អានតួអត្ថបទ

វៀតណាម​កាត់ទោស​មនុស្ស​៦ នាក់​ឲ្យជាប់​ពន្ធនាគារ​ក្រោមបទ​ប្រឆាំង​នឹង​រដ្ឋ

សកម្មជនបរិស្ថានវៀតណាមលោកឡេឌិញលួង ស្តាប់សាលក្រមក្នុងអំឡុងពេលជំនុំជម្រះក្តី នៅឯតុលាការក្នុងខេត្ត Nghe An ប្រទេសវៀតណាមកាលពីថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០១៨។
សកម្មជនបរិស្ថានវៀតណាមលោកឡេឌិញលួង ស្តាប់សាលក្រមក្នុងអំឡុងពេលជំនុំជម្រះក្តី នៅឯតុលាការក្នុងខេត្ត Nghe An ប្រទេសវៀតណាមកាលពីថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០១៨។ VNA/Bich Hue via REUTERS

តុលាការវៀតណាម កាលពីថ្ងៃអង្គារទី ២៦ វិច្ឆិកាម្សិលមិញ បានសម្រេចឲ្យមនុស្ស ៦ នាក់ ជាប់ពន្ធនាគារ ក្នុងករណីបីដាច់ដោយឡែកពីគ្នា ក្រោមហេតុផលសន្តិសុខ ព្រមទាំងការប្រឆាំងនឹងរដ្ឋ។ គេដឹងថា វៀតណាម ដែលមានបក្សដឹកនាំតែមួយក្នុងប្រទេស និងមានមេដឹកនាំប្រកាន់ជំហររឹងប៉ឹង ជាញឹកញយ បានចាប់ក្រុមអ្នកប្រឆាំង និងអ្នកសរសេរប្លុករិះគន់ ដាក់គុកមិនលោះថ្ងៃនោះឡើយ។

ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមមនុស្សទាំង៦ នាក់ ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ មានម្នាក់ជាសកម្មជនទទួលបានការអប់រំពីប្រទេសរុស្ស៊ីផងឈ្មោះផាម វ៉ាន់ដៀប (Pham Van Diep)។ លោកមានទោសជាប់ពន្ធនាគារយូរជាងគេ ពោលគឺរហូតដល់រយៈពេល ៩ ឆ្នាំ។ នេះបើតាម ការណ៍ឲ្យដឹងពីមេធាវីរបស់លោក។

លោក វ៉ាន់ដៀប ត្រូវបានតុលាការចោទប្រកាន់ចំនួនពីរករណី។ ទី១ គឺធ្វើការតវ៉ា និងបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក អំពីគ្រោះមហន្តរាយបរិស្ថានក្នុងឆ្នាំ ២០១៦ ដែលបានសម្លាប់ត្រីរាប់តោននៅកណ្តាលប្រទេសវៀតណាម។ ទី២ គឺសកម្មភាពធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ស្តីពីសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត។

បន្ទាប់ពីការកាត់ក្តី មេធាវីរបស់លោកផាម វ៉ាន់ដៀប បាននិយាយថាសាលក្រមរបស់តុលាការគឺជាការរៀបចំទុកជាមុន។ លោក បន្ថែមថា ទង្វើរបស់កូនក្តីលោក គ្រាន់តែជាការបញ្ចេញមតិ ហើយមិនបានរំលោភច្បាប់អ្វីនោះទេ។

ចំណែកនៅក្នុងសវនការមួយទៀត នៅភាគខាងត្បូងខេត្ត Bac Lieu បុរសវៀតណាមម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំពីបទប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដើម្បីផ្សព្វផ្សាយដោយផ្សាយផ្ទាល់ ពីព័ត៌មានប្រឆាំងនឹងបក្សកុម្មុយនីស្ត ដែលទទួលបានការចែករំលែករាប់ពាន់។

ជាមួយគ្នានេះផងដែរ បើយោងតាមសារព័ត៌មានរដ្ឋវៀតណាម កាលពីថ្ងៃអង្គារម្សិលមិញ នៅភាគអាគ្នេយ៍ ខេត្តដុងណយ ក៏មានមនុស្សចំនួន ៤ នាក់ផ្សេងទៀតដែរ  ត្រូវតុលាការកាត់ឲ្យជាប់ពន្ធនាគារពី ២ ទៅ ៣ ឆ្នាំពីបទ រៀបចំផែនការតវ៉ា និងផែនការដាក់គ្រឿងបំផ្ទុះ បើទោះបីជាតុលាការពុំមានភស្តុតាងបញ្ជាក់ក៏ដោយ។

គួរជម្រាបជូនថា ការតវ៉ាគ្រប់ទម្រង់ត្រូវបានហាមឃាត់នៅក្នុងប្រទេសវៀតណាម ដែលមានប្រព័ន្ធផ្សព្វផ្សាយទាំងអស់​ គ្រប់គ្រងដោយរដ្ឋ ហើយប្លក់ឯកជន ជារឿយៗត្រូវបានបោសសំអាតចេញពីគេហទំព័រ។

គួរជ្រាបទៀតថា វៀតណាមជាប់ចំណាត់ថ្នាក់លេខ ១៧៦ ក្នុងចំណោមប្រទេសចំនួន ១៨០ នៅក្នុងបញ្ជីសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០១៩ របស់អ្នកកាសែតគ្មានព្រំដែន នាំមុខប្រទេសចិន អេរីត្រេ កូរ៉េខាងជើង និងតួកម៉េនីស្ថាន។

កាលពីសប្តាហ៍មុន ប៉ូលិសវៀតណាម ទើបតែបានចាប់ខ្លួនអ្នកសារព័ត៌មានដ៏ល្បីឈ្មោះម្នាក់ ឈ្មោះផាម ជីយុង អតីតសមាជិកបក្សកុម្មុយនិស្ត ដែលជាអ្នកនិយាយឥតសំចៃមាត់ និងបានចេញទៅបង្កើតសមាគមអ្នកសារព័ត៌មានឯករាជ្យវៀតណាម៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ