អានតួអត្ថបទ
សហរដ្ឋអាមេរិក

មន្ទីរបញ្ចកោន​បញ្ចេញ​លុយ ជាង ៣ពាន់​លាន​ដុល្លារ​សម្រាប់​សង់ជញ្ជាំង នៅ​ព្រំដែន​ម៉ិចស៊ិក

ប្រធានាធិបតីដូណាល់ ត្រាំធ្វើទស្សនកិច្ច​នៅជញ្ជាំង​ព្រំដែនអាមេរិក-ម៉ិចស៊ិកត្រង់ចំណុច Otay Mesa ក្នុង​រដ្ឋ​ California កាលពីថ្ងៃទី ១៨ កញ្ញា ២០១៩
ប្រធានាធិបតីដូណាល់ ត្រាំធ្វើទស្សនកិច្ច​នៅជញ្ជាំង​ព្រំដែនអាមេរិក-ម៉ិចស៊ិកត្រង់ចំណុច Otay Mesa ក្នុង​រដ្ឋ​ California កាលពីថ្ងៃទី ១៨ កញ្ញា ២០១៩ ©REUTERS/Tom Brenner/File Photo

ក្រសួងការពារ​ជាតិ​អាមេរិក​នឹង​លះបង់​គម្រោង​ទិញ​យន្តហោះ​ចម្បាំង និង​យន្តហោះដ្រូន ដើម្បី ទុក​លុយ សម្រាប់​សង់ជញ្ជាំង ទៅ​តាម​ការចង់បាន​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ។ តាម​អ្នកទទួល​ខុសត្រូវ​ជាន់ខ្ពស់​អាមេរិក ដែល​បាន​និយាយ​ប្រាប់​អ្នកកាសែត កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅ ទីក្រុង​វ៉ាស៊ីនតោន មន្ទីរបញ្ចកោន​អាមេរិក នឹង​បញ្ចេញ​ថវិកា ៣ពាន់ ៨រយ​លាន​ដុល្លារ សម្រាប់យក​ទៅ​សាងសង់​ជញ្ជាំង នៅ​តាម​បណ្តោយព្រំដែន​ជាមួយ ប្រទេស​ម៉ិចស៊ិក។ 

ផ្សាយពាណិជ្ជកម្ម

ទៅ​តាម​ការស្នើសុំ​របស់​នាយកដ្ឋាន សន្តិសុខ​ផ្ទៃក្នុង រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ បាន​សម្រេច បញ្ចេញ​ថវិកា​កងទ័ព ៣ពាន់ ៨រយ​លាន​ដុល្លារ សម្រាប់​សង់ជញ្ជាំង ប្រវែង ២៨៥​គីឡូម៉ែត្រ នៅតាម​បណ្តោយ​ព្រំដែនជាមួយ​ប្រទេស​ម៉ិចស៊ិក។ នេះ​បើតាម Bob Salesses មន្រ្តីជាន់ខ្ពស់​អាមេរិក ទទួល​បន្ទុក​ខាង​សំណុំរឿង​សង់ជញ្ជាំង របស់​លោកដូណាល់ ត្រាំ។

នៅក្នុង​ឯកសារ​ដាច់ដោយឡែកមួយ ដែល​ក្រសួងការពារ​ជាតិ​អាមេរិក​បាន​ដាក់​បញ្ជូន​ទៅ សភាអាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ មន្ទីរបញ្ចកោន​បាន​បញ្ជាក់​លម្អិត​ថា នៅក្នុង​ចំណោម​ថវិកា ៣ពាន់ ៨រយលានដុល្លារ ដែល​ក្រសួងការពារ​ជាតិ​នឹង​បញ្ចេញ​សម្រាប់​សង់ជញ្ជាំង នៅព្រំដែន ថវិកា ជាង ២ពាន់លាន​ដុល្លារ នឹង​ត្រូវ​ដក​ចេញ​ពី​កញ្ចប់​ថវិកា ដែល​ក្រសួង​ធ្លាប់បម្រុងទុក សម្រាប់​ទិញ សព្វាវុធ បំពាក់​ឲ្យ​កងទ័ពជើងអាកាស​អាមេរិកាំង ដូចជា យន្តហោះ​ចម្បាំង F 35 យន្តហោះ​ដ្រូន យន្តហោះ​ដឹកសព្វាវុធ ហើយ​និង​យន្តហោះ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ជាដើម។ មួយវិញទៀត ក្រសួង​នឹង​យក​ថវិកា​ដែល​គេ​បាន​បម្រុង​ទុក​សម្រាប់​ប្រតិបត្តិការ​នៅ​បរទេស ដូចជា ប្រតិបត្តិការ​នៅ​ស៊ីរី អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ាក់ ជាដើម ដើម្បី យក​ទៅ​បង្រ្គប់ បន្ថែម ការចំណាយ​លើ​ការសាង់សង់ជញ្ជាំង​នៅព្រំដែន​ប្រទេស​ម៉ិចស៊ិក។

ដោយ​បន្ថែម ៣ពាន់ ៨រយលាន​ដុល្លារ ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បញ្ចេញ ថវិកា ប្រមាណ ៩ពាន់ ៩រយលាន​ដុល្លារ សម្រាប់​សង់ជញ្ជាំង គិត​ចាប់តាំង​ពីខែ​កក្កដា ឆ្នាំមុន។ ដោយ​លើកហេតុផល​ទប់ស្កាត់​លំហូរ ជនអន្តោប្រវេសន៍​ពី​បណ្តាប្រទេស​នៅ​អាមេរិក​ខាងត្បូង លោកដូណាល់ ត្រាំ ធ្លាប់​បាន​សន្យា​សង់ជញ្ជាំង ជាង ៣២០០​គីឡូម៉ែត្រ នៅតាម​បណ្តោយព្រំដែន​អាមេរិក-ម៉ិចស៊ិក។ លោក​បាន​ទាមទារ​សុំ​ថវិកា ២៥ពាន់លាន​ដុល្លារ ពី​សភា ប៉ុន្តែ សភា​បាន​បោះឆ្នោត ប្រឆាំង​ជារៀងរាល់​លើក។ ការបោះឆ្នោត​ប្រឆាំង​របស់​សភា បាន​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ ងាក​ទៅ​ប្រើ​កញ្ចប់​ថវិកា​យោធា សម្រាប់​សង់ជញ្ជាំង។

ក្នុង​មួយឆ្នាំៗ សភា បាន​អនុម័ត​ច្បាប់​ថវិកា​កងទ័ព​ប្រមាណ ៧០០​ពាន់​លានដុល្លារ សម្រាប់ កម្មវិធី​យោធា ដែល​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល ប៉ុន្តែ ដែល​ត្រូវ​ទទួល​ការអនុញ្ញាត​ជាចាំបាច់​ពី​សភា​អាមេរិក។ ជាមួយ​គ្នា​នោះ ក្រសួង​ការពារ​ជាតិ​អាមេរិក​មាន​ថវិកា​ដោយឡែកមួយទៀត  ប្រមាណ ៦ពាន់​លាន​ដុល្លារ ដែល​ក្រសួង​អាច​ប្រើ​ក្នុង​ករណី​ចាំបាច់ និង​បន្ទាន់។ តាមមន្រ្តីទទួល​បន្ទុក​សំណុំរឿង​សង់ជញ្ជាំង រដ្ឋមន្រ្តី ក្រសួងការពារ​ជាតិ​អាមេរិក លោក Mark Esper បាន​វាយតម្លៃ​ថា ការសាងសង់ជញ្ជាំង គឺ​ជារឿងអាទិភាព និង​ចាំបាច់ ដែល​សក្តិសម​នឹង​ប្រើថវិកា​ពិសេស​របស់​កងទ័ព។

ក្រៅ​ពីប្រតិកម្ម​រិះគន់​របស់​គណបក្ស​ប្រឆាំង សមាគម​ការពារ​សិទ្ធិពលរដ្ឋ​អាមេរិក ដែល​រិះគន់​ជញ្ជាំង របស់​លោកដូណាល់ ត្រាំ ថា ជាជញ្ជាំង ស្អប់​ជនបរទេស បាន​អះអាងថា គេ​នឹង​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ ដើម្បី រាំងទប់ស្កាត់​កុំ​ឲ្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​បញ្ចេញ​ថវិកាបន្ថែម ទៅ​សង់ជញ្ជាំង ដ៏អាម៉ាស​មួយនេះ នៅព្រំដែន​អាមេរិក ម៉ិចស៊ិក៕

(អត្ថបទដកស្រង់​ពីទីភ្នាក់ងារAFP)

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ