អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើភូមាមានសារៈសំខាន់យ៉ាងណាសម្រាប់ចិន?

សំឡេង ០៤:៣៧
លោក​ស៊ី ជីនពីង និង​លោកស្រី​អ៊ុងសានស៊ូជី នៅ​ឯ​វិមាន​ប្រធានាធិបតី​ភូមា កាល​ពីថ្ងៃ​ទី១៨ មករា ២០២០
លោក​ស៊ី ជីនពីង និង​លោកស្រី​អ៊ុងសានស៊ូជី នៅ​ឯ​វិមាន​ប្រធានាធិបតី​ភូមា កាល​ពីថ្ងៃ​ទី១៨ មករា ២០២០ Nyein Chan Naing/Pool via REUTERS

លោក​​ប្រធានាធិបតី​ចិន ស៊ី ជីនពីង គឺ​ជា​ប្រធានាធិបតី​ចិន​ទីមួយ ក្នុងរយៈពេល ២០ឆ្នាំ​កន្លងទៅនេះ ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ក្នុង​ប្រទេស​ភូមា។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរថ្ងៃ របស់​លោក​ ស៊ី ជីនពីង កាល​ពី​សប្តាហ៍​មុន ចិន និង​ភូមា បាន​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយគ្នា រហូត​ដល់​ទៅ ៣៣ ក្នុង​ទំហំជា​ទឹកប្រាក់​រហូត​ដល់​ទៅ​រាប់ពាន់​លាន​ដុល្លារ។ ដំណើរទស្សនកិច្ច​នេះ គឺ​ជា​រឿង​ដ៏ល្អមួយ​ សម្រាប់​លោក​ស្រី អ៊ុង សានស៊ូជី ដែល​កំពុង​ប្រឈម​នឹង​ការ​រិះគន់​ស្ទើរជុំទិស​ពី​សំណាក់​សហគមន៍​អន្តរជាតិ ជុំវិញ​បញ្ហា​រ៉ូហ៊ីងយ៉ា។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ភូមា​ក៏​មាន​សារៈសំខាន់​យ៉ាង​ខ្លាំងផងដែរ​ ចំពោះ​ចិន។

ផ្សាយពាណិជ្ជកម្ម

បើ​និយាយ​ខាង​ផ្នែក​សេដ្ឋកិច្ច ភូមា​​មាន​ប្រជាជន​​​រហូត​ដល់​ទៅ​ជាង ៥០លាននាក់ ហើយ​ទើប​នឹង​មាន​សេដ្ឋកិច្ច​បើក​ចំហ​ទៅកាន់​ពិភពលោក​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ប៉ុណ្ណោះ។ ដូច្នេះ ភូមា គឺ​ជា​ទីផ្សារ​ថ្មី​មួយ​​​ប្រកប​ដោយ​សក្តានុពល​ខ្ពស់ ដែល​បណ្តា​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ទាំង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​លោក​ខាងលិច ក៏​ដូចជា ចិន សុទ្ធតែ​នាំគ្នា​សំឡឹង​ឃើញ ហើយ​ព្យាយាម​ទាញ​យក​ផលប្រយោជន៍ សម្រាប់​សេដ្ឋកិច្ច​ជាតិ​ផ្ទាល់​ខ្លួនឯង។

ក៏ប៉ុន្តែ សម្រាប់​ចិន ភូមា​មាន​សារៈសំខាន់​លើស​ពី​ផលប្រយោជន៍​ខាង​សេដ្ឋកិច្ច​នេះ​ទៅទៀត គឺ​ផលប្រយោជន៍​ខាង​ភូមិសាស្ត្រ​នយោបាយ។

ភូមា​គឺ​ជា​ប្រទេស​ដែល​មាន​ព្រំដែន​គោក​ជាប់​​គ្នា​ជាមួយ​ចិន ក្នុង​ប្រវែង​រហូត​ដល់​ទៅ​ជាង ២ពាន់​គីឡូម៉ែត្រ។ ចំណែក​នៅ​ម្ខាង​ទៀត​នៃ​ប្រទេស​ភូមា គឺ​មហាសមុទ្រ​ឥណ្ឌា។ ទីតាំង​ភូមិសាស្ត្រ​នេះ ធ្វើ​ឲ្យ​ភូមា​ត្រូវ​ក្លាយ​ទៅ​ជា​ច្រក​ផ្លូវ​ដ៏​សំខាន់​បំផុត​មួយ សម្រាប់​យុទ្ធសាស្ត្រ​របស់​ចិន សំដៅ​ទៅកាន់​មហាសមុទ្រ​ឥណ្ឌា។

ជាផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​បើក​ច្រក​ផ្លូវ​ទៅ​កាន់​មហាសមុទ្រ​ឥណ្ឌា​នេះ​ហើយ ដែល​ចិន​បាន​បោះទុន​វិនិយោគ រហូត​ដល​ទៅ​ជាង ១ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ការ​សាងសង់​កំពង់ផែ​ដ៏ធំមួយ នៅ​ភូមា។ ជា​ប្រភេទ​កំពង់ផែទឹកជ្រៅ ស្ថិត​នៅ​ក្នុង​រដ្ឋ​រ៉ាឃីន ជាប់​នឹង​មហាសមុទ្រ​ឥណ្ឌា ហើយ​ដែលគម្រោង​សាង​សង់​ទើប​នឹង​ត្រូវ​បាន​ចុះ​ហត្ថលេខា ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង កាល​ពី​សប្តាហ៍​មុន។

គម្រោង​សាងសង់​កំពង់ផែ​នេះ​នឹង​ត្រូវ​បំពេញ​បន្ថែម​ដោយ​គម្រោង​ដ៏​សំខាន់​ចំនួន​ពីរ​ទៀត ដែល​ចិន​កំពុង​រៀបចំ​ធ្វើ នៅ​ក្នុង​ប្រទេស​ភូមា គឺ​ទីមួយ ​គម្រោង​សាងសង់​តំបន់​ឧស្សាហកម្ម​ដ៏​ធំមួយ និងទីពីរ ​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿនលឿន ដើម្បី​តភ្ជាប់​កំពង់ផែ​ថ្មី​នេះ ទៅ​កាន់​តំបន់​ប៉ែក​ខាង​ត្បូង​ប្រទេស​ចិន។

នៅពេល​ដែលគម្រោង​ធំៗ​ទាំង៣នេះ​ត្រូវ​សាងសង់​បាន​សម្រេច ចិន​នឹង​មាន​ច្រកផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នៅ​ភូមា ហើយ​ជាពិសេស​ជាងនេះ​ទៅទៀត ចិន​នឹង​អាច​បើក​ច្រក​ផ្លូវ​ដោយ​ត្រង់​ ទៅកាន់​មហាសមុទ្រ​ឥណ្ឌា ដោយ​មិន​ចាំបាច់​វាង​តាម​សមុទ្រ​ចិន​ខាង​ត្បូង និង​ច្រក​សមុទ្រ​ម៉ាឡាកា ដែល​ស្ថិត​នៅ​​ប៉ែក​ខាង​ត្បូង កាត់តាម​ប្រទេស​៣ផ្សេងទៀត គឺ​ សិង្ហបុរី ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។

តាមការពិត បើ​សិន​ជា​យើង​ក្រឡេក​មើល​ទៅ​ក្រោយ​វិញ យើង​ឃើញ​ថា ភូមា​ជាប្រទេស​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ចិន ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ចិន​ក៏​មាន​ការលំបាក​ផងដែរ ​ក្នុង​ការ​រក្សា​ឥទ្ធិពល​របស់​ខ្លួន​ទៅលើ​ភូមា។

ភូមា​ស្ថិត​ក្នុង​​ចំណោម​ប្រទេស​ដំបូងៗ​គេ ដែល​បាន​ប្រកាស​ទទួល​ស្គាល់​របបសាធារណរដ្ឋ​ប្រជាមានិត​ចិន បង្កើត​ឡើង​ដោយ​ម៉ៅសេទុង កាល​ពី​ឆ្នាំ១៩៤៩។ ក៏ប៉ុន្តែ ប៉ុ​ន្មាន​ឆ្នាំក្រោយ​មក​ទៀត ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ត្រូវ​ជួប​នឹង​បញ្ហា​រកាំរកូស​ច្រើន ជាពិសេស ជម្លោះ​​កើតឡើង​ពី​ចលនា​បះបោរ​របស់​ប្រជាជន​ភូមា ប្រឆាំង​នឹង​សហគមន៍​ចិន ដែល​រស់​នៅ​ក្នុង​ទឹកដី​ភូមា និង​ជម្លោះ ជុំវិញ​ការ​ណ៍​ដែល​ចិន​គាំទ្រ​ចលនា​ឧទ្ទាម​កុម្មុយនិស្ត​ ក៏​ដូចជា ចលនា​ឧទ្ទាម​ជនជាតិ​ភាគតិច​​ផ្សេងទៀត ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​​ក្រុង​រ៉ង់ហ្គូន។

រហូត​ទាល់តែ​មក​ដល់​​​ឆ្នាំ១៩៨៨ នៅ​ក្រោយ​ពេល​ដែល​របបសឹក​ឡើង​មក​កាន់​អំណាច​នៅ​ភូមា ទើប​ទំនាក់ទំនង រវាង​ចិន និង​ភូមា មាន​ភាព​ល្អប្រសើរ​ឡើងវិញ ហើយ​នៅ​ពេល​ដែល​របបសឹក​ភូមា​ត្រូវ​រង​នូវ​សម្ពាធ និង​ទណ្ឌកម្ម​អន្តរជាតិ​កាន់តែ​ខ្លាំង ចិន​ក៏​អាច​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​នៅ​ភូមា​បាន​កាន់តែ​ខ្លាំង​ផងដែរ។

ក៏ប៉ុន្តែ ចាប់តាំង​ពី​ក្រោយ​ពេល​ដែល​ភូមា​ផ្លាស់ប្តូរ​របបដឹកនាំ ពី​របបសឹក ទៅ​របបដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ ក្រោម​ការ​ដឹកនាំ​របស់​លោក​ស្រី​អ៊ុង សានស៊ូជី ភូមា​​បាន​ចាប់ផ្តើម​បើក​ចំហ​ទៅ​កាន់​ប្រទេស​លោកខាងលិច ហើយ​ឥទ្ធិពល​របស់​ចិន​នៅ​ភូមា​​ក៏​ចាប់ផ្តើម​ថមថយ​ ចំណែក​​គម្រោង​វិនិយោគ​សំខាន់ៗ​​របស់​ចិន​នៅ​ភូមា ​រួមមាន​ដូចជា អាជីវកម្ម​រ៉ែ និង​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ ជាដើម ក៏​ត្រូវ​ជួប​នឹង​បញ្ហា​ចម្រូងចម្រាស​ជា​បន្ត​បន្ទាប់​។

រហូតទាល់​​តែ​មក​ដល់​ពេល​ថ្មីៗនេះ អ្វីៗ​ត្រូវ​ប្រែប្រួល ហើយ​ទំនាក់ទំនង រវាង​ចិន និង​ភូមា ហាក់កំពុង​ងាកទៅរក​គន្លង​ដើម​ ដូច​ពី​សម័យកាល​របបសឹក នៅក្រោយ​ពេល​​ដែល​វិបត្តិ​រ៉ូហ៊ីងយ៉ា​បាន​ផ្ទុះឡើង​ខ្លាំង ​ហើយ​លោកស្រី​អ៊ុង សានស៊ូជី ដែល​ធ្លាប់​តែ​ជាជើងឯក​ប្រជាធិបតេយ្យ​គាំទ្រ​ដោយ​លោក​ខាងលិច ត្រូវ​ប្រែក្លាយ​ទៅ​​ជា​ចំណុចស៊ីប​នៃ​ការ​រិះគន់​​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​វិញ​ម្តង រហូត​​​​ត្រូវ​ប្រឈម​នឹង​ការ​ចោទប្រកាន់ពីបទ​ប្រល័យពូជសាសន៍ នៅ​ចំពោះ​មុខ​តុលាការ​អន្តរជាតិ​ក្រុងឡាអេថែមទៀត។

​ស្ថិត​ក្រោម​សម្ពាធ​ស្ទើរតែ​ជុំទិស​នេះ លោកស្រី អ៊ុងសានស៊ូជី សំឡឹងឃើញ​ចិន​​ជា​ខ្នងបង្អែក​ធំ ដោយសារ​តែ​ចិន​ជា​ប្រទេស​សម្បូរលុយ ដែល​​ជាទូទៅ​មាន​នយោបាយ​មិនជ្រៀតជ្រែក ហើយ​ក៏​មិន​សូវខ្វល់​ពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ដទៃ។ នៅ​ក្នុងពេល​ដែល​រដ្ឋាភិបាល​ភូមា​កំពុងតែ​ត្រូវការ​ចិន​ខ្លាំង​បែបនេះហើយ ដែល​​ជា​ឱកាស​ល្អ សម្រាប់​ចិនក្នុង​ការ​​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ឡើងវិញ​នៅ​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ