អានតួអត្ថបទ

មនុស្ស​ជិត​ ១០០ នាក់​ស្លាប់​នៅក្នុង​ការវាយប្រហារ​ទៅលើ​ភូមិមួយ​ក្នុង​ប្រទេសម៉ាលី​

ទាហានម៉ាលីយាមល្បាតនៅក្នុងភូមិមួយ កាលពីថ្ងៃទី ៤ មិថុនា ឆ្នាំ ២០១៥។
ទាហានម៉ាលីយាមល្បាតនៅក្នុងភូមិមួយ កាលពីថ្ងៃទី ៤ មិថុនា ឆ្នាំ ២០១៥។ PHILIPPE DESMAZES / AFP

មនុស្សជិត ១០០ នាក់បានស្លាប់ និង ១៩ នាក់ផ្សេងទៀតបាត់ខ្លួន នៅក្នុងការវាយប្រហារ ទៅលើសហគមន៍ដូហ្គុង (Dogon) ក្នុងប្រទេសម៉ាលី។ អំពើហិង្សាថ្មីចុងក្រោយនេះ បានធ្វើឲ្យអសន្តិសុខ នៅក្នុងតំបន់រងគ្រោះ កំពុងកើនឡើង គួរឲ្យព្រួយបារម្ភជាខ្លាំង។ នេះបើតាមអាជ្ញាធរម៉ាលី ប្រាប់ឲ្យដឹង កាលពីថ្ងៃចន្ទ ម្សិលមិញនេះ។

ផ្សាយពាណិជ្ជកម្ម

ការវាយប្រហារដ៏រន្ធត់នេះ កើតឡើងមិនទាំងដល់រយៈពេល៣ ខែផង បន្ទាប់ពីជនជាតិភាគតិច ហ្វូឡានី (Fulani) ចំនួនជិត ១៦០ នាក់ ត្រូវបានសម្លាប់រង្គាលដោយមនុស្ស មួយក្រុមដែល គេជឿថាជាពួកជនជាតិភាគតិច ដូហ្គុង។ រហូតមកដល់ដល់ពេលនេះ គេនៅមិនទាន់ឃើញ ក្រុមណា ឬសហគមន៍ណា ចេញមុខទទួលខុសត្រូវចំពោះ ការវាយប្រហារទៅលើភូម ដែលរស់នៅដោយជនជាតិភាគតិច ដូហ្គុង ឡើយ។

បន្ទាប់ពីហេតុការណ៍វាយប្រហារនេះដែរ ប្រធានាធិបតីម៉ាលីលោក Ibrahim Boubacar Keita បាននិយាយថា អំពើសងសឹក និង ការបង្ហូរឈាម មិនអាចកើតមានឡើងនៅក្នុង ប្រទេសម៉ាលី បន្តទៀតនោះទេ។ បន្ថែមពីលើនេះ លោកប្រធានាធិបតី ក៏បានអំពាវនាវដល់ជនរួមជាតិម៉ាលីទាំងអស់ ឲ្យក្រោកឈររួមកម្លាំងគ្នា ជាធ្លុងមួយ ដើម្បីការពារប្រទេស ពីអំពើ អសន្តិសុខ និងការបង្ហូរឈាមនានា ផងដែរ។

គួរជម្រាបជូនថា រហូតមកដល់ពេលនេះ អាជ្ញាធរម៉ាលី នៅមិនទាន់ស្វែងរកឃើញ អ្នកនៅពីក្រោយ ហេតុការណ៍វាយប្រហារខាងលើ នៅឡើយនោះទេ។ ប៉ូលិសម៉ាលី គ្រាន់ឲ្យដឹងថា មានមនុស្សចំនួន ៩៥ នាក់ស្លាប់ ១៩នាក់បាត់ខ្លួន ព្រមទាំងផ្ទះសម្បែងរបស់អ្នកភូមិត្រូវបានបំផ្លិចបំផ្លាញដោយដំណំ ដោយការវាយប្រហារ។ តែទោះជាបែបនេះក៏ដោយ ប៉ូលិសបានដាក់ការសង្ស័យថា ការវាយប្រហារខាងលើ គឺជាអំពើភេរវកម្ម។

ពាក់ព័ន្ធរឿងនេះដែរ អ្នកភូមិម្នាក់ ដែលនៅរស់រានមានជីវិត ពីការសម្លាប់ ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញមនុស្សមួយក្រុមមានគ្នា ប្រមាណជា ៥០ នាក់ ប្រដាប់ដោយអាវុធ ជិះម៉ូតូ និងរថយន្ត pickup ។ ពួកបានលោមព័ទ្ធផ្ទះរបស់អ្នកភូមិ ហើយភ្លាមៗនោះ ពួកគេក៏បើកការវាយប្រហារ ដោយវាយប្រហារលើក្រុមអ្នកដែលព្យាយាមរត់គេច។

គួរជ្រាបថា ម៉ាលី កំពុងរួតរឹតទៅដោយអសន្តិសុខ នៅក្នុងប្រទេសដោយសារការវាយប្រហារនានា ពីសំណាក់ក្រុមអង្គការរដ្ឋអ៊ីស្លាមជីហាដ និងពីសំណាក់សហគមន៍ជនជាតិភាគតិចដែលមាននិន្នាការផ្ទុយគ្នា។

បច្ចុប្បន្ននេះ អ.ស.ប​ បានដាក់ពង្រាយ​កងកម្លាំង​ថែរក្សាសន្តិភាព​របស់ខ្លួន​ចំនួនច្រើនជាង​ ១៤ ០០០ នាក់​ នៅក្នុង​ប្រទេសម៉ាលី ហើយកងកម្លាំងមួកខៀវចំនួន ១២៥ នាក់ហើយត្រូវបានសម្លាប់ រាប់ចាប់តាំងពី ឆ្នាំ២០១៣ មក៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ