អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់

លោកហ្រ្វង់ស័រ នីគូលឡូ៖ភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិកបានធូរស្រាល តែអាចផ្ទុះឡើងវិញគ្រប់ពេល

លោកហ្រ្វង់ស័រ នីគូលឡូ អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំអ៊ីរ៉ង់ និងជាអ្នកវិភាគនយោបាយអន្តរជាតិ
លោកហ្រ្វង់ស័រ នីគូលឡូ អតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំអ៊ីរ៉ង់ និងជាអ្នកវិភាគនយោបាយអន្តរជាតិ © RFI

បន្ទាប់​ពី​បាន​ដំឡើង​ធ្មុង​ដាក់​គ្នា​កាល​ពី ១០ថ្ងៃ​មុន​មក ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ហាក់​បាន​ធ្លាក់​ចុះ​បន្តិច។ នេះ​ក៏​ដោយសារ​តែ​ភាគី​ទាំង​ពីរ​បាន​បន្ទន់​ជំហរ​តាម​រយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន។ កាល​ពី​ថ្ងៃ​អាទិត្យ ទី១២ មករា ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​បាន​ចេញ​មុខ​ព្រមាន​រដ្ឋអំណាច​អ៊ីរ៉ង់​ដែល​បាន​វាយបង្រ្កាប​លើ​បាតុករ​យុវជន​អ៊ីរ៉ង់​ក្នុង​ទីក្រុង​តេហេរ៉ង់។ តែ​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក​Mark Esper បាន​ធានា​ថា លោក​បាន​ត្រៀមខ្លួន​ដើម្បី​ចរចា​ជាមួយ​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់។ សារ​កាត់បន្ថយ​ភាព​តានតឹង​ដូច​គ្នា​នេះ​ក៏​មាន​ពី​ស្តេច​ប្រទេស​កាតា​ព្រះចៅ​តាមីម បេន ហាម៉ាដ អាល់តានី​ដែល​បាន​យាង​ទៅ​ទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ីរ៉ង់​នា​ថ្ងៃ​អាទិត្យ ទី១២ មករា។ លោក​ហ្រ្វង់ស័រ នីគូលឡូ អតីត​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​អ៊ីរ៉ង់ និង​ជា​អ្នក​វិភាគ​នយោបាយ​អន្តរជាតិ​បាន​ទទួល​ស្គាល់​ថា ភាព​តានតឹង​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ពិត​ជា​បាន​ធ្លាក់​ចុះ​មែន​នៅ​ពេល​នេះ តែ​គ្រាន់​ជា​បណ្តោះអាសន្ន និង​អាច​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​គ្រប់​ពេល​ទាំង​អស់។

ផ្សាយពាណិជ្ជកម្ម

« សម្រាប់​ពេល​នេះ កំណើន​ភាព​តានតឹង​ត្រូវ​បាន​ធ្លាក់​ចុះ តែ​វា​ក៏​អាច​ចាប់​ផ្តើម​ជា​ថ្មី​ឡើង​វិញ​ដែរ។ តាំង​ពី​អ៊ីរ៉ង់​បាន​បាញ់​គ្រាប់មីស៊ីល​ទៅ​លើ​មូលដ្ឋាន​យោធា​អាមេរិក​ក្នុង​ទឹកដី​អ៊ីរ៉ាក់​ដោយ​មិន​បណ្តាល​ឲ្យ​ស្លាប់ និង​របួស​ទាហាន​អាមេរិកាំង​ណា​ម្នាក់​មក ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​បាន​ចាត់​ទុក​ជា​ទង្វើ​មួយ​មិន​សូវ​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ។

សារ​របៀប​នេះ​ត្រូវ​បាន​លោក​ត្រាំ​ថ្លែង​តាំង​ពី​មាន​ការ​វាយប្រហារ​របស់​អ៊ីរ៉ង់​ទៅ​ទៀត។ អ៊ីចឹង​គេ​មាន​អារម្មណ៍​ថា ការ​ដែល​អ៊ីរ៉ង់​បាន​វាយប្រហារ​ដោយ​បញ្ជៀស​ជីវិត​ទាហាន​អាមេរិកាំង​ជា​ចេតនា​របស់​អ៊ីរ៉ង់​ដែល​មិន​ធ្វើ​ឲ្យ​លើស​ពី​នេះ។ អ៊ីរ៉ង់​ពិត​ជា​មិន​ចង់​ឲ្យ​មាន​ការ​ប្រឈម​ណា​មួយ​ដែល​មិន​អាច​គ្រប់គ្រង​បាន​នោះ​ឡើយ។ តែ​នេះ​មិនមែន​មាន​ន័យ​ថា អ្វីៗ​ត្រូវ​ចប់​ត្រឹម​នេះ​ទេ។

អ៊ីរ៉ង់​ខ្លួន​ឯង​បាន​បញ្ជាក់​ថា កម្មវត្ថុ​ចុង​ក្រោយ​ដែល​ខ្លួន​ចង់​បាន គឺ​ការ​ចាកចេញ​របស់​ទ័ពអាមេរិកាំង​ពី​តំបន់។ ដូច្នេះ​ពិត​ណាស់​ពី​នេះ​ទៅ​ថ្ងៃ​ខាង​មុខ វា​នឹង​អាច​កើត​មាន​ឧប្បត្តិហេតុ​ផ្សេងៗ​ដែល​មិន​សូវ​តឹងតាន​ខ្លាំង តែ​ឧប្បត្តិហេតុ​របៀប​នេះ​ក៏​អាច​ប្រែ​ទៅ​ជា​ស្ថានការណ៍​ដ៏​គ្រោះថ្នាក់​ខ្លាំង​ដែរ។ ដូច្នេះ​គេ​ត្រូវ​រង់ចាំ​មើល​ថា តើ​ភាព​ស្ងប់ស្ងាត់​ពេល​នេះ​អាច​មាន​រហូត​ដល់​ពេល​ណា។ នេះ​ហើយ​ជា​ហេតុផល​ដែល​មាន​ប្រទេស​មួយ​ចំនួន ពិសេស​កាតា​កំពុង​ខ្នះខ្នែង​ព្យាយាម​ចូលរួម​កាត់​បន្ថយ​ភាព​តានតឹង និង​កំពុង​ដើរ​តួនាទី​ជា​អន្តរការី​រវាង​អ៊ីរ៉ង់ និង​អាមេរិក។

កាតា​ជា​ប្រទេស​ដែល​ស្និត​នឹង​អ៊ីរ៉ង់ និង​ក៏​ជា​ប្រទេស​ដែល​មាន​មូលដ្ឋាន​ទ័ពអាមេរិក​មួយ​យ៉ាង​ធំ។ ដូច្នេះ​កាតា​ក៏​ជា​មិត្ត​របស់​អាមេរិក​ដែរ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ