អានតួអត្ថបទ
លីប៊ី-សង្គ្រាម

មេដឹកនាំ​ពិភពលោក​ព្រមព្រៀង​លើ​ដំណើរការ​ឆ្ពោះទៅរក​ដំណោះស្រាយ​សន្តិភាព​នៅ​លីប៊ី ​

មេដឹកនាំពិភពលោកនៅឯសន្និសីទអន្តរជាតិស្តីអំពីលីប៊ី ក្នុងទីក្រុងបែរឡាំងនាថ្ងៃទី១៩ មករា ឆ្នាំ២០២០។
មេដឹកនាំពិភពលោកនៅឯសន្និសីទអន្តរជាតិស្តីអំពីលីប៊ី ក្នុងទីក្រុងបែរឡាំងនាថ្ងៃទី១៩ មករា ឆ្នាំ២០២០។ Sputnik/Aleksey Nikolskyi/Kremlin via REUTERS

នៅក្នុងសន្និសីទអន្តរជាតិនាទីក្រុងបែរឡាំង កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមមេដឹកនាំពិភពលោក បានប្តេជ្ញាចិត្តបញ្ចប់នូវរាល់ការជ្រៀតជ្រែករបស់បរទេស នៅក្នុងសង្គ្រាមស៊ីវិលលីប៊ី។ ព្រមជាមួយគ្នានេះ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនៅលីប៊ី សន្និសីទក្រុងបែរឡាំង ក៏បានសម្រេចហាមឃាត់ផងដែរ នូវការនាំចូលអាវុធក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ។

ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតីរុស្សី តួកគី និងបារាំង សុទ្ធសឹងតែជាមេដឹកនាំកំពូលៗ ក្នុងចំណោមមេដឹកនាំពិភពលោកផ្សេងទៀត ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើដំណើរការឆ្ពោះទៅរកដំណោះស្រាយដើម្បីបញ្ឈប់ការជ្រៀតជ្រែកនានា ក្នុងសង្គ្រាមនៅលីប៊ី។ ដំណោះស្រាយនេះនឹងត្រូវធ្វើតាមរយៈ ការហាមឃាត់អាវុធ ការដាក់ពង្រាយកងទ័ព និង ការផ្តល់ជំនួយថវិកា ដល់ភាគីជម្លោះណាមួយ។

សន្និសីទអន្តរជាតិក្រុងបែរឡាំង ទទួលបានសមិទ្ធផលល្អប្រសើរជាងមុន ក៏ប៉ុន្តែកិច្ចពិភាក្សានេះ នៅតែបរាជ័យក្នុងការជំរុញឲ្យតួអង្គជម្លោះដ៏សំខាន់ពីររួមមានប្រមុខរដ្ឋាភិបាល​ក្រុង​ទ្រីប៉ូលី​​លោក​ហ្វៃយេស អាល់សារ៉ាហ្ស និងលោកសេនាប្រមុខ​ខាលីហ្វា ហាហ្វតារ ចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍។

ពាក់ព័ន្ធរឿងនេះដែរ ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់លោកស្រីអង់ហ្គេឡា ម៊ែរគែល ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល បានមានប្រសាសន៍ថា ការធានាឱ្យមានបទឈប់បាញ់ក្នុងពេលឆាប់ៗ មិនមែនជារឿងងាយស្រួលនោះទេ។

ក៏ប៉ុន្តែ លោកស្រីសង្ឃឹមថា តាមរយៈសន្និសីទក្រុងបែរឡាំង ឱកាសក្នុងការបញ្ចុះបញ្ចូល​ ភាគីជម្លោះឲ្យព្រមចុះហត្ថលេខាលើ បទឈប់បាញ់នឹងអាចសម្រេចបាននាពេលខាងមុខជាក់ជាមិនខាន។

គួររំឭកជូនថា ប្រទេសលីប៊ី ត្រូវបានហែកហួរដោយជម្លោះរុំារ៉ៃ និងធ្លាក់ក្នុងអស្ថិរភាពអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺចាប់តាំងពីមានការបះបោរដែលគាំទ្រដោយអង្គការអូតង់ ដើម្បីផ្តួលរំលំមេដឹកនាំផ្តាច់លីប៊ីគឺលោកម៉ូអាម៉ា កាដាហ្វី តាំងតែពីឆ្នាំ ២០១១ មកម្ល៉េះ។

ជាពិសេស ក្នុងពេលថ្មីៗនេះ រដ្ឋាភិបាលក្រុងទ្រីប៉ូលីដែលជាសម្ព័ន្ធមិត្តរបស់តួកគី បានរងការវាយប្រហារយ៉ាងសន្ធឹក ពីសំណាក់កងកម្លាំងរបស់លោកឧត្តមសេនីយ៍ លីហ្វា ហាហ្វតារដែលកំពុងគ្រប់គ្រងតំបន់​ប៉ែកខាងកើត​នៃប្រទេសលីប៊ី។

គួរជ្រាបដែរថា ជម្លោះនៅលីប៊ី រហូតមកទល់នឹងពេលនេះ បានសម្លាប់ជនស៊ីវិលជាង ២៨០ នាក់ យុទ្ធជនប្រមាណ ២០០០ នាក់ និងបង្ខំឲ្យមនុស្សរាប់ពាន់នាក់ផ្សេងទៀត ផ្លាស់ប្តូរទីលំនៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ