អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បណ្តឹងទំលាក់​លោក​ដូណាល់ត្រាំ៖ ព្រឹទ្ធសភា​អាមេរិក ​បោះឆ្នោត​ជ្រើសយក​នីតិវិធី​រហ័ស

សំឡេង ០៦:៣៧
សកម្មជនប្រឆាំង​លោកដូណាល់ត្រាំ នៅខាងមុខវិមានកាពីតូល ក្រុង​វ៉ាស៊ីនតោន។
សកម្មជនប្រឆាំង​លោកដូណាល់ត្រាំ នៅខាងមុខវិមានកាពីតូល ក្រុង​វ៉ាស៊ីនតោន។ Fuente: Reuters.

នីតិវិធីជំនុំជំរះ លើ​បណ្តឹង​ទំលាក់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​ចាប់ផ្តើម​ជាផ្លូវការ​ហើយ​។ កាលពីយប់​ថ្ងៃអង្គារ ឈាន​ចូល​ថ្ងៃពុធ ​ទី​​២២​មករា​នេះ ព្រឹទ្ធ​សភាអាមេរិក ​បាន​បោះឆ្នោត​ ជ្រើសរើស​​​យក​នីតិវិធី​ជំនុំជំរះ​ បែប​ឆាប់រហ័ស ​ដោយ​មិន​បន្លាយ​ពេល​យូរ ដើម្បី​ឈាន​ទៅ​បោះឆ្នោត​សម្រេច​ចុងក្រោយ ​ថាតើ​លោក​ដូណាល់ ត្រាំ ​ពិតជា​បាន​ធ្វើ​បំពាន​អំណាច ​ហើយ​សក្តិសម​នឹង​ត្រូវ​​ទំលាក់​ពី​តំណែង​ ដែរ​ឬទេ។ ជាមួយ​នឹង​នីតិវិធី​បែប​រហ័ស​នេះ ​អ្នក​វិភាគ​ជឿថា​ ព្រឹទ្ធសភា​អាមេរិក​​ នឹ​ង​ប្រហែល​ជា​មិន​​កោះហៅ​​សាក្សី ឲ្យចូល​បំភ្លឺ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

ភាគីសងខាង មានថេរៈវេលាធ្វើអំណះអំណាង​ ចំនួន​២៤ម៉ោងស្មើគ្នា

នីតិវិធីរហ័ស មានន័យថា អ្វីៗនឹងត្រូវ​ពន្លឿនមិនបង្អង់។ លោក Mitch McConnel ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​​បក្ស​សាធារណរដ្ឋ​ ដែលមាន​សម្លេង​ភាគច្រើន បាន​លើកឡើងថា លោក​ចង់យក​គម្រូ​នីតិវិធី​ ដែលធ្លាប់​​អនុវត្ត​ ​ទៅលើ​​ករណី​​​បណ្តឹង​ទំលាក់លោក ប៊ីល គ្លីនតុន។ ពោលគឺ ភាគីដើមចោទ និង​ភាគី​ចុងចោទ ​មាន​ថេរៈវេលា​ចំនួន​​ស្មើគ្នា​ គឺចំនួន​​២៤​ម៉ោង ​ដើម្បីនិយាយ ​ធ្វើអំណះអំណាង​នៅ​ចំពោះ​មុខ​អង្គ​ព្រឹទ្ធិសភា​។ រយៈពេល​២៤​ម៉ោង​នេះ ​ត្រូវធ្វើ​ក្នុង​កំឡុង​ពេល ​មិនឲ្យ​លើស​ពី​​​៣ថ្ងៃ។

ដូចយើង​បានដឹងហើយ ថា​ភាគី​​ដើមចោទ បាន​ចោទ​ប្រកាន់​លោក​ដូណាល់ ត្រាំ លើ​២ចំណុច។ ទីមួយ​ គេចោទ​ថា​លោកដូណាល់ ត្រាំ​បាន​បំពានអំណាច ​ដោយ​បាន​​ដាក់​សំពាធ​ គំរាម​ប្រធានាធិបតី​អ៊ុយក្រែន ​ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត ​រករឿង​លើ​កូន​ប្រុស​លោក ​Joe Biden ​ដែល​រក​ស៊ី​នៅ​អ៊ុយក្រែន ​ពុំនោះ​ទេ​អាមេរិក​នឹង​ដក​ជំនួយ​យោធា​ពី​អ៊ុយក្រែន។ ការចោទប្រកាន់​ទី​ពីរ​ គឺ​គេ​ចោទ​ថា​លោក​ដូណាល់ ត្រាំ ​បាន​ព្យាយាម​លាក់​ការពិត ​និង​បាន​​រារាំង​ ការ​ស៊ើបអង្កេត ​ដែល​សភា​តំណាង​​អាមេរិក បាន​​សម្រេច។

​​ក្រុម​​ដើមចោទ ​មានសមាជិក​សភា​តំណាង​ មកពី​បក្ស​​ប្រជាធិបតេយ្យ​ចំនួន​​៧រូប ហើយ​ដែល​មាន​​លោក ​Adam Schiff ​ជាប្រធានក្រុម​ នឹងត្រូវ​ធ្វើ​​បទ​​បង្ហាញ​អំណះអំណាង​ដាក់បន្ទុក ​ទៅលើ​លោក​ដូណាល់ ត្រាំ ​នៅ​ចំពោះមុខ​អង្គព្រឹទ្ធសភា ​នៅថ្ងៃ​ពុធ​នេះ ​ចាប់​ពី​ម៉ោង​១រសៀល​ទៅ ​ម៉ោង​នៅ​ទីក្រុង​វ៉ាស៊ីនតោន។ ចំណែក​ភាគី​ចុងចោទ​វិញ ​គឺ​តំណាង​ដោយ ​ក្រុម​​មេធាវី​ផ្ទាល់ខ្លួន​របស់​​លោក​ដូណាល់ ត្រាំ ​ដឹកនាំ​ដោយ​លោក​ Pat Cipollone ​ទីប្រឹក្សា​ច្បាប់​នៅ​សេតវិមាន​ ដែល​នឹង​មាន​​ពេល​​២៤​ម៉ោងដែរ​ ដើម្បី​ឆ្លើយតប​ទៅនឹង​ការ​ចោទប្រកាន់។

បន្ទាប់មកទៀត ​ក្រុម​សមាជិក​ព្រឹទ្ធសភា ​មាន​ពេល​​១៦ម៉ោង​ ដើម្បី​រៀបចំ​ជា​សំណួរ ​សរសេរ​ជាលាយលក្ខណ៍​អក្សរ​ សម្រាប់​សុំឲ្យ​ភាគី​ទាំង​សងខាង ​ឆ្លើយ​លំអិត។ សំណួរ​ទាំងនោះ ​នឹង​ត្រូវ​បាន​​អាន​​ដោយ​ផ្ទាល់មាត់ ​ពី​សំណាក់ ​លោក ​John Roberts ​ចៅក្រម​តុលាការ​កំពូល​អាមេរិក ​ដែល​នឹង​មក​ធ្វើ​ជា​ប្រធាន​អង្គជំនុំ​ជំរះ​ពិសេស​នេះ នៅ​ព្រឹទ្ធសភា។

ការសុំឯកសារបន្ថែម និង​កោះហៅ​សាក្សី

ភាគីនីមួយៗ​ មាន​ពេល​តែ២​ម៉ោងទេ ​ក្នុង​ការសម្រេច​ យល់ព្រម​ ឬ​មិន​យល់ព្រម ​ក្នុងការ​សុំឲ្យ​បង្ហាញ​​ឯកសារ​បន្ថែម ​ឬ​កោះហៅ​សាក្សី​បន្ថែម ​ឲ្យចូល​មក​បំភ្លឺ។ កាលពី​ដំបូង ក្រុម​ដើមចោទ ​មាន​បំណង​ចាប់​បង្ខំ​ ឲ្យ​​សេតវិមាន ​ក្រសួង​ការពារជាតិ ​និង​ក្រសួង​ការបរទេស ​ត្រូវតែ​​បញ្ជូន​សាក្សី ​និង​ឯកសារ​នានា ដែ​ល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ។ ក៏ប៉ុន្តែ ​ចំណុច​ទាំងអស់​នេះ ​ត្រូវបាន​ព្រឹទ្ធសភា​បោះឆ្នោត​បដិសេធ​ហើយ កាល​ពី​យប់​ថ្ងៃ​អង្គារ។

តែយ៉ាងណា ​សម្រាប់​ពេលនេះ ​ភាគី​ដើមចោទ ​នៅ​​តែអាច​មាន​សិទ្ធិ​ស្នើសុំ ​ឲ្យគេ​បញ្ជូន​ឯកសារ​បំភ្លឺ​បន្ថែម​ ដូចជា ​ឯកសារ​សំងាត់ ​ចំណារ ​កំណត់ហេតុ ​សារអ៊ីម៉ែល ​ជាដើម ​និងអាច​សុំស្តាប់​សាក្សី​ឆ្លើយ​បំភ្លឺ។ សាក្សី​នោះ បើ​តាម​ការស្មាន គឺ​អាច​ជា​​ លោក​Mick Mulvaney ​ប្រធាន​ខុទ្ទកាល័យ​បច្ចុប្បន្ន ​របស់​លោក​ដូណាល់ ត្រាំ ​និង​លោក ​John Bolton ​អតីត​ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ របស់​លោក​ដូណាល់ ត្រាំ។

ភាគី​ចុងចោទ ​ដែល​ការពារ​លោក​ដូណាល់ ត្រាំ ​ក៏អាច​សុំ​កោះហៅ​សាក្សី​ដែរ ​ដើម្បី​អាច​មាន​ប្រៀប។​ សាក្សី ​ដែល​ក្រុម​លោក​ដូណាល់ ត្រាំ ​ចង់​ហៅ​មក​សួរ​ចម្លើយ​នោះ ​គឺមាន​លោក ​Hunter Biden ​កូន​ប្រុស​លោក​​ Joe Biden ​និង​មនុស្ស​ម្នាក់ទៀត ​ដែល​ជា​អ្នក​​ទម្លាយ ​ឯកសារ​ខ្សែ​អាត់​សម្លេង​ទូរស័ព្ទ ​រវាង​លោក​​ដូណាល់ ត្រាំ ​និង​លោក​​ប្រធានាធិបតី​អ៊ុយក្រែន ដែល​ជា​ប្រភព​​បង្ក​រឿង​អាស្រូវនេះ។

ក៏ប៉ុន្តែ​​ រាល់​សំណើ​សុំ​ឯកសារ ​ឬសុំ​​​កោះហៅ​សាក្សី ​គឺត្រូវ​ឆ្លងកាត់ ​ការ​បោះឆ្នោត​សម្លេង​ភាគច្រើន ​៥០ បូក១ ​នៃ​សមាជិក​ព្រឹទ្ធសភា ​ទាំង​១០០​នាក់។ មានន័យថា គេ​​​ត្រូវ​ការ​យ៉ាងហោច​៥១​នាក់​យល់​ព្រម។ ក៏ប៉ុន្តែ ​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ ​គឺមាន​គ្នាតែ​៤៧​នាក់​ទេ ​ខណៈ​ក្រុម​សាធារណរដ្ឋ​ មាន​គ្នាដល់​ទៅ​​​៥៣​នាក់។

នីតិវិធីអយុត្តិធម៌?

យើងឃើញ​ថា​ខាង​ចុង​ចោទ ​ដែល​ការពារ​លោក​ដូណាល់ ត្រាំ ​មាន​ប្រៀប​ច្រើន​ ជាង​ភាគី​ដើម​ចោទ​ ព្រោះថា​មក​ទល់​ពេល​នេះ ក្រុម​សមាជិក​ព្រឹទ្ធិសភា​បក្ស​សាធារណរដ្ឋ ​បាន​​ប្រមូល​ផ្តុំគ្នា​ការពារ​លោក​ដូណាល់ ត្រាំ។ មានន័យ​ថា ​ការ​កោះហៅ​សាក្សី ​ឬ​សុំ​ឯកសារ​បន្ថែម ​ដែល​ខាង​ដើម​ចោទ​ចង់​បាន ​ប្រហែល​ជា​មិន​អាច​ធ្វើទៅរួច​ទេ ​ព្រោះថា ​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ ​នឹង​បោះឆ្នោត​ប្រឆាំង។

ត្រង់ចំណុច​នេះហើយ​ បាន​ជា​លោក ​Adam Schiff ​តំណាង​ក្រុម​ដើមចោទ​ បាន​ស្រែក​ថា ​នីតិវិធី​ជំនុំ​ជម្រះ​នេះ ​វា​អយុត្តិធម៌ ​គ្មាន​សមភាព​​ ព្រោះ​ថា​ភាគី​ចុងចោទ ​ដែល​មាន​សម្លេង​ភាគច្រើន​ក្នុង​ព្រឹទ្ធិសភា ​អាច​រារាំង​ មិនឲ្យ​​គេយក​ឯកសារ​នានា​មក​បន្ថែម ​ឬ​ក៏​មិនព្រម​​ ​ឲ្យ​គេ​សួរ​ចម្លើយ​សាក្សី​សំខាន់ៗ​ខ្លះ។

តែយ៉ាងណា​ បើក្រុម​សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ ​ដែល​ការពារ​លោក​ដូណាល់ ត្រាំ ​នោះ ​គិតតែ​ពី​បោះឆ្នោត​បដិសេធ ​មិនឲ្យ​គេ​យក​ឯកសារ ​ឬ​មិន​ឲ្យ​គេ​កោះហៅ ​សួរ​ចម្លើយ​សាក្សី ​គឺវា​នឹង​ធ្វើ​ឲ្យ​មតិ​សាធារណៈ ​យល់​ឃើញ​ថា ​បក្ស​សាធារណរដ្ឋ ​ពិតជា​មាន​អ្វី​លាក់លៀម​មិនខាន​ទេ ​បាន​ជា​មិនចង់​ឲ្យ​គេ​ដឹង​ឮ។

លោកដូណាល់ត្រាំ អាចនឹងគេចផុតពី​ការទំលាក់ពីតំណែង

បើយើង​ពិនិត្យ​លើ​កាលៈទេសៈ​ និង​លក្ខខណ្ឌ​ទាំងអស់ ​គឺ​លោក​ដូណាល់ ត្រាំ ​អាច​នឹង​គេច​ផុត​ពី​ការ​ទំលាក់​ពី​​តំណែង​មែន។ យោង​តាម​នីតិវិធី​ ព្រឹទ្ធសភា​នឹង​បោះឆ្នោត​សម្រេច​ម្តងមួយៗ ​ទៅ​លើ​បទ​ចោទ​ប្រកាន់​ទាំង២។ សម្លេងឆ្នោត​ដែល​គេ​ត្រូវការ ​គឺ​​​២​ភាគ​៣ ​មានន័យ​ថា ​៦៧​លើ​១០០​សម្លេង។ ដូច្នេះ ​វា​មាន​ន័យ​ថា ​ខាង​ដើម​ចោទ​មក​ពី​បក្ស​ប្រជាធិបតេយ្យ ​គឺ​ចាញ់​មុន​ទៅ​ហើយ ​ព្រោះ​មាន​គ្នា​តែ​​៤៧​នាក់ទេ។

បក្សប្រជាធិបតេយ្យ​ ត្រូវការ​២០​សម្លេង​បន្ថែម​ទៀត។ វាច្រើន​ខ្លាំង​ណាស់។ តែ​យ៉ាងណាក៏​ដោយ ​អ្វីៗ​វា​អាស្រ័យ ​លើការ​សម្រេចចិត្ត ​របស់​សមាជិក​សភា​មក​ពី​បក្ស​សាធារណរដ្ឋ។ ការ​បោះឆ្នោត​ចុងក្រោយ ​បើតាម​ការ​រំពឹងទុក ​គឺ​ប្រហែល​ជា​នៅចុង​សប្តាហ៍​ក្រោយ​នេះ​ហើយ។ បើសិន​​ព្រឹទ្ធ​សភា​បោះ​ទម្លាក់​លោក​ដូណាល់ ត្រាំ ​គឺគាត់​ត្រូវតែ​ចេញ​ពី​សេតវិមាន​ភ្លាម ​ទុក​កន្លែង​ឲ្យ​អនុប្រធានាធិបតី​​ដឹកនាំប្រទេសបណ្តោះអាសន្ន។ ប៉ុន្តែ​ សេណារីយូនេះ​ ប្រហែល​ជា​ពិបាក​នឹង​កើត​ឡើងណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ