អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីរ៉ង់​ប្រកាស​ចាប់ខ្លួន អ្នកពាក់ព័ន្ធ​នឹង​ការបាញ់ទម្លាក់យន្តហោះអ៊ុយក្រែន

សំឡេង ០៨:១២
​ប្រមុខសាសនា​អ៊ីរ៉ង់ Ali Khamenei និង ប្រធានាធិបតីលោក Hassan Rouhani នៅក្នុង​ពិធីគោរពសព​ឧត្តមេសនីយ៍ Qassem Soleimani កាលពីថ្ងៃទី ៦​មករា ២០២០
​ប្រមុខសាសនា​អ៊ីរ៉ង់ Ali Khamenei និង ប្រធានាធិបតីលោក Hassan Rouhani នៅក្នុង​ពិធីគោរពសព​ឧត្តមេសនីយ៍ Qassem Soleimani កាលពីថ្ងៃទី ៦​មករា ២០២០ ©Official President's website/Handout via REUTERS

អ៊ីរ៉ង់​នៅ​ថ្ងៃ​អង្គារទី ១៤​មករា បាន​ប្រកាស​ចាប់ខ្លួន អ្នកដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​ការបាញ់​ទម្លាក់​យន្តហោះ​អ៊ុយក្រែន ដែល​បាន​សម្លាប់​មនុស្ស ១៧៦នាក់ កាលពី​សប្តាហ៍មុន។ នៅមុន​ការប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​អ៊ីរ៉ង់ ប្រធានាធិបតី អ៊ីរ៉ង់ លោក​ហាសាន់ រូហានី បាន​អះអាង​ធានា​ថា ប្រទេស​របស់​លោក​នឹង​ដាក់​ទោស​រាល់​អ្នក​ដែល​ទទួល​ខុសត្រូវ ធ្វើ​ឲ្យ​មាន​សោកនាដកម្ម​សម្លាប់​អ្នកដំណើរ​របស់​យន្តហោះ​អ៊ុយក្រែន កាលពី​ថ្ងៃ​ពុធ​សប្តាហ៍មុននេះ។ តើ​អ្នកណា​ខ្លះ ដែលអាជ្ញាធរ​អ៊ីរ៉ង់ ចាប់ខ្លួន ដោយសារ​ហេតុការណ៍​បាញ់​ទម្លាក់​យន្តហោះ អ៊ុយក្រែន?

ផ្សាយពាណិជ្ជកម្ម

ការប្រកាស​របស់​ក្រសួង​យុត្តិធម៌​អ៊ីរ៉ង់ ធ្វើឡើង នៅក្រោយ ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ ប្រកាស​ទទួល​ស្គាល់ កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​ថា កងទ័ព​អ៊ីរ៉ង់ បានច្រឡំ បាញ់​ទម្លាក់​យន្តហោះ​អ៊ុយក្រែន កាលពី​ថ្ងៃ​ពុធ​កន្លងទៅ។

នៅក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​អង្គារ​នេះ អ្នកនាំពាក្យ​របស់​ក្រសួងយុត្តិធម៌ អ៊ីរ៉ង់ មិន​បាន​ប្រកាស​ចំនួន និង​ឈ្មោះ​អ្នក​ដែល​ត្រូវ​បាន​គេ​ចាប់ខ្លួន នោះទេ។ លោក Gholamsossein Esmaili គ្រាន់​តែ​និយាយ​ថា គេ​បាន​ចាប់ផ្តើម​បើក​ការស៊ើបអង្កេត ហើយ​និង​មាន​ការចាប់ខ្លួន មនុស្ស​មួយ​ចំនួន។

ទោះជា​អ្នកនាំពាក្យ​របស់​ក្រសួង​យុត្តិធម៌ មិន​បាន​បញ្ជាក់​ឈ្មោះ និង​ចំនួន​មនុស្ស ដែល​ត្រូវ​បាន​គេ​ចាប់ខ្លួន ប៉ុន្តែ តាមរយៈ សេចក្តីថ្លែងការណ៍ និង​ការបកស្រាយ​របស់​ឧត្តមសេនីយ៍​នៃ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់ កាលពីថ្ងៃ​សៅរ៍ គេ​ដឹងខ្លះៗ​ហើយ​ថា តើ​អ្នកណា​ខ្លះ ដែល​មាន​ជាប់ពាក់ព័ន្ធ​នឹង​រឿង​បាញ់ទម្លាក់​យន្តហោះ អ៊ុយក្រែន។

កាលពី​ថ្ងៃ​សៅរ៍ ឧត្តមសេនីយ៍ Amir Ali Hajizadehដែល​ទទួល​បន្ទុក កងទ័ពជើងអាកាស​អ៊ីរ៉ង់ ទទួល​ស្គាល់​ថា យន្តហោះ​អ៊ុយក្រែន ត្រូវ​បាន​បាញ់​ទម្លាក់​ដោយសារ កំហុស​របស់​មនុស្ស។ បើតាម​ឧត្តមសេនីយ៍ Hajizadeh ទាហាន​អ៊ីរ៉ង់​ដែល​ប្រចាំការ​នៅ​ប្រតិបត្តិការ​មីស៊ីល ជាអ្នកចុចប៊ូតុង បាញ់​មីស៊ីល សំដៅ​យន្តហោះ អ៊ុយក្រែន ដែល​ខ្លួនគិត​ស្មានថា ជា​យន្តហោះ​ចម្បាំង​របស់​អាមេរិក។ ឧត្តមសេនីយ៍ Hajizadeh បាន​ប្រកាស​ទទួល​ស្គាល់​ការទទួលខុសត្រូវ​ទាំងស្រុង នៅក្នុង​ហេតុការណ៍​បាញ់​ទម្លាក់ យន្តហោះ​អ៊ុយក្រែន ប៉ុន្តែ ជាមួយគ្នានេះ លោក​ក៏បាន​បញ្ជាក់​ដែរ​ថា ទាហាន​ដែល​បាន​ចុចប៊ូតុង បាញ់​មីស៊ីល សំដៅ យន្តហោះ​អ៊ុយក្រែន បាន​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង គឺ​មិន​បាន​ជូនដំណឹង​ដល់​រូប​លោក​នោះទេ ដោយសារ​តែ​មាន​បញ្ហា​បច្ចេកទេស ក្នុង​ប្រព័ន្ធ​ទំនាក់ទំនង នៅយប់​ថ្ងៃ​កើតហេតុ។

ប្រធានាធិបតី​អ៊ីរ៉ង់៖ មិនមែនមានតែ​អ្នកចុចប៊ូតុង ដែល​មាន​កំហុស ប៉ុន្តែ នៅ​មាន​មនុស្ស​ផ្សេងទៀត

ការប្រកាស​ចាប់ខ្លួន អ្នកដែល​ពាក់ព័ន្ធ​នឹងហេតុការណ៍​បាញ់​ទម្លាក់​យន្តហោះ អ៊ុយក្រែន ធ្វើឡើង​នៅក្រោយ ការចេញមុខ​ធានា​របស់​ប្រធានាធិបតី អ៊ីរ៉ង់ លោក​ហាសាន់ រូហានី ដែល​ថា រាល់អ្នកទទួល​ត្រូវ​ដែល​ធ្វើ​ឲ្យ​យន្តហោះ​អ៊ុយក្រែន ធ្លាក់ ត្រូវ​ប្រឈម​នឹង​ការកាត់ទោស។ តាម​ប្រធានាធិបតី រូហានី នៅក្នុង​ហេតុការណ៍​លើកនេះ វា​សំខាន់ណាស់ ដែល​អ្នកប្រព្រឹត្តកំហុស និង​អ្នកដែល​ធ្វេសប្រហែស នៅគ្រប់​កម្រិត ត្រូវ​រងការដាក់ទោស តាម​ផ្លូវច្បាប់។ សម្រាប់​ប្រធានាធិបតី​អ៊ីរ៉ង់ មិនមែន​មាន​តែ​អ្នកដែល​ចុច​ប៊ូតុង បាញ់​មីស៊ីល​ទេ ដែល​មាន​កំហុស គឺ​នៅ​មាន​មនុស្ស​ផ្សេងទៀត។ លោក​ចង់​ឲ្យ​មានការពន្យល់​បកស្រាយ​ពីរឿង​នេះ ទៅ​ដល់​សាធារណជន ដោយ​គ្មានការលាក់លៀម។ ជាពិសេស កងទ័ព​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​ត្រូវ​បកស្រាយ ថា ហេតុអ្វី​បាន​ជា​គេ​ត្រូវ​រង់ចាំ ដល់​ថ្ងៃ​សៅរ៍ គឺ ៣ថ្ងៃ ក្រោយ ការបាញ់​មីស៊ីល ទើប​កងទ័ព​ចេញមុខ​អះអាងថា យន្តហោះ​អ៊ុយក្រែន​ធ្លាក់​ដោយសារ​រងគ្រាប់មីស៊ីល អ៊ីរ៉ង់។ ជាមួយ​នឹង​ការទាមទារ​បែបនេះ ប្រធានាធិបតី អ៊ីរ៉ង់ ហាក់​គ្មានជំហរ​នៅខាងកងទ័ព​ឆ្មាំបដិវត្តន៍ ដែល​ជាអ្នកមកពី​ខាងក្រុម អភិរក្សជ្រុលនិយម​អ៊ីរ៉ង់។

នៅ​ថ្ងៃ​អង្គារ ប្រធានាធិបតី​អ៊ីរ៉ង់ នៅ​បាន​ទាមទារ​ឲ្យ​គេ​បង្កើត​តុលាការ​ពិសេស​មួយ នៅ​អ៊ីរ៉ង់ ដោយ​មានការចូលរួម​ពី​ចៅក្រម​ជាន់ខ្ពស់ និង​អ្នកជំនាញ ដើម្បី ជំនុំជម្រះ​អ្នក​ដែលទទួល​ខុសត្រូវ​នៃ​សោកនាដកម្ម​បាញ់​ធ្លាក់​យន្តហោះ​លើកនេះ ព្រោះថា “ពិភពលោក​កំពុង​តាមដាន​មើលរឿងនេះ”។

ការប្រកាស​ចាប់ខ្លួន អ្នកពាក់ព័ន្ធ​នឹង​ការបាញ់​ទម្លាក់​យន្តហោះ​អ៊ុយក្រែន ជា​វិធានការ​ជាក់ស្តែង​ថ្មី​ដំបូងគេ បន្ទាប់​ពី កងទ័ព​អ៊ីរ៉ង់ ប្រកាស​ទទួល​ស្គាល់​ថ្ងៃ​សៅរ៍ ថា ខ្លួន​បានច្រលំបាញ់​ទម្លាក់​យន្តហោះ​អ៊ុយក្រែន។

នៅថ្ងៃ​យន្តហោះ​អ៊ុយក្រែន​ធ្លាក់ នៅជាយក្រុង​តេហេរ៉ង់ ប្រធាន​អាកាសចរណ៍​ស៊ីវិល​អ៊ីរ៉ង់​ធ្លាប់​បដិសេធ​ថា យន្តហោះ​អ៊ុយក្រែន ធ្លាក់ គ្មានជាប់ទាក់ទង​នឹង​ការបាញ់​មីស៊ីល។ ប៉ុន្តែ បីថ្ងៃក្រោយ គឺ​នៅ​ថ្ងៃ​សៅរ៍ ទី ១១​កុម្ភៈ នៅទីបំផុត ទាំង កងទ័ព​បដិវត្តន៍ និង​រដ្ឋាភិបាល​អ៊ីរ៉ង់ បាន​ចេញមុខ​ទទួល​ខុសត្រូវ និង​ទទួល​ស្គាល់​វិញ ថា យន្តហោះ​អ៊ុយក្រែន បាន​ធ្លាក់ ដោយសារ​គ្រាប់មីស៊ីល​អ៊ីរ៉ង់។ អ៊ីរ៉ង់ ចេញមុខ ទទួល​ស្គាល់ ថា​ជា​កំហុស​របស់ខ្លួន ព្រោះ​ដោយសារ​គិត​ថា ខ្លួន​នឹង​មិនអាច​បដិសេធ​ការពិត​បានទេ ជាពិសេស នៅពេល​ក្រុមស៊ើបអង្កេត​អន្តរជាតិ អាច​វិភាគ​ប្រអប់ខ្មៅ ហើយ​និង​ស្លាកស្លាមផ្ទុះ​នៅលើ​សំបកយន្តហោះ។ ដោយ​ប្រកាស​ទទួល​ស្គាល់​ការពិត នៅមុន​ការវែកមុខ របស់​អ្នកស៊ើបអង្កេត រដ្ឋាភិបាល​អ៊ីរ៉ង់ បាន​បង្ហាញ​ភាពថ្លៃថ្នូរ សេចក្តីក្លាហាន និងការទទួលខុសត្រូវ​មួយ ខ្ពស់ ដែលប្រទេសជាច្រើនទៀត មិនហ៊ានធ្វើ។ ដោយហ៊ាន​ប្រកាស​ទទួល​ខុសត្រូវ និងមាន​ចេតនា​ចង់​កាត់ទោស​អ្នកដែល​ទទួល​ខុសត្រូវ រដ្ឋាភិបាល​អ៊ីរ៉ង់ ចង់​បញ្ចុះបញ្ចូល កាត់បន្ថយកំហឹង​របស់​បាតុករ​អ៊ីរ៉ង់ ដែល​ចោទ​រដ្ឋាភិបាល​ជាអ្នកនិយាយ​កុហក និង​បិទបាំង​មិន​ចង់​កាត់ទោស​មន្រ្តីអ៊ីរ៉ង់។

មួយវិញទៀត អ៊ីរ៉ង់​ហ៊ាន​សំដែង​ភាពស្មោះត្រង់​នៅពេល​នេះ ដោយសារ​ចង់​បញ្ចុះបញ្ចូល​មតិអន្តរជាតិ ដែល​ចាំតាមដាន​មើល​អ៊ីរ៉ង់។ ជាក់ស្តែង អ៊ីរ៉ង់ បាន​និយាយ​លើកហេតុផល​ថា ការបាញ់​ទម្លាក់​យន្តហោះ​អ៊ុយក្រែន គឺ​ធ្វើ​ដោយ​អចេតនា ជាកំហុស​របស់​មនុស្ស ហើយ​វា​កើតឡើង នៅក្នុង​បរិបទ ដែល​ប្រព័ន្ធ​ការពារ​លំហ​អាកាស​របស់​អ៊ីរ៉ង់ ត្រូវ​បាន​រឹតបន្តឹង​ខ្លាំង នៅក្រោយ អ៊ីរ៉ង់ បាញ់​មីស៊ីល​សំដៅ មូលដ្ឋាន​ទ័ព​អាមេរិក នៅអ៊ីរ៉ាក់។ សម្រាប់​អ៊ីរ៉ង់ អាមេរិក​មានចំណែក​ទទួល​ខុសត្រូវ នៅក្នុង​រឿងនេះ​ដែរ ព្រោះ​អាមេរិក ជា​អ្នកបង្កភាពភាពតានតឹង​ជាមួយអ៊ីរ៉ង់។ នៅក្រោយ អាមេរិក បាញ់​សម្លាប់​មេទ័ព​អ៊ីរ៉ង់ លោក​សូឡីម៉ានី អ៊ីរ៉ង់​បាន​បាញ់​មីស៊ីល សំដៅ​មូលដ្ឋានទ័ព​អាមេរិក ប៉ុន្តែ មិន​បាន​សម្លាប់​មនុស្ស ឬ​ទ័ព​អាមេរិក​ម្នាក់ទេ។

នាយករដ្ឋមន្រ្តី​កាណាដា៖ នឹង​គ្មានការបាត់បង់ជីវិត 

នៅក្នុង​រឿង​បាញ់ទម្លាក់​យន្តហោះ​អ៊ុយក្រែន អ៊ីរ៉ង់ ចង់​បង្ហាញ​ថា ខ្លួន​មាន​ចំណែក​ទទួល​ខុសត្រូវ ជាអ្នកបាញ់មីស៊ីល​ច្រឡំ ប៉ុន្តែ រឿងនេះ ក៏ដោយសារ​តែ​អាមេរិក​ដែរ។ ចង់ឬ​មិនចង់ អ៊ីរ៉ង់ ចង់​បាន​ការយល់ សណ្តោស ប្រណី​ពី​ខាងក្រៅ ក្នុង​នាមខ្លួន​ជា​ជនល្មើស ប៉ុន្តែ ចេះស្គាល់​កំហុស ហើយ​ប្រព្រឹត្ត​កំហុស ដោយសារ​តែ​ចង់​ការពារ​ខ្លួន។

នាយករដ្ឋមន្រ្តី​កាណាដា Justine Trudeau កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ បាន​និយាយ​ថា យន្តហោះ​អ៊ុយក្រែន នឹង​មិនធ្លាក់ ហើយ​ក៏​គ្មាន​ជនរងគ្រោះ​ស្លាប់ បើសិន​ជា​គ្មាន ភាពតានតឹង ការប្រឈមមុខ​រវាង​អ៊ីរ៉ង់ និង​អាមេរិក។ ភាពតានតឹង​ដែល​មួយចំណែក កើតឡើង​ដោយសារ​អាមេរិក នៅក្រោយ​អាមេរិក​បាញ់​សម្លាប់ មេទ័ព​អ៊ីរ៉ង់។ នាយករដ្ឋមន្រ្តី កាណាដា បាន​សំដែង​ការខកចិត្ត ថា ទាហាន​កាណាដា​មាន​ប្រចាំការ​នៅអ៊ីរ៉ាក់ ក្នុង​ក្របខ័ណ្ឌ​កងទ័ព​អូតង់ ប៉ុន្តែ អាមេរិក​មិនបាន​ជូនដំណឹង ភាគី​កាណាដា ពី​ប្រតិបត្តិការ​យោធា បាញ់​សម្លាប់​មេដឹកនាំយោធា​អ៊ីរ៉ង់ លោកសូឡីម៉ានីនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ