អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​៖ សមយុទ្ធ​​រួមគ្នា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​នៅតែ​បន្តកើតមាន

សំឡេង ០៧:១៩
លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ពេលជួបគ្នានៅ​ឯ​តំបន់​គ្មាន​កងទ័ពតាម​បណ្តោយ​ព្រំដែន​កូរ៉េ​កាល​ពីថ្ងៃទី ៣០ មិថុនា ឆ្នាំ២០១៩។
លោកដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ពេលជួបគ្នានៅ​ឯ​តំបន់​គ្មាន​កងទ័ពតាម​បណ្តោយ​ព្រំដែន​កូរ៉េ​កាល​ពីថ្ងៃទី ៣០ មិថុនា ឆ្នាំ២០១៩។ U.S. Network Pool/via REUTERS TV

មន្ត្រីរបស់មន្ទីរបញ្ចកោណម្នាក់ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១ សីហានេះថា ការធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងបន្តប្រព្រឹត្តទៅដូចការព្រៀងទុក ដោយមិនមានការផ្លាស់ប្តូរអ្វីឡើយ។ ការបញ្ជាក់អះអាងបែបនេះ របស់មន្ត្រីរដ្ឋាភិបាលអាមេរិក សរបញ្ជាក់ឲ្យឃើញថា សមយុទ្ធរួមគ្នារបស់អាមេរិក និងកូរ៉េខាងត្បូងនៅតែបន្តកើតមានឡើងពិតប្រាកដមែន បើទោះបីជាមានការព្រមានយ៉ាងខ្លាំង ពីសំណាក់របបដឹកនាំក្រុងព្យុងយ៉ាងណាក៏ដោយ។

ផ្សាយពាណិជ្ជកម្ម

រំឭកត្រួសៗ ពីមូលហេតុដែលធ្វើឲ្យទីក្រុងព្យុងយ៉ាងប្រឆាំងដាច់ខាតទៅនឹងសមយុទ្ធរួមគ្នារបស់អាមេរិក និងកូរ៉េខាងត្បូង

តាំងពីដើមរៀងមក កូរ៉េខាងជើងរបស់លោកគីម ជុងអ៊ុន មិនដែលមិនពេញចិត្តនិងរឹងរឹតតែមិនសប្បាយចិត្តទាល់តែសោះតែម្តង ចំពោះការធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នារវាង កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក។

ហេតុអ្វី? ជាការពិត សម្រាប់របបទីក្រុងព្យុងយ៉ាង ការធ្វើសមយុទ្ធរួមគ្នាក្នុងលក្ខណៈជាដៃគូ របស់អាមេរិក និងកូរ៉េខាងត្បូង គឺមិនខុសអីពីអំពើឈ្លានពានមកលើកូរ៉េខាងជើងឡើយ។ ដូច្នោះហើយ ឲ្យតែឮអំពីការធ្វើសមយុទ្ធរវាងកូរ៉េខាងត្បូង និងអាមេរិក កើតឡើង កូរ៉េខាងជើងក៏ចាប់ផ្តើមផ្ទុះកំហឹងជាខ្លាំង មិនខុសអីពីយកសាំងទៅចាក់លើភ្លើងដែលកំពុងឆេះឲ្យវាឆេះសន្ធោសន្ធៅទ្វេឡើងនោះទេ។ 

ជាក់ស្តែង ដូចនៅគ្រានេះអីចឹង រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានខឹងសម្បាជាខ្លាំង បន្ទាប់ពីបានដឹងថាកូរ៉េខាងត្បូង ហើយនឹងអាមេរិក នឹងធ្វើសមយុទ្ធជាមួយគ្នា ក្នុងពេលឆាប់ៗនេះ ពោលគឺនៅថ្ងៃចន្ទ ទី៥ សីហា សប្តាហ៍ក្រោយនេះ។

ធ្ងន់ធ្ងរជាងនេះ ទីក្រុងព្យុងយ៉ាងកាន់តែខឹងមិនសុខចិត្តថែមមួយកម្រិតទៀត ដោយសារអាមេរិក និងកូរ៉េខាងត្បូងមិនព្រមឡើយឈប់ធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នា បើទោះបីជារដ្ឋាភិបាលព្យុងយ៉ាង បានចេញមុខព្រមានដោយត្រង់ៗ និងជាច្រើនលើកច្រើនសាឲ្យបញ្ឃប់សកម្មភាពនេះយ៉ាងណាក្តី។

ក្រៅតែពីព្រមានដោយសម្តី នាពេលថ្មីៗនេះដើម្បីជាសារព្រមានប្រាប់ទៅកូរ៉េខាងត្បូង របបដឹកនាំរបស់លោកគីម ជុងអ៊ុន ក៏បានបាញ់សាកល្បលមីស៊ីលជាច្រើនគ្រាប់ចំនួនពីរដងផងដែរ។ លើកទី១ កូរ៉េខាងជើង​បាន​បាញ់សាកល្បង​មីស៊ីល​រយៈចម្ងាយ​ខ្លី​ចំនួន​ពីរគ្រាប់នៅថ្ងៃ​ព្រហស្បតិ៍ ទី ២៥ ខែកក្កដា។ លើកទី២  គឺនៅក្នុងរយៈពេលតែ៦ថ្ងៃបន្ទាប់ប៉ុណ្ណោះ ពោលគឺនៅថ្ងៃពុធ ទី៣១ កក្កដា ម្សិលមិញនេះ កូរ៉េខាងជើងបានបាញ់​សាក​ល្បង​មីស៊ី ​បាលីស្ទិក ​ចំនួន​ពីរ​​បន្ថែម​ទៀត​។

សមយុទ្ធអាមេរិក-កូរ៉េខាងត្បូងអាចប៉ះពាល់ដល់ដំណើរការនៃកិច្ចចរចាស្តីអំពីការំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង

ជាការពិត ការប្រកាសរបស់មន្ត្រីសេតវិមាន អំពីការប្រព្រឹត្តទៅនៃការធ្វើសមយុទ្ធរវាងគ្នារបស់ទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូល ធ្វើឲ្យគេមានមន្ទិលសង្ស័យជុំវិញអនាគតនៃកិច្ចចរចា រំសាយចោលអាវុធនុយក្លេអ៊ែរ រវាងលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន។

តែទោះជាបែបនេះក្តី អាមេរិកមិនបានពន្យល់អ្វីឲ្យបានច្បាស់លាស់អំពីគោលបំណង នៅពីក្រោយការមានៈ ធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នាជាមួយកូរ៉េខាងត្បូងឡើយ។ នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីបញ្ចកោណ ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានបារាំង AFP គ្រាន់តែប្រាប់ថា នឹងធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងនៅដើមខែសីហានេះ ហើយមិនបាននិយាយអ្វីច្រើនឡើយពីកូរ៉េខាងជើង។

មន្ត្រីអាមេរិកគ្រាន់តែនិយាយថា សមយុទ្ធនៅតែបន្តធ្វើ ហើយដំណើរការចរចាស្តីអំពីការលុបបំបាត់ចោលនូវមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ក៏នៅតែមាននៅក្នុងរបៀបវីរៈរបស់រដ្ឋាភិបាលអាមេរិក។

ដោយឡែក នៅមុននេះបន្តិច គឺមុនពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលប្រចាំតំបន់អាស៊ាន ដែលរៀបចំឡើងក្នុងទីក្រុងបាងកកប្រទេសថៃ នាថ្ងៃទី ២ សីហា ស្អែកនេះ ប្រមុខការបរទេសអាមេរិកគឺលោកម៉ៃក៏ ប៉ុមប៉េអូ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងក៏នឹងត្រូវលើកយកទៅពិភាក្សាក្នុងកិច្ចប្រជុំនោះដែរ។

សូមជម្រាបជូនថា សមយុទ្ធប្រចាំឆ្នាំរបស់កងទ័ពអាមេរិក បូករួមនឹងកូរ៉េខាងត្បូង នឹងប្រព្រឹត្តទៅនាថ្ងៃចន្ទ ទី ៥ សីហា ហើយសមយុទ្ធនេះ ក៏គ្រោងធ្វើឡើងក្នុងរយៈពេលប្រមាណជា ២ សប្តាហ៍ផងដែរ។

ពាក់ព័ន្ធរឿងនេះដែរ សូមរំឭកជូនឡើងវិញដែរថាសព្វថ្ងៃនេះ កងទ័ពរបស់អាមេរិក ដែលឈរជើងនៅក្នុងទឹកដីនៃប្រទេសកូរ៉េខាងត្បូងប្រមាណជា ២ម៉ឺន ៩ ពាន់នាក់ ក្រោមកិច្ចព្រមព្រៀងសន្តិសុខ ដែលសម្រេចបានបន្ទាប់ពីសង្គ្រាមកូរ៉េបញ្ចប់ទៅនាឆ្នាំ ១៩៥៣។

តាំងពីដើមរៀងមក កងទ័ពអាមេរិកដែលមាននៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេដាក់ពង្រាយក្នុងគោលការពារកូរ៉េខាងត្បូងពីការគំរាមកំហែងនានា ពីសំណាក់បងប្អូនដែលជាគូសត្រូវ នោះគឺកូរ៉េខាងជើង។

ប្រតិកម្មរបស់លោកត្រាំ ទៅនឹងស្ថានការណ៍ចុងក្រោយនៅឧបទ្វីបកូរ៉េ

នៅខណៈនេះ លោកដូណាល់ ត្រាំ ដែលនៅមួយរយៈពេលចុងក្រោយនេះ តែងតែនិយាយអួតអះអាងថាលោកមានទំនាក់ទំនងល្អណាស់ ជាមួយនឹងមេដឹកនាំរបបទីក្រុងព្យុងយ៉ាងគឺលោកគីម ជុងអ៊ុន ហាក់បង្ហាញនូវជំហរទន់ភ្លន់ជាមួយនឹងកូរ៉េខាងជើងច្រើន។

រឿងដ៏គួរឲ្យកត់សម្គាល់មួយផងដែរលោកដូណាល់ ត្រាំ បាននិយាយថា ការណ៍ដែលកូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់គ្នានាចុងខែកក្កដាកន្លងទៅថ្មីៗនេះ គឺដោយសារកូរ៉េខាងជើងមានចេតនាចង់គំរាមកូរ៉េខាងត្បូង មិនមែនអាមេរិកនោះឡើយ។ ការលើកឡើងរបស់លោកត្រាំ បែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋកូរ៉េខាងត្បូង អន់ចិត្តមិនតិចនោះទេ។

ដោយឡែក ទោះបីជាលោកដូណាល់ ត្រាំ មិនបានបញ្ចេញប្រតិកម្មអ្វីតបទៅកាន់ព្យុងយ៉ាងយ៉ាងណាក្តី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំពិភាក្សាបិទទ្វារមួយទាក់ទងទៅនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ ជាកិច្ចប្រជុំ ស្នើសុំដោយប្រទេសសហភាពអឺរ៉ុបមានជាអាទិ៍អង់គ្លេស​ បារាំង និងអាល្លឺម៉ង់ ពីព្រោះថាការបាញ់មីស៊ីលរបស់កូរ៉េខាងជើង គឺជាអំពើរំលោភនឹងចំណុចដែលមានចែង ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ