អានតួអត្ថបទ

អ៊ីស្រាអែល​បារម្ភក្រោយពី​រុស្ស៊ី​ប្រកាស​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​ការពារ​ដែនអាកាស​ធុនទំនើប​ទៅ​ស៊ីរី

ប្រព័ន្ធ​មីស៊ីល​ការពារដែន​អាកាស ធុន S-300 នៅក្នុង​អំឡុង​សមយុទ្ធ​នៅ​រុស្ស៊ី​កាល​ពី​ឆ្នាំ២០១៦
ប្រព័ន្ធ​មីស៊ីល​ការពារដែន​អាកាស ធុន S-300 នៅក្នុង​អំឡុង​សមយុទ្ធ​នៅ​រុស្ស៊ី​កាល​ពី​ឆ្នាំ២០១៦ REUTERS/Maxim Shemetov

ថ្ងៃចន្ទ ២៤ កញ្ញា រុស្ស៊ី បានប្រកាសជាផ្លូវការថា នឹង ពង្រឹង ប្រព័ន្ធការពារដែនអាកាស ប្រទេសស៊ីរី ជាសម្ព័ន្ធមិត្តខ្លួន គឺ ក្រោយពីយន្ដហោះរុស្ស៊ី បាញ់កំទេចទាំងភាន់ច្រឡំដោយ មីស៊ីលស៊ីរី។ មូលហេតុភាន់ច្រឡំនេះ តាមវិមានក្រេមឡាំង គឺ បណ្តាលមកពីទង្វើ” គិតទុកជាមុន “ ដោយអ៊ីស្រាអែល។ ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសស៊ីរី ស្របនឹងការសម្រេចចិត្តលោកពូទីន ម៉ូស្គូនឹងបញ្ជូន ទៅស៊ីរី ក្នុងពីរសប្តាហ៍ខាង​មុខ គឺ ប្រព័ន្ធមីស៊ីលធុន S-300 ទាំងប្រថុយលង់ខ្លួន ក្នុងវិបត្តិជាមួយ អ៊ីស្រាអែល។

ផ្សាយពាណិជ្ជកម្ម

មួយសប្តាហ៍ក្រោយពីយន្ដហោះ​យោធា​ធុន IL-20 របស់​រុស្ស៊ី ត្រូវបានបំផ្លាញ នៅ ពីលើសមុទ្រមេឌីទែរ៉ាណេ ដោយមីស៊ីលការពារដែនអាកាសស៊ីរី បណ្តាលឲ្យស្លាប់នាយទាហានរុស្ស៊ី អស់ ១៥ នាក់ វិមានក្រេមឡាំង ដែលពីដើមទីហាក់​បង្ហាញ​ជំហរ​ចង់សម្រុះសម្រួល​ជាមួយ​អ៊ីស្រាអែល បានបន្តឹងវោហារខ្លួនលើ​អ៊ីស្រាអែល ដែលបានទម្លាក់គ្រាប់បែកនៅតំបន់ប្រតិបត្តិការនៃ យន្ដហោះរុស្ស៊ីនោះ និងដែលមិនបានខិតខំ ពន្យល់បំភ្លឺ ឲ្យម៉ូស្គូជឿតាមឡើយ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Serguei Shoigou ក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ បានលំអិតអំពី វិធានការ ចាត់ដោយម៉ូស្គូ ដើម្បីពង្រឹងយ៉ាងច្បាស់លាស់មែន សមត្ថភាពការពារ​ដែន​អាកាស នៃរបប លោក Bachar al- Assad ។ គាត់ព្រមានជាអាទិ៍​ថា វិធានការទាំងនេះ នឹង​បញ្ចៀសកុំឲ្យមានទៀត ​នូវ​ទង្វើខ្វះការពិចារណា ដែលពាំនាំជាគ្រោះថ្នាក់ដល់ពួកទាហានរុស្ស៊ី​។ ក្នុងករណី ផ្ទុយពីនេះ រុស្ស៊ី​នឹងប្រតិកម្ម ទៅតាមស្ថានការណ៍ជាក់ស្តែង”។

លោក​រដ្ឋមន្រ្តី​ការពារជាតិ​រុស្ស៊ី​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា នៅ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ខាងមុខ កងទ័ពស៊ីរី នឹងទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាសទំនើបធុន S-300 ដែលក្នុងឆ្នាំ ២០១៣ ត្រូវបានរុស្ស៊ីផ្អាកមិនបញ្ជូ​នទៅឲ្យស៊ីរី ដោយថែមទាំងបង្វែរប្រាក់កក់ ៤០០ លាន ដុល្លារ ទៅឲ្យស៊ីរីវិញទៅផង  ដោយសារ​តែ​ពេលនោះ​​មានការជំទាស់ពីខាងអ៊ីស្រាអែល ដែល​ធ្លាប់តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រុស្ស៊ី។

លោក Serguei Shoigou សង្កត់ធ្ងន់ថា ប្រព័ន្ធ  S-300 អាចស្កាត់ចាប់អ្វីៗដែលហោះក្នុងអាកាស នៅចម្ងាយដល់ជាង ២៥០ គម និង អាចកំទេចក្នុងពេលជាមួយគ្នា ទីដៅជាច្រើន ក្នុងអាកាស។

បច្ចុប្បន្ន រុស្ស៊ី បានដាក់ប្រព័ន្ធ  S-300 ឲ្យប្រចាំការនៅក្បែរមូលដ្ឋានកងនាវាខ្លួន ត្រង់តំបន់ផែស៊ីរី Tartous មាត់សមុទ្រ មេឌីទែរ៉ាណេ និងប្រព័ន្ធ S-400 ដែលទំនើបជាង គឺ នៅតំបន់មូលដ្ឋានកងអាកាសរុស្ស៊ី Hmeinim ប៉ែកខាងលិចប្រទេសស៊ីរី។

លោក វ៉្លាឌីមៀរ ពូទីន បានជូនដំណឹង ស្តីអំពីវិធានការខាងលើរបស់រុស្ស៊ី ដល់ លោក Bachar al- Assad គឺ នៅពេលសន្ទនាតាមទូរសព្ទ ជាលើកទី១ រវាងប្រធានាធិបតីទាំងពីរ ក្រោយពីយន្ដហោះរុស្ស៊ីត្រូវបាន កំទេច មួយសប្តាហ៍មុន។ អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ គូសបញ្ជាក់ថា ការផ្តល់ទៅឲ្យស៊ីរី ប្រព័ន្ធ S-300 ឥត តម្រង់ប្រឆាំងប្រទេសទីបីណាឡើយ ប៉ុន្តែ ទុកសម្រាប់តែ ការពារពួកយោធារុស្ស៊ី នៅទីនោះប៉ុណ្ណោះ។

ពី​ខាង​អ៊ីស្រាអែលវិញ លោក​នាយករដ្ឋន្រ្តី​បេនយ៉ាមីន នេតាន់យ៉ាហ៊ី បាន​ប្រាប់​លោក​ពូទីន​តាម​ទូរស័ព្ទ កាល​ពីយប់ថ្ងៃ​ចន្ទ​ថា ការ​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​ទំនើប​ទៅ​ឲ្យ​របបដឹកនាំ “ដែលខ្វះការទទួលខុសត្រូវ” ដូចជា​ស៊ីរី​នេះ អាច​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ក្នុង​តំបន់​កាន់តែ​ធ្លាក់​ក្នុង​គ្រោះថ្នាក់​ថែម​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ