អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុ​អ្វី​អាមេរិក​ត្រូវ​បារម្ភពី​វត្តមាន​មូលដ្ឋាន​ទ័ព​​ចិន​នៅ​កម្ពុជា?​​​​​​​​​​​​​​​​​​​​​​​​​

នាវា​មុជ​ទឹក​ចិន
នាវា​មុជ​ទឹក​ចិន REUTERS/Jason Lee

សហរដ្ឋ​អាមេរិក តាម​រយៈ​សារព័ត៌មាន បាន​បន្ត​បង្ហាញ​ពី​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​លទ្ធភាព​នៃ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ចិន​នៅ​កម្ពុជា បើទោះ​បី​ជា​ភាគី​ចិន​និង​កម្ពុជា បាន​បដិសេធម្ដង​ជា​ពីរ​ដង​​ហើយ​ក៏​ដោយ​។ មែន​ទែន​ទៅ ក្ដី​បារម្ភ​របស់​សហរដ្ឋ​អាមេរិក​នេះ មិន​មែន​ជា​រឿង​ថ្មី​ទេ​។ អាមេរិក​ធ្លាប់​បាន​លើក​ឡើង​ពី​សេណារីយ៉ូ​មូលដ្ឋានទ័ព​ជើង​ទឹក​ចិន​នៅ​កម្ពុជា តាំង​ពីយូរ​ឆ្នាំ​មក​ហើយ។ ​សម្រាប់​អាមេរិក វត្តមាន​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ចិន​នៅ​កម្ពុជា​ប្រសិន​បើ​មាន​មែន​នោះ វា​នឹង​ផ្ដល់​​ប្រយោជន៍ដល់​​​ចិន។ ផល​ប្រយោជន៍​នេះ ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អាមេរិក​ខាត​បង់​ទេ តែ​វា​អាច​ក្លាយ​ទៅ​ជា​ហានិភ័យ​សម្រាប់​អាមេរិក​ថែម​ទៀត​។

ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា មែន​ទែន​ទៅ មាន​ប្រភព​មក​ពី​យុទ្ធសាស្ត្រ​របស់​ចិន ដែល​ដាក់​ចេញ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៥ ក្រោម​ឈ្មោះ​ថា ខ្សែ​ក​គុជ​ខ្យង ឬ String Of Pearls។ តាម​រយៈ​យុទ្ធសាស្ត្រ​នេះ សហរដ្ឋ​អាមេរិក​ជឿ​ថា ចិន​កំពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន នៅ​តំបន់​មហាសមុទ្រ​ឥណ្ឌា​ ដោយ​រៀបចំ​បង្កើត​បណ្ដាញ​មូលដ្ឋាន​ទ័ពចាប់​តាំង​ពី​សមុទ្រ​ចិនខាង​ត្បូង កាត់​តាម​មហាសមុទ្រ​ឥណ្ឌា រហូត​ដល់​តំបន់​ដើម​​បូព៌ា​។

បើ​តាម​របាយការណ៍​របស់​សហរដ្ឋ​អាមេរិក សព្វ​ថ្ងៃ​នេះ ចិន​កំពុង​តែ​ពង្រីក​ការ​តភ្ជាប់​របស់​ខ្លួន​ទៅ​កាន់​កំពង់ផែ​យុទ្ធសាស្ត្រ​មួយ​ចំនួន នៅ​ប៉ាគីស្ថាន និង​ស្រី​លង្ការ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អាមេរិក​សន្និដ្ឋាន​ទៀត​ថា ចិន​​កំពុង​តែ​សាងសង់​មូលដ្ឋាន​ទ័ព​ជើង​ទឹក នៅ​តំបន់​មាត់​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ថែម​ទៀត​។

នរណា​ក៏​ដឹង​ដែរ​ថា ចិន​និង​អាមេរិក នៅ​តែបន្ត​ប្រជែង​អំណាច​គ្នា ក្នុង​ល្បែង​ភូមិ​សាស្ត្រ​នយោបាយ​នៅ​ឥណ្ឌូចិន​។ ដូច្នេះ​បើ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ទៅ ការ​ទាញ​សញ្ញា​អាសន្ន​​ពី​ការ​សង់​​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា គឺធ្វើ​ឡើង​​ព្រោះ​តែ​អាមេរិក​បារម្ភ​ពី​ផល​ប្រយោជន៍​របស់​ខ្លួន​ឯង ច្រើន​ជាង​បារម្ភ​ពី​​កម្ពុជា​។ វត្តមាន​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ចិន​នៅ​កម្ពុជា​ប្រសិន​បើ​មាន​មែន​នោះ វា​នឹង​ផ្ដល់​​ប្រយោជន៍ដល់​​​ចិន។ ផល​ប្រយោជន៍​នេះ ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អាមេរិក​ខាត​បង់​ទេ តែ​វា​អាច​ក្លាយ​ទៅ​ជា​ហានិភ័យ​សម្រាប់​អាមេរិក​ថែម​ទៀត​។

ជា​យុទ្ធសាស្ត្រ ប្រសិន​បើ​មាន​មែន​នោះ មូលដ្ឋាន​ទ័ព​ជើង​ទឹក​ចិន នឹង​បើក​ផ្លូវ​ឲ្យ​ទីក្រុង​ប៉េកាំង ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។ ប្រសិន​បើ​មាន​មែន​នោះ វា​នឹង​អំណោយ​ផល​ដល់​ចិន​ក្នុង​ការ​គ្រប់​គ្រង​នាវាចរណ៍ពី​ជ្រោយ​ម៉ាឡាកា​ទៅ​កាន់​​សមុទ្រ​ចិន​ខាង​ត្បូង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​នឹង​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ចិន ក្នុង​ការ​តាម​ដាន​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​ប្រទេស​ថៃ​និង​សហរដ្ឋ​អាមេរិក ដែល​រឹង​រឹត​តែ​ពី​ធំ​ឡើង​ៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​និយាយ​ដល់ String of Pearls នេះ ទីក្រុង​ប៉េកាំង តែង​តែ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​យុទ្ធសាស្ត្រ​នេះ ធ្វើ​ឡើងមិន​មែន​ក្នុង​គោលដៅ​យោធា​ទេ តែ​សម្រាប់​គោលដៅ​ពាណិជ្ជកម្ម​សុទ្ធ​សាធ​។ សម្រាប់​ទីក្រុង​ប៉េកាំង String of Pearls បើ​សម្រេច​បាន វា​​អាច​ធានា​នូវ​​​ផ្លូវ​ចរាចរណ៍​ថ្មី​សម្រាប់​លំហូរ​ធនធាន​ថាមពល​ពី​តំបន់​ដើម​បូព៌ា ទៅ​កាន់​ប្រទេស​ចិន​​។ សូម​កុំ​ភ្លេច​ថា បើ​តាម​ការ​ព្យាករណ៍ ចិន ទៅ​ថ្ងៃ​មុខ នឹង​​វ៉ា​ឈ្នះ​អាមេរិក ក្លាយ​ជា​ប្រទេស​ដែលប្រើ​ប្រាស់​ប្រេង​ឆៅ​​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​។ ការ​ស្រាវ​ជ្រាវ​មួយ​ចំនួន​ព្យាករណ៍​ថា នៅ​ឆ្នាំ​២០២០​ខាង​មុខ ការ​ប្រើ​ប្រាស់​ប្រេង​ឆៅ​របស់​ចិន​អាច​កើន​ឡើង​ទៅ​ដល់​១៦​ភាគ​រយ​នៃចំនួន​ប្រេង​ឆៅ​​នៅ​លើ​ទីផ្សារ​ពិភពលោក​​​មូល​។ ខណៈ​ដែល​ប្រទេស​ចិន​កំពុង​ផ្លាស់​ប្ដូរ​ទៅ​ជា​ប្រទេស​ដែល​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ការ​នាំ​ចូល​ប្រេង ការ​ធានាឲ្យ​បាន​​នូវ​ផ្លូវ​ចរាចរណ៍​សម្រាប់​នាវា​ដឹក​ប្រេង​ពី​តំបន់​ដើម​បូព៌ា ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​ឥណ្ឌា​ដែល​ជា​សត្រូវ គឺ​ជា​រឿង​ចាំ​បាច់​ណាស់​សម្រាប់​ប្រទេស​ចិន​។

ដើម្បី​សម្រេច​ការងារ​នេះ​បាន ប្រទេស​ចិន​ត្រូវ​តែ​ពង្រីក​ឥទ្ធិពល​របស់​ខ្លួននៅ​តាម​បណ្ដា​ប្រទេស​ជា​សម្ព័ន្ធ​មិត្ត​ដែល​ក្នុង​នោះ​មាន​ទាំង​កម្ពុជា​ផង តាម​រយៈ​ការ​ទិញ ជួល ឬ​ផ្ដល់​ជំនួយ​ឲ្យ​សាងសង់​កំពង់ផែ​ជាប់​មាត់​សមុទ្រ ចាប់​ពី​សមុទ្រ​ចិន​ខាង​ត្បូង រហូត​ដល់​ដើម​បូព៌ា​។ ចិន​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំងនៅ​​​ពេល​ណា វា​ជា​ការ​គំរាម​កំហែង​ដល់​ឥទ្ធិពល​របស់​អាមេរិកនៅ​ពេល​នោះ​ដែរ​។

សម្រាប់​សហរដ្ឋ​អាមេរិក ការ​រីក​រាល​ដាល​នៃ​ឥទ្ធិពល​របស់​ចិន​នៅ​តំបន់​អាស៊ី​ ជា​ពិសេស​នៅ​មហាសមុទ្រ​ឥណ្ឌា គឺជា​បញ្ហា​ប្រឈម​សម្រាប់​វត្តមាន​កង​ទ័ព​ជើង​ទឹក​អាមេរិក​នៅ​ក្នុង​តំបន់​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ក៏​ជា​ហានិភ័យ​សម្រាប់​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិច​របស់​អាមេរិក ដូច​ជា​ហ្វីលីពីន ជប៉ុន និង​អូស្ត្រាលី​ផង​ដែរ​។

ដើម្បី​បង្ការ​និង​ទប់ទល់​ការ​គំរាម​កំហែង​ពី​សំណាក់​ចិន​ ចាប់​តាំង​ពី​ឆ្នាំ​២០០៥​មក សហរដ្ឋ​អាមេរិក បាន​កែ​សម្រួល​និង​ពង្រឹងឥទ្ធិពល​​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នេះ ដោយបង្កើន​​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា ដែល​ជា​គូ​សត្រូវ​របស់​ចិន​។ សម្ព័ន្ធ​មិត្ត​របស់​អាមេរិក គឺ​អូស្ត្រាលី​ឯ​ណោះ​វិញ ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ​។ អូស្ត្រាលី ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក បាន​ព្យាយាម​លើក​កម្ពស់​ពាណិជ្ជកម្ម​នុយក្លេអ៊ែរ​ជាមួយ​ឥណ្ឌា ហើយ​ថែម​ទាំង​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា រវាង​កង​ទ័ព​ជើង​ទឹករបស់​អូស្ត្រាលី ជាមួយ​កង​ទ័ព​ជើង​ទឹក​ឥណ្ឌា​ទៀត​។

ក្រៅ​ពី​អាមេរិក និង​អូស្ត្រាលី, ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ក៏បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពីឥទ្ធិពល​យោធា​របស់​ចិន​ដែរ ជា​ពិសេស​ប្រទេស​ដែល​មាន​ជម្លោះ​ជាមួយ​ចិន​ក្នុង​សំណុំ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង ដូច​ជា​ប្រទេស​វៀតណាម ហ្វីលីពីន កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ