អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកត្រាំ​ព្រមាន​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ាក់ ក្នុង​ករណី​មាន​ការបណ្តេញ​ទាហាន​អាមេរិក​មែន

សំឡេង ០៦:៥២
សភា​អ៊ីរ៉ាក់ បោះឆ្នោត​អនុម័ត​បណ្តេញ​កងទ័ព​បរទេស​ចេញ​ពី​ប្រទេស
សភា​អ៊ីរ៉ាក់ បោះឆ្នោត​អនុម័ត​បណ្តេញ​កងទ័ព​បរទេស​ចេញ​ពី​ប្រទេស Reuters

ពីរ​ថ្ងៃ​ក្រោយ​មរណភាព​របស់​ឧត្តមសេនីយ៍​អ៊ីរ៉ាក់ ដោយ​ការ​បាញ់​ដ្រូន​អាមេរិក​ សភា​អ៊ីរ៉ាក់បាន​​បោះឆ្នោត​អនុម័ត នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី ៥ មករា ២០២០​ សេចក្តី​សម្រេច​ចិត្ត​​ស្នើ​ឱ្យ​រដ្ឋាភិបាល​អ៊ីរ៉ាក់ បណ្តេញ​ទាហានបរទេស​​ចេញ​ពី​ប្រទេស។ ដោយ​គ្មាន​បង្អង់​​ លោក​ដូណាល់ ត្រាំ បាន​បញ្ចេញ​ប្រតិកម្ម​ព្រមាន​ដាក់​ទណ្ឌកម្ម​​យ៉ាង​ធ្ងន់ធ្ងរ​តែ​ម្តង ប្រសិន​បើ​អ៊ីរ៉ាក់​ពិតជា​ហ៊ាន​បណ្តេញ​ទាហាន​អាមេរិក​ចេញ​មែន។

ផ្សាយពាណិជ្ជកម្ម

ក្នុង​​សម័យ​ប្រជុំពេញ​អង្គ​​វិសាមញ្ញ សភា​អ៊ីរ៉ាក់​បាន​អនុម័ត​សេចក្តី​សម្រេច​សុំ​ឱ្យ​រដ្ឋាភិបាល​​ដក​សំណើ​សុំ​ជំនួយ​កងទ័ពអន្តរជាតិ​ ពោល​សុំ​ឱ្យ​បណ្តេញ​ទាហាន​បរទេស​​ចេញ​ពី​ប្រទេស​​តែ​ម្តង។

គ្រាន់​បាន​ឮ​ដំណឹង​នេះ​ ​លោក​ដូណាល់ត្រាំ ប្រធានាធិបតី​អាមេរិក​ដែល​កំពុង​ធ្វើ​ដំណើរ​ត្រលប់​ពី​វិស្សមកាល​វិញ ដូច​ទម្លាប់ មិន​បាន​ប្រើ​ពាក្យ​សំដី​ឬ​កាយវិការ​បែប​សម្របសម្រួល​ទេ។ លោក​ត្រាំ​បាន​​ប្រកាស​ជា​ថ្មី​ម្តង​ទៀត គំរាម​សង​សឹក​ដោយ​ប្រើ​កងកម្លាំង​យោធា​លើ​អ៊ីរ៉ង់ ក្នុង​ករណី​អ៊ីរ៉ង់​ហ៊ាន​វាយប្រហារ​លើ​ទីតាំង​អាមេរិក​អាមេរិក​ណា​មួយ​ក្នុង​តំបន់ផង និង​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ាក់ផង ប្រសិនបើ​បាកដាដ​ពិត​ជា​បណ្តេញ​ទាហាន​អាមេរិក​ចេញ​មែន​។

ទណ្ឌកម្ម​របស់​អាមេរិក​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ពុំ​ដែល​ធ្លាប់​មានពី​មុន​ឡើយ នេះ​​បើ​តាមប្រសាសន៍​​លោក​ត្រាំ ដោយ​ពន្យល់​ថា​បើ​អ៊ីរ៉ង់​សម្រេច​បណ្តេញកងទ័ព​​អាមេរិក​ ​ចេញ​ តែអាមេរិក​មិន​អាច​ធ្វើ​តាម​បានដោយភាតរៈ ចម្លើយ​តបគឺ​មាន​តែ​វិធី​ដាក់​ទណ្ឌកម្ម​។ ទណ្ឌកម្ម​ដែល​គ្មានអ្វី​ក្រៅ​អំពី​សំណង​ជា​ថវិកា​ទេ ព្រោះ​បើ​តាម​លោក​ត្រាំ អាមេរិក​បាន​សាង​សង់​មូលដ្ឋាន​ទ័ព​អស់​ថវិកា​ច្រើនណាស់​ដល់​ទៅ​រាប់​ពាន់​លាន​ដុល្លារ ដូច្នេះ​បើ​អាមេរិក​មិន​ទទួល​បាន​នូវ​សំណង​ កងទ័ព​អាមេរិក​នឹងមិន​ចាក​ចេញ​​ពី​អ៊ីរ៉ាក់​ឡើយ។

​វត្តមាន​​ទាហានអាមេរិកនៅ​​​អ៊ីរ៉ាក់

​ឆ្នាំ​២០០៣ ទ័ព​អាមេរិក ប្រមាណ​១៧ម៉ឺន​នាក់ ​បាន​ចូល​ឈ្លានពាន​អ៊ីរ៉ាក់ ដើម្បីផ្តួល​រំលំ​របប​ សាដាម អូសេន និង​បន្ត​លុកលុយ​ក្នុង​ប្រទេស​នេះ រហូត​ដល់​ឆ្នាំ​២០០៧ ដោយ​គ្មាន​ការព្រមព្រៀង​ពីម្ចាស់​ផ្ទះ​អ៊ីរ៉ាក់​ទេ។ នៅ​ឆ្នាំ​២០០៨ ទើប​ប្រធានាធិបតី​អាមេរិក George W Bush ចរចា​ជាមួយ​ក្រុង​បាកដាដ បាន​សម្រេច​ឱ្យ​កងទ័ព​អាមេរិក​បន្ត​វត្តមាន​នៅ​អ៊ីរ៉ាក់​ដោយ​ស្រប​ច្បាប់​រហូត​ដល់​ឆ្នាំ​២០១១។ ពេល​លោកអូបាម៉ា ឡើងកាន់​អំណាច​ អាមេរិក​ប្រឹង​ចរចា​រក្សា​ទ័ព​នៅអ៊ីរ៉ាក់​បន្ត​ទៀត ប៉ុន្តែមិន​បាន​សម្រេច ក៏​ត្រូវ​ដក​ចេញ​ទាំង​ស្រុង​នៅ​ថ្ងៃទី ៨ ធ្នូ ឆ្នាំ ២០១១។

ក្រោយ​​កងទ័ព​អាមេរិកដក​​ចេញ​អស់ សកម្មភាព​អ៊ីស្លាម​ជ្រុលនិយម​បាន​រីក​ដុះ​ដាល​ឡើង រហូត​ក្លាយជា​អង្គការ​រដ្ឋ​អ៊ីស្លាម​ ស្វ័យ​ប្រកាស​បង្កើត​រដ្ឋ​កាលីហ្វា ​ក្តោបក្តាប់​ប្រទេសអ៊ីរ៉ាក់​និង​ស៊ីរីមួយភាគ នៅ​ខែ​មិថុនា​ ឆ្នាំ​២០១៤។ នៅពេល​នោះ​អ៊ីរ៉ាក់​ ក៏​បាន​ត្រលប់​​ទៅ​សុំជា​ផ្លូវការ ​ជំនួយទាហាន​ជើង​គោក​និង​អាកាស​​ពី​អាមេរិក​។ អាមេរិក​ក៏​បាន​​បញ្ជូនទាហាន​មក​អ៊ីរ៉ាក់​វិញ មួយក្រុម​ដំបូង​ចំនួន​២៧៥​នាក់​។ ខែ​សីហា​២០១៤ អ៊ីរ៉ាក់​បាន​ស្នើ​​​សុំ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ឱ្យ​បញ្ជូន​ទាហាន​មក​បន្ថែម​ទៀត ក្នុង​ក្របខ័ណ្ឌ​ សម្ព័ន្ធ​អន្តរជាតិ​​ដឹកនាំ​ឱ្យ​វ៉ាស៊ីនតោន​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ ក្រោម​រូប​ភាព​ជា​ប្រតិបត្តិការវាយប្រហារ​​ផ្លូវអាកាស ផ្តល់​ការ​បំពាក់បំប៉ន​ បង្វឹកបង្ហាត់​ និ​ងជំនួយ​​តាកទិក​ដល់​ទាហាន​អ៊ីរ៉ាក់។ ពួកគេ​មាន​គ្នាសរុប​ឡើង​ដល់​ច្រើន​បំផុត ត្រឹម​​៥ពាន់​នាក់ នៅ​ឆ្នាំ​២០១៧។

អាមេរិក​ឃ្លាំមើល​អ៊ីរ៉ង់

លោក​ដូណាល់ត្រាំ បាន​ជាប់​ឆ្នោត ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក ដោយ​សារ​តែ​ពាក្យ​សន្យា​បិទ​បញ្ចប់​បេសកកម្ម​យោធា​អាមេរិក​នៅ​តំបន់​ដើម​បូព៌ា​នេះឯង។ ប៉ុន្តែ​អាមេរិក​មិន​អាច​ដក​ទ័ពពី​អ៊ីរ៉ាក់​​ក្នុង​ស្ថានភាព​បែបនេះ​ទេ។ នៅ​ឆ្នាំ​២០១៨ លោក​ដូណាល់​ត្រាំ​បាន​ធ្វើ​សេចក្តី​សម្រេច​ដ៏​ភ្ញាក់​ផ្អើល​មួយ ប្រកាស​ដក​កងទ័ព​អាមេរិក​ទាំង​ស្រុង​ចេញ​ពី​ប្រទេស​ស៊ីរី។ សេចក្តី​សម្រេច​ដែល​កាលណោះ​បាន​ធ្វើ​ឱ្យ​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក​ ចេម ម៉ាទិស លាលែង​ចេញ​ពី​តំណែង​ផង។ តែ​សម្រាប់​ករណី​នៅ​អ៊ីរ៉ាក់នេះ​ គ្មាន​ទេ​ពាក្យ​ថា​ដក​ចេញ។ អាមេរិក​ចង់​រក្សា​វត្តមានកងទ័ព​របស់​ខ្លួន​នៅ​អ៊ីរ៉ាក់ ក្រោម​ហេតុផល​​ទី​មួយ គឺ​ដើម្បី​ទុក​ឱ្យទាហាន​អាមេរិក​​ចាំ​ឃ្លាំ​មើល​អ៊ីរ៉ង់។ ហើយ​ម្យ៉ាង​ទៀត គឺ​ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ អាច​កកើត​ងើប​ឡើង​វិញ​បាន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​លោក​ត្រាំមិន​ត្រឹម​តែ​​ស្នើ​ឱ្យ​រក្សា​ទុកចំនួន​ទាហាន​អាមេរិក​ឱ្យ​នៅ​​ដដែល នៅ​អ៊ីរ៉ាក់ដែល​ធ្វើ​ឱ្យ​​​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​អ៊ីរ៉ាក់​មួយ​ចំនួន​ធំ​អាក់អន់​ចិត្ត​ទេ តែ​ថែម​ទាំង​បញ្ជូន​បន្ថែម​​រាប់​សិប​រយ​នាក់​បន្ថែម​ទៀត​​កាលពី​សប្តាហ៍​មុន ដើម្បី​ជួយ​ពង្រឹង​សន្តិសុខ​​អ្នក​ការទូត​អាមេរិកទៀត។

ប៉ុន្តែ​ការ​ស្លាប់​រូប​ឧត្តមសេនីយ៍​អ៊ីរ៉ាក់​ដ៏​មាន​ឥទ្ធិពល​ដែល​ស្និទ្ធ​នឹង​អ៊ីរ៉ង់ បាន​​ប្តូរ​ផ្លាស់​ស្ថានការណ៍ និង​បាន​ធ្វើ​ឱ្យ​អ៊ីរ៉ាក់និង​អ៊ីរ៉ង់​ត្រូវ​រ៉ូវ​គ្នា​ងាក​មក​ប្រឈម​នឹង​អាមេរិក​ក្នុង​នាម​ជា​សត្រូវ​រួម​ទៅ​វិញ។ នៅ​យប់​មិញ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីរ៉ាក់​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំក្រុង​បាកដាដ​មក​ព្រមាន​អំពី​សកម្មភាព​រំលោភ​បូរណភាព​ដែន​ដី​អ៊ីរ៉ាក់​ពី​សំណាក់​អាមេរិក។​ ហើយ​សភា​បាន​បោះឆ្នោត​អនុម័ត​បណ្តេញ​ទាហាន​បរទេស​ចេញ​ពី​ប្រទេស។

បារាំង​ដែ​ល​ជា​សម្ព័ន្ធមិត្ត​អាមេរិក ក៏​បាន​បង្ហាញ​សាមគ្គី​ភាព​ជាមួយ​លោក​ដូណាល់ ត្រាំ និង​បាន​អំពាវនាវ​ឱ្យ​អ៊ីរ៉ាក់ យល់​អំពី​ភាព​សំខាន់​នៃ​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​អ៊ីរ៉ាក់​និងស៊ីរី​ ក្នុង​ក្របខ័ណ្ឌ​សម្ព័ន្ធអន្តរជាតិ និង​ការ​គោរព​អធិបតេយ្យភាព​អ៊ីរ៉ាក់។ ព្រោះ​គ្រប់​មតិ​សុទ្ធ​តែ​យល់​ថា​ អង្គការ​រដ្ឋ​អ៊ីស្លាម​​ចាញ់​អស់​ទឹកដី​និងស្លាប់​មេកើយ​មែន​ តែ​មិន​បាន​បាត់​បង់​សមត្ថភាព​វាយប្រហារ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ