អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស៊្វីស៖ បណ្ដាញផ្លូវដែក និងវិស័យទេសចរណ៍

សំឡេង ០៤:១៤
ប្រព័ន្ធផ្លូវដែក​ស្វ៊ីស​ក្នុង​ចំណោម​​ប្រព័ន្ធផ្លូវ​ដែល​ចាប់កំណើតឡើង​មុនគេ និង​មាន​ភាពស្អេកស្កះ​ជាងគេ​នៅ​អឺរ៉ុប
ប្រព័ន្ធផ្លូវដែក​ស្វ៊ីស​ក្នុង​ចំណោម​​ប្រព័ន្ធផ្លូវ​ដែល​ចាប់កំណើតឡើង​មុនគេ និង​មាន​ភាពស្អេកស្កះ​ជាងគេ​នៅ​អឺរ៉ុប Getty Images/ Buena Vista Images

មិនខុស​ពី​បណ្ដាប្រទេសអឺរ៉ុបធំៗ រួមមាន​បារាំង អាល្លឺម៉ង់ និងអ៊ីតាលី, ស៊្វីស​ ជាប្រទេស​មួយ​ ដែល​មាន​ប្រព័ន្ធ​ផ្លូវដែក​ រត់ពាសពេញ​ផ្ទៃប្រទេស និង​មានដំណើរការប្រកបដោយ​ប្រសិទ្ធិភាពខ្ពស់បំផុត។ ការ​អភិវឌ្ឍផ្លូវដែក​ ​បាន​បង្ក​ជាភាពងាយស្រួល និងភាពទាក់ទាញយ៉ាងចម្បង ដល់វិស័យទេសចរណ៍ ព្រោះអ្នកដំណើរ អាច​ចំណាយប្រាក់​សមរម្យ ធ្វើដំណើរក្នុង​ល្បឿនលឿន និង​មាន​ឱកាស​ដើរលេងកំសាន្ដ​ច្រើនកន្លែង។

ផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធផ្លូវដឹកជញ្ជូន និង​វិស័យទេសចរណ៍ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ក្នុងហេតុផលមួយដ៏សាមញ្ញ ព្រោះថា ប្រព័ន្ធផ្លូវដឹកជញ្ជូន ជាធាតុ​​មួយដ៏សំខាន់ សម្រាប់​វិស័យទេសចរណ៍ អមជាមួយនឹងធាតុ​សំខាន់ពីរផ្សេង​ទៀត រួមមាន ភ្ញៀវទេសចរ និង​តំបន់ទេសចរណ៍។ ផ្អែកតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវយ៉ាងច្រើន បង្ហាញថា វិស័យទេសចរណ៍មិនអាចអភិវឌ្ឍបានដល់កម្រិតមួយល្អ​នោះទេ ដរាបណា គ្មានការអភិវឌ្ឍប្រព័ន្ធផ្លូវដឹកជញ្ជូន។ លើសពីនេះ ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបានល្អ វា​មិន​ត្រឹមតែអាចរួមចំណែក បង្កើនចំនួនភ្ញៀវទេសចរ បង្កើតជម្រើសទេសចរណ៍ថ្មីៗ ឬក៏បង្កើនភាពទាក់ទាញ និងការប្រកួតប្រជែង ក្នុងវិស័យទេសចរណ៍ជារួមប៉ុណ្ណោះទេ ក៏ប៉ុន្តែ វា​ក៏អាចរុញច្រានឱ្យ​មាន​ការអភិវឌ្ឍប្រកបដោយ​ស្ថិរភាពនៃវិស័យនេះផងដែរ។

នៅក្នុងប្រទេស​ដែល​មាន​កម្រិតនៃការអភិវឌ្ឍខ្ពស់ តួយ៉ាង ប្រទេស​ស៊្វីស ដំណើរកំសាន្ត​ទេសចរណ៍ អាចកើតឡើងទៅបាន សម្រាប់ប្រជាជនទូទៅក្នុងស្រុក ឬក៏ភ្ញៀវទេសចរបរទេស ក៏ដោយសារប្រទេស​ស៊្វីស មានប្រព័ន្ធផ្លូវដែករត់ខ្វាត់ខ្វែងពាសពេញផ្ទៃប្រទេស។ ហេតុផលសាមញ្ញ គឺ ផ្លូវដែកមានន័យស្មើនឹងការចំណាយសមរម្យ ការធ្វើដំណើរក្នុង​ល្បឿនលឿន និង​ការមាន​ឱកាស​ដើរលេងកំសាន្ដ​ច្រើនកន្លែង។ នៅស៊្វីស ឬប្រទេសអឺរ៉ុបផ្សេងទៀត តួយ៉ាង បារាំង អាល្លឺម៉ង់ និងអ៊ីតាលី គេអាចធ្វើដំណើរក្នុងល្បឿនលឿន រហូតដល់ប្រហែល ៣០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ឧទាហរណ៍ ពីភ្នំពេញទៅក្រុងព្រះសីហនុ ដែលចំណាយផ្លូវប្រហែល ២១៤គីឡូម៉ែត្រ គេត្រូវធ្វើដំណើរមិនដល់មួយម៉ោងផង ប្រសិន​បើគេធ្វើដំណើរតាមផ្លូវដែក ក្នុងល្បឿនលឿនដូចនៅអឺរ៉ុប។

នៅប្រទេសកម្ពុជា ដោយសារគ្មានផ្លូវដែកល្បឿនលឿន ភ្ញៀវទេសចរជាទូទៅមិនអាចធ្វើដំណើរកំសាន្ដបានច្រើនកន្លែងនោះទេ។ ជាបទពិសោធន៍របស់ភ្ញៀវទេសចរខ្លះ ត្រឹមចម្ងាយពីប៉ៃលិន មកទីក្រុងភ្នំពេញ តាមឡានក្រុងធំៗ គេត្រូវចំណាយពេលធ្វើដំណើរ តាំងពីរសៀលថ្ងៃត្រង់ រហូតដល់​ពាក់កណ្ដាលយប់ក៏មាន។ អាចមានបញ្ហាច្រើនផ្សេងទៀត ក៏ប៉ុន្តែ ត្រឹមតែបញ្ហាផ្លូវដែកមួយខាងលើ វាល្មមសមរម្យឱ្យប្រទេសកម្ពុជា ក្លាយជា ប្រទេសទេសចរណ៍ឆ្លងកាត់រយៈពេលខ្លី។ ត្រង់នេះគឺមានន័យថា ភ្ញៀវទេសចរបរទេសស្នាក់នៅកំសាន្ដត្រឹមរយៈពេលខ្លីក្នុងប្រទេសកម្ពុជា ហើយធ្វើដំណើរហួសទៅវៀតណាម ឬថៃ តែម្ដង។

ងាកទៅផ្តោតលើ​ករណីប្រទេស​ស៊្វីស បណ្តាញផ្លូវដែកនៃប្រទេស​មួយ​នេះ បានទទួលការកត់សម្គាល់​យ៉ាង​ខ្លាំង ពីពិភពលោកទាំងមូល ផ្អែកលើចំណុចពិសេសៗយ៉ាងច្រើន រួមមាន ការធ្វើដំណើរទូទៅ ការសម្របសម្រួលសេវាកម្ម ការបញ្ចូលជាមួយមធ្យោបាយដឹកជញ្ជូនផ្សេងៗ ភាពរហ័សទាន់ចិត្ត និង​ទៀងពេលវេលា ហើយនិងការធ្វើដំណើរឆ្លងកាត់ទៅកាន់​ប្រទេសអឺរ៉ុបផ្សេងៗ។ លទ្ធផល​របៀបនេះ អាច​កើតឡើងទៅបាន ក៏ដោយសារ ស៊្វីស​មានបទប្បញ្ញត្តិដ៏តឹងរ៉ឹងលើប្រព័ន្ធនៃការធ្វើដំណើរជារួម និងការ​អនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ ពីសំណាក់អាជ្ញាធរស៊្វីសផងដែរ។

គិតត្រឹមឆ្នាំ២០១៥ បណ្តាញផ្លូវដែកក្នុងប្រទេសស៊្វីស មានប្រវែងជាងប្រាំពាន់គីឡូម៉ែត្រ។ ប្រទេសស្វីស មិនត្រឹមតែមានបណ្តាញផ្លូវដែក ដែលរត់ខ្វាត់ខ្វែងច្រើនជាងគេបំផុត នៅលើពិភពលោកប៉ុណ្ណោះទេ បើទោះបីជា ប្រទេស​មួយនេះត្រូវលាតសន្ធឹងដោយជួរភ្នំ Alpes ដែលគ្របដណ្ដប់លើផ្ទៃដីជាង៦០ភាគរយក៏ដោយ, ក៏ប៉ុន្តែ ប្រទេស​ស៊្វីសនៅតែជាប្រទេស​នាំមុខគេផងដែរ លើពិភពលោក បើគិត​ពីចម្ងាយនៃ​ការ​ធ្វើដំណើរដ៏ច្រើនបំផុតរបស់ប្រជាជនស៊្វីសម្នាក់ៗ។ ប្រជាជនស៊្វីសម្នាក់ៗ ធ្វើដំណើរតាមផ្លូវដែក ក្នុងចម្ងាយប្រមាណជិត ពីរពាន់ប្រាំរយគីឡូម៉ែត្រ ក្នុងមួយឆ្នាំ។​ នេះបើយោងតាម ទិន្នន័យផ្លូវការ កាលពីឆ្នាំ​២០១៥។

ស្ទើរតែមួយរយភាគរយ នៃបណ្តាញផ្លូវដែករបស់ស៊្វីស ដំណើរការដោយថាមពលអគ្គីសនី លើកលែងតែ ផ្លូវដែក​មួយចំនួន ដែលដំណើរការដោយ ម៉ាស៊ីនប្រើចំហាយទឹក សម្រាប់តែគោលបំណងទេសចរណ៍ប៉ុណ្ណោះ។ មានក្រុមហ៊ុនផ្លូវដែកចំនួន ៧៤នៅក្នុងប្រទេសស្វីស។ ចំណែកឯ ប្រជាជន​ស៊្វីស ធ្វើដំណើរទៅធ្វើការ ដោយប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ជាមធ្យោបាយដឹកជញ្ជូនចម្បង) តំណាងជាង ៣០ភាគរយ។ ប្រទេសស្វីស ក៏ជាប់ចំណាត់ថ្នាក់លេខមួយផងដែរ ក្នុងចំណោមប្រព័ន្ធផ្លូវដែកអឺរ៉ុប ផ្អែកលើសន្ទស្សន៍លទ្ធផលផ្លូវដែកអឺរ៉ុប នៅឆ្នាំ២០១៧ សម្រាប់ការ​ធ្វើដំណើរទូទៅ គុណភាពសេវាកម្ម និងចំណាត់ថ្នាក់សុវត្ថិភាពខ្ពស់បំផុត។

សរុបជារួម ដោយ​សារ​ប្រសិទ្ធិភាពនៃ​ប្រព័ន្ធរដ្ឋបាលល្អ ប្រទេសស៊្វីសបាន​អភិវឌ្ឍប្រព័ន្ធផ្លូវដែកដ៏ល្អឥតខ្ចោះ ហើយ​វា​បាន​រួមចំណែកយ៉ាងចម្បង ក្នុងការ​អភិវឌ្ឍវិស័យទេសចរណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ