អានតួអត្ថបទ

ក្រុម​ប្រឆាំង​ស៊ូដង់​យល់ព្រម​ចរចា​ក្រោយមាន​ការអន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​អេត្យូពី​

នាយករដ្ឋមន្ត្រីអេត្យូពី លោកអាប៊ី អាមេដ ពេលអញ្ជើញទៅដល់ទីក្រុងខាខុំ ប្រទេសស៊ូដង់ កាលពីថ្ងៃទី ៧ មិថុនា ឆ្នាំ២០១៩។
នាយករដ្ឋមន្ត្រីអេត្យូពី លោកអាប៊ី អាមេដ ពេលអញ្ជើញទៅដល់ទីក្រុងខាខុំ ប្រទេសស៊ូដង់ កាលពីថ្ងៃទី ៧ មិថុនា ឆ្នាំ២០១៩។ REUTERS/Mohamed Nureldin Abdallah

ក្រោយការចូលខ្លួនអន្តរាគមន៍ របស់នាយក​រដ្ឋមន្ត្រី​អេត្យូពី លោកអាប៊ី អាមេដ (Abiy Ahmed) នៅទីបំផុតទៅ ក្រុមបាតុករ បានយល់ព្រមឈប់ធ្វើកូដកម្ម និងងាកមកចូលតុចរចា ជាមួយនឹងរដ្ឋាភិបាលសឹកស៊ូដង់វិញហើយ។ ភាគីជម្លោះទាំងពីរ នឹងជួបចរចាគ្នា ក្នុងពេលឆាប់ៗ។ នេះ គឺជាការបញ្ជាក់ឲ្យដឹងពីអ្នកសម្រុះសម្រួលម្នាក់ ដែលជាជនជាតិអេត្យូពី កាលពីថ្ងៃអង្គារម្សិលមិញ។

ផ្សាយពាណិជ្ជកម្ម

ភាពតានតឹងយ៉ាងពុះកញ្ជ្រោលនៅក្នុងប្រទេសស៊ូដង់ នាខណៈនេះ បានវិលមករកភាពធូរស្បើយបន្តិចវិញខ្លះហើយ បន្ទាប់ពីក្រុមបាតុករ យល់ព្រមឈប់ធ្វើកូដកម្ម និងយុទ្ធនាការប្រឆាំង ទៅនឹងពួកយោធា។

លោក Mahmoud Drir ប្រេសិតម្នាក់ របស់នាយករដ្ឋមន្ត្រីអេត្យូពី ដែលគេស្គាល់ថាអ្នកការទូត ដ៏ល្បីឈ្មោះ និងមានថ្វីដៃក្នុងការសម្រុះសម្រួលជម្លោះ បានឲ្យដឹងថា​ នៅប៉ុន្មានថ្ងៃមុន ក្រុមបាតុករបានគំរាមដាក់គំនាបសង្កត់បន្ថែម ទៅលើរបបដឹកនាំសឹក ក៏ប៉ុន្តែក្រោយមានការជួយអន្តរាគមន៍របស់នាយករដ្ឋមន្ត្រីអេត្យូពីរួចមក ពួកគេក៏យល់ព្រមចរចាវិញ។

លោកប្រេសិតរូបនេះ បានឲ្យដឹងដែរថា ភាគីជម្លោះទាំងពីរ ពោលគឺ តំណាងក្រុមបាតុករ និង មេដឹកនាំយោធា បានព្រមព្រៀងគ្នារួចហើយ ថានឹងជួបចរចាទល់មុខគ្នាក្នុងពេលឆាប់ៗទាំងមុខនេះ។

គួរជ្រាបដែរថា ក្រោយយល់ព្រមចរចារួចមក ក្រុមសម្ព័ន្ធស៊ីវិល ដែលជាអ្នកប្រឆាំង ក៏បានប្រកូកប្រកាស អំពាវនាវឲ្យប្រជាជនចូលធ្វើការដូចប្រក្រតីវិញ ចាប់ពីថ្ងៃពុធ ទី១២ មិថុនា នេះតទៅ។

ដំណោះស្រាយ ហាក់មានពន្លឺ ហើយនាខណៈនេះ គេកំពុងរង់ចាំមើលយ៉ាងអន្ទះសាដែរ ថាតើអេត្យូពី អាចជួយសម្រុះសម្រួល ឲ្យភាគីទាំងពីរ ស្វែងរកដំណោះស្រាយ ឬកិច្ចព្រមព្រៀងរួមគ្នាបានឬយ៉ាងណា?

ទាក់ទងរឿងនេះដែរ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប បានអំពាវនាវទុកមុនរួចជាស្រេចហើយថា ឲ្យរបបសឹក និងក្រុមអ្នកប្រឆាំង បន្តធ្វើការរួមគ្នា សហការគ្នា ដោះស្រាយវិបត្តិក្នុងប្រទេស ប្រកបដោយសន្តិវិធី និងគ្មានការបង្ហូរឈាមដូចគ្រាកន្លងមកទៀត។

តែទោះជាបែបនេះក្តី ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ក៏បានចេញនូវសេចក្តីថ្លែងការណ៍មួយផងដែរ ដោយបានថ្កោលទោសចំពោះការបង្ក្រាបយ៉ាងហិង្សា និងបានសម្លាប់មនុស្សរាប់សិបនាក់ ដែលប្រព្រឹត្តដោយរដ្ឋាភិបាលយោធាស៊ូដង់ កាលពីថ្ងៃទី៣ មិថុនា កន្លងទៅថ្មីៗនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ