អានតួអត្ថបទ
សហរដ្ឋអាមេរិក

អាមេរិក​ទទួល​ស្គាល់ថា ខ្លួន​ច្រឡំផ្ញើ​សំបុត្រ ដែល​និយាយ​ពី​ការដកកងទ័ព​ចេញពី​អ៊ីរ៉ាក់

កងទ័ពអាមេរិក នៅថ្ងៃទី ៥ មករា ត្រូវ​បញ្ជូន​ចេញពី​រដ្ឋការ៉ូលីនខាងជើងទៅកាន់តំបន់ដើមបូព៌ា
កងទ័ពអាមេរិក នៅថ្ងៃទី ៥ មករា ត្រូវ​បញ្ជូន​ចេញពី​រដ្ឋការ៉ូលីនខាងជើងទៅកាន់តំបន់ដើមបូព៌ា © U.S. Army/Spc. Hubert Delany III/Handout via REUTERS

អាមេរិក​បាន​បង្ក​ឲ្យ​មាន​ការភាន់ច្រឡំ ពី​យុទ្ធសាស្រ្ត​យោធា នៅ​ប្រទេស​អ៊ីរ៉ាក់។ នៅក្នុង​សំបុត្រ​មួយ ផ្ញើ​ទៅ​កាន់រដ្ឋាភិបាល​អ៊ីរ៉ាក់ កាលពី​ថ្ងៃអាទិត្យ មេបញ្ជាការទ័ពអាមេរិក ប្រចាំទឹកដី​អ៊ីរ៉ាក់​បាន​ជូនដំណឹង​ទៅ​ភាគី​អ៊ីរ៉ាក់ ​ពី​ការរៀប​ដក​កងទ័ព​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់។ រដ្ឋមន្រ្តី​ការពារ​ជាតិ អាមេរិក នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​អះអាង​ថា សំបុត្រ​ត្រូវ​បាន​គេ​ផ្ញើ​ទៅ ​ដោយ​ភាន់ច្រឡំ។ ប្រមុខ​កងទ័ព​អាមេរិក បាន​បញ្ជាក់​សាជាថ្មី​ថា កងទ័ព​អាមេរិក​នឹង​មិន​ចាកចេញពី​ទឹកដី​អ៊ីរ៉ាក់នោះទេ។ 

ផ្សាយពាណិជ្ជកម្ម

សម្រាប់​រដ្ឋមន្រ្តីការពារ​ជាតិអាមេរិក លោក Mark Esper លិខិត​ដែល​និយាយ​ពីការរៀបចំ​ដក​កងទ័ព​អាមេរិក​ចេញពី​ទឹកដី​អ៊ីរ៉ាក់ មិន​ស៊ីចង្វាក់គ្នា នឹង​ជំហរ​នយោបាយ​របស់​ទីក្រុង​វ៉ាស៊ីនតោន។ តាម​លោក​Mark Esper អាមេរិក កំពុង​ដាក់​ពង្រាយ កងទ័ព​របស់​ខ្លួន នៅអ៊ីរ៉ាក់ ប៉ុន្តែ មិន​ចាកចេញ​ពី​អ៊ីរ៉ាក់​នោះទេ។

មន្ទីបញ្ចកោន​អាមេរិក កាលពី​ថ្ងៃចន្ទ​ម្សិលមិញ បាន​រៀបចំ​សន្នីសិទ​កាសែត​បន្ទាន់មួយ នៅបន្ទាប់​ពីមាន​ដំណឹងថា មេបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​អ៊ីរ៉ាក់ បាន​ផ្ញើលិខិត​ទៅ​រដ្ឋាភិបាល​អ៊ីរ៉ាក់ ដើម្បី​ជូនដំណឹង​ពីការរៀបចំ​ដកកងទ័ព អាមេរិក ចេញ​ពីទឹកដី​អ៊ីរ៉ាក់។ សម្រាប់​អគ្គមេបញ្ជាការ​អាមេរិក លោក Mark Milley សំបុត្រ​ដែល​ភាគី​អ៊ីរ៉ាក់​បាន​ទទួល តាមពិត ជា​សំបុត្រ ព្រាង គ្មាន​ការចុះហត្ថលេខា​ត្រឹមត្រូវ និង​ដែល​គេ​មិនគួរ​ផ្ញើ​ចេញ​នោះ​ទេ។

នៅក្នុង​លិខិត​មួយច្បាប់ ផ្ញើទៅកាន់​សមភាគី​អ៊ីរ៉ាក់ កាលពី​ថ្ងៃ​អាទិត្យ មេបញ្ជាការ​ទ័ពអាមេរិក ប្រចាំ​អ៊ីរ៉ាក់ លោក William Seely សរសេរ​ថា អាមេរិក​គោរព​ការសម្រេចចិត្ត​របស់​អ៊ីរ៉ាក់ ដែល​ចង់​ឲ្យ​មាន​ការដក​កងទ័ព​បរទេស​ចេញពីអ៊ីរ៉ាក់។ មេបញ្ជាការទ័ព​អាមេរិក ចង់សំដៅ​ដល់​ការបោះឆ្នោត​របស់​សមាជិក​សភា​អ៊ីរ៉ាក់ ដែល​បាន​ទាមទារ​ឲ្យរដ្ឋាភិបាល​ដកកងទ័ព​បរទេស​ចេញពីប្រទេស​អ៊ីរ៉ាក់។

នៅក្រោយ ការវាយប្រហារ​យន្តហោះ​ដ្រូន​អាមេរិក ក្រោមការបញ្ជា​ផ្ទាល់​របស់​លោក​ដូណាល់ ត្រាំ ដែល​បាន​សម្លាប់​មេទ័ពអ៊ីរ៉ង់ លោក​សូឡីម៉ានី និង​មេបញ្ជាការកងទ័ព​អ៊ីរ៉ាក់ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន សភា​អ៊ីរ៉ាក់ បាន​បោះឆ្នោត ទាមទារ​ឲ្យ​មានការដកកងទ័ព​បរទេស​ចេញពី​អ៊ីរ៉ាក់។

នៅក្នុង​លិខិត ដដែល មេបញ្ជាការ​ទ័ពអាមេរិក លោក William Seely បាន​ជូនដំណឹង​ថា វ៉ាស៊ីនតោន​កំពុង​រៀបចំ កងទ័ព​របស់​ខ្លួន នៅក្នុង​គម្រោង​ដកកងទ័ព​ចេញពី​អ៊ីរ៉ាក់។ ប៉ុន្តែ ដើម្បី ធ្វើដូច្នេះ បាន អាមេរិក​ដែល​កំពុង​ដឹកនាំ​កងទ័ព​សម្ព័ន្ធមិត្ត នៅអ៊ីរ៉ាក់​ត្រូវចាត់វិធានការ​មួយ​ចំនួន ដើម្បី ធានាថា ការដក​កងទ័ព​ចេញ​ពី​អ៊ីរ៉ាក់ ធ្វើឡើង ដោយសុវត្ថិភាព និង​ប្រសិទ្ធិភាព​បំផុត។

នៅអ៊ីរ៉ាក់ កងទ័ព​អាមេរិក​ប្រមាណ ៥២០០​នាក់​កំពុង ឈរជើង ប្រចាំការ នៅ​ពាសពេញ​ទឹកដី អ៊ីរ៉ាក់ ទៅតាម​ការស្នើសុំ​ចង់បាន របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់ នៅ​ឆ្នាំ ២០១៤ ក្នុង​ក្របខ័ណ្ឌ ប្រយុទ្ធប្រឆាំង​នឹងក្រុមជីហាត​អង្គការរដ្ឋអ៊ីស្លាម នៅអ៊ីរ៉ាក់។

នៅថ្ងៃ​ចន្ទទី ៦ មករា អគ្គរដ្ឋទូត​អ៊ីរ៉ាក់ ប្រចាំ​អង្គការ​សហប្រជាជាតិ ​បាន​ផ្ញើ​លិខិត មួយច្បាប់​ទៅ អង្គការ​សហប្រជាជាតិ ដើម្បី ទាមទារ​សុំ​ឲ្យ​ក្រុមប្រឹក្សា​សន្តិសុខ​ថ្កោលទោស ការវាយប្រហារ​របស់យន្តហោះ​ដ្រូន​អាមេរិក ក្នុង​ន័យ​បង្ការទប់ទល់​កុំ​ឲ្យ​មាន​ការអនុវត្ត ច្បាប់ព្រៃ ដូច្នេះទៀត៕

(ព័ត៌មាន​ដកស្រង់​ពី AFP)

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ