អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ង់កំពុងសិក្សាលើសេណារីយ៉ូមួយចំនួនដើម្បីសងសឹកឲ្យមរណភាពឧត្តមសេនីយកាសឹម សូឡីម៉ានី

សំឡេង ០៧:៥៧
ប្រមុខ​សាសនា​អ៊ីរ៉ង់លោក Ali Khamenei (រូបឆ្វេង) នៅ​ក្នង​ពិធី​បុណ្យសពឧត្តមសេនីយកាសឹម សូឡីម៉ានី ថ្ងៃទី៦ មករា ២០២០
ប្រមុខ​សាសនា​អ៊ីរ៉ង់លោក Ali Khamenei (រូបឆ្វេង) នៅ​ក្នង​ពិធី​បុណ្យសពឧត្តមសេនីយកាសឹម សូឡីម៉ានី ថ្ងៃទី៦ មករា ២០២០ Official Khamenei website/Handout via REUTERS

៣ថ្ងៃ​ក្រោយ​មរណៈភាព​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​ក្រោម​ដ្រូន​អាមេរិកាំង​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់​កំពុង​បន្ត​មាន​យ៉ាង​ខ្លាំងក្លា។ ខណៈ​ដែល​អ៊ីរ៉ង​កំពុង​បន្ត​សោកស្តាយ និង​ធ្វើ​បុណ្យ​សព​លោក​សូឡីម៉ានី លេខាធិការ​នៃ​ឧត្តមក្រុមប្រឹក្សា​សន្តិសុខជាតិ​អ៊ីរ៉ង់​លោក​អាលី ស្ហាមខានី​បាន​ថ្លែង​ថា ឧត្តមក្រុមប្រឹក្សា​សន្តិសុខជាតិ​កំពុង​សិក្សា​លើ​សេណារីយ៉ូ​មួយ​ចំនួន​ដើម្បី​ប្រឆាំង​អាមេរិក។ ចំណែក​នៅ​អាមេរិក សង្រ្គាមប៉ាកកា​កំពុង​បន្ត​មាន​រវាង​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ និង​សភា​ស្តីពី​សិទ្ធិអំណាច​របស់​លោក​ត្រាំ​ក្នុង​ការ​សម្រេចចិត្ត​វាយប្រហារ​ផ្លូវយោធា​លើ​ប្រទេស​អ៊ីរ៉ង់។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​បន្ត​បារម្ភ​ពេល​នេះ គឺ​ការ​ផ្ទុះសង្រ្គាម​ជា​ចំហ​រវាង​អាមេរិក និង​អ៊ីរ៉ង់​ដែល​អាច​ធ្វើ​ឲ្យ​តំបន់ រួម​ទាំង​ពិភពលោក​ធ្លាក់​ក្នុង​ភាព​វឹកវរ​យ៉ាង​ខ្លាំង។

ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​ព័ត៌មាន​អ៊ីរ៉ង់ Fars ដែល​បាន​ដកស្រង់​សម្តី​លោក​អាលី ស្ហាមខានី​ដែល​ជា​លេខាធិការ​នៃ​ឧត្តមក្រុមប្រឹក្សា​សន្តិសុខជាតិ​អ៊ីរ៉ង់បាន​ឲ្យ​ដឹង​ថា ឧត្តមក្រុមប្រឹក្សា​សន្តិសុខជាតិ​កំពុង​សិក្សា​លើ​សេណារីយ៉ូ​ចំនួន ១៣ ដើម្បី​ប្រឆាំង​អាមេរិក។ តែ​លោក​អាលី ស្ហាមខានី​មិន​បាន​លំអិត​លើ​សេណារីយ៉ូ​ទាំង ១៣ នោះ​ទេ និង​គ្រាន់​បញ្ជាក់​ថា ទោះ​បី​ជា​សេណារីយ៉ូ​ទាំង ១៣ មាន​ចាប់​ពី​វិធានការ​ខ្លាំង​ដល់​វិធានការ​ខ្សោយ​ក៏​ដោយ​ក៏​ការ​អនុវត្តន៍​របស់​វា​អាច​ជា​សុបិន្តអាក្រក់​ជា​ប្រវត្តិសាស្រ្ត​សម្រាប់​ពលរដ្ឋ​អាមេរិក​គ្រប់​រូប។ សម្រាប់​អ្នក​ស្រាវជ្រាវ​លោក​ការីម សាដយ៉ាដពួរ សេណារីយ៉ូ​យោធា​ជា​សេណារីយ៉ូ​មួយ​ដែល​មិន​អាច​ខ្វះ​បាន ព្រោះ​នៅ​ក្រោយ​មរណភាព​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​អាលី ខាមេណី និង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ប្រើ​សម្លេង​សឹក​ដាក់​គ្នា​ទៅ​វិញ ទៅ​មក។

តែ​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ធ្វើ​សង្រ្គាម​ជា​ចំហ​នៅ​ឡើយ​ទេ។ បើ​ផ្អែក​លើ​របាយការណ៍​របស់​ក្រសួង​ស៊ើបការណ៍សម្ងាត់​អាមេរិក​ចេញ​ផ្សាយ​កាល​ពី​ខែ​ធ្នូ អ៊ីរ៉ង់​មាន​ជម្រើស​ផ្លូវយោធា​ចំនួន ៣ ទី១ កម្លាំង​គ្រាប់មីស៊ីល​បាលីស្ទិក ទី២ កម្លាំងជើងទឹក និង​ទី៣ កម្លាំងស្វ័យត្រាន​ប្រចាំ​នៅ​ក្នុង​ប្រទេស​ស៊ីរី អ៊ីរ៉ាក់ និង​លីបង់។ ក្រុង​តេហេរ៉ង់​ធ្លាប់​បាន​បញ្ជាក់​ពី​ការ​មាន​គ្រាប់មីស៊ីលទំនើប និង​ដ្រូនយោធា​ដែល​អាច​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ពអាមេរិក​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស និង​ដែនដី​អ៊ីស្រាអែល។ អ៊ីរ៉ង់ និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​អាច​វាយប្រហារ​លើ​ស្ថានីយ៍ប្រេង​នៅ​ឈូងសមុទ្រពែក្ស និង​សមុទ្រក្រហម​ដែល​ជា​ផ្លូវយុទ្ធសាស្រ្ត​សម្រាប់​ការ​ដឹកជញ្ជូន​ប្រេង និង​ពាណិជ្ជកម្ម​ដែល​តភ្ជាប់​ពី​មហាសមុទ្រ​ឥណ្ឌា​ទៅ​សមុទ្រ​មេឌីទែររ៉ាណេ​ដោយ​ឆ្លង​កាត់​តាម​ព្រែកជីក​ស៊ុយអេ។

ផ្ទាំងស៊ីប​ប្រេង​មួយ​ទៀត គឺ​ការ​បិទច្រកសមុទ្រ Ormuz ដែល​ជា​ផ្លូវដឹកជញ្ជូន​ប្រេង​ដ៏​សំខាន់​សម្រាប់​បំពេញ​តម្រូវការ​ក្នុង​លោក។ ទន្ទឹម​គ្នា​នេះ អ៊ីរ៉ង់​អាច​ប្រើ​យុទ្ធសាស្រ្ត​ខ្ចី​ដៃ​សម្ព័ន្ធមិត្ត​ដោយ​ប្រគល់​អាវុធ​របស់​ខ្លួន​ដើម្បី​វាយប្រហារ​លើ​សម្ព័ន្ធមិត្ត និង​មូលដ្ឋាន​យោធា​អាមេរិក​នៅ​ក្នុង​តំបន់។ ករណី​នេះ​ធ្លាប់​បាន​កើត​មាន​នៅ​ប្រទេស​យេម៉ែន​ដោយ​ពួក​ឧទ្ទាមហ៊ូទីស​បាន​ប្រើ​គ្រាប់មីស៊ីល និង​ដ្រូនអ៊ីរ៉ង់​ដើម្បី​វាយប្រហារ​លើ​ស្ថានីយ៍ប្រេង និង​អាកាសយានដ្ឋាន​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ បន្ទាប់​មក​ទៀត អ៊ីរ៉ង់​ក៏​អាច​វាយប្រហារ​លើ​ផលប្រយោជន៍​អាមេរិក​នៅ​ក្រៅ​តំបន់​មជ្ឈិមបូព៌ា។

ផ្លូវទូត​មិន​ទាន់​បាន​បិទបញ្ចប់​ទាំង​ស្រុង​ទេ

ទោះ​បី​ជា​ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់​ពេល​នេះ​បាន​ឡើង​ដល់​កំពូល ក៏​ជម្រើស​ផ្លូវទូត​នៅ​មិន​ទាន់​បាន​បិទ​ទាំង​ស្រុង​ទេ។ នៅ​ក្នុង​អតីតកាល និង​ទោះ​ជា​មាន​ការ​ខឹងសម្បារ​យ៉ាង​ណា​ក៏​ដោយ​ក៏​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​តែង​រក្សា​ទុក​ទ្វារ​ការទូត​ឲ្យ​នៅ​ចំហ​ជានិច្ច។ នៅ​លើក​នេះ និង​ក្នុង​ពេល​ដែល​សេចដ្ឋកិច្ច​អ៊ីរ៉ង់​កំពុង​ដុនដាប​ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច​អាមេរិក អ៊ីរ៉ង់​នឹង​រឹត​តែ​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ថែម​ទៀត។ តាម​មន្រ្តីការទូត​ជាន់ខ្ពស់​ម្នាក់​នៅ​ក្នុង​តំបន់ អ៊ីរ៉ង់ និង​អាមេរិក​ធ្លាប់​បាន​ធ្វើ​ការ​រួម​គ្នា​នៅ​ក្នុង​អតីតកាល​ទាក់ទង​នឹង​បញ្ហា​អាហ្វហ្កានីស្ថាន អ៊ីរ៉ាក់ និង​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត។ អ៊ីរ៉ង់ និង​អាមេរិក​ក៏​មាន​ផលប្រយោជន៍ និង​សត្រូវ​រួម​គ្នា​ដែរ ហើយ​អ៊ីរ៉ង់ និង​អាមេរិក​បាន​យល់​ឃើញ​ដូច​គ្នា​ថា សង្រ្គាម​រវាង​គ្នា​នឹង​ធ្វើ​ឲ្យ​គេ​ទទួល​ការ​ខាត​បង់​ធំធេង​ណាស់។

តាម​មន្រ្តីការទូត​ជាន់ខ្ពស់​ដដែល ការទូត​ជា​ជម្រើស​មួយ​ដែល​អាច​ដោះស្រាយ​បញ្ហា​ជា​ច្រើន និង​ដោយ​សន្តិវិធី។ យ៉ាង​ណា​ក៏​ដោយ និង​នៅ​ចំពោះ​មុខ អ៊ីរ៉ង់​ហាក់​ពិបាក​ទទួល​យក​ដំណោះស្រាយ​ផ្លូវទូត​ដោយ​បាន​បដិសេធ​លើ​គ្រប់​ការ​ចរចា​ជាមួយ​អាមេរិក ដរាប​ណា​អាមេរិក​មិន​ត្រឡប់​មក​គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​កាល​ពី​ឆ្នាំ ២០១៨ និង​ដរាប​ណា​អាមេរិក​មិន​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់​វិញ​ទេ។ ចំណែក​អាមេរិក​បាន​ធានា​នៅ​ក្រោយ​ការ​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​សូឡីម៉ានី​ថា អាមេរិក​មិន​ចង់​មាន​ការ​ប្រឈម​មុខ​ជាមួយ​អ៊ីរ៉ង់​ទេ។

សង្រ្គាមប៉ាកកា​រវាង​សភា និង​លោក​ដូណាល់ ត្រាំ​ជុំវិញ​សិទ្ធិអំណាច​របស់​ប្រធានាធិបតី

តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​អាមេរិក មាន​តែ​សភា​ទាំង​ពីរ​​ដែល​មាន​សិទ្ធិប្រកាស​សង្រ្គាម​ទល់​នឹង​ប្រទេស​ណា​មួយ។ ក្រោយ​សង្រ្គាម​វៀតណាម និង​ទោះ​បី​ជា​មាន​ការ​ប្រើ​វ៉េតូ​ពី​ប្រធានាធិបតី Richard Nixon ក៏​ដោយ ក៏​សភា​បាន​អនុម័ត​ក្នុង​ឆ្នាំ ១៩៧៣ លើ​ច្បាប់ « War Powers Resolution » ដើម្បី​បង្ខំ​រូប​ប្រធានាធិបតី​ឲ្យ​សុំ​ការ​អនុញ្ញាត​ពី​សភា​ទាំង​ពីរ​ជា​មុន​សិន​ចំពោះ​គ្រប់​អន្តរាគមន៍​យោធា​នៅ​បរទេស​ដែល​មាន​រយៈពេល​លើស​ពី ៦០ថ្ងៃ។ ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ១១ កញ្ញា ២០០១ លោក​ប្រធានាធិបតី George W.Bush ទទួល​បាន​ការ​អនុញ្ញាត​លើសលប់​ពី​សភា​ក្នុង​ការ​ប្រើ​កម្លាំង​យោធា​វាយប្រហារ​លើ​ប្រទេស​អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ាក់។

តែ​គេ​សង្កេត​ឃើញ​ជា​រួម​ថា ប្រធានាធិបតី​ក្រោយៗ ដូច​ជា​លោក​ប៊ីល គ្លីនតុន និង​លោក​បារ៉ាក់ អូបាម៉ា​បាន​សម្រេច​ប្រើ​កម្លាំង​យោធា ទោះ​គ្មាន​ការ​អនុញ្ញាត​ពី​សភា​ក៏​ដោយ។ ករណី​លោក​គ្លីនតុន គឺ​ការ​ពង្រាយ​ទ័ពអាមេរិក​នៅ​បូស្ន៊ី​ក្នុង​ឆ្នាំ ១៩៩៥ និង​ការ​វាយប្រហារ​នៅ​យូកូស្លាវី​ក្នុង​ឆ្នាំ ១៩៩៩។ ករណី​លោក​អូបាម៉ា គឺ​ការ​វាយប្រហារ​លើ​កងទ័ព​របស់​មេដឹកនាំ​កាដាហ្វី​នៅ​លីប៊ី​ក្នុង​ឆ្នាំ ២០១១។ នៅ​ពេល​ចូល​កាន់​តំណែង​ភ្លាម លោក​ដូណាល់ ត្រាំ​បាន​ធ្លាប់​បាន​រិះគន់​លើ​ទង្វើ​របស់​លោក​អូបាម៉ា​ដែល​គ្មាន​ការ​អនុញ្ញាត​ពី​សភា។ តែ​ក្នុង​ឆ្នាំ ២០១៧ លោក​ត្រាំ​ខ្លួន​ឯង​ក៏​បាន​ប្រើ​ទ័ពអាមេរិក​វាយប្រហារ​លើ​មូលដ្ឋាន​ទាហាន​រដ្ឋាភិបាល​ស៊ីរី​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សភា​ដែរ។

អ៊ីចឹង​ហើយ​បាន​ជា​ពេល​នេះ ក្រុម​តំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ចង់​កម្រិត​សិទ្ធិអំណាច​របស់​លោក​ត្រាំ ប្រសិន​បើ​លោក​ចង់​វាយប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា បើ​សភា​ដែល​ស្ថិត​ក្នុង​ដៃ​អ្នក​ប្រជាធិបតេយ្យ​អនុម័ត​មិន​ឲ្យ​លោក​ត្រាំ​ប្រើ​ទ័ព​វាយប្រហារ​លើ​អ៊ីរ៉ង់ ក៏​ព្រឹទ្ធសភា​ដែល​ស្ថិត​ក្នុង​ដៃ​អ្នក​សាធារណរដ្ឋ​របស់​លោក​ត្រាំ​បដិសេធ​ចោល​ដែរ។ សំណួរ​ដែល​គ្រប់​គ្នា​ចង់​ដឹង​គឺ​ថា តើ​លោក​ត្រាំ​ហ៊ាន ឬ​មិន​ហ៊ាន​សម្រេចចិត្ត​វាយប្រហារ​លើ​អ៊ីរ៉ង់៕

(ព័ត៌មាន​ដកស្រង់​ពី AFP)

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ