អានតួអត្ថបទ
វ៉េណស៊ុយអេឡា-នយោបាយ

មេបក្ស​ប្រឆាំង​វ៉េណេស៊ុយអេឡា​ មាន​ជំនឿចិត្ត​ថា​នឹង​ឈ្នះ​ការបោះឆ្នោត​សភា​សាជាថ្មី​

មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡាលោកហ័ន ហ្កាយដូ ក្នុងអំឡុងពេលធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតីម៉ាឌូរ៉ូ នៅទីក្រុងការ៉ាកាសកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡាលោកហ័ន ហ្កាយដូ ក្នុងអំឡុងពេលធ្វើបាតុកម្មប្រឆាំងនឹងប្រធានាធិបតីម៉ាឌូរ៉ូ នៅទីក្រុងការ៉ាកាសកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។ REUTERS/Carlos Garcia Rawlins

មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡាលោកហ័ន ហ្កាយដូ បានបញ្ជាក់ប្រាប់នៅថ្ងៃអាទិត្យទី៤ មករានេះ អំពីទំនុកចិត្តខ្ពស់របស់លោក ក្នុងការឈ្នះការបោះឆ្នោតសភា។ លោកហ្កាយដូ បាន គូសបញ្ជាក់បន្ថែមថា រូបលោកនឹងត្រូវបានគេបោះឆ្នោតជ្រើសរើសឲ្យជាប់ជាប្រធានរដ្ឋសភាវេណេស៊ុយអេឡាសាជាថ្មីម្តងទៀត បើទោះបីជាគូបដិបក្ខរបស់លោក ព្យាយាមផ្តល់សំណូកដល់សមាជិកសភា ឲ្យបោះឆ្នោតប្រឆាំងនឹងរូបលោកយ៉ាងណាក៏ដោយ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីជួបភាពច្របូកច្របល់ផ្នែកនយោបាយរយៈពេលមួយឆ្នាំរួចមក នៅទីបំផុតទៅ ការបោះឆ្នោតសភាវ៉េណេស៊ុយអេឡា ត្រូវបានរៀបចំឡើងហើយនៅថ្ងៃអាទិត្យនេះ។ មុនការបោះឆ្នោតមកដល់ កាលពីថ្ងៃម្សិលមិញ មេបក្សប្រឆាំងដ៏ធំវ៉េណេស៊ុយអេឡា ក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរ ផ្ញើទៅកាន់សហគមន៍អន្តរជាតិ ដោយប្រកាសថាលោកនឹងទទួលបានការគាំទ្រច្រើនក្នុងការបោះឆ្នោតសភាលើកនេះទៀត។

គួរជម្រាបជូនថា ដើម្បីអាចដណ្តើមយកកៅអីជាប្រធានសភាវ៉េណេស៊ុយអេឡាបាន លោកហ័ន ហ្កាយដូ ត្រូវការសំឡេងគាំទ្រភាគច្រើនចំនួន ៨៤ នៅក្នុងរដ្ឋសភា ដែលមានចំនួនអាសនៈសរុបទាំងអស់ ១៦៧។

សម្រាប់លោកហ្កាយដូ ការទទួលបានសំឡេងភាគច្រើន មិនមែនជារឿងលំបាកឡើយ ដោយសារលោក មើលឃើញថាកាលពីសម័យបោះឆ្នោតសភាឆ្នាំ ២០១៥​ គណបក្សប្រឆាំងរបស់លោកបានឈ្នះអាសនៈច្រើនលើសលុប គឺច្រើនរហូតដល់ចំនួន ១១២ អាសនៈឯណោះ។

ដោយឡែក ក្រុមអ្នកវិភាគវិញយល់ថា លោកហ្កាយដូ អាចប្រឈមនឹងការចាញ់ឆ្នោតនៅពេលនេះក៏ថាបាន ដោយសារម្យ៉ាង​ បក្សប្រឆាំងរបស់លោក បានបាត់បង់សមាជិកសភារបស់ខ្លួនចំនួនប្រមាណ ៣០ នាក់។ ពួកគេទាំងនោះ ត្រូវបានចាប់បង្ខំឱ្យនិរទេសខ្លួន ឬស្វែងរកសិទ្ធិជ្រកកោន ក្នុងពេលស្ថានការណ៍នយោបាយនៅក្នុងប្រទេសច្របូកច្របល់ខ្លាំង។

ម្យាងវិញទៀត ប្រជាប្រិយភាពរបស់លោកបក្សប្រឆាំងវ័យ ៣៦ ឆ្នារូបនេះ បានធ្លាក់ចុះ លែងសូវមានអ្នកគាំទ្រច្រើនខ្លាំងដូចមុន។ ជាក់ស្តែង យោងតាមការស្ទង់មតិមួយឱ្យដឹងថា ប្រជាប្រិយភាពរបស់លោកហ្កាយដូ ដែលពីមុនមានច្រើនដល់ ៦៣ ភាគរយ ឥឡូវធ្លាក់ចុះមកត្រឹមតែ ៣៩ ភាគរយតែប៉ុណ្ណោះ។

បន្ថែមពីនេះ នៅគ្រោកន្លងមក លោកហ្កាយដូ ក៏ធ្លាប់បានទទួលរងការចោទប្រកាន់ដែរពីបទផ្តល់សំណូកសូកប៉ាន់ ។ មូលហេតុទាំងនេះ បានធ្វើឲ្យលោកប្រធានាធិបតីវ៉េណេស៊ុយអេឡាម៉ាឌូរ៉ូ ដែលជាគូប្រជែងដ៏ធំរបស់ហ្កាយដូ ប្រកាសទុកជាមុនដែរ អំពីទំនុកចិត្តខ្ពស់ ក្នុងការដណ្តើមយកជ័យជម្នះពីបក្សប្រឆាំងវិញ ក្នុងការបោះឆ្នោតសភានាឆ្នាំនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ