អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ Covid-19 ​ជំរុញ​ឲ្យ​មាន​​បំណុល​សកល​ បាន​យ៉ាង​​ដូចម្ដេច?

សំឡេង ០៥:២១
ក្រដាសប្រាក់ ១០០ដុល្លារ។  រូបភាព បង្ហាញនៅធនាគារក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ក្រដាសប្រាក់ ១០០ដុល្លារ។ រូបភាព បង្ហាញនៅធនាគារក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ REUTERS - Lee Jae Won

បំណុលសាធារណៈសកល បាន​ស្ថិតក្នុងស្ថានភាពអាក្រក់ជាងពីមុនវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ រួចទៅហើយ។ក៏ប៉ុន្តែ ជម្ងឺរាតត្បាត Covid-19 បាន​បន្ថែមបន្ទុកវិបត្តិឱ្យកាន់តែលំបាក។ តើ​ពិភពលោកនឹងត្រូវប្រឈមជាមួយ​វិបត្តិបំណុល ដែរឬយ៉ាងណា?

ផ្សាយពាណិជ្ជកម្ម

ពិភពលោក​ទាំងមូល កំពុង​ជាប់​ផុង​ជាមួយ​នឹងបំណុល​សាធារណៈសកល​ ក្នុង​ក​ម្រិត​មួយ​ធ្ងន់ធ្ងរ​ ធៀប​​ពីមុន​វិបត្តិហិរញ្ញវត្ថុ​សកល ​កាល​ពី​១០ឆ្នាំមុន ក៏ប៉ុន្តែ ជម្ងឺរាតត្បាត Covid-19 បានបន្ថែមបន្ទុកវិបត្តិឱ្យកាន់តែលំបាក។ បញ្ហា​នេះ​​ទាមទារ​ឱ្យ​ប្រទេស​នីមួយៗ​ ចាំបាច់​ត្រូវ​ចាត់​វិធានការ​ជាបន្ទាន់ ​ដើម្បី​ការពារ​ខ្លួន​ពី ​វិបត្តិសេដ្ឋកិច្ច​ណាមួយ នៅ​ក្នុង​ពេលខាងមុខ។

បំណុល​សាធារណៈសកល ​បាន​កើន​រហូត​ដល់​ ៣២២ភាគរយ​ នៅត្រីមាសទី៣ នៅឆ្នាំ២០១៩ ធៀប​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប ពោលគឺ​កើនលើស ១២ដង ធៀប​នឹង​ឆ្នាំ​២០០៩ ឬគិតជាទំហំ​ទឹកប្រាក់ ប្រមាណ ២៥៣ ទ្រីលានដុល្លារអាមេរិក។ សម្រាប់ប្រជាជនទាំង ៧,៧ពាន់លាននាក់ នៅទូទាំងពិភពលោក ជាមធ្យមមនុស្សម្នាក់មានបំណុលប្រមាណ៣២៥០០ដុល្លារអាមេរិក។ តួលេខនេះនឹងបន្តកើនឡើងជារឿយៗ។ មូល​ហេតុ​ចម្បងក៏​ព្រោះ​ដោយសារ ការកើន​ឡើង​នៃ​ចំណាយសាធារណៈរបស់​រដ្ឋាភិបាល និង​ការអូសបន្លាយ​អត្រាការប្រាក់​ទាប ដែល​លើក​ទឹកចិត្ត​ឱ្យ​រដ្ឋាភិបាលភាគច្រើន​ លើ​ពិភពលោក ​បង្កើនទំហំ​កម្ចីរបស់​ខ្លួន ​លើ​ទីផ្សារ​ហិរញ្ញវត្ថុ។

Covid-19 ដែលកំពុងតែរាតត្បាតប្រទេសទូទាំងពិភពលោក បានបង្កជាភាពរាំងស្ទះផងដែរ ដល់ការសងបំណុល និងលទ្ធភាពជំរុញកំណើនបំណុលបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច។ អំឡុងពេលនេះ ធនធានទាំងអស់ ដែលរដ្ឋនីមួយៗមាន នឹងត្រូវប្រើប្រាស់ដើម្បីប្រឆាំងនឹង Covid-19 និងដើម្បីជួយជ្រោមជ្រែងដល់​សកម្មភាពសេដ្ឋកិច្ច។

ប្រទេស​ចិន ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​ធំបំផុតទីពីរលើលោក បាន​រួម​ចំណែក​ច្រើន​ជាង​៤០ភាគរយ​នៃ​កំណើន​បំណុល​សាធារណៈទាំង​ស្រុង​ ចាប់​ពី​ឆ្នាំ​២០០៧។ រីឯ សម្រាប់​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​ងើបឡើង ឬ​ប្រទេស​កំពុង​អភិវឌ្ឍ​ បំណុល​សាធារណៈបាន​កើន​ជាមធ្យម​ដល់​ជាង ៥០ភាគរយ ធៀប​នឹង​ផលិតផល​ក្នុង​ស្រុក​សរុប។ វាជា​អត្រា​ខ្ពស់​បំផុត​គិត​ចាប់​ពីទសវត្សរ៍ឆ្នាំ១៩៨០ (១០ឆ្នាំ​ក្រោយ​វិបត្តិបំណុល​នៅ​អាមេរិក​ឡាទីន)។

នៅ​សហរដ្ឋអាមេរិក បំណុល​សាធារណៈធៀប​នឹង​សេដ្ឋកិច្ច​ តំណាង​ប្រមាណ ១០៨ភាគរយ នៅ​ឆ្នាំ​២០១៧ ឬអាច​កើន​ឡើង​ដល់ ១១៧ភាគរយ​ នៅ​ឆ្នាំ​២០២៣ នោះ​ក៏ព្រោះ​ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន បាន​បង្កើន​កញ្ចប់​ថវិកាចំណាយ​សាធារណៈ ជាបន្តបន្ទាប់​មិន​ដាច់​នៅប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ ជាពិសេស​ប្រឈម​នឹង​​វិបត្តិហិរញ្ញវត្ថុសាកល​។

នៅ​អឺរ៉ុប​ឯណោះវិញ យោងតាមទិន្នន័យផ្លូវការ​ចុងក្រោយ​របស់​ EuroStat បើ​ទោះ​បីជា ប្រទេស​សមាជិកត្រូវបង្ខំ​ចិត្ត​អនុវត្ត​វិធានការ​នយោបាយរឹតត្បិតថវិកា​ក៏​ដោយ ក៏​វិបត្តិ​ហិរញ្ញវត្ថុ​សាកល និង​វិបត្តិប្រាក់​អឺរ៉ូ បាន​ធ្វើ​ឱ្យ​បំណុល​កើនឡើង​ពីប្រមាណ ៦០,៨ភាគរយនៅឆ្នាំ២០០៨ មក​ដល់ ៨១,៦ភាគរយ សម្រាប់​ប្រទេស​អឺរ៉ុបទាំង២៨។ ហើយ​អត្រា​មាន​ទំហំ​ធំជាង​សម្រាប់​ប្រទេស​ចាយប្រាក់​អឺរ៉ូទាំង១៩ ដោយ​នៅ​ឆ្នាំ​២០១៧ បំណុល​បាន​កើន​ឡើង​ដល់ ៨៦,៧ភាគរយ​ ធៀប​ត្រឹម​តែ ៦៨,៧ភាគរយ​នៅ​ឆ្នាំ​២០០៨។ ប្រទេស​ដែល​មាន​បំណុល​ច្រើន​ជាង​គេគឺ​ ក្រិក អៀរឡង់ ព័រទុយហ្គាល់ អ៊ីតាលី និងអេស្ប៉ាញ។

លោក David Malpass នាយកធនាគារពិភពលោក បានលើកឡើងថា ប្រទេសក្រីក្រនឹងត្រូវទទួលរងផលប៉ះពាល់ខ្លាំងបំផុត ជាពិសេស ប្រទេសដែលបានជំពាក់បំណុលច្រើនរួចទៅហើយ។ ប្រទេសក្រីក្របំផុត ប្រឈមនឹងការបង់ការប្រាក់ និងថ្លៃដើមរំលស់ខ្ពស់។

ងាក​មក​ប្រទេស​កម្ពុជា យោង​តាម​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក បំណុល​សាធារណៈធៀប​ជាមួយ​នឹង​ផលិត​ផលជា​តិ​សរុប បាន​កើន​ពី​ ២៤,៨ភាគរយ​ នៅ​ឆ្នាំ​២០០៨ រហូតដល់​ ៥៤,៤ភាគរយ នៅ​ឆ្នាំ​២០១៦ ។ ចិន​ជា​ម្ចាស់​បំណុល​ធំ​ជាង​គេ​របស់​កម្ពុជា ដោយ​តំណាង​ប្រហែល ៥០ភាគរយ​នៃ​បំណុល​សរុប។

ហេតុអ្វី​ត្រូវ​ខ្វល់​ខ្វាយ​ពី​ការ​កើន​ឡើង​បំណុល​សាធារណៈ? ក្នុង​ករណី​ប្រទេស​ភាគច្រើន​ បំណុល​សាធារណៈមាន​ន័យ​ស្មើ​នឹង​ ឱនភាព​ថវិកា ឬការ​ចំណាយ​របស់​រដ្ឋាភិបាល​​ណាមួយធំ​ជាង​ចំណូលដែល​ខ្លួន​អាច​រក​បាន។ ក្នុង​ទ្រឹស្ដីសេដ្ឋកិច្ច ការ​ពន្យល់​អាច​មាន​ច្រើន​រូបភាព។

ទីមួយ បំណុល​កើន​ឡើង​នឹង​មាន​ន័យ​ថា ការប្រាក់​ដែលរដ្ឋ​មួយ​​ត្រូវ​បង់​នឹង​កើន​ឡើង​ផង​ដែរ។ ជាឧទារហណ៍ ការ​ប្រាក់​ដែល​កម្ពុជា​ត្រូវ​ចំណាយ​សងទៅ​ម្ចាស់​បំណុល​មាន​ប្រមាណត្រឹមតែ ១៩,១​លាន​ដុល្លារ​អាមេរិកនៅ​ឆ្នាំ​២០០៨ បាន​កើន​ឡើង​ដល់ ១៤៨,៤លាន​ដុល្លារអាមេរិក​នៅ​ឆ្នាំ​២០១៦ ពោល​គឺ​កើន​ឡើង​ជាង ៦៧៦,៩៦ភាគរយ។ ទីពីរ ប្រសិន​បើ​បញ្ហា​ឱនភាព​ថវិកាមិន​ត្រូវ​បាន​ដោះ​ស្រាយ​នោះទេ រដ្ឋាភិបាល​មួយ​នឹង​ត្រូវ​បង្ខំ​ចិត្ត​ខ្ចី​បំណុល​បន្ថែម​ ដើម្បីទូទាត់​ការ​ចំណាយ ឬ​ក៏​សង​បំណុល​ចាស់​ផងដែរ។ កត្តា​នេះ​នឹង​រុញ​ច្រាន​ឱ្យ​បំណុល​ចេះតែ​បន្តកើន​ឡើង។ ជាឧទាហរណ៍​ សម្រាប់​ករណី​ប្រទេស​កម្ពុជា​ដដែល បំណុល​បាន​កើន​ពីប្រមាណ ២,៤៧ពាន់លាន​ដុល្លារអាមេរិកនៅ​ឆ្នាំ​២០០៨ ដល់​ប្រហែល ១០,២៣ពាន់លាន​ដុល្លារអាមេរិកនៅ​ឆ្នាំ​២០១៦។ អត្រាកំណើន​ស្មើនឹង​ ៣១៤,៨៣ភាគរយ។

នៅ​ចុង​បញ្ចប់​ បំណុល​នឹង​ក្លាយ​ជា​បន្ទុក​របស់អ្នក​បង់ពន្ធ ឬ​រដ្ឋាភិបាល​ថ្មីដែលមាន​បំណង​​បង្កើន​ខ្ទង់​ចំណាយ​ណាមួយ​បន្ថែម។ ទោះ​ជា​យ៉ាង​ណា បញ្ហាបំណុល​សាធារណៈមិន​មែន​មាន​ន័យថា អាក្រក់​ទាំង​អស់​នោះទេ ព្រោះ​ថា​វា​អាច​ជាប្រភពដ៏​ចម្បង​នៃ​ការ​វិនិយោគសាធារណៈណាមួយរបស់​រដ្ឋាភិបាល ​ដែល​នឹង​បង្កើត​ជាឱកាស​អំណោយផល​ដល់​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល។ ក៏​ប៉ុន្តែ សម្រាប់​ករណី​ប្រទេស​ភាគច្រើន ជា​ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍតូចៗ ​គេ​ត្រូវ​ចង​ចាំ​ថា បំណុល​អាច​ដំណើរ​ការ​ទៅ​បាន​ប្រសើរ​តែ​នៅ​ពេល​ដែល​ចំណូល​របស់រដ្ឋ​​ធំជាង​ចំណាយ​តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ