អានតួអត្ថបទ
អាមេរិក-អីរ៉ង់-អ៊ីរ៉ាក់

កងកម្លាំង​គាំទ្រអ៊ីរ៉ង់​១៩​ នាក់​ត្រូវបាន​សម្លាប់​ដោយ​ការវាយ​ប្រហារ​ពី​ទ័ព​អាមេរិក​ នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​

ទីស្នាក់ការរបស់ក្រុម កាតាអ៊ីប អេហ្សបូឡា Kata'ib Hezbollah (KH) ត្រូវបានកម្ទេចដោយការវាយប្រហាររបស់អាមេរិក។
ទីស្នាក់ការរបស់ក្រុម កាតាអ៊ីប អេហ្សបូឡា Kata'ib Hezbollah (KH) ត្រូវបានកម្ទេចដោយការវាយប្រហាររបស់អាមេរិក។ REUTERS/Stringer

កងកម្លាំងគាំទ្រអ៊ីរ៉ង់ចំនួន ១៩​នាក់ ឈរជើងនៅក្នុងទឹកដីនៃប្រទេសអ៊ីរ៉ាក់ ត្រូវបានសម្លាប់ ក្រោមប្រតិបត្តិការវាយប្រហារមួយរបស់កងទ័ពអាមេរិក កាលពីថ្ងៃអាទិត្យទី៣០ ធ្នូ ម្សិលមិញ។ ការវាយប្រហារតាមអាកាសរបស់អាមេរិកនេះ ធ្វើឡើងក្នុងរយៈពេលតែ ២ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការវាយប្រហារដោយរ៉ុកែត បណ្តាលឲ្យពលរដ្ឋអាមេរិកម្នាក់ស្លាប់។

ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការវាយប្រហាររបស់កងទ័ពអាមេរិក ទៅលើក្រុមអ្នកគាំទ្ររបបគ្រប់គ្រងអ៊ីរ៉ង់មានឈ្មោះថា កាតាអ៊ីប អេហ្សបូឡាKata'ib Hezbollah (KH) កាលពីថ្ងៃម្សិលមិញ គឺជាសារព្រមានក្តៅមួយ របស់ក្រុងវ៉ាស៊ីនតោន ដែលចង់ប្រាប់ថាគ្មានអ្នកណាម្នាក់ឡើយ អាចធ្វើឲ្យពលរដ្ឋអាមេរិកមានគ្រោះថ្នាក់តាមតែអំពើចិត្ត។

ជាក់ស្តែង ក្រោយបើកប្រតិបត្តិការសឹករួច ប្រមុខការបរទេសអាមេរិកលោក ម៉ៃក៏ ប៉ុមប៉េអូ បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនឈរឱបដៃមើល ឲ្យប្រទេសអ៊ីរ៉ង់ ធ្វើសកម្មភាពណាមួយ បង្កជាគ្រោះថ្នាក់ដល់ពលរដ្ឋខ្លួនបានជាដាច់ខាត។

ជាមួយគ្នានេះ លោកម៉ាក អេសពឺរ រដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយ ដែរថា ប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស កាលពីថ្ងៃម្សិលមិញ ទៅលើពួកកាតាអ៊ីប អេហ្សបូឡា ទទួលបានជោគជ័យ។ ប្រមុខមន្ទីរបញ្ចកោណអាមេរិករូបនេះ បានបន្តដែរថា លោក និងម៉ៃក៏ ប៉ុមប៉េអូ ក៏បានរាយការណ៍ប្រាប់លោកប្រធានាធិបតីដូណាល់ ត្រាំ រួចរាល់ដែរ អំពីបច្ចុប្បន្នភាព នៅក្នុងតំបន់មជ្ឈឹមបូព៌ា។

គួររំឭកជូនថា កាលពីថ្ងៃម្សិលមិញ កងទ័ពអាមេរិក បានបើកការវាយប្រហារយ៉ាងដំណំ ទៅលើទីតាំងស្តុកអាវុធ និងអគារដែលគ្រប់គ្រងដោយក្រុម កាតាអ៊ីប អេហ្សបូឡា នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ និងភាគខាងកើតស៊ីរី។ ការវាយប្រហារនេះ បានសម្លាប់កងប្រដាប់អាវុធ កាតាអ៊ីប អេហ្សបូឡា ចំនួន ១៩ នាក់ស្លាប់ និងធ្វើឲ្យមានអ្នករបួសជាច្រើននាក់ទៀត។

ពីខាងទីក្រុងតេហេរ៉ង់វិញ សាធារណរដ្ឋអ៊ីស្លាម-អ៊ីរ៉ង់ បានចាត់ទុកទង្វើរបស់អាមេរិកថា ជាការបង្ហាញជំហរគាំទ្រចំពោះអំពើភេរវកម្ម ហើយអាមេរិកត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់លោក អាបា ម៉ូសាវី (Abbas Mousavi) បាននិយាយនៅថ្ងៃចន្ទនេះថា សកម្មភាពសឹករបស់អាមេរិក សរបញ្ជាក់ថា អាមេរិកគាំទ្រយ៉ាងពេញទំហឹងចំពោះ អំពើភេរវកម្ម និងថាអាមេរិកមិនបានអើពើ និងខ្វល់ខ្វាយទាល់តែសោះ អំពីឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសនៅក្នុងតំបន់។

គួរជ្រាបដែរថា ទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ បានជួបភាពល្អក់កករនឹងគ្នាខ្លាំង តាំងតែពីឆ្នាំមុន ពោលបន្ទាប់ពីអាមេរិករបស់លោកដូណាល់ ត្រាំ សម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងចាប់ផ្តើមដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើប្រទេសនេះ។ មិនតែប៉ុណ្ណោះ ការប្រឈមមុខដាក់គ្នាចុងក្រោយ រវាងកងទ័ពអាមេរិក ហើយនឹងក្រុមកាតាអ៊ីប អេហ្សបូឡា ដែលស្និទ្ធនឹងរបបដឹកនាំអ៊ីរ៉ង់ កាន់តែរុញច្រានឲ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរធ្លាក់ចុះមួយកម្រិតទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ