អានតួអត្ថបទ
លីបង់-វិបត្តិនយោបាយ

មនុស្ស​ជិត​ ៤០០ នាក់​រងរបួស​នៅក្នុង​ការប៉ះទង្គិច​ហិង្សា​នៅលីបង់​

ក្រុមបាតុករលីបង់រងការវាយប្រហារដោយកាណុងបាញ់ទឹក ក្នុងពេលតវ៉ាប្រឆាំង នាថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២០។
ក្រុមបាតុករលីបង់រងការវាយប្រហារដោយកាណុងបាញ់ទឹក ក្នុងពេលតវ៉ាប្រឆាំង នាថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២០។ REUTERS/Mohamed Azakir

មនុស្សចំនួនជិត ៤០០ នាក់បានរងរបួស ដោយសារការវាយប្រយុទ្ធគ្នាមួយ រវាងក្រុមបាតុករ ជាមួយនឹងកងកម្លាំងថែរក្សាសន្តិសុខលីបង់ នៅក្នុងទីក្រុងបេរូត កាលពីថ្ងៃសៅរ៍ម្សិលមិញ។ នេះ គឺជាការប៉ះទង្គិចគ្នាដ៏ធ្ងន់ធ្ងរបំផុតមួយ តាំងតែពីបាតុកម្មប្រឆាំងរដ្ឋាភិបាល បានផ្ទុះឡើងកាលពី ៣ ខែមុន។ ​

ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមអ្នករងរបួសទាំងប្រមាណ ៤០០ នាក់ មានជាង៣៧០ នាក់ជាបាតុករ ក្រៅពីនេះគឺកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលលីបង់។ នេះបើតាមតួលេខ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានបារាំង AFP។

ការប៉ះទង្គិចគ្នាកាលពីថ្ងៃម្សិលមិញ បានចាប់ផ្ទុះឡើង ក្រោយពេលដែលក្រុមបាតុកររាប់សិបនាក់ ដែលមានអ្នកខ្លះ បិទបាំងមុខដោយចងក្រមាផងនោះ ធ្វើការគប់ដុំថ្ម និងវត្ថុផ្សេងៗទៀត ទៅលើក្រុមប៉ូលិស ដែលត្រៀមចាំការពារសន្តិសុខ ខណៈពេលដែលបាតុករកំពុងដើរសំដៅឆ្ពោះទៅកាន់រដ្ឋសភា នៅកណ្តាលក្រុងបេរូត។

នៅអំឡុងពេលនោះដែរ មានក្រុមបាតុករផ្សេងទៀត បានព្យាយាមវាយកម្ទេច របាំងលួសបន្លា ដើម្បីអាចចូលទៅដល់អាគាររដ្ឋសភា។ ភ្លាមៗនោះ ក្រុមប៉ូលិសបានឆ្លើយតបវិញដោយការបាញ់កាណុងទឹក និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងមនុស្ស។

អ្នកថតរូបម្នាក់ របស់ភ្នាក់ងារព័ត៌មានបារាំង AFP បានឲ្យដឹងថា ក្នុងពេលកើតហេតុ ប៉ូលិសលីបង់ ក៏បានបាញ់គ្រាប់កាំភ្លើងកៅស៊ូដែរ ទៅលើក្រុមបាតុករ ដែលកំពុងគប់ដុំថ្មលើពួកគេ។

ទាក់ទងរឿងនេះ ក្រុមអ្នកឃ្លាំមើលសិទិ្ធមនុស្ស បានចេញមុខរិះគន់យ៉ាងខ្លាំង ចំពោះសកម្មភាពបង្ក្រាបរបស់ប៉ូលិស ទៅលើក្រុមបាតុករ ដោយពួកគេចាត់ទុកថាទាំងនោះ គឺជាអំពើឃោរឃៅ។ ជាមួយនេះ អ្នកការពារសិទ្ធិមនុស្ស ក៏បានជំរុញ ឱ្យអាជ្ញាធរលីបង់ ចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីបញ្ចប់នូវវប្បធម៌និទណ្ឌភាព-ការរំលោភបំពានទៅលើក្រុមអ្នកប្រឆាំង។

គួររំឭកជូនថា ចលនាតវ៉ាដ៏ធំបានចាប់រញ្ជួយក្នុងប្រទេសលីបង់តាំងតែពីខែតុលា ឆ្នាំ ២០១៩ មកម្ល៉េះ។ ក្រុមបាតុករកាលពីថ្ងៃម្សិលមិញបានចាប់ផ្ទុះកំហឹងសាជាថ្មីម្តងទៀត ដោយសារសេដ្ឋកិច្ចរបស់ប្រទេសកាន់តែធ្លាក់ផុងជ្រៅចូលក្នុងវិបត្តិធ្ងន់ធ្ងរ ខណៈដែលកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មីនៅបន្តជាប់គាំងរកច្រកចេញគ្មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ