អានតួអត្ថបទ

ក្រុមហ៊ុន​អាកាសចរណ៍​ជាច្រើន​ពន្យារ​ជើង​ហោះហើរ​ក្បែរ​សមុទ្រអកមូ​ ដោយសារ​ទំនាស់​រវាង​អាមេរិក​និង​អ៊ីរ៉ង់​

ទូកឆ្មាំការពាររបស់អ៊ីរ៉ង់ នៅជិតនាវាផ្ទុកយន្តរបស់អាមេរិក USS George H. W. Bush នៅឯច្រកសមុទ្រអកមូ ខណៈដែលឧទ្ធម្ភាគចក្រកងទ័ពជើងទឹកអាមេរិកហោះក្បែរនោះ កាលពីថ្ងៃទី២១ មីនា ឆ្នាំ២០១៧។
ទូកឆ្មាំការពាររបស់អ៊ីរ៉ង់ នៅជិតនាវាផ្ទុកយន្តរបស់អាមេរិក USS George H. W. Bush នៅឯច្រកសមុទ្រអកមូ ខណៈដែលឧទ្ធម្ភាគចក្រកងទ័ពជើងទឹកអាមេរិកហោះក្បែរនោះ កាលពីថ្ងៃទី២១ មីនា ឆ្នាំ២០១៧។ REUTERS/Hamad I Mohammed

នៅថ្ងៃសុក្រទី ២១ មិថុនា ក្រុមហ៊ុនអាកាសចរណ៍ធំៗមួយចំនួនក្នុងពិភពលោក ដែលក្នុងនោះរួមមានក្រុមហ៊ុនរបស់អង់គ្លេស អូស្ត្រាលី បូករួមទាំងរបស់ប្រទេសសិង្ហបុរីផង បានផ្អាកជើងហោះហើរជុំវិញច្រកសមុទ្រអកមូ។ ការផ្អាកជើងហោះហើរនេះ បានធ្វើឡើងខណៈពេលដែលភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិកបានផ្ទុះឡើងខ្លាំងក្លា ដោយសារតែរឿងអ៊ីរ៉ង់ បាញ់ទម្លាក់ដ្រូនយកការណ៍របស់អាមេរិក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ មិថុនា។

ផ្សាយពាណិជ្ជកម្ម

ការផ្អាកជើងហោះហើរនេះ ធ្វើឡើងបន្ទាប់ពី ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិលអាមេរិក (FAA) ចេញនូវសេចក្តីជូនដំណឹង អំពីគ្រោះថ្នាក់ដែលអាចកើតមានឡើង និងបានហាមឃាត់យន្តហោះនានា មិនឲ្យហោះហើរនៅជុំវិញ ឬក្បែរតំបន់ឈូងសមុទ្រពែក្ស និងឈូងសមុទ្រអូម៉ង់។

តាមពិតទៅ សេចក្តីជូនដំណឹងរបស់ ភ្នាក់ងារអាកាសចរណ៍ស៊ីវិលអាមេរិក ធ្វើឡើងចំពោះតែក្រុមហ៊ុនអាកាសចរណ៍ណា ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ។ តែទោះជាយ៉ាងនេះក្តី ដើម្បីសុវត្ថិភាពរបស់អ្នកដំណើរ ក្រុមហ៊ុនអាកាសចរណ៍របស់អឺរ៉ុប និងអាស៊ី ក៏មិនហ៊ានប្រថុយគ្រោះថ្នាក់ ហោះហើរ ទៅក្បែរតំបន់ហាមឃាត់នេះដែរ។

ជាក់ស្តែង នៅថ្ងៃសុក្រនេះ ក្រោយបានឮអំពីសេចក្តីជូនដំណឹងរបស់អាមេរិកភ្លាម ក្រុមហ៊ុនអាកាសចរណ៍ធំៗមួយចំនួន បានប្រកាសផ្អាកជើងហោះហើររបស់ខ្លួន។ ក្រុមហ៊ុនទាំងនោះ ជាអាទិ៍រួមមាន ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways, អូស្ត្រាលី Qantas និងក្រុមហ៊ុនសិង្ហបុរី Singapore Airlines។ ការផ្អាកជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ អាចប៉ះពាល់ដល់អ្នកដំណើរចំនួនរាប់ពាន់នាក់។

ទាក់ទងរឿងនេះដែរ តំណាងក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways បាននិយាយថា ក្រុមការងាររបស់ខ្លួន តែងតែទាក់ទងជាប្រចាំជាមួយនឹងមន្ត្រីពាក់ព័ន្ធ បូករួមទាំងភ្នាក់ងារអាកាសចរណ៍ស៊ីវិលអាមេរិកផង ដើម្បីធានាឲ្យបាននូវសុវត្ថភាព ពេលហោះហើរគ្រប់ផ្លូវ គ្រប់ដែនអាកាស។

ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Qantas របស់អូស្រ្តាលី បានលើកឡើងពីការផ្អាកជើងហោះហើរ ឆ្លងកាត់តំបន់គ្រោះថ្នាក់ខាងលើ ហើយថា នឹងដំណើរការជើងហោះហើរឡើងវិញលុះត្រាណា មានសេចក្តីជូនដំណឹងថ្មី។ ចំណែកឯ ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី វិញ បានប្រកាសប្រាប់ដល់អ្នកដំណើរថា ពេលវេលាហោះហើររបស់ខ្លួន ទៅកាន់អឺរ៉ុប ទំនងជាត្រូវប្រើពេលយូរជាងមុន។

ដោយឡែក ទោះបីជាក្រុមហ៊ុនជាច្រើន នៅថ្ងៃសុក្រនេះ បានបង្វែរផ្លូវហោះហើរ ហើយក្រុមហ៊ុនខ្លះទៀតបានផ្អាកការហោះហើរ នៅជុំវិញសមុទ្រអកមូ យ៉ាងណាក្តី ក៏ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសអាល្លឺម៉ង់ Lufthansa និងក្រុមហ៊ុនអាកាសចរណ៍របស់ហូឡង់ KLM បានសម្រេចចិត្ត នៅបន្តធ្វើដំណើរឆ្លងកាត់តំបន់នេះដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ