អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើសង្រ្គាមរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ផ្ទុះហើយ ឬ?

សំឡេង ០៧:១០
ពលរដ្ឋអ៊ីរ៉ង់​ដុតទង់ជាតិ​អាមេរិក​
ពលរដ្ឋអ៊ីរ៉ង់​ដុតទង់ជាតិ​អាមេរិក​ Reuters

នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី៣ មករា កងទ័ពអាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​វាយប្រហារ​លើ​ក្បួនរថយន្ត​មួយ​នៅ​អាកាសយានដ្ឋាន​ក្រុង​បាកដាដ​ដោយ​សម្លាប់​បាន​ឧត្តមសេនីយ​អ៊ីរ៉ង់​លោក​កាសឹម សូឡីម៉ានី និង​មេបញ្ជាការ​កងស្វ័យត្រាន​អ៊ីរ៉ាក់​លោក​អាប៊ូ ម៉ាឌី អាល់ មូហានឌីស។ អ៊ីរ៉ង់​បាន​បញ្ជាក់​ពី​ការ​ស្លាប់​ឧត្តមសេនីយ​កាសឹម សូឡីម៉ានី និង​បាន​គំរាម​សងសឹក​ប្រឆាំង​អាមេរិក​វិញ។ ចំណែក​ប្រតិកម្ម​បរិហារ និង​អំពាវនាវ​ឲ្យ​មាន​ភាព​អត់ធ្មត់ ស្ងប់ស្ងាត់​កំពុង​បន្ត​ធ្លាក់​មក​ជា​បន្តបន្ទាប់។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លាំង​ពេល​នេះ គឺ​ការ​ផ្ទុះ​សង្រ្គាម​ជា​ចំហ​រវាង​អាមេរិក និង​អ៊ីរ៉ង់​ដែល​នឹង​ធ្វើ​ឲ្យ​តំបន់​មជ្ឈិមបូព៌ា​ទាំង​មូល​ធ្លាក់​ក្នុង​ភាព​វឹកវរ។

ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការពារជាតិ​អាមេរិក​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ពី​ការ​សម្លាប់​បាន​ឧត្តមសេនីយ​អ៊ីរ៉ង់​លោក​កាសឹម សូឡីម៉ានី និង​ថា អ្នក​បញ្ជា​ឲ្យ​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​រូប​នេះ គឺ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ​អាមេរិក​ដដែល ការ​សម្រេច​របស់​លោក​ត្រាំ​ជា​វិធានការ​មិន​អាច​ខ្វះ​បាន​ដើម្បី​ការពារ​ពលរដ្ឋអាមេរិកាំង​នៅ​បរទេស និង​បន្ថែម​ថា ឧត្តមសេនីយ​សូឡីម៉ានី​បាន​រៀបចំ​យ៉ាង​សកម្ម​នូវ​ផែនការ​ដើម្បី​វាយប្រហារ​លើ​ក្រុម​មន្រ្តីការទូត និង​ក្រុម​ទាហានអាមេរិក​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ាក់ និង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ទាំង​មូល។

ក្រសួង​ការពារជាតិ​អាមេរិក​បាន​បញ្ជាក់​ថា ឧត្តមសេនីយ​សូឡីម៉ានី​ជា​អ្នក​រៀបចំ​ការ​វាយប្រហារ​លើ​មូលដ្ឋាន​កម្លាំងសម្ព័ន្ធមិត្ត​លើ​ទឹកអ៊ីរ៉ាក់​នា​ប៉ុន្មាន​ខែ​ចុងក្រោយ​ដោយ​មាន​ទាំង​ការ​វាយប្រហារ​ក្នុង​ថ្ងៃទី២៧ ធ្នូ​ផង។ ចំណែក​បាតុកម្មហិង្សា​ចូល​វាយប្រហារ​ដល់​ក្នុង​ស្ថានទូតអាមេរិក​ប្រចាំ​ក្រុង​បាកដាដ​ក្នុង​សប្តាហ៍​នេះ​ក៏​ត្រូវ​បាន​អាមេរិក​ចាត់​ទុក​ជា​ស្នាដៃ​របស់​ឧត្តមសេនីយ​អ៊ីរ៉ង់​លោក​កាសឹម សូឡីម៉ានី​ដែរ។ នៅ​ក្នុង​សេចក្តីសន្និដ្ឋាន​ចុង​ក្រោយ ក្រសួង​ការពារជាតិ​អាមេរិក​បាន​ព្រមាន​ទុក​ជា​មុន​ថា អាមេរិក​នឹង​បន្ត​ចាត់​វិធានការ​ចាំ​បាច់​ជា​ច្រើន​ទៀត​ដើម្បី​ការពារ​ពលរដ្ឋ និង​ផលប្រយោជន៍​អាមេរិកាំង ទោះ​នៅ​ទីណា​ក៏​ដោយ​ក្នុង​លោក។

តើ​ឧត្តមសេនីយ​អ៊ីរ៉ង់​លោក​កាសឹម សូឡីម៉ានី​ជា​នរណា?

មាន​អាយុ ៦២ឆ្នាំ ឧត្តមសេនីយ​អ៊ីរ៉ង់​លោក​កាសឹម សូឡីម៉ានី​ជា​ឥស្សរជន​អ៊ីរ៉ង់​ម្នាក់​ដែល​មាន​ឥទ្ធិពល និង​មាន​ប្រជាប្រិយភាព​ខ្លាំង​ណាស់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ កាល​ពី​ឆ្នាំ ២០១៧ ទស្សនាវដ្តី​អាមេរិកាំង Time ថែម​ទាំង​បាន​ដាក់​ឧត្តមសេនីយ​អ៊ីរ៉ង់​រូប​នេះ​ទៅ​ក្នុង​ចំណោម​ឥស្សរជន ១០០នាក់​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​នៅ​ក្នុង​លោក។ នៅ​ក្រោយ​បដិវត្តន៍​អ៊ីរ៉ង់​ឆ្នាំ ១៩៧៩ លោក​កាសឹម សូឡីម៉ានី​ដែល​ជា​កូន​គ្រួសារ​កសិករ​ក្រីក្រ​មួយ​បាន​ចូល​បម្រើ​ក្នុង​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់។ លោក​បាន​ចូលរួម​ប្រយុទ្ធ​នៅ​ក្នុង​សង្រ្គាម​អ៊ីរ៉ាក់ អ៊ីរ៉ង់​ពី​ឆ្នាំ ១៩៨០​ដល់​ឆ្នាំ ១៩៨៨។ បន្ទាប់​មក​ក្នុង​ឆ្នាំ ១៩៩៨ ឧត្តមសេនីយ​សូឡីម៉ានី​បាន​ក្លាយ​ជា​មេបញ្ជាការ​កម្លាំង​អាល់ កូដ​ដែល​ជា​កងឯកភាព​មួយ​នៃ​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់។

លោក​សូឡីម៉ានី​បាន​ដឹកនាំ​ប្រតិបត្តិការ​នៅ​ក្រៅ​ទឹកដី​អ៊ីរ៉ង់ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឥស្សរជនគន្លឹះ​ដែល​បាន​ដើរតួនាទី​ក្នុង​ការ​ពង្រឹង និង​ពង្រីក​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​មជ្ឈិមបូព៌ា ពិសេស​នៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី។ គឺ​ឧត្តមសេនីយ​អ៊ីរ៉ង់​រូប​នេះ​ដែល​បាន​ចូលរួម​ជួយ​ប្រធានាធិបតី​ស៊ីរី​លោក​អាសាដ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់​ឲ្យ​មាន​ប្រៀប​លើ​ក្រុមប្រឆាំង​នៅ​ក្នុង​សង្រ្គាមស៊ីវិល​សព្វថ្ងៃ។ នៅ​អ៊ីរ៉ាក់ ឧត្តមសេនីយ​សូឡីម៉ានី​ថែម​បាន​ចូលរួម​នៅ​ក្នុង​ការ​ចរចា​នយោបាយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​អ៊ីរ៉ាក់។ គឺ​រូប​លោក​សូឡីម៉ានី​នេះ​ឯង​ដែល​បាន​បង្កើត​កម្លាំង​ស្វ័យត្រាន​អ៊ីរ៉ាក់​ដើម្បី​ប្រយុទ្ធ​ទល់​នឹង​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ហើយ​គឺ​ឧត្តមសេនីយ​អ៊ីរ៉ង់​ដដែល​នេះ​ឯង​ដែល​បាន​ដើរតួនាទី​យ៉ាង​សកម្ម​ជួយ​ចលនា​ហេស្បូឡា​នៅ​លីបង់។

រដ្ឋបាល​អាមរិកាំង​យល់​មិន​ច្រឡំ​ទេ​ថា ការ​ងើប​បះបោរ​របស់​ក្រុម​ឈីអ៊ីតអ៊ីរ៉ាក់​ប្រឆាំង​នឹង​ផលប្រយោជន៍​អាមេរិក​នៅ​អ៊ីរ៉ាក់​សឹងរាល់​ថ្ងៃ​ជា​ស្នាដៃ​របស់​លោក​សូឡីម៉ានី។ តាំង​ពី​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ គេ​តែង​ឃើញ​កម្លាំង​អាល់ កូដ​របស់​ឧត្តមសេនីយ​សូឡីម៉ានី​ចេញ​មុខ​ត​ទល់​នៅ​ក្នុង​ភាព​តានតឹង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តេហេរ៉ង់។

អ៊ីរ៉ង់​គំរាម​សងសឹក​ចាស់ដៃ​ប្រឆាំង​អាមេរិក

ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ់ង់​មិនមែន​ទើប​កើត​មាន​ថ្ងៃ​នេះ ឬ​ថ្ងៃ​ម្សិលមិញ​ទេ។ តែ​ការ​ដែល​លោក​ត្រាំ​ហ៊ាន​ទៅ​ព្រលះ​ស្តែងៗ​រូប​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​ដ៏​មាន​ឥទ្ធិពល​ត្រូវ​បាន​អ្នក​ខ្លះ​យល់​ថា​ជា​ទង្វើ​ជ្រុលហួស​បន្តិច ហើយ​ខ្លះ​ទៀត​ថា មិន​ជ្រុលពេក​ទេ។ តែ​បើ​ពិនិត្យ​មើល​ប្រតិកម្ម​ជា​ទូទៅ​វិញ ការ​សម្រេចចិត្ត​របស់​លោក​ត្រាំ​ជា​វិធានការ​យ៉ាង​ចាស់ដៃ​ខ្លាំង​ចំពោះ​អ៊ីរ៉ង់ រហូត​ដល់​មាន​ការ​លើកឡើង​ថា លោក​ត្រាំ​បាន​ឆ្លង​កាត់​ខ្សែបន្ទាត់​ក្រហម​ដែល​លោក​ធ្លាប់​បាន​រារែក​នា​ពេល​កន្លង​មក។ រហូត​ដល់​ពេល​នេះ រដ្ឋបាល​អាមេរិក​ចេញ​មុខ​បញ្ជាក់ ពន្យល់ និង​ការពារ​ហេតុផល​របស់​ខ្លួន​ក្នុង​ការ​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​លោក​កាសឹម សូឡីម៉ានី​នៅ​ក្នុង​ទឹកដី​អ៊ីរ៉ាក់។

តែ​អ៊ីរ៉ង់​កំពុង​បន្ត​បញ្ចេញ​ប្រតិកម្ម​ក្តៅក្រហាយ​យ៉ាង​ខ្លាំង និង​បាន​គំរាម​សងសឹក​ប្រឆាំង​អាមេរិក​វិញ​ឲ្យ​ចាស់ដៃ​ខ្លាំង​ជាង​នេះ។ « អ៊ីរ៉ង់ និង​រដ្ឋសេរី​ទាំង​អស់​នៅ​ក្នុង​តំបន់​នឹង​ធ្វើ​ការ​សងសឹក​ប្រឆាំង​អាមេរិក​វិញ » នេះ​ជា​ការ​សន្យា​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី។ ចំណែក​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​លោក​អាលី ខាមេណី​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ដូច​គ្នា និង​បាន​ប្រកាស​កាន់ទុក្ខជាតិ​រយៈពេល ៣ថ្ងៃ។ នៅ​អន្តរជាតិ ប្រតិកម្ម​ចម្រុះ​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់​ដោយ​មាន​ការ​បរិហារ​លើ​ទង្វើ​របស់​អាមេរិក ការ​អំពាវនាវ​ឲ្យ​មាន​ភាព​អត់ធ្មត់ និង​ស្ងប់ស្ងាត់ ហើយ​នឹង​ក្តីបារម្ភ​ចំពោះ​ផលវិបាក​នៅ​ក្នុង​តំបន់​ទាំង​មូល។ រស្ស៊ី​បាន​មើល​ឃើញ​ទង្វើ​របស់​អាមេរិក​ថា​ជា​ការ​បង្កើន​ភាព​តានតឹង​នៅ​ក្នុង​តំបន់​ដែល​កំពុង​តានតឹង​ស្រាប់។ ចំណែក​ចិន​បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ ពិសេស​អាមេរិក​ឲ្យ​រក្សា​ភាព​ស្ងៀមស្ងាត់។ អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​កំពុង​បារម្ភ​ខ្លាំង​ដោយ​នាយករដ្ឋមន្រ្តី​លោក​នេតាន់យ៉ាហ៊ូ​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​ក្រិច​បាន​សម្រេច​ត្រឡប់​ចូល​ប្រទេស​វិញ​យ៉ាង​ប្រញាប់។

គេ​នៅ​មិន​ដឹង​ថា តើ​ចម្លើយ​សងសឹក​របស់​អ៊ីរ៉ង់​ចំពោះ​អាមេរិក​អាច​មាន​អ្វី​ខ្លះ កម្រិត​ណា និង​នៅ​កន្លែង​ណា​ខ្លះ​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន អ៊ីរ៉ង់​នឹង​មិន​អាច​ឈរ​ក្រពាត់ដៃ​មើល​ការ​ស្លាប់​ឧត្តមសេនីយ​លោក​កាសឹម សូឡីម៉ានី​នៅ​ក្រោម​គ្រាប់បែក​អាមេរិកាំង​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ