អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប្រឈមនឹងប្រទេសអ៊ីរ៉ង់ ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំជ្រើសយកធម៌ត្រជាក់ជាងធម៌ក្តៅ

សំឡេង ០៦:៥៥
ប្រធានាធិបតី​អាមេរិក​លោក Donald Trump (រូបឆ្វេង) និង​សមភាគី​អ៊ីរ៉ង់​លោក Hassan Rohani
ប្រធានាធិបតី​អាមេរិក​លោក Donald Trump (រូបឆ្វេង) និង​សមភាគី​អ៊ីរ៉ង់​លោក Hassan Rohani HO, NICHOLAS KAMM / AFP / IRANIAN PRESIDENCY

វិបត្តិ​អ៊ីរ៉ង់ និង​អាមេរិក​កំពុង​បន្ត​ជា​បច្ចុប្បន្នភាព​យ៉ាង​ក្តៅគគុក។ នៅ​ថ្ងៃ​ពុធ ទី៨ មករា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ពី​សេតវិមាន​ដើម្បី​ឆ្លើយ​តប​នឹង​ការ​បាញ់​គ្រាប់មីស៊ីល​របស់​អ៊ីរ៉ង់​ទៅ​លើ​មូលដ្ឋាន​យោធា​អាមេរិក​ក្នុង​ទឹកដី​អ៊ីរ៉ាក់។ នៅ​ក្នុង​ការ​ថ្លែង​នោះ លោក​ត្រាំ​មិន​បាន​ប្រកាស​ពី​ការ​ប្រើ​កម្លាំងយោធា​ដើម្បី​វាយបក​នឹង​ទង្វើ​របស់​អ៊ីរ៉ង់​វិញ​ទេ តែ​បាន​ប្រកាស​ពី​ការ​ប្រើ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មីៗ​ទៀត​ដាក់​លើ​អ៊ីរ៉ង់។ ទន្ទឹម​គ្នា​នេះ លោក​ត្រាំ​ថែម​ទាំង​បាន​បញ្ជាក់​ថា អាមេរិក​ត្រៀមខ្លួន​សម្រាប់​សន្តិភាព​ជាមួយ​អ្នក​ដែល​ចង់​បាន​សន្តិភាព។ ចំណែក​អ៊ីរ៉ង់​បាន​អះអាង​ថា ខ្លួន​មិន​ស្វែង​រក​ការ​ប្រឈម​មុខ និង​សង្រ្គាម​ទេ តែ​ការពារ​ខ្លួន​ប្រឆាំង​នឹង​គ្រប់​ការ​ឈ្លានពាន​ទាំង​អស់។

ផ្សាយពាណិជ្ជកម្ម

ទីបំផុត និង​ខុស​ពី​អ្វី​ដែល​គ្រប់​គ្នា​បាន​ទន្ទឹង​រង់ចាំ លោក​ដូណាល់ ត្រាំ​មិន​បាន​ប្រើ​គ្រាប់មីស៊ីល​ដើម្បី​តប​នឹង​គ្រាប់មីស៊ីល​ដែល​អ៊ីរ៉ង់​បាន​បាញ់​ទៅ​លើ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​កាល​ពី​ថ្ងៃ​ពុធ ទី៨ មករា​ទេ។ គេ​អាច​និយាយ​បាន​ថា ជំហរ​របស់​លោក​ត្រាំ​ដូច​នេះ​បាន​ផ្ទុយ​នឹង​អ្វី​ដែល​លោក​បាន​និយាយ​ធានា​កាល​ពី​ថ្ងៃ​អាទិត្យ ទី៥ មករា​ថា អាមេរិក​នឹង​ធ្វើ​ការ​វាយបក​វិញ​យ៉ាង​ចាស់ដៃ​ភ្លាមៗ ប្រសិន​បើ​អ៊ីរ៉ង់​ហ៊ាន​វាយប្រហារ​លើ​ពលរដ្ឋ​អាមេរិក​ណា​ម្នាក់ ឬ​លើ​ផ្ទាំងស៊ីប​អាមេរិក​ណា​មួយ។ អាច​មាន​ហេតុផល​សំខាន់​ចំនួន ៣ ដែល​លោក​ត្រាំ​បាន​សម្រេចចិត្ត​មិន​ប្រើ​កម្លាំង​តប​នឹង​អ៊ីរ៉ង់​វិញ និង​បែរ​ជា​ប្រើ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដាក់​លើ​អ៊ីរ៉ង់។

ហេតុផល​ទី១ គឺ​មក​ពី​អាមេរិក​ជិត​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ដែល​រូប​លោក​ត្រាំ​បាន​ប្រកាស​ឈរ​ឈ្មោះ​អាណត្តិ​ថ្មី និង​ដែល​ក្រុម​សកម្មជន​ភាគ​ច្រើន​របស់​លោក​តែង​ប្រឆាំង​ដាច់ខាត​នឹង​អន្តរាគមន៍​យោធា​របស់​អាមេរិក​នៅ​បរទេស មិន​ថា​នៅ​តំបន់​មជ្ឈិមបូព៌ា ឬ​នៅ​តំបន់​ឈូងសមុទ្រពែក្ស។ គួរ​រម្លឹក​ថា ការ​ដែល​លោក​ត្រាំ​បាន​ជាប់ឆ្នោត​ប្រធានាធិបតី​នា​ដំណាច់​ឆ្នាំ ២០១៦ ក៏​ដោយសារ​ជំហរ​សន្តិភាពនិយម​របស់​លោក​ដោយ​បាន​សន្យា​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​ពី​ការ​នាំ​ទាហាន​អាមេរិកាំង​ទាំង​អស់​ទៅ​ផ្ទះ​វិញ។ ហេតុផល​ទី២ គឺ​មក​ពី​លោក​ត្រាំ​កំពុង​ប្រឈម​នឹង​ការ​ទម្លាក់​ពី​តំណែង​ក្នុង​សំណុំរឿង​ជាមួយ​ប្រទេស​អ៊ុយក្រែន។

ហេតុផល​ទី៣ គឺ​មក​ពី​លោក​ត្រាំ​យល់​ថា សង្រ្គាម​ជាមួយ​អ៊ីរ៉ង់​អាច​នឹង​ធ្វើ​ឲ្យ​អាមេរិក​ទទួល​ផលវិបាក​ធំធេង និង​យូរ​អង្វែង ទោះ​បី​ជា​លោក​បាន​ប្រកាស​ថា អាមេរិក​មាន​គ្រាប់មីស៊ីល​ធំ​ជាង​អ៊ីរ៉ង់ មាន​ប្រសិទ្ធិភាព​ជាង និង​លឿងជាង​ក៏​ដោយ។ លោក​ត្រាំ​យល់​មិន​ច្រឡំ​ទេ​ថា សង្រ្គាម​ជាមួយ​អ៊ីរ៉ង់​ដែល​ជា​មហាអំណាច​មួយ​នៅ​ក្នុង​តំបន់​មិន​មែន​ដូច​សង្រ្គាម​នៅ​អ៊ីរ៉ាក់​ឡើយ។ ក្រៅ​ពី​ជំហរ​ទន់ភ្លន់​របស់​លោក​ត្រាំ ក៏​គេ​ឃើញ​មាន​សម្លី​ស្រទន់​របស់​ភាគី​អ៊ីរ៉ង់​តាម​រយៈប្រមុខ​ការទូត​លោក​យ៉ាវ៉ាដ ហ្សារីស្វ​ដែល​បញ្ជាក់​ថា អ៊ីរ៉ង់​មិន​ស្វែង​រក​ការ​ប្រឈម​មុខ និង​សង្រ្គាម​ទេ តែ​ការពារ​ខ្លួន​ប្រឆាំង​នឹង​គ្រប់​ការ​ឈ្លានពាន​ទាំង​អស់។

ភាព​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់​បាន​ធ្លាក់​ចុះ​មួយ​កម្រិត ?

បន្ទាប់​ពី​មាន​ការ​ប្រទូស្រ្តាយ​គ្នា​យ៉ាង​ខ្លាំងក្លា​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង សង្រ្គាម​ជា​ចំហ​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ដែល​គ្រប់​គ្នា​បាន​រង់ចាំ​ហាក់​ជា​បាន​ឃ្លាត​ឆ្ងាយ​បន្តិច​តាម​រយៈ​ការ​ថ្លែង​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​ថ្ងៃ​ពុធ ទី៨ មករា។ បើ​គេ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា អ៊ីរ៉ង់ ឬ​អាមេរិក​បាន​ប្តេជ្ញាចិត្ត​មិន​ចង់​មាន​​សង្រ្គាម​ត ទល់​គ្នា​ទេ។ ការ​ដែល​លោក​ត្រាំ​បាន​សម្លាប់​ឧត្តមសេនីយ​អ៊ីរ៉ង់​កាសឹម សូឡីម៉ានី​ក្នុង​ទឹកដី​អ៊ីរ៉ាក់​គ្រាន់​ជា​ការ​ព្រមាន​មួយ​ចំពោះ​អ៊ីរ៉ង់ និង​ចលនា​គាំទ្រ​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់។ តាម​រយៈ​ការ​សម្លាប់​ឧត្តមសេនីយ​សូឡីម៉ានី អាមេរិក​សង្ឃឹម​បង្កើត​ឲ្យ​មាន​ឡើង​វិញ​នូវ​សមត្ថភាពកំញើញ។ ចំណែក​អ៊ីរ់ង់​ហាក់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ធ្វើ​ការ​វាយបក​វិញ​ទេ។ តែ​គេ​សង្កេត​ឃើញ​ថា ចម្លើយ​តប​របស់​អ៊ីរ៉ង់​ហាក់​មាន​កម្រិត និង​មាន​ការ​ថ្លឹងថ្លែង។

គេ​សង្កេត​ឃើញ​ថា​នៅ​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់មីស៊ីល​ប្រឆាំង​នឹង​មូលដ្ឋាន​យោធា​អាមេរិក​ក្នុង​ទឹកដី​អ៊ីរ៉ាក់ អ៊ីរ៉ង់​បាន​បញ្ជៀស​ការ​សម្លាប់​ទាហាន​អាមេរិកាំង​ដោយ​យក​តែ​អាគារ ឃ្លាំស្តុកអាវុធ ឬ​គ្រឿងសព្វាវុធ​ធ្វើ​ជា​ផ្ទាំងស៊ីប។ ពិត​ណាស់ អ៊ីរ៉ង់​បាន​លើក​ឡើង​ពី​ការ​ស្លាប់​ទាហាន​អាមេរិក​ចំនួន ៨០នាក់ តែ​គេ​មិន​អាច​ផ្ទៀងផ្ទាត់​ព័ត៌មាន​នេះ​បាន​ឡើយ។ ចំណែក​លោក​ត្រាំ​បាន​ទទួល​ស្គាល់​ពី​ការ​វាយប្រហារ​របស់​អ៊ីរ៉ង់ និង​បាន​បញ្ជាក់​ច្បាស់ៗ​ថា គ្មាន​ទាហាន​អាមេរិក​ណា​ម្នាក់​បាន​ស្លាប់​ទេ។ លោក​ត្រាំ​បាន​សាទរ​ពី​ការ​គ្មាន​ស្លាប់​ទាហាន​អាមេរិក ឬ​អ៊ីរ៉ាក់ និង​បញ្ជាក់​ថា អ៊ីរ៉ង់​ហាក់​បាន​ដក​ថយ​ដែល​លោក​ត្រាំ​ចាត់​ទុក​ជា​រឿង​ល្អ​សម្រាប់​ភាគី​ពាក់ព័ន្ធ និង​សម្រាប់​ពិភពលោក។

គេ​មិន​ដឹង​ថា​រវាង​អាមេរិក និង​អ៊ីរ៉ង់​ពេល​នេះ អ្នក​ណា​មាន​ប្រៀប​ជាង​នរណា​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន គ្មាន​នរណា​ម្នាក់​ចង់​បាក់​មុខ​ដោយ​សារ​នរណា​ម្នាក់​ឡើយ គ្រាន់​តែ​ថា ម្នាក់ៗ​ហាក់​មាន​ការ​ថ្លឹងថ្លែង និង​ប្រយ័ត្នប្រយែង​ចំពោះ​ប្រតិកម្ម​របស់​ខ្លួន។

ហេតុអ្វី​បាន​ជា​លោក​ត្រាំ​ជ្រើស​ផ្លូវ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដាក់​អ៊ីរ៉ង់?

លោក​ត្រាំ​មិន​ប្រើ​គ្រាប់មីស៊ីល​តប​នឹង​អ៊ីរ៉ង់​វិញ​ទេ តែ​លោក​បាន​បន្ត​ប្រើ​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដាក់​លើ​អ៊ីរ៉ង់។ ជម្រើស​បន្ត​ប្រើ​ទណ្ឌកម្ម​សេដ្ចកិច្ច​ដើម្បី​សង្កត់ ក អ៊ីរ៉ង់​ត្រូវ​បាន​លោក​ត្រាំ​ប្រើ​តាំង​ពី ១ឆ្នាំ​កន្លះ ពោល​តាំង​ពី​ឆ្នាំ ២០១៨ ដែល​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ហត្ថលេខា​ឆ្នាំ ២០១៥។ លោក​ត្រាំ​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ជា​កិច្ចព្រមព្រៀង​មួយ​ដែល​នៅ​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ​ដោយ​លោក​ត្រាំ​ចង់​បាន​កិច្ចព្រមព្រៀង​ថ្មី​ដែល​ត្រូវ​ដាក់​បញ្ចូល​គ្រាប់មីស៊ីល និង​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់។ លោក​ត្រាំ​តែង​បញ្ជាក់​ម្តង​ជា​ពីរ​ដង​ថា លោក​គ្មាន​បំណង​ណា​មួយ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​របប​ដឹកនាំ​នៅ​អ៊ីរ៉ង់​សព្វថ្ងៃ​ទេ។

តែ​ក្រុម​អ្នកវិភាគ​យល់​ថា ការ​ដែល​លោក​ត្រាំ​បន្ត​ប្រើ​យុទ្ធសាស្រ្ត​សង្កត់ ក អ៊ីរ៉ង់​ដោយ​ទណ្ឌកម្ម​សេដ្ឋកិច្ច គឺ​ក្នុង​គោលដៅ​រំលំ​របបដឹកនាំ​អ៊ីរ៉ង់​ពី​ខាង​ក្នុង មាន​ន័យ​ថា នៅ​ពេល​ពលរដ្ឋ​អ៊ីរ៉ង់​គ្មាន​អ្វី​ច្រក​ក្រពះ ពួក​គេ​នឹង​ងើប​បះបោរ​ប្រឆាំង​រដ្ឋាភិបាល។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ថា​នៅ​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ ពោល​តាំង​ពី​ក្រោយ​អាមេរិក​សម្លាប់​ឧត្តមសេនីយ​កាសឹម សូឡីម៉ានី​ក្នុង​ទឹកដី​អ៊ីរ៉ាក់ យុទ្ធសាស្រ្ត​ច្រំដែល​មួយ​នេះ​របស់​លោក​ត្រាំ​អាច​នឹង​ពង្រឹង​របបដឹកនាំ​នៅ​អ៊ីរ៉ង់​សព្វថ្ងៃ​ទៅ​វិញ​ទេ។ ចង់​ឬ​មិន​ចង់​ពេល​នេះ ពលរដ្ឋ​អ៊ីរ៉ង់​គ្រប់​ស្រទាប់​វណ្ណៈនិង​អ្នកនយោបាយ​គ្រប់និន្នាការ​កំពុង​រួមកម្លាំង​សាមគ្គីគ្នា​ជា​ធ្លុង​មួយ​ដើម្បី​គាំទ្រ​រដ្ឋាភិបាល​សព្វថ្ងៃ​នៅ​ក្នុង​ចំណាត់ការ​ប្រឆាំង​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ