អានតួអត្ថបទ
អាមេរិក-អាកាសចរណ៍

យន្តហោះ​ ៧៧៧X​ ជំនាន់ថ្មី​របស់​ក្រុមហ៊ុនប៊ូអ៊ីង​បញ្ចប់​ការហោះហើរ​លើកដំបូង​ដោយជោគជ័យ​

បុគ្គលិកក្រុមហ៊ុនប៊ូអ៊ីង អបអរសាទរនៅពេលដែលយន្តហោះប៊ូអ៊ីង ៧៧៧X វិលត្រឡប់ពីការហោះហើរសាកល្បងលើកដំបូងដោយជោគជ័យ នៅទីក្រុងស៊ីថល នៃសហរដ្ឋអាមេរិកថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២០។
បុគ្គលិកក្រុមហ៊ុនប៊ូអ៊ីង អបអរសាទរនៅពេលដែលយន្តហោះប៊ូអ៊ីង ៧៧៧X វិលត្រឡប់ពីការហោះហើរសាកល្បងលើកដំបូងដោយជោគជ័យ នៅទីក្រុងស៊ីថល នៃសហរដ្ឋអាមេរិកថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២០។ REUTERS/Terray Sylvester

យន្តហោះ​ ៧៧៧X ដែលជា​ប្រភេទ​យន្តហោះ​ជំនាន់ថ្មី​ និង​មាន​បំពាក់​ដោយម៉ាស៊ីន​ភ្លោះធំ​ជាងគេ​បំផុត​របស់ក្រុមហ៊ុនប៊ូអ៊ីង​ បានបញ្ចប់​ការសាកល្បង​ហោះហើរ​លើកដំបូង​របស់​ខ្លួន​ ប្រកប​ដោយ​ភាពជោគជ័យ​ កាលពីថ្ងៃសៅរ៍​ទី២៥ មករា​​ម្សិលមិញ​។ នេះ​ អាច​រាប់​ចាត់​ទុក​ថាជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​ប៊ូអ៊ីង​ ដែលបាននិងកំពុង​ពុះពារ​យ៉ាងខ្លាំង ​ក្នុងការ​ដោះស្រាយ​វិបត្តិសេដ្ឋកិច្ច​ បន្ទាប់ពី​មានគ្រោះថ្នាក់​ធ្លាក់យន្តហោះ​ប្រភេទ​ ៧៣៧ MAX ពីរ​លើករួចមក​។

ផ្សាយពាណិជ្ជកម្ម

យន្តហោះ​​ដ៏​ថ្មី​ស្រឡាង​​ និង​​មាន​​បំពាក់​​ដោយ​ម៉ាស៊ីន​ភ្លោះធំ​ជាងគេបំផុត​លើ​លោកនេះ​ បានចុះចត​នៅទីលានរបស់ក្រុមហ៊ុនប៊ូអ៊ីង ក្បែរទីក្រុងស៊ីថល (Seattle) នៃសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ម្សិលមិញបន្ទាប់ពីហោះហើរបានប្រមាណ ៤ ម៉ោង នៅលើអាកាស។

ភាពជោគជ័យនៃការធ្វើតេស្តហោះហើរ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ក្រុមហ៊ុនប៊ូអ៊ីងរបស់អាមេរិក ដែលកំពុងតែរងវិបត្តិសេដ្ឋកិច្ចដោយសារតែគ្រោះថ្នាក់ធ្លាក់យន្តហោះប្រភេទ​ ៧៣៧ MAX។ ជាប្រភេទយន្តហោះ ដែលធ្លាប់ទទួលបានការបញ្ជាទិញយ៉ាងច្រើន ក៏ប៉ុន្តែរាល់ការបញ្ជាទិញត្រូវបានផ្អាកទៅវិញ ក្រោយ​ឧបទ្ទវហេតុធ្លាក់យន្តហោះ​នៅ​អេត្យូពីដែលបានសម្លាប់ជីវិតអ្នកដំណើរ​ទាំងអស់​ចំនួន​ ១៥៧ នាក់​ កាលពីខែមីនា ឆ្នាំទៅមិញ។

ក្រុមហ៊ុនប៊ូអ៊ីងនឹងធ្វើតេស្តសាកល្បងយន្តហោះប្រភេទថ្មីទំនើបរបស់ខ្លួនជាច្រើនដងទៀត ដើម្បីឲ្យប្រាកដក្នុងចិត្តថា យន្តហោះពិតជាមានគុណភាព និងសុវត្ថិភាពខ្ពស់គួរឲ្យជឿទុកចិត្តបាន។ ក្នុងករណីដែលគ្រប់យ៉ាងដំណើរការទៅរលូនល្អ ក្រុមហ៊ុនប៊ូអ៊ីងនឹងស្នើសុំធ្វើចរាចរណ៍ហោះហើរជាផ្លូវការទៅកាន់ទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធអាមេរិក (FAA)។

ទាក់ទងរឿងនេះដែរ លោកស្ទេនឡៃ ឌីល (Stanley Deal) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប៊ូអ៊ីង ​បាននិយាយថា​ ការធ្វើតេស្តហោះហើរ​ប្រកប​ដោយ​ភាពជោគជ័យ​ គឺជា​តឹកតាង​មួយ​បង្ហាញប្រាប់​ដល់​ពិភពលោក​នូវអ្វី​ដែល​ក្រុមហ៊ុន​ប៊ូអ៊ីង​កំពុងតែ​ធ្វើ​។ លោក​បន្ថែមថា​ ប៊ូអ៊ីង​ដឹង​ពីរបៀបផលិតយន្ដហោះ គឺផលិតប្រកបសុវត្ថិភាព និងពង្រឹងទំនុកចិត្តដល់សាធារណជន។

គួរជម្រាបជូនថា យន្តហោះ៧៧៧X ជំនាន់ថ្មីចុងក្រោយ​របស់​ក្រុមហ៊ុនប៊ូអ៊ីង អាចមានតម្លៃចាប់ពី ៤១០ ទៅ ៤៤២ លានដុល្លារ។ នាខណៈនេះ ក្រុមហ៊ុនអាកាសចរណ៍ធំៗ រួមមានដូចជាក្រុមហ៊ុន Emirates, Lufthansa, Cathay Pacific, ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី និងកាតា បានបញ្ជាទិញចំនួន ៣៤០ គ្រឿងហើយ សម្រាប់យន្តហោះប៊ូអ៊ីងប្រភទ ៧៧៧X។

គួរបញ្ជាក់ជូនដែរថា យន្តហោះម៉ូដែលថ្មីរបស់ប៊ូអ៊ីង ៧៧៧X មានសមត្ថភាពអាចផ្ទុក មនុស្សពីចំនួន ៣៨៤ ទៅ ៤២៦នាក់។ គេរំពឹងថា យន្តហោះម៉ូដែលថ្មីនេះនឹងអាចបញ្ចេញលក់លើទីផ្សារបាននៅដើមឆ្នាំ ២០២១ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ