។ ក្រសួង​ទេសចរណ៍​វិញ ​អះអាងថា​ផែន​ការ​ប្រែក្លាយ​ព្រៃឡង់​ជា​តំបន់​អេកូ​ទេសចរណ៍គឺ​ស្ថិត​នៅ​ក្នុង​គោល​ដៅ​របស់​ក្រសួង​សម្រាប់​ឆ្នាំ​២០២០​នេះ​។

ផ្សាយពាណិជ្ជកម្ម

កញ្ញា ឈាង លី អ្នក​សម្របសម្រួល​សហគមន៍​ព្រៃឡង់​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​២០ ខែ​មករា​នេះ ថា​តំណាង​សហគមន៍​ព្រៃឡង់​ពិត​ជា​ចង់​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើ​ការ​ប្រែក្លាយ​ព្រៃឡង់​ជា​តំបន់​អេកូ​ទេសចរណ៍​ ដើម្បី​កាត់​បន្ថយ​ការ​កាប់​ឈើ ការ​ទន្ទ្រាន​ដីព្រៃ និង​អាច​បង្កើន​ចំណូល​។

បើ​តាម​កញ្ញា ឈាង លី ការ​ប្រែក្លាយ​តំបន់​ព្រៃឡង់​ជា​តំបន់​អេកូ​ទេសចរណ៍​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ ដែល​ធ្លាប់​តែ រក​ស៊ី​ដឹក​ឈើ ឬ​កាប់​ឈើ អាច​មក​ប្រកប​របរ​ជា​អ្នក​ដឹក​ភ្ញៀវ​ទេសចរ ដែល​អាច​បង្កើន​ប្រាក់​ចំណូល​របស់​ពួក​គាត់ ហើយ​ក្រៅ​ពី​នេះ​ក៏​អាច​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ផង​ដែរ​។ កញ្ញា ឈាង លី បន្ថែម​ថា សហគមន៍​ព្រៃឡង់​មាន​គោល​ដៅ​ទេសចរណ៍​មួយ​ចំនួន​ដូច​ជា​តំបន់​ទឹក​ធ្លាក់ ជិះ​ទូកតាម​ដង​ទន្លេ ដើរ​ក្នុង​ព្រៃ និង​កន្លែង​មួយ​ចំនួន​ទៀត​។

អ្នក​សម្របសម្រួល​សហគមន៍​ព្រៃឡង់​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង​រូប​នេះ បាន​អះអាង​ថា​ការ​កាប់​ឈើ និង​ការទន្ទ្រានដី​នៅ​ក្នុង​ព្រៃឡង់​ហាក់​មិន​មាន​ការ​ថមថយ​ទេ​នៅ​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​។​

លោក ជុក ជំនោរ អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​អះអាង​ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​ថា តំបន់​ព្រៃឡង់​គឺ​ស្ថិត​នៅ​ក្នុង​ផែន​ការ​របស់​ក្រសួង​ទេសចរណ៍ សហការ​ជា​មួយ​ក្រសួង​បរិស្ថាន ដើម្បី​ប្រែក្លាយ​តំបន់​ព្រៃឡង់​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍ និង​សហគមន៍​ទេសចរណ៍ នៅ​ឆ្នាំ​២០២០​នេះ​។ លោក​អះអាង​ថា​ កន្លង​មក​នេះ ​ក្រសួង​ទេសចរណ៍ និង​ក្រសួង​បរិស្ថាន បាន​រៀបចំ​ប្រែក្លាយ​កន្លែង​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍ ដូច​ជា​តំបន់​ស្ទឹង​អារ៉ែង​ជា​ដើម។

សូម​ជម្រាប​ជូន​ថា​តំបន់​ព្រៃ​ឡង់ ដែល​ស្ថិត​ក្នុង​ភូមិសាស្រ្ត​ខេត្ត​ចំនួន​៤​គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និង​ក្រចេះ មាន​ផ្ទៃ​ដី​សរុប ​៤​សែន​ហិកតា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ​បង្កើត​ជា​ដែន​ជម្រក​សត្វ​ ព្រៃ “ព្រៃ​ឡង់” កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦។ នៅ​ខែ​មីនា ឆ្នាំ​២០១៨ ក្រសួង​បរិស្ថាន សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​បាន​ចុះ​ហត្ថលេខា លើ​កិច្ច​ព្រម​ព្រៀង​មួយ ក្នុង​គម្រោង​ការ​អភិរក្ស ព្រៃ​ឈើ​តំបន់​ព្រៃ​ឡង់នេះផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ