អានតួអត្ថបទ

លោកហ្កាយដូ​និង​សហគមន៍​អន្តរជាតិ​បង្កើន​គំនាបសង្កត់​លើ​លោកម៉ាឌូរ៉ូ​ ក្រោយ​ការ​ប៉ះទង្គិច​តាមព្រំដែន​

ទាហានវ៉េណេស៊ុយអេឡាប៉ះទង្គិចគ្នាជាមួយបាតុករនៅតាមបណ្តោយព្រំដែនរវាងប្រទេសវ៉េណេស៊ុយអេឡា និងប្រេស៊ីល កាលពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០១៩។
ទាហានវ៉េណេស៊ុយអេឡាប៉ះទង្គិចគ្នាជាមួយបាតុករនៅតាមបណ្តោយព្រំដែនរវាងប្រទេសវ៉េណេស៊ុយអេឡា និងប្រេស៊ីល កាលពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០១៩។ REUTERS/Ricardo Moraes

នៅថ្ងៃ​អាទិត្យ​ ទី២៤ កុម្ភៈ​ សហគមន៍​អន្តរជាតិ​និង​លោកហ្កាយដូ​ បាន​ដាក់​សម្ពាធ​កាន់តែខ្លាំង​ ទៅលើ​លោកម៉ាឌូរ៉ូ​ បន្ទាប់ពី​មាន​ការប៉ះទង្គិច​ហិង្សា​ នៅតាម​តំបន់ព្រំដែន​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​ជាប់នឹង​ប្រទេស​ប្រេស៊ីល​ និងកូឡុំប៊ី​។ ការប៉ះទង្គិចគ្នានេះ​ កើតឡើង​នៅពេលដែល​ក្រុមកងទ័ព​របស់​លោកម៉ាឌូរ៉ូ​ ព្យាយាម​រាំងខ្ទប់​មិនឲ្យ​ជំនួយមនុស្សធម៌​ចូលក្នុង​ទឹកដីវ៉េណេស៊ុយអេឡាបាន​។ ក្រោយ​ហេតុការណ៍នេះ​ភ្លាម​ សហរដ្ឋអាមេរិក​បានចេញមុខ​ប្តេជ្ញាថា​នឹងចាត់វិធានការ​ឆ្លើយតប​ទៅនឹង​ទង្វើ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកម៉ាឌូរ៉ូ​ ដែល​បាន​រុញច្រានឲ្យ​ស្ថានការណ៍​ធ្លាក់ចូល​ក្នុងការ​បង្ហូរឈាម​។

ផ្សាយពាណិជ្ជកម្ម

ក្រោយមាន​ការបង្ហូរឈាម​នៅតាម​តំបន់ព្រំដែន​ លោកហ្កាយដូ​បាន​ប្រកាសថា​លោក​នឹង​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​បណ្តាប្រទេស​អាមេរិកឡាទីន​ជាច្រើនទៀត​ រួមទាំង​ប្រទេស​អាមេរិក​ផងដែរ​នាថ្ងៃចន្ទ​ ទី២៥​ កុម្ភៈ​ ស្អែកនេះ​នៅក្នុង​ប្រទេស​កូឡុំប៊ី​។ អនុ​ប្រធានាធិបតី​អាមេរិក​លោក​ Mike Pence នឹង​ធ្វើជា​អ្នកតំណាង​ឱ្យ​ទីក្រុង​វ៉ាស៊ីនតោន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​។

លោកហ្កាយដូ​ ជា​អ្នក​បា​នប្រកាស​តាំងខ្លួន​ថា​ជា​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ស្តីទី​ កាលពី​ខែ​មករា​កន្លងទៅ​ និង​ទទួល​បា​ការគាំទ្រ​ពី​ប្រទេស​ជាង​ ៥០​ បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ត្រៀមខ្លួន​អនុវត្ត​នូវគ្រប់​ "លទ្ធភាព​និង​និតិវិធី​ទាំងអស់​" ប្រឆាំងទៅនឹង​លោកម៉ាឌូរ៉ូ​។

ពាក់ព័ន្ធ​រឿងនេះដែរ​ ប្រមុខ​ការទូត​សហរដ្ឋ​អាមេរិក​លោក​ Mike Pompeo ​បាននិយាយថា​ ទីក្រុងវ៉ាស៊ីនតោន​នឹង​ចាត់វិធានការ​តបត​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​ទីក្រុង​ការ៉ាកាស​។ លោកបន្តថា​ អាមេរិក​ថ្កោលទោស​ចំពោះ​អំពើហិង្សា​ក្នុងការ​រាំងខ្ទប់​ជំនួយ​មនុស្សធម៌​ ដែលប្រព្រឹត្ត​ដោយ​ក្រុមកងទ័ព​របស់​លោកម៉ាឌូរ៉ូ​កាលពី​ថ្ងៃសៅរ៍​ ទី២៣​ កុម្ភៈ​ ឆ្នាំ២០១៩​ ម្សិលមិញ​នេះ​។

និយាយ​ចេញពី​ទីក្រុង​វ៉ាស៊ីនតានវិញ​ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ បាន​អះអាងថា​ ក្នុង​ករណី​ចាំបាច់​ទីក្រុង​វ៉ាស៊ីនតោន​ អាចនឹង​ឆ្លើយតប​ទៅនឹង​ការ​បង្ហូរឈាម​ បង្កឡើងដោយ​ក្រុមកងទ័ព​វ៉េណេស៊ុយអេឡា​ តាមរយៈ​អន្តរាគមន៍​យោធា​ក៏ថា​បាន​។

សូមជ្រាបថា​ នៅ​ប៉ុន្មានសប្តាហ៍​កន្លងមកនេះ​ ជំនួយ​មនុស្សធម៌​ដែល​ភាគច្រើន​ផ្តល់ដោយ​សហរដ្ឋអាមេរិក​ បាន​ក្លាយទៅ​ជា​បញ្ហាប្រឈម​ដាក់​មុខគ្នា​ខ្លាំងឡើង​ រវាង​លោកប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ម៉ាឌូរ៉ូ​ និង​លោក​ហ្កាយដូ​ ដែល​ជា​មេបក្សប្រឆាំង​ និង​ប្រធាន​សភាជាតិ​វ៉េណេស៊ុយអេឡា​វ័យ៣៥​ ឆ្នាំ​។

ការ​ប្រឈមមុខ​ដាក់គ្នា​នេះ​ កាន់តែ​ធ្លាក់ទៅក្នុង​សភាព​ដុនដាប​ទៅៗ ក្រោយមាន​ការប៉ះទង្គិចគ្នា​ដោយ​ការបង្ហូរឈាម​ នៅឯ​តំបន់​ព្រំដែន​រវាង​ប្រទេស​វ៉េណេស៊ុយអេឡា​ ជាប់ជាមួយ​ប្រទេសកូឡុំប៊ី​ និង​ប្រទេសប្រេស៊ីល​។

គួរ​រំឭកជូនដែរថា​ ការប៉ះទង្គិចគ្នា​ នៅតាម​តំបន់ព្រំដែន​ខាងលើ​បានបណ្តាលឲ្យ​មនុស្ស​យ៉ាងតិច​ពីរនាក់​ស្លាប់​ និង​ជាង​បីរយនាក់​ផ្សេងទៀត​រងរបួស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ