អានតួអត្ថបទ

លោកស្រីស៊ូជី​ ចេញមុខដោយផ្ទាល់ការពារភូមាពីការចោទប្រកាន់ទាក់ទងបទប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ា

មេដឹកនាំរដ្ឋាភិបាលស៊ីវិលភូមា លោកស្រីអ៊ុងសាន ស៊ូជី។
មេដឹកនាំរដ្ឋាភិបាលស៊ីវិលភូមា លោកស្រីអ៊ុងសាន ស៊ូជី។ REUTERS/Ann Wang

មេដឹកនាំភូមា និងជាម្ចាស់ពានរង្វាន់ណូបែលអន្តរជាតិលោកស្រីអ៊ុង សានស៊ូជី នឹងដឹកនាំគណៈប្រតិភូដោយផ្ទាល់ ទៅកាន់តុលាការក្រុងឡាអេ ដើម្បីការពារក្តី ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ីស្លាម។ នេះ គឺជាការគូសបញ្ជាក់ ពីខាងការិយាល័យរដ្ឋាភិបាលភូមាកាលពីថ្ងៃពុធ ទី ២០ វិច្ឆិកាម្សិលមិញ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាសខាងលើរបស់រដ្ឋាភិបាលភូមា បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ក៏ប៉ុន្តែសម្រាប់អ្នកវិភាគវិញយល់ឃើញថា ការសម្រេចរបស់លោកស្រីអ៊ុងសាន ស៊ូជី ក្នុងការចេញមុខដោយផ្ទាល់ ការពារក្តី នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ នៅឯទីក្រុងឡាអេ អាចជាការទាញយកផលចំណេញ ផ្នែកនយោបាយសម្រាប់គណបក្សលោកស្រី។

ដោយឡែក បើតាមការពន្យល់របស់អ្នកនាំពាក្យ នៃគណបក្សសម្ព័ន្ធជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ របស់លោកស្រីអ៊ុងសាន ស៊ូជី​ វិញ លោកស្រីស៊ូជី មានហេតុផលច្បាស់ជាក់លាក់ក្នុងការសម្រេចបែបនេះ។ ហេតុផលនោះគឺថា នៅគ្រាកន្លងមក លោកស្រីស៊ូជី ធ្លាប់ទទួលរង នូវការចោទប្រកាន់ជាច្រើន ថាមិនបានអើពើ និង មិនបាននិយាយស្តីអ្វី បន្តិចទាល់តែសោះ ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស នៅភូមា។ ហេតុដូចនេះហើយទើប លោកស្រីស៊ូជី សម្រេចចេញមុខដោយផ្ទាល់ ការពារក្តីក្តាំងនេះ។

គួរបញ្ជាក់ជូនថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងបើកសវនាការ ពាក់ព័ន្ធនឹងបណ្តឹងពីបទប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ានាខែធ្នូ ខាងមុខ ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់។

ពាក្យបណ្តឹងខាងលើ ចោទប្រកាន់ភូមា ថាបានរំលោភអនុសញ្ញាស្តីអំពី ការប្រល័យពូជសាសន៍របស់អ.ស.ប នាឆ្នាំ ១៩៤៨ តាមរយៈសកម្មភាពបង្ក្រាបដ៏ឃោរឃៅរបស់យោធាភូមា ទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា រស់នៅក្នុងរដ្ឋរ៉ាឃីន កាលពីឆ្នាំ ២០១៧។ ជាសកម្មភាពដែលបានរុញច្រានឲ្យជនជាតិរ៉ូហ៊ីងយ៉ា ប្រមាណជា ៧៤ ម៉ឺននាក់ រត់ភៀសខ្លួន ទៅកាន់ប្រទេសបង់ក្លាដែស។

ឆ្លើយតបនឹងបទចោទប្រកាន់នេះដែរ លោកស្រីអ៊ុងសាន ស៊ូជី នៅគ្រាកន្លងមក ធ្លាប់បានបដិសេធម្តងហើយម្តងទៀត នឹងបានច្រានចោលនូវរាល់ ការថ្កោលទោសចំពោះសកម្មភាពរបស់យោធាភូមា។

លោកស្រីស៊ូជី អះអាងថា ការចោទប្រកាន់ទាំងនោះ មិនមានភស្តុតាងបញ្ជាក់គ្រប់គ្រាន់។ បន្ថែមលើនេះ លោកស្រីក៏បាន ដាក់ការស្តីបន្ទោសលើពួកភេវរជនរ៉ូហ៊ីងយ៉ា ដែលរស់នៅក្នុងរដ្ឋរ៉ាឃីន ថាជាអ្នកលាបពណ៌ ផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធអំពើប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ា ក្នុងប្រទេសភូមាផងដែរ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ