អានតួអត្ថបទ
កម្ពុជា

គ្រោះ​ថ្នាក់​ចរាចរណ៍កើន​ឡើង​ខ្លាំង៖ រដ្ឋាភិបាល​​ប្រកាសយក​ឆ្នាំ​២០២០​ដើម្បី​​រឹត​បន្តឹង​ច្បាប់​

រថយន្ត​ខូច​ខាត​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា
រថយន្ត​ខូច​ខាត​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា រូបភាព​ឯកសារ

ឆ្នាំ​២០២០ គឺ​ជា​ឆ្នាំ​នៃ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​។ នេះ​គឺ​ជា​សេចក្ដី​ប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក នៅ​ថ្ងៃ​សុក្រ ទី​២៤​មករា​។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក សង្កេត​ឃើញ​ពី​កំណើន​យ៉ាង​គំហុក​នៃ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ជា​ពិសេស​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​យក​ឆ្នាំ​២០២០​ជា​ឆ្នាំ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ធ្វើ​ឡើង​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក ស ខេង រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ប្រកាស​អាសន្ន​អំពី​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ទី​២១​មករា​​។ ប្រកាស​អាសន្ន​ដោយ​លោក​រដ្ឋមន្ដ្រី ស ខេង ពិនិត្យ​ឃើញ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​ឡើង​ៗ​ជា​រៀងរាល់​ឆ្នាំ និង​បាន​សម្លាប់​​ពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​។

ពេញ​មួយ​​ឆ្នាំ​២០១៩​កន្លង​ទៅ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​កើត​ឡើង​ចំនួន​៤​ពាន់​១២១​លើក សម្លាប់​មនុស្ស​អស់ ១​ពាន់​៩៨១​នាក់ និង​ធ្វើ​ឲ្យ​របួស​ចំនួន ៦​ពាន់​១៤១​នាក់​។ ចំនួន​នេះ កើន​ឡើង​លើស​ឆ្នាំ​២០១៨​យ៉ាង​គំហុក ដោយ​អ្នក​ស្លាប់​កើន​ឡើង​ចំនួន​២២០​នាក់ ស្មើ​នឹង​១២​ភាគរយ។ ចំណែក​អ្នក​របួស​កើន​ឡើង​ចំនួន​១​ពាន់​៣៧១​នាក់ ស្មើ​នឹង​២៩​ភាគរយ​។

ប្រឈម​នឹង​កំណើន​នេះ ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​ដាក់​បញ្ជា​ឲ្យ​មន្ដ្រី​ក្រោម​បង្គាប់​របស់​ខ្លួន រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ហើយ​ត្រូវ​អនុវត្ត​ច្បាប់​ដោយ​ស្មើ​ភាព ដោយ​គ្មាន​ការ​លើកលែង ដោយ​តម្លាភាព និង​ប្រកប​ដោយ​ក្រម​សីលធម៌​វិជ្ជាជីវៈ​។

ទន្ទឹម​គ្នា​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​បន្ត​អំពាវនាវ​ឲ្យ​គ្រប់​ស្ថាប័ន​រដ្ឋ​និង​ឯកជន ព្រម​ទាំង​សាលារៀន បន្ត​និង​បង្កើន​ការ​ផ្សព្វផ្សាយ​ការ​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទៅ​ដល់​មន្ដ្រី បុគ្គលិក និង​សិស្សានុសិស្ស​នៅ​តាម​សាលារៀន ដើម្បី​ឲ្យ​ពួក​គេ​បាន​យល់​ដឹង​ក៏​ដូច​ជា​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​ច្បាប់​ចរាចរណ៍​។ ចំពោះ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ទាំង​ឡាយ​វិញ អង្គភាព​នេះ ស្នើ​ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​សីលធម៌ ក៏​ដូចជា​គោរព​ច្បាប់​នៅ​ពេល​បើកបរ ដើម្បី​ការពារ​អាយុជីវិត​ខ្លួន​ឯង​ផង ដើម្បី​ជោគវាសនា​របស់​ក្រុមគ្រួសារ​ផង និង​ដើម្បី​កិត្តិយស​នៃ​សង្គម​ជាតិ​ផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ