អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ហេតុអ្វី​បានជា​អាមេរិក​សម្រេច​ដក​ទណ្ឌកម្ម​លើ​គ្រឿងសព្វាវុធ​​ចេញពី​វៀតណាម

សំឡេង ០៤:២៣
លោក​អូបាម៉ា នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម ថ្ងៃ​ទី២៣ ឧសភា ២០១៦
លោក​អូបាម៉ា នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម ថ្ងៃ​ទី២៣ ឧសភា ២០១៦ REUTERS

នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម លោក​អូបាម៉ាបានប្រកាស​ឲ្យដឹង អំពី​ការ​លុបចោល​ទណ្ឌកម្ម​គ្រឿងសព្វាវុធ ដែល​អាមេរិក​បាន​ដាក់​លើ​វៀតណាម​​អស់រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ គឺ​ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​វៀតណាម ឆ្នាំ​១៩៧៥។ តើ​មាន​មូលហេតុអ្វីខ្លះ​ដែល​ជំរុញ​ឲ្យ​​​អាមេរិក​លុបចោល​បម្រាម​នាំចេញ​អាវុធ​ទៅ​ឲ្យ​វៀតណាមនៅពេលនេះ?

ផ្សាយពាណិជ្ជកម្ម

ការដកបម្រាម​លក់​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​វៀតណាម​នៅពេលនេះ ធ្វើឡើង​ក្នុងគោលដៅ​ពង្រឹង​ទំនាក់ទំនង​អាមេរិក-វៀតណាម​ មិនមែន​ធ្វើឡើង​ក្នុងគោលដៅ​ប្រឆាំង​នឹង​ចិន​នោះទេ” នេះ​គឺ​ជា​អ្វី​ដែល​លោក​អូបាម៉ា​បានលើកឡើង នៅពេល​ប្រកាស​ដក​ទណ្ឌកម្ម​គ្រឿង​សព្វាវុធ​ចេញ​ពី​វៀតណាម។ ក៏ប៉ុន្តែ នៅ​ក្នុង​បរិបទ​នៃភូមិសាស្រ្ត​នយោបាយ​ក្នុង​តំបន់​អាស៊ី​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គេពិបាក​នឹង​មិនភ្ជាប់​សេចក្តីសម្រេច​របស់​លោក​អូបាម៉ា​ទៅនឹង​ចិន។

វៀតណាម​គឺ​ជា​ប្រទេស​ដែល​កំពុងតែ​ជាប់ជម្លោះ​ជាមួយ​ចិន នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ជាប់ជម្លោះ​នេះ គេ​សង្កេតឃើញ​ថា វៀតណាម រួមជាមួយ​នឹង​ហ្វីលីពីន គឺ​ជា​ប្រទេស​ដែល​ចេញមុខច្រើនជាងគេ ក្នុងការ​ប្រឈមមុខ​ជាមួយ​នឹង​ចិន។ នាវាវៀតណាម និង​នាវាចិន ក៏ធ្លាប់​បាន​ប៉ះទង្គិចគ្នា​យ៉ាងខ្លាំងក្លា​ដែរ នៅ​ក្នុង​តំបន់​សមុទ្រ​ជាប់ជម្លោះ។​

អាមេរិក​វិញ ឬ​និយាយ​ឲ្យចំ គឺ​លោក​ប្រធានាធិបតី​អូបាម៉ា​ផ្ទាល់ បាន​​កំណត់អាទិភាព​ដ៏សំខាន់​មួយ នៅ​ក្នុង​នយោបាយ​ការបរទេស​របស់​ខ្លួន គឺ​បង្កើន​វត្តមាន​របស់​អាមេរិក នៅ​ក្នុង​តំបន់​អាស៊ី ដើម្បី​ប្រជែង​ឥទ្ធិពល​ជាមួយ​នឹង​ចិន។ ទាក់ទងនឹង​​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទៀត​សោត អាមេរិក​តែងតែ​បាន​ចេញមុខ​ធ្វើការ​តវ៉ា និង​រិះគន់​សកម្មភាព​របស់​ចិន នៅ​ក្នុង​តំបន់​ជាប់ជម្លោះ ហើយ​ថែម​ទាំង​បាន​បញ្ជូន​យន្តហោះ និង​នាវាចម្បាំង​ឲ្យ​ចូល​ទៅ​ល្បាត​​ក្នុង​តំបន់​ជាប់ជម្លោះ​ជាច្រើន​លើក រហូត​មាន​ការ​ប្រឈមមុខដាក់គ្នា ជាមួយ​នឹង​យន្តហោះ​ចម្បាំង​របស់​ចិន កាល​ពី​ពេល​ថ្មីៗ​កន្លងទៅនេះ។

ដូច្នេះ សម្រាប់លោក​អូបាម៉ា វៀតណាម​អាច​ជា​ប្រទេស​ជា​យុទ្ធសាស្រ្ត​មួយ ក្នុងការ​ជួយ​ឲ្យ​អាមេរិក​អាច​​ប្រជែង​ឥទ្ធិពល​ជាមួយ​ចិន នៅ​ក្នុង​តំបន់​អាស៊ី ហើយ​ការ​ដក​ទណ្ឌកម្ម​ដ៏ចំណាស់​ បន្សល់​ទុក​ពី​សម័យសង្រ្គាម​វៀតណាម វា​គឺ​ជា​ជំហាន​ដ៏សំខាន់​មួយ ក្នុងការ​បិទបញ្ចប់​អតីតកាល​នៃ​សង្រ្គាម​និង​ភាព​ជាសត្រូវ ដើម្បី​ឈាន​ទៅ​បើក​ទំព័រ​ថ្មី​នៃ​ភាព​ជាដៃគូ ក្នុងការ​ប្រឈមមុខ​នឹង​គូប្រជែង​រួម។

ជាការពិតណាស់​ថា ចិនទំនងមិនមែន​ជា​ហេតុផល​តែមួយ​គត់​នោះទេ តែ​ចិន​ជាកត្តា​ដ៏ចម្បងមួយ ដែល​ជំរុញ​ឲ្យ​លោក​អូបាម៉ា​សម្រេច​ដក​ទណ្ឌកម្ម​គ្រឿងសព្វាវុធ​ចេញ​ពី​វៀតណាម ហើយ​កត្តា​ដ៏ចម្បងមួយ​ទៀត គឺ​​ផលប្រយោជន៍​សេដ្ឋកិច្ច។

នៅ​ក្នុង​ពេល​ដែល​​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ត្រដាបត្រដួស​ដូចជា​ពេល​បច្ចុប្បន្ន​នេះ អាមេរិក​ក៏ដូចជា​ប្រទេស​ជាច្រើន​ផ្សេងទៀត​ កំពុងតែ​ស្វះស្វែង​រក​ទីផ្សារ ដើម្បី​បង្កើន​ការនាំចេញ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់ខ្លួន។ ​វៀតណាមវិញ គឺ​ជា​ប្រទេស​​ដែល​មាន​ប្រជាជន​សរុប​រហូតដល់​ទៅ​ជាង ៩០លាននាក់, ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់ ៧% ហើយ​លើសពីនេះ​ទៅទៀត វៀតណាម គឺ​ជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វិក ដែល​ជា​គំនិតផ្តួចផ្តើម​របស់​អាមេរិក។ ដូច្នេះ វៀតណាម គឺ​ជា​ទីផ្សារ​ប្រកបដោយ​សក្តានុពល​សម្រាប់​អាមេរិក។

ការលុបចោល​បម្រាម​នាំចេញ​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​វៀតណាម​អាច​នឹង​ជួយ​ឲ្យ​អាមេរិក​ទាញ​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាលក្ខណៈ​ទូទៅ តាមរយៈ​ការពង្រឹង​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម ហើយ​ជាងនេះ​ទៅទៀត គឺ​អាច​ទាញ​យក​ផលប្រយោជន៍នៅ​ក្នុង​វិស័យ​នាំចេញ​គ្រឿងសព្វាវុធ​ដោយ​ផ្ទាល់។

គេ​មិនត្រូវ​ភ្លេចទេ​ថា អាមេរិក​គឺជា​ប្រទេស​នាំចេញ​គ្រឿងសព្វាវុធ​ច្រើន​ជាងគេ​លំដាប់ទី១​នៅលើ​ពិភពលោក ចំណែក​ឯ​វៀតណាម​វិញ នៅ​ក្នុង​បរិបទ​នៃ​ភាព​តានតឹង​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នាពេល​បច្ចុប្បន្ន​នេះ វៀតណាម​កំពុងតែ​ស្វះស្វែង​ពង្រឹង​កម្លាំង​យោធា​របស់​ខ្លួន។

យោងតាមតួលេខ​របស់​វិទ្យាស្ថាន​ក្រុងស្តុកខុម ដែល​ចេញផ្សាយ​កាល​ពីពេល​ថ្មីៗ​កន្លងទៅ​នេះ ​គ្រឿងសព្វាវុធ​ដែល​វៀតណាម​នាំចូល​ពី​បរទេស​បាន​កើនឡើង​រហូតដល់​ទៅ​ជិត ៧០០% នៅ​ក្នុងចន្លោះ​ពេល​ពី ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៥ ដែល​ជា​អត្រា​កំណើន​ខ្ពស់​ជាងគេ​បង្អស់។ ជាលទ្ធផល វៀតណាម ដែល​កាលពី​ ៥ឆ្នាំមុន ស្ថិត​នៅ​លំដាប់​ទី ៤៣ បាន​ហក់ឡើង​មក​នៅ​លំដាប់ទី ៨ ខាង​ការនាំចូល​គ្រឿងសព្វាវុធ។ បើ​គិត​ត្រឹមក្របខ័ណ្ឌ​អាស៊ី វៀតណាម គឺជា​ប្រទេស​ដែល​នាំចូល​គ្រឿងសព្វាវុធ​ច្រើន​ជាងគេ​លំដាប់ទី ៤ បន្ទាប់​ពី ឥណ្ឌា ចិន និង​ប៉ាគីស្ថាន ហើយ​បើ​និយាយ​តែ​ពី​តំបន់​អាស៊ាន វៀតណាម​ជាប់​លំដាប់​លេខ១។

បើនិយាយ​ដោយសរុប​យ៉ាងខ្លីមកវិញ អ្វី​ដែល​អាមេរិក​បាន​ធ្វើ​ចំពោះវៀតណាម​នៅពេលនេះ គឺ​​ប្រទេស​នាំចេញ​គ្រឿងសព្វាវុធ​ច្រើន​ជាងគេ​ដក​បម្រាម​នាំចេញ​គ្រឿងសព្វាវុធ​ទៅឲ្យ​ប្រទេស​ដែល​កំពុងតែ​ត្រូវការ​ទិញ​គ្រឿងសព្វាវុធ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ