អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ង់​ប្តេជ្ញាបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ថ្វីបើ​មាន​ការព្រមាន​ពី​អាមេរិក​

សំឡេង ០៧:២៣
ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន រ៉ូហានី និងលោក Ali Akbar Salehi ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩។
ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន រ៉ូហានី និងលោក Ali Akbar Salehi ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩។ AFP PHOTO / HO / IRANIAN PRESIDENCY

កាលពីថ្ងៃពុធ ទី៣ កក្កដាម្សិលមិញនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានព្រមានដោយត្រង់ ចំពោះប្រទេសអ៊ីរ៉ង់កុំឲ្យ បង្កើនផលិតកម្មចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ហួសពីបរិមាណដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥។ ដោយឡែក មិនត្រឹមតែមិនអើពើនឹងការព្រមានខាងលើនោះទេ ប៉ុន្តែប្រទេសអ៊ីរ៉ង់ ថែមទាំងបានប្តេជ្ញា ថានឹងបង្កើនបរិមាណស្តុកសារធាតុអ៊ុយរ៉ាញ៉ូម ក្នុងពេលឆាប់ៗខាងមុខនេះទៀតផង។ ស្ថានការណ៍នៅក្នុងតំបន់ដើមបូព៌ា នាខណៈនេះ កំពុងបន្តតានតឹងខ្លាំងឡើង។ ហើយប្រសិនណាបើអ៊ីរ៉ង់ នៅតែផ្គើនដាក់អាមេរិក ហើយអាមេរិកនៅតែបន្តពាក់មុខយក្សដាក់អ៊ីរ៉ង់ បែបនេះ តើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ អាចនឹងរលត់រលាយដែរឬទេ?

ផ្សាយពាណិជ្ជកម្ម

អ៊ីរ៉ង់ ប្តេជ្ញាថានឹងបង្កើនការបន្សុទ្ធសារធាតុអ៊ុយរ៉ាញ៉ូម ដោយមិនខ្វល់ពីការព្រមាន

អ៊ីរ៉ង់នាពេលនេះ ហាក់អស់ការអត់ធ្មត់ទៀតហើយ។ ជាក់ស្តែង បន្ទាប់ពីបានប្រកាសឲ្យដឹងជាសាធារណៈ កាលពីថ្ងៃទី១ កក្កដា ថាបានស្តុកបរិមាណអ៊ុយរ៉ាញ៉ូមហួសការកំណត់ ថ្មីៗនេះ អ៊ីរ៉ង់ថែមទាំងបានប្រកាស ដោយមិនខ្វល់ពីការព្រមានផ្សេងៗរបស់អាមេរិក និងសហភាពអឺរ៉ុបថា ខ្លួននឹងចាប់ផ្តើមធ្វើការបន្សុទ្ធសារធាតុអ៊ុយរ៉ាញ៉ូមឲ្យហួសពីកម្រិត ៣,៦៧% ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

និន្នាការថ្មីចុងក្រោយរបស់អ៊ីរ៉ង់បែបនេះ ត្រូវគេដឹងយ៉ាងច្បាស់ថា ធ្វើឡើងដើម្បីជាការឆ្លើយតប ទៅនឹងអាមេរិករបស់លោកត្រាំ ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីខែឧសភា ឆ្នាំ ២០១៨ កន្លងទៅ​ និងបានដាក់ទណ្ឌកម្មជាច្រើនមកលើប្រទេសអ៊ីរ៉ង់។

បន្ថែមលើនេះទៀត អ៊ីរ៉ង់ មានការអាក់អន់ស្រពន់ចិត្តជាខ្លាំង ចំពោះបណ្តាប្រទេសហត្ថលេខីដទៃទៀត មានដូចជា ប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ ចិន និងរុស្ស៊ី ដែលហាក់អសមត្ថភាព ក្នុងការជួយជ្រោមជ្រែងប្រទេសអ៊ីរ៉ង់ឲ្យជៀសផុតពីវិបត្តិសេដ្ឋកិច្ច។

នាខណៈពេល អ៊ីរ៉ង់ហាក់បញ្ចេញនូវកំហឹងជាខ្លាំង និងមិនអាចបៀមទុកនូវកំហឹងនេះបានទៀតនោះទេ និងថា អ្វីៗគឺវាគ្រប់គ្រាន់ហើយ។ ជាក់ស្តែង ប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន រ៉ូហានី បាននិយាយ កាលពីថ្ងៃពុធម្សិលមិញនេះថា ក្នុងរយៈពេល៣ ថ្ងៃទៀត ពោលគឺនៅថ្ងៃទី ៧ កក្កដា អ៊ីរ៉ង់ នឹងចាប់ផ្តើមប្រតិបត្តិការ បង្កើនការបន្សុទ្ធអ៊ុយរ៉ាញ៉ូម។ ហើយថា នេះ គឺជាការឆ្លើយតបទៅកាន់ ក្រុមប្រទេសហត្ថលេខីដែលក្នុងនោះរួមមាន ប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ ចិន និងរុស្ស៊ី។ ជាការឆ្លើយតបដែល ប្រទេសទាំងអស់នោះ មិនអាចបំពេញតាមកិច្ចសន្យា ដែលថាជួយទ្រទ្រង់សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ និងបរាជ័យផងដែរ ក្នុងការជួយសម្រាលនូវសម្ពាធទណ្ឌកម្មដ៏ច្រើន ដែល អ៊ីរ៉ង់ កំពុងទទួលរងពីអាមេរិក។

ជាមួយគ្នានេះផងដែរ លោកហាសាន រ៉ូហានី បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់លែងគោរពតាមកិច្ចព្រមព្រៀងទៀតហើយ ហើយថានឹងបង្កើនការបន្សុទ្ធអ៊ុយរ៉ាញ៉ូម លើសពីការកំណត់ ដែលមានកម្រិតត្រឹមតែ ៣,៦៧ % ដែលមានចំនួនស្មើនឹង ៣០០ គីឡូក្រាម។

បន្ថែមលើនេះ ប្រមុខរដ្ឋាភិបាលអ៊ីរ៉ង់ បានបញ្ជាក់ទៀត អ៊ីរ៉ង់ នឹងបន្តប្រតិបត្តិការ បង្កើនការបន្សុទ្ធសារធាតុអ៊ុយរ៉ាញ៉ូមឲ្យច្រើន គឺច្រើនតាមដែលប្រទេសមួយនេះចង់បាន និងត្រូវការ។

តែទោះជាបែបនេះក្តី អ៊ីរ៉ង់ បានបង្ហើបប្រាប់ដែរថា ខ្លួននឹងពិចារណាលើការឈប់ ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមហួសពីដែនកំណត់នេះវិញ ប្រសិនណាបើ ក្រុមប្រទេសហត្ថលេខី អាចជួយស្តារសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដែលកំពុងស្ថិតក្នុងគ្រោះថ្នាក់។

មួយវិញទៀត រដ្ឋាភិបាលតេហេរ៉ង់ បានបញ្ជាក់អះអាងព្រមជាគ្នានេះដែរថា អ្វីដែលខ្លួនកំពុងធ្វើនេះ មិនខុស ឬក៏ជាអំពើរំលោភទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ។ អ៊ីរ៉ង់ បានលើកឡើងនូវហេតុផលថា បើយោងទៅតាមមាត្រាដែលបានចែង នៅពេលដែលប្រទេសជាហត្ថលេខីណាមួយ មិនគោរពទៅតាមកិច្ចព្រមព្រៀង នោះប្រទេសហត្ថលេខីដទៃទៀត មានសិទ្ធិក្នុងផ្អាក ឬព្យួរការគោរពទៅតាមលក្ខន្តិករបស់កិច្ចព្រមព្រៀងបាន។

គួរគូសបញ្ជាក់ជូនដែរថា ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ក្នុងចំនួនប្រមាណជា ៩០ % អាចអនុញ្ញាតឲ្យគេផលិតចេញជាគ្រាប់បែកនុយក្លេអ៊ែរបាន ហើយនេះជាអ្វី សហគមន៍អន្តរជាតិព្រួយបារម្ភ និងមិនចង់ឲ្យរឿងនេះកើតឡើង។

ប្រតិកម្មរបស់ប្រទេសហត្ថលេខី ជុំវិញទំនោរថ្មីរបស់ប្រទេសអ៊ីរ៉ង់

ភ្លាមៗក្រោយពីបានឮអំពីគោលបំណងរបស់អ៊ីរ៉ង់ ក្នុងការបង្កើនការបន្សុទ្ធសារធាតុអ៊ុយរ៉ាញ៉ូមឲ្យបានច្រើនរួចមក  ប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ ព្រមទាំងបណ្តាប្រទេសសហភាពអឺរ៉ុបដទៃទៀត បានសម្តែងនូវក្តីបារម្ភជាខ្លាំង និងបានអំពាវនាវផងដែរឲ្យអ៊ីរ៉ង់បញ្ចប់នូវមហិច្ឆតាថ្មីនេះចោល។

ជាក់ស្តែង រដ្ឋាភិបាលបារាំង បានព្រមានរដ្ឋាភិបាលអ៊ីរ៉ង់ដោយចំពោះថា ប្រទេសអ៊ីរ៉ង់ នឹងគ្មានបានផលចំណេញអ្វីបន្តិចសោះឡើយ ក្នុងការមិនគោរពតាម បទបញ្ជាដែលមានចែងក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥។

មិនតែប៉ុណ្ណោះ បារាំងថាក្រៅតែពីមិនបានជួយអ្វីឲ្យប្រសើរឡើងនោះ ការបំពានលើកិច្ចព្រមព្រៀងរបស់អ៊ីរ៉ង់នេះ នឹងធ្វើឲ្យភាពតានតឹង នៅក្នុងតំបន់ដើមបូព៌ា ដែលកំពុងមានស្រាប់ទៅហើយនោះ កាន់តែកើនកម្តៅឡើង មួយកម្រិតថែមទៀត។

ជាមួយគ្នានេះដែរ ប្រទេសរុស្ស៊ី ដែលគេដឹងថា មានទំនាក់ទំនងស្អិតល្មួតជាមួយនឹងអ៊ីរ៉ង់ បានសម្តែងនូវការសោកស្តាយ និងថាអាមេរិក គឺជាមូលហេតុ រុញច្រានឲ្យអ៊ីរ៉ង់ជ្រើសរើសផ្លូវមួយនេះដើរ។ និងទីបំផុតទៅ រុញច្រានឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ ២០១៥ ត្រូវស្លាប់បាត់បង់ជីវិត។

ប្រតិកម្មរបស់អាមេរិក ទៅលើអ៊ីរ៉ង់ និងជោគវាសនារបស់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ

ដូចទម្លាប់សព្វដងអីចឹងដែរ គឺថាអាមេរិករបស់លោកត្រាំ មិនដែលសំងំនៅស្ងៀមឡើយ នៅពេលដែលអ៊ីរ៉ង់ ហ៊ានតែក្អក ឬធ្វើអ្វីគំហើញដាក់អាមេរិកនោះ។ លើកនេះក៏មិនខុសគ្នាដែរ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ គ្រាន់តែដឹងថា អ៊ីរ៉ង់បានស្តុកបរិមាណអ៊ុយរ៉ាញ៉ូម ហួសកំណត់ភ្លាម លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានព្រមានថាអ៊ីរ៉ង់កំពុងតែប្រឡែងលេងជាមួយភ្លើង​ មិនខុសអីពីសត្វមមាចនោះទេ។

ភ្លាមៗនោះ ប្រធានាធិបតីអ៊ីរ៉ង់ លោករ៉ូហានី បានតបតទៅកាន់លោកដូណាល់ ត្រាំវិញដែរថា គឺអាមេរិកទេដែលជាអ្នកបង្កាត់ឲ្យមានភ្លើងនេះឆាបឆេះឡើង។ គេសង្កេតឃើញថា សន្តិភាព នៅក្នុងតំបន់ដើមបូព៌ា នាខណៈនេះ ពិបាកនឹងកើតឡើងខ្លាំងណាស់ ហើយប្រសិនណាបើអ៊ីរ៉ង់ នៅតែផ្គើននឹងអាមេរិក ហើយអាមេរិកនៅតែបន្តពាក់មុខយក្សដាក់អ៊ីរ៉ង់ ហើយអឺរ៉ុប នៅតែគ្មានទឹកមាត់ប្រៃដូចសព្វថ្ងៃនេះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ អាចនឹងឈានទៅរកការរលាយទាំងស្រុង ដោយចៀសមិនរួចនា​ខាងពេលខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ