អានតួអត្ថបទ

ប្រធានក្រុមហ៊ុន​ Huawei ថា​មិន​ញញើត​នឹង​ការ​គំរាម​កំហែង​របស់​អាមេរិក​

ស្លាកសញ្ញា3D របស់ Huawei ត្រូវបានដាក់នៅលើកញ្ចក់ពីមុខទង់ជាតិរបស់ អាមេរិក និងសហភាពអឺរ៉ុប។
ស្លាកសញ្ញា3D របស់ Huawei ត្រូវបានដាក់នៅលើកញ្ចក់ពីមុខទង់ជាតិរបស់ អាមេរិក និងសហភាពអឺរ៉ុប។ REUTERS/Dado Ruvic

ប្រធាន​ក្រុមហ៊ុន​ Huawei នៅថ្ងៃ​អាទិត្យ​ ទី២៤ កុម្ភៈ​ បានលើកឡើងថា​ ក្រុមហ៊ុន​មិនបាន​ខ្វល់ខ្វាយ​ ឬក៏​ព្រួយបារម្ភ​អ្វីឡើយ​ ចំពោះ​ការគំរាមកំហែង​របស់​លោកប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​។ ជា​ការគំរាមកំហែង​ តាមរយៈ​ការ​ចេញ​បទបញ្ជា​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុនHuawei មានទីផ្សារ​លក់ដូរ​នៅ​សហរដ្ឋអាមេរិក​។ ប្រធាន​ក្រុមហ៊ុន​ Huawei ​សង្កត់ធ្ងន់​ថា​ Huawei នៅតែ​អាច​រកស៊ី​បាន​ដោយ​ជោគជ័យ​ ទោះបី​គ្មាន​ទីផ្សារ​នៅ​អាមេរិក​ក៏ដោយចុះ​។

ផ្សាយពាណិជ្ជកម្ម

លោក​ ហ្គួ ពីង (Guo Ping) ប្រធាន​ក្រុមហ៊ុន​ Huawei បាន​អះអាង​ថា​បទបញ្ជា​របស់​លោកត្រាំ​គ្មានឥទ្ធិពល​អ្វី​អាចធ្វើឲ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏ធំ​របស់​ចិន​មួយនេះ​ដួល​បះជើង​បានឡើយ​។ លោក​បញ្ជាក់​បន្ថែមថា​ បើទោះ​បទ​បញ្ជា​ហាមឃាត់​មិនឲ្យ​ Huawei ចូល​ក្នុងទីផ្សារអាមេរិក​ត្រូវ​គេ​ដាក់ឲ្យ​អនុវត្ត​ជាផ្លូវការ​មែនក៏ដោយ​ក៏​វា​គ្មាន​ផល​ប៉ះពាល់​ធំដុំ​អ្វីឡើយ​ ដល់​ក្រុមហ៊ុន​របស់​លោក​។

“នៅឆ្នាំ​ ២០១៨ ក្រុមហ៊ុន​ Huawei​ រក​ប្រាក់ចំណូល​បាន​ជាង​ ១០០​ ពាន់​លានដុល្លារ​សហរដ្ឋអាមេរិក​ ហើយ​ចំណូល​ដែល​រក​បាន​ពី​ទីផ្សារ​នៅ​អាមេរិក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។ តាមពិតទៅ​ យើង​មិនបាច់អី​ទៅខ្វល់​ពី​ទីផ្សារ​នៅ​អាមេរិក​ផងនោះទេ​"។ នេះ​ គឺ​ជា​សម្តី​របស់​លោក​ហ្គួ និយាយ​ទៅកាន់​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​បាសេឡូណា​ប្រទេសអេស្បាញ​ក្នុង​ព្រឹត្តិការណ៍​សមាជ​ទូរស័ព្ទ​ពិភពលោក​ប្រកប​ដោយ​យុត្តិធម៌​។

លោកហ្គួ បាន​បន្ថែមថា​គោលនយោបាយ​ថ្មី​របស់​អាមេរិក​នេះ​មិន​ប៉ះពាល់​អ្វី​ជាដុំកំភួន​ដល់ Huawei ឡើយ​ តែ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះ​ គឺជា​ប្រតិបត្តិករ​ទូរគមនាគមន៍​តូចៗ​មួយចំនួន​នៅ​សហរដ្ឋអាមេរិក​ ដែល​ប្រើប្រាស់​ឧបករណ៍​របស់​ Huawei វិញ​ឯណោះ​ទេ​។

គួរ​រំឭក​ជូនថា​ នៅ​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​សហរដ្ឋអាមេរិក​ និងចិន​មាន​ទំនាស់​ពាណិជ្ជកម្ម​ជាមួយគ្នា​កាន់តែខ្លាំងឡើងៗ​ ហើយ​ជម្លោះនេះ​ ដំបូងឡើយ​ដរចេញ​ពី​រឿង​បច្ចេកវិទ្យា​។ អាមេរិក​របស់​លោក​ដូណាល់ ត្រាំ ចោទ​ចិន​ថា​បាន​លួច​បច្ចេកវិទ្យា​ពី​ខ្លួន​ និង​ថា​ក្រុមហ៊ុន​ Huawei​ ជា​ចោរ​ធ្វើចារកម្ម​ឲ្យ​រដ្ឋាភិបាល​ចិន​។

ក្រោមហេតុផលនេះ​ រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ បាន​បញ្ចុះបញ្ចូល​សម្ព័ន្ធ​មិត្ត​របស់ខ្លួន​ឲ្យ​រារាំង​កុំឲ្យ​ក្រុមហ៊ុន​ Huawei​ បង្កើត​បច្ចេកវិទ្យា​ជំនាន់​ទី៥​ (5G) បាន​។ មិនតែប៉ុណ្ណោះ​ ក៏មាន​ព័ត៌មាន​ចុះផ្សាយ​ដែរថា​លោកត្រាំ​ បាន​ធ្វើការ​សម្រេច​លើ​បទបញ្ជា​មួយ​ដើម្បី​បញ្ឈប់​ក្រុមហ៊ុន​ចិន​ Huawei មិនឲ្យ​លក់​ឧបករណ៍​ទូរស័ព្ទ​ទំនើបៗ​ នៅ​សហរដ្ឋអាមេរិក​ទៀតផង​។

សូមជ្រាបថា​ រហូតមកដល់ពេលនេះ​ តំណាង​ក្រុមហ៊ុន​ Huawei នៅតែ​បដិសេធ​ចំពោះ​ ការចោទប្រកាន់​ដែល​ថា​ គ្រឿងក្នុង​ទូរស័ព្ទ​របស់​ Huawei មាន​បំពាក់​ឧបករណ៍​ ដែល​អាច​ឲ្យ​គេ​ធ្វើ​ចារកម្ម​បាន​។

ប្រធាន​ក្រុមហ៊ុន​ Huawei លោក​ហ្គួ ពីង លើកឡើងថា​ Huawei មិន​ដែល​ធ្វើចារកម្ម​ហើយ​លោក​នឹង​មិន​អនុញ្ញាតឱ្យ​នរណា​ម្នាក់​ មកពី​ប្រទេស​ណាមួយ​ ធ្វើរឿង​បែបនេះ​ បានឡើយ​នៅក្នុង​ក្រុមហ៊ុន​របស់​លោក​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ