អានតួអត្ថបទ

សហភាព​អឺរ៉ុប​និងអាមេរិកឡាទីន​អំពាវនាវឲ្យ​វ៉េណេស៊ុយអេឡា​រៀបចំ​ការបោះឆ្នោត​សារជាថ្មី

លោកនីកូឡា ម៉ាឌូរ៉ូ និយាយទៅកាន់កងទ័ព កាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៩។
លោកនីកូឡា ម៉ាឌូរ៉ូ និយាយទៅកាន់កងទ័ព កាលពីថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០១៩។ Miraflores Palace/Handout via REUTERS ATTENTION EDITORS

បណ្តា​ប្រទេស​សហភាពអឺរ៉ុប​ និង​អាមេរិកឡាទីន​ បានចេញ​សេចក្តី​អំពាវនាវ​រួមគ្នាមួយ​ស្នើឲ្យ​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោកម៉ាឌូរ៉ូ​ យល់ព្រម​រៀបចំ​ការបោះឆ្នោត​ថ្មីមួយ​ ដើម្បី​បញ្ចៀស​នូវ​ភាពចលាចល​។ សេចក្តី​អំពាវនាវនេះ​ធ្វើឡើង​នៅថ្ងៃទី​ ៨ កុម្ភៈ​ឆ្នាំ ២០១៩ នេះ​ បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​របស់​សហភាពអឺរ៉ុប​ និង​បណ្តា​ប្រទេស​អាមេរិកឡាទីន​ បានជួបពិភាក្សាគ្នា​អស់រយៈពេល​ប្រមាណជា​ ៥ ម៉ោង​ នៅក្នុង​ប្រទេស​អ៊ុយរូហ្កាយ​រួចមក​។

ផ្សាយពាណិជ្ជកម្ម

បណ្តាប្រទេសអឺរ៉ុប​ និង​អាមេរិកឡាទីន​រាប់សិបប្រទេស​ បានស្នើសុំឲ្យ​ប្រទេស​វ៉េណេស៊ុយអេឡា​យល់ព្រម​រៀបចំការបោះឆ្នោត​ប្រធានាធិបតីថ្មី​មួយក្នុងពេលឆាប់ៗ​។ ជាការបោះឆ្នោតដោយសេរី​ ប្រកបដោយតម្លាភាព​និងភាពជឿទុកចិត្តបាន ដើម្បីដោះស្រាយវិបត្តិនយោបាយធ្ងន់ធ្ងរ ដែល​កំពុងតែ​រួមរឹត​ប្រទេស​វ៉េណេស៊ុយអេឡា​។

ជាមួយគ្នានេះ​ ប្រមុខ​ការបរទេស​របស់​សហភាពអឺរ៉ុប​ ក៏បាន​ជំរុញ​ផងដែរ​ ឲ្យអ្នកនយោបាយ​វ៉េណេស៊ុយអេឡា​ ដោះស្រាយ​វិវាទ​រវាងគ្នានិងគ្នាដោយ​សន្តិវិធី​។ លោក​បន្តថា​ មានតែ​ការដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​នោះទេ​ទើប​អាចជួយឲ្យ​ប្រទេសសម្បូរប្រេងមួយ​នេះជៀសផុត​ពី​ភាពចលាចល​ និងគ្រោះថ្នាក់​នៅក្នុង​ប្រទេសបាន។

សូមជ្រាបថា​ សេចក្តី​អំពាវនាវ​រួម​របស់​សហភាពអឺរ៉ុប​ និង​បណ្តាលប្រទេស​អាមេរិកឡាទីន​ ត្រូវបានធ្វើឡើង​ ស្របពេលដែល​ក្បួនរថយន្តដឹក​ជំនួយមនុស្សធម៌​បានទៅដល់ព្រំដែន​ប្រទេសវ៉េណេស៊ុយអេឡា​ ជាប់ជាមួយនឹ​ងប្រទេសកូឡុំប៊ី​។

ក្បួនជំនួយមនុស្សធម៌​ ដែល​ដឹក​ជំនួយស្បៀងអាហារ​ ថ្នាំសង្កូវ​ គ្រឿង​ឧបភោគបរិភោគ​ ដើម្បី​យកទៅ​ចែកជូនដល់​ ប្រជាជន​វ៉េណេស៊ុយអេឡា​ រាប់ម៉ឺននាក់​ដែល​កំពុងត្រូវការជំនួយ​ជាបន្ទាន់​។ ជំនួយមនុស្សធម៌នេះ​ ស្ថិតនៅ​ក្រោមការរៀបចំ​ចាត់ចែង​របស់​មេបក្សប្រឆាំង​ ដែលកំពុងកើនប្រជាប្រិយភាពខ្លាំង​របស់​វ៉េណេស៊ុយអេឡា​គឺលោកហ័ន ហ្កាយដូ​។

តែទោះជាយ៉ាងណាក្តី​ រហូតមកពេលនេះ​ ក្រុមកងទ័ព​របស់​រដ្ឋាភិបាល​លោកម៉ាឌូរ៉ូ​ មិនអនុញ្ញាតឲ្យ​ក្បួនរថយន្ត​ដឹកជំនួយមនុស្សធម៌ទាំងនោះ​ បើកចូល​ក្នុងទឹកដី​របស់វ៉េណេស៊ុយអេឡា​ឡើយ។

លោក​នីកូឡា ម៉ាឌូរ៉ូ​ បានលើកឡើងថា​ រថយន្ត​ដឹកជំនួយមនុស្សធម៌​ ជា​របស់​សហរដ្ឋអមេរិក​។ លោកម៉ាឌូរ៉ូ​ ធ្លាប់បានបញ្ជាក់​ទៀតថា​ ការ​អនុញ្ញាតឲ្យ​ក្បួនរថយន្ត​ទាំងអស់​ បើកចូល​ដែនដី​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​ មានន័យថា​ដូច​បើកដៃ​ឲ្យ​សហរដ្ឋអាមេរិក​របស់លោកដូណាល់​ ត្រាំ​ ចូលឈ្លានពាន​វ៉េណេស៊ុយអេឡា​អីចឹងដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ