អានតួអត្ថបទ
សហរដ្ឋអាមេរិក

លោកដូណាល់ ត្រាំ​ដកមន្រ្តី២រូប ដែល​ធ្លាប់ផ្តល់​សក្ខីកម្ម ប្រឆាំងលោក នៅ​សភា

វរសេនីយ៍ទោ Alexander Vindman,ប្រធានកិច្ចការអឺរ៉ុប នៅ​ក្រុមប្រឹក្សា​សន្តិសុខជាតិ ប្រចាំ​សេតវិមាន នៅក្នុង​អង្គសវនាការ​សួរដេញដោល របស់​គណៈកម្មការ​សភាអ្នកតំណាង ក្នុង​ដំណើរការ​ដកតំណែង​លោកដូណាល់ត្រាំ
វរសេនីយ៍ទោ Alexander Vindman,ប្រធានកិច្ចការអឺរ៉ុប នៅ​ក្រុមប្រឹក្សា​សន្តិសុខជាតិ ប្រចាំ​សេតវិមាន នៅក្នុង​អង្គសវនាការ​សួរដេញដោល របស់​គណៈកម្មការ​សភាអ្នកតំណាង ក្នុង​ដំណើរការ​ដកតំណែង​លោកដូណាល់ត្រាំ ©REUTERS/Jonathan Ernst

ថាភ្លាម ធ្វើភ្លែត។ នៅ​តែ ២​ថ្ងៃក្រោយ ព្រឹទ្ធសភា សម្រេច​ឲ្យ​លោក រួចខ្លួន នៅក្នុង​បទចោទប្រកាន់ ស្តីពី​ការរំលោភអំណាច និង​ការរារាំង​មិន​ឲ្យ​រដ្ឋសភា​ធ្វើការ​ដោយរលូន ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ កាលពី​ថ្ងៃ​សុក្រទី ៧កុម្ភៈបាន​សម្រេច​តំណែង​មន្រ្តី​២រូប ដែល​ធ្លាប់ផ្តល់សក្ខីកម្ម ប្រឆាំង​លោក នៅក្នុង​ដំណើរការ​ដកតំណែង​ប្រធានាធិបតី នៅ​សភាអ្នកតំណាងរាស្រ្ត។ ការសម្រេច​របស់​ប្រធានាធិបតី​បាន​បំផុសឲ្យ​មាន​ការចោទប្រកាន់​លោកដូណាល់ ត្រាំ ថា កំពុង​បើកយុទ្ធនារ​សងសឹក ​អ្នក​ដែល​ហ៊ាន​និយាយ​បកអាក្រាត រិះគន់​លោក។ 

ផ្សាយពាណិជ្ជកម្ម

មន្រ្តី​ពីររូប ដែលប្រធានាធិបតី​អាមេរិក​សម្រេច​ដកតំណែង កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ នេះ ជា​សាក្សី​សំខាន់ៗ​២រូប នៃ​ដំណើរការ​ស៊ើបអង្កេត​ឈាន​ទៅ​ដកតំណែង ប្រធានាធិបតី ក្នុង​សំណុំរឿង​ទូរស័ព្ទ ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន។

នៅក្នុង​សេចក្តីថ្លែងការណ៍​ដ៏ខ្លី ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​សហភាពអឺរ៉ុប លោក Gordon Sondland ដែល​ធ្លាប់​បាន​ផ្តល់វិភាគទាន ១លាន​ដុល្លារ សម្រាប់​បុណ្យចូលកាន់តំណែង​របស់លោកដូណាល់ ត្រាំ កាលពី​ឆ្នាំ ២០១៧ បាន​សរសេរ​ថា លោកដូណាល់ ត្រាំ ចង់​ហៅឲ្យ​លោក​ចូល​ប្រទេស​វិញ ជាបន្ទាន់។ ចូលប្រទេស​វិញ ដែល​មានន័យ​ថា លោកលែង​អាច​កាន់តំណែង​ជា​អ្នកតំណាង​អាមេរិក នៅ​សហភាពអឺរ៉ុប​តទៅទៀត។

ដំណឹង​ដកតំណែង​លោក Sondland ធ្វើឡើង នៅបន្ទាប់ ពី​មន្រ្តី​យោធាជាន់ខ្ពស់ម្នាក់ទៀត គឺវរសេនីយ៍ទោ Alexander Vindman ត្រូវ​បាន​គេ​អមដំណើរ​ចេញ ពី​សេតវិមាន កាលពី​ថ្ងៃ​សុក្រ។ វរសេនីយ៍ទោ Alexander Vindman ដែល​កំពុង​បម្រើការ នៅ ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ នៅ​សេតវិមាន និងធ្លាប់ មាន​វត្តមាន នៅក្នុង ពេល​លោកដូណាល់ ត្រាំ និយាយ​ទូរស័ព្ទ ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន កាលពី​ថ្ងៃទី ២៥​កក្កដា ឆ្នាំ មុន ធ្លាប់​បាន​ផ្តល់​សក្ខីកម្ម ប្រាប់ គណៈកម្មការស៊ើបអង្កេត​របស់សភា​អាមេរិក ថា វា​ជារឿង​មិនល្អ​ទេ ដែលប្រធានាធិបតី អាមេរិក សុំ​ឲ្យ​រដ្ឋាភិបាល​បរទេស ស៊ើបអង្កេត​លើ​ជនជាតិអាមេរិកាំង និង​ជាពិសេស​លើ​គូប្រជែង​នយោបាយរបស់ខ្លួន។

តាមការចុះផ្សាយ​របស់កាសែត​អាមេរិក ប្អូនប្រុស​ភ្លោះ​របស់​លោកAlexander Vindman គឺ លោក Yevgenyដែល​បម្រើការ​ជា​អ្នកច្បាប់​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ ក៏ត្រូវ​គេ​ដកតំណែងដែរ។

ការបញ្ឈប់ការងារ​របស់ វរសេនីយ៍ទោ Alexander Vindman បាន​បង្ក​ឲ្យ​មាន​មតិ​រិះគន់ និង​ការមិនសប្បាយចិត្ត ព្រោះថា វរសេនីយ៍ទោ Alexander Vindman ធ្លាប់​បាន​ទទួល​គ្រឿង​ឥស្សរិយយស និង​ទទួល​បាន​គោរពខ្លាំង ដោយមកពីលោក​ធ្លាប់​របួស នៅក្នុង​សង្រ្គាម​អ៊ីរ៉ាក់។

នៅព្រឹកថ្ងៃ​សុក្រ ឆ្លើយ​សំណួរ​របស់​អ្នកកាសែត ដែល​សួរថា តើលោក​ចង់​ឲ្យ​វរសេនីយ៍ទោ ចេញពី​សេតវិមាន លោកប្រធានាធិបតី ដូណាល់ ត្រាំ បាន​និយាយ​ថា គាត់​មិនសប្បាយ​ចិត្ត​នឹង​លោក​ Alexander Vindman នោះទេ។ “តើអ្នកគិតថា ខ្ញុំ​គួ​សប្បាយចិត្ត​នឹង​គាត់?"

សម្រាប់​មេធាវី​របស់​លោក​ Alexander Vindman ប្រជាជន​អាមេរិកាំង​គ្រប់រូប​ដឹងថា ហេតុអ្វី​បាន​លោក​ Alexander Vindmanត្រូវ​គេ​បណ្តេញពីការងារ​នៅ​សេតវិមាន។ “ការនិយាយ​ការពិត បាន​ធ្វើ​ឲ្យ​លោក​ Alexander Vindman​បាត់បង់​ការងារ ខាតបង់ ទាំង​ក្នុង​អាជីព និង​ជីវិត​ឯកជន។” នេះជា​ប្រសាសន៍​របស់​លោក David Pressman មេធាវី​របស់​លោក​ Alexander Vindman មុន​នឹង​បញ្ជាក់ថា ការបណ្តេញ​លោក Alexander Vindman ជាការសងសឹក​របស់​បុរស​ខ្លាំង​ជាងគេ​ក្នុង​ពិភពលោក។ សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​បន្លឺ បន្ថែម ដោយ​ថា ប្រធានាធិបតី​បាន​សងសឹក​វាយបក ទៅលើ​អ្នកដែល​ហ៊ាន​និយាយ​ការពិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ