អានតួអត្ថបទ
ប្រេស៊ីល

អតីត​ប្រធានាធិបតី​ប្រេស៊ីល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពី​បទ​ពុករលួយ

លោក​លូឡា (Luiz Inacio Lula da Silva) អតីត​ប្រធានាធិបតី​ប្រេស៊ីល នៅ​ក្នុងពេល​សម្ពោធសមិទ្ធផល​ជាមួយ​ក្រុមហ៊ុន​ប្រេង Petrobras កាលពី​ខែ​មេសា ឆ្នាំ​២០០៦
លោក​លូឡា (Luiz Inacio Lula da Silva) អតីត​ប្រធានាធិបតី​ប្រេស៊ីល នៅ​ក្នុងពេល​សម្ពោធសមិទ្ធផល​ជាមួយ​ក្រុមហ៊ុន​ប្រេង Petrobras កាលពី​ខែ​មេសា ឆ្នាំ​២០០៦ Reuters/Bruno Domingos

លោក​លូឡា អតីត​ប្រធានាធិបតី​ប្រេស៊ីល ត្រូវ​បាន​ប៉ូលិស​ចាប់ឃុំខ្លួន កាល​ពីថ្ងៃ​សុក្រ ដោយ​ជាប់​សង្ស័យ​ថា​មាន​ការ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​​នឹង​សំណុំរឿង​ពុករលួយដ៏ធំ​មួយ​ ជាមួយ​នឹង​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ ឈ្មោះ Petrobras។ សំណុំរឿង​ពុករលួយ ដែល​កំពុងតែ​ធ្វើ​ឲ្យ​រង្គោះរង្គោះ​ឆាកនយោបាយ​ប្រេស៊ីល ដោយ​ក្នុងនោះ ប្រធានាធិបតី​បច្ចុប្បន្ន គឺ​លោកស្រី​ឌីលម៉ា រូសេហ្វ ក៏​ត្រូវ​ជាប់ការ​សង្ស័យ​ផងដែរ។

ផ្សាយពាណិជ្ជកម្ម

លោក​លូឡា ដែល​កាន់តំណែង​ជា​ប្រធានាធិបតី​ប្រេស៊ីល នៅ​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១១ គឺ​ជា​ប្រធានាធិបតី​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ប្រេស៊ីល​ ហើយ​បើទោះបីជា​លោក​ចាកចេញ​ពី​តំណែង​ហើយ​ក៏​ដោយ លោក​​នៅតែ​បន្ត​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ នៅ​ក្នុង​ឆាក​នយោបាយ​ប្រេស៊ីល​ រហូត​ទាល់​តែ​ដល់​ពេល​ផ្ទុះ​រឿង​អាស្រូវ​ពុករលួយ​ដ៏​ធំ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិ​ប្រេស៊ីល គឺ​រឿង​អាស្រូវ​ពុករលួយ​ទាក់ទង​នឹង​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋ Petrobras។

កាល​ពី​ពេល​កន្លងទៅនេះ ការ​ស៊ើបអង្កេត​ទៅលើ​សំណុំរឿង​ពុករលួយ​នេះ​បាន​ឈាន​ទៅដល់​ការ​ចាប់ខ្លួនមន្រ្តី​ជាន់ខ្ពស់​ជាច្រើន​រូប ក្នុងនោះ ក៏​រួមមាន​សមាជិក​ព្រឹទ្ធសភា​ម្នាក់ ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​លោក​លូឡា​ម្នាក់​ផងដែរ។

នៅ​ទីបំផុត ដល់​វេន​លោក​លូឡា​ផ្ទាល់​ដែល​ត្រូវ​ប៉ូលិស​ចាប់ឃុំខ្លួន ក្រោយ​ពី​បាន​ឆែកឆេរ​គេហដ្ឋាន និង​ការិយាល័យ​របស់​លោក នៅ​ព្រឹកថ្ងៃ​សុក្រ។

យោងតាម​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​រដ្ឋអាជ្ញាប្រេស៊ីល​ គេ​មាន​ភស្តុតាង​គ្រប់គ្រាន់​​ដែល​អាច​​បញ្ជាក់ថា លោក​លូឡាពិតជា​បាន​ទទួល​​ផ្ទះ​ដ៏​ប្រណីត​ចំនួន២ ជា​សំណូក នៅ​ក្នុង​សំណុំរឿង​ពុករលួយ Petrobras ។

​លោក​លូឡា​វិញ​តែងតែ​បាន​ប្រកាស​បដិសេធ​ថា លោក​មិនមាន​ទោស​កំហុស​ដូចជា​ការ​ចោទប្រកាន់​ទាំងនេះ​នោះទេ ហើយ​អ្នក​នាំពាក្យ​របស់​លោក​បាន​ហៅ​ការ​ឆែកឆេរ​គេហដ្ឋាន និង​ការិយាល័យ ព្រមទាំង​​​ចាប់ឃុំខ្លួន​​លោក​អតីត​ប្រធានាធិបតី​នេះ​ថា​ ជា​ការ​ធ្វើឡើង​ដោយ​ខុសច្បាប់ និង​គ្មាន​មូលដ្ឋាន​។

គួរបញ្ជាក់ថា រឿងអាស្រូវ​ពុករលួយ​ Petrobras នេះ ក៏​កំពុង​ជា​កម្តៅ​នយោបាយ​ដ៏​ក្តៅគគុក​មួយ​ដែរ សម្រាប់​លោកស្រី​ឌីលម៉ា រូសេហ្វ ប្រធានាធិបតី​ប្រេស៊ីល​បច្ចុប្បន្ន ដែល​ជា​មនុស្ស​ជំនិត​របស់​លោក​លូឡា និង​ដែល​មក​ពី​គណបក្ស​ជាមួយគ្នា។ ថ្វីដ្បិត​តែ​រហូតម​កទល់​នឹង​ពេលនេះ លោកស្រី​ឌីលម៉ា រូសេហ្វ មិនទាន់​ទទួល​រងនូវការ​ចោទប្រកាន់​ជាផ្លូវការ​ណាមួយ ពី​តុលាការ​ទាក់ទង​នឹង​រឿង​អាស្រូវ​ពុករលួយ Petrobas ក៏ប៉ុន្តែ លោកស្រី​កំពុង​ប្រឈមមុខ​នឹង​ការបោះឆ្នោត​ដកតំណែង ដែល​រៀបចំ​ធ្វើឡើង​ដោយ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ