អានតួអត្ថបទ

បុគ្គលិក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ហុងកុង​ផ្តើម​ចេញ​ធ្វើ​ការតវ៉ា​ដើម្បី​គាំទ្រ​ក្រុមបាតុករ​

បុគ្គលិកផ្នែកហិរញ្ញវត្ថុហុងកុង រាប់រយនាក់ពេលជួបជុំប្រមូលផ្តុំគ្នា នាកណ្តាលពីក្រុងហុងកុង នាយប់ថ្ងៃព្រហស្បតិ៍ ទី១ សីហា។
បុគ្គលិកផ្នែកហិរញ្ញវត្ថុហុងកុង រាប់រយនាក់ពេលជួបជុំប្រមូលផ្តុំគ្នា នាកណ្តាលពីក្រុងហុងកុង នាយប់ថ្ងៃព្រហស្បតិ៍ ទី១ សីហា។ AFP

បុគ្គលិកផ្នែកហិរញ្ញវត្ថុហុងកុង រាប់រយនាក់បានទៅជួបជុំប្រមូលផ្តុំគ្នា នាកណ្តាលទីក្រុងហុងកុង នាយប់ថ្ងៃព្រហស្បតិ៍ ទី១ សីហា។ បុគ្គលិកហិរញ្ញវត្ថុទាំងនោះ បានខំស្កាត់ទៅប្រមូលផ្តុំគ្នាទាំងកណ្តាលភ្លៀង ម្យ៉ាងដោយសារតែពួកគេ មិនពេញចិត្តនឹងទង្វើរបស់រដ្ឋអំណាចហុងកុង។ ម្យ៉ាងវិញទៀត គឺដោយសារតែពួកគេ ចង់បង្ហាញការគាំទ្រដល់ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ។

ផ្សាយពាណិជ្ជកម្ម

នាពេលនេះ ចលនាប្រឆាំងជំទាស់ទៅនឹងរដ្ឋអំណាចហុងកុង កាន់តែរីកធំឡើងដោយសារតែបុគ្គលិកហិរញ្ញវត្ថុហុងកុងរាប់រយនាក់ នាំគ្នាក្រោកឈរ បង្ហាញគោលជំហរគាំទ្ររបស់ខ្លួន ចំពោះក្រុមបាតុករ ដែលជាអ្នកស្រលាញ់គាំទ្រលទ្ធិប្រជាធិបតេយ្យ។

ជាក់ស្តែង កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១ សីហា មានមនុស្សចំនួនជាង ១ ពាន់នាក់ បានចេញដើរប្រមូលផ្តុំគ្នា នៅចំកណ្តាលក្រុងហុងកុង។ ខណៈពេលដែលកំពុងឈរ ក្រោមតំណក់ទឹកភ្លៀង បុគ្គលិកផ្នែកហិរញ្ញវត្ថុទាំងនោះ បានយកដៃម្ខាងបើកពិលទូរស័ព្ទដៃ នៅពីក្រោមឆត្រដែលកាន់ដោយដៃម្ខាងទៀត ដើម្បីបង្កើតជាពន្លឺ និងបានស្រែកថា ចាក់ប្រេងបន្ថែម ""add oil"។ ជាពាក្យ ដែលពួកគេប្រើក្នុងន័យលើកទឹកចិត្តដល់ក្រុមបាតុករ។

ក្រៅពីនេះ មេដឹកនាំរៀបចំធ្វើការប្រមូលផ្តុំខាងលើ បានឲ្យដឹងដែរថា មានបុគ្គលិកផ្នែកហិរញ្ញវត្ថុរបស់ហុងកុងជាង៧០០ រយនាក់ មកពីធនាគារជាង ៨០ ផ្សេងទៀត បានទៅជួបជុំគ្នា នៅក្នុងសង្កាត់មួយ ដែលជាបេះដូងហិរញ្ញវត្ថុដ៏សំខាន់មួយផងដែរ របស់កោះហុងកុង។ ពួកគេ បានបង្ហោះរូបថតកាតបុគ្គលិករបស់ពួកគេ និងអះអាងថានឹងចូលរួមធ្វើកូដកម្មនាថ្ងៃចន្ទ ទី ៥ សីហា ខាងមុខ តាមការអំពាវនាវផងដែរ។

រហូតមកដល់ពេលនេះ គេដឹងថា បុគ្គលិកហិរញ្ញវត្ថុ បានសម្រេចងើបឈរ បង្ហាញជំហរប្រឆាំងអាជ្ញាធរ ពីព្រោះតែពួកគេខឹងនឹងរឿងដែលក្រុមបាតុករ ត្រូវបានក្រុមបងធំ វាយសំពងយ៉ាងចាស់ដៃ កាលពីថ្ងៃទី ២១ កក្កដាកន្លងទៅ។ ពួកគេគិតថា ហេតុការណ៍នេះ ប្រហែលជាមិនអាចកើតមានឡើងនោះទេ បើគ្មានការជួយគាំទ្រ និងសហការពីរដ្ឋអំណាចហុងកុងនោះ។

គួរជ្រាបថា ហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់មួយ បានផុងខ្លួនធ្លាក់ចូលកាន់តែជ្រៅ ទៅក្នុងវិបត្តិនយោបាយ ដោយសារតែរឿងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅចិនដីគោក។ បន្ទាប់មកទៀត បញ្ហាក៏រីករាលដាលដល់រឿងធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យឲ្យបានទូលំទូលាយជាងមុន។

ដោយសារតែមូលហេតុនេះ បាតុកម្មជាបន្តបន្ទាប់ ត្រូវបានប្រជាពលរដ្ឋហុងកុង ដែលជាអ្នកស្នេហាប្រជាធិបតេយ្យ ធ្វើឡើង ដើម្បីប្រឆាំងទល់នឹងរដ្ឋាភិបាល។

បាតុកម្មនេះ មានរយៈពេលជិត២ ខែហើយ បើគិតមកដល់ពេលនេះ ហើយបាតុកម្មនឹងនៅតែបន្តធ្វើនាពេលអនាគតខាងមុខទៀត ប្រសិនណាបើ រដ្ឋអំណាចហុងកុង នៅតែសំងំស្ងៀម មិនព្រមឆ្លើយតបទៅនឹងការទាមទាររបស់ក្រុមបាតុករទេនោះ។ នេះបើតាមការអះអាងរបស់ក្រុមបាតុករ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ