អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-សហរដ្ឋ​អាមេរិក

សហរដ្ឋអាមេរិកសុំអង្គការសហប្រជាជាតិឱ្យគាំទ្រកិច្ចព្រមព្រៀងអាមេរិក-តាលីបង់

រដ្ឋមន្ត្រីក្រសួងការបរទស​អាមេរិក ពេល​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​អាមេរិក-តាលីបង់ ថ្ងៃទី ២៩​កុម្ភៈ ២០២០
រដ្ឋមន្ត្រីក្រសួងការបរទស​អាមេរិក ពេល​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​អាមេរិក-តាលីបង់ ថ្ងៃទី ២៩​កុម្ភៈ ២០២០ KARIM JAAFAR / AFP

សហរដ្ឋ​អាមេរិក​ កំពុង​ពិភាក្សា​ស្វែង​រក​ការ​គាំទ្រកិច្ចព្រមព្រៀង​ស​ន្តិភាព​អាមេរិក​-តាលីបង់ ​ពី​​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​១៤​ប្រទេស​ផ្សេង​ទៀត។ អាមេរិក​ចង់​ឱ្យកិច្ចព្រមព្រៀង​ទ្វេភាគី​ដែលខ្លួន​​បាន​ចុះហត្ថលេខា​ជាមួយ​ពួក​តាលីបង់​ កាលពី​ថ្ងៃទី ២៩​កុម្ភៈ២០២០ ក្លាយ​​កិច្ចព្រមព្រៀង​ទទួល​យក​ដោយ​​​អង្គការ​សហប្រជាជាតិ តាម​រយៈ​ការ​អនុម័ត​​ចេញ​​​ជា​សេចក្តី​សម្រេច​ចិត្ត​មួយ។ ជាសំណើបែប​បទ​ដ៏​កម្រ​ ព្រោះ​នេះគ្រាន់​តែ​​ជា​កិច្ចព្រមព្រៀង​រវាង​ប្រទេស​មួយ ជាមួយ​នឹង​ពួក​ឧទ្ទាម។

ផ្សាយពាណិជ្ជកម្ម

បើ​តាម​គម្រោង​សេចក្តី​សម្រេចចិត្តស្នើ​ដោយសហរដ្ឋ​អាមេរិក​​ដែល​ភ្នាក់ងារសារព័ត៌មាន​បារាំង​ទទួល​បាន និង​ដែល​ក្រុមប្រឹក្សា​សន្តិសុខ​អាច​នឹងធ្វើ​ការ​បោះឆ្នោត​អនុម័ត​នៅ​ចន្ទ​ទី ៩មីនា​ខាង​មុខ អាមេរិក​ចង់​ឱ្យ​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ប្រកាស​ទទួល​យក​​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​អាមេរិក-តាលីបង់​សម្រេចបាន​​កាលពី​ថ្ងៃ​២៩​កុម្ភៈ ថា​ជា​អំណោយ​ផល​នៃ​សន្តិភាព​នៅ​អាហ្វហ្កានីស្ថាន។ អាមេរិក​​ចង់​ឱ្យ​គ្រប់​ប្រទេស​ជា​សមាជិក​​អង្គការ​សហប្រជាជាតិ ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង លើ​​ការ​ចរចា​ឆ្ពោះ​ទៅរក​កិច្ចព្រមព្រៀង​សន្តិភាព​ពេញ​លេញ និង​ជា​និរន្តន៍​ សម្រាប់​អាហ្វហ្កានីស្ថាន និង​ប្រជាពលរដ្ឋ​អាហ្វហ្កានីស្ថាន។

គម្រោង​សេចក្តី​សម្រេច​ចិត្ត​អាមេរិក ក៏​បាន​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ឱ្យ​ចូល​ចរចា​ជាមួយ​ពួក​តាលីបង់​ដើម្បី​សម្រេចកិច្ចព្រមព្រៀង​ឈប់​បាញ់​ទាំងស្រុង​និង​យូរ​អង្វែង។ ប៉ុន្តែ​​ខុស​ពី​គម្រោង​សេចក្តី​សម្រេច​មុន អត្ថបទ​ថ្មី​នេះ​ពុំ​មាន​ដាក់លក្ខខណ្ឌ​ចាំបាច់​ត្រូវ​ឱ្យមាន​​​ស្ត្រីក្នុង​តុចរចាទេ គឺ​មាន​ចែង​ត្រឹម​ថា ​ “អ្នក​ចរចា​ខាង​អាហ្វហ្កានីស្ថានមាន​​សមាសភាព​ជា​អ្នក​ដឹកនាំ​នយោបាយ​និង​សង្គមស៊ីវិល​ដែល​ខ្លះ​ជា​​ស្ត្រី”​។

សំណើ​អាមេរិក​បាន​គូសបញ្ជាក់​ទៀត​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​នឹង​ត្រៀម​សើរើ​​​ទណ្ឌកម្ម​ដែល​អង្គការ​សហប្រជាជាតិ​ដាក់ប្រឆាំង​​លើ​បុគ្គលនិង​ក្រុម​ផ្សេងៗ​នៅ​អាហ្វហ្កានីស្ថាន តាំង​ពី​ឆ្នាំ​២០១១មក​ នៅ​ពេល​ការចរចា​អន្តរអាហ្វហ្កានីស្ថាន​ចាប់​ផ្តើម។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី ២៩ កុម្ភៈ ២០២០ សហរដ្ឋ​អាមេរិក​និង​ពួក​ឧទ្ទាម​តាលីបង់ បាន​ចុះ​កិច្ចព្រមព្រៀង​ ​​ជា​ប្រវត្តិសាស្ត្រ​ ៖ អាមេរិក​សន្យា​ដកកងទ័ព​ទាំង​ស្រុង​ចេញ​អាហ្វហ្កានីស្ថាន នៅ​រវាង​១៨​ខែ ចំណែក​ខាង​តាលីបង់​សន្យា​ឈប់​ប្រព្រឹត្ត​សកម្មភាព​ភេរវកម្ម​និង​ចូល​ចរចា​ជាមួយ​រដ្ឋាភិបាល។ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ដោះ​លែង​អ្នក​ទោស ៥ពាន់​នាក់​ខាង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ទល់​នឹង​១ពាន់នាក់​ខាង​តាលីបង់។

សម្រេច​​កិច្ចព្រមព្រៀង​ជា​លក្ខណៈ​ទ្វេ​ភាគីរួច​ អាមេរិក​ចង់បានការ​ទទួល​ស្គាល់​ពី​​អង្គការ​សហប្រជាជាតិទៀត។ ប៉ុន្តែ​ដំណើរ​បែបបទនេះ​ពិតជាចម្លែក​​ណាស់ ! នេះ​ជា​បើ​តាម​អ្នក​ការទូត​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។ ក្រុម​ប្រទេស​លោក​ខាង​លិច​ ភ្ញាក់ផ្អើល​ខ្លាំង និងហាក់​​មិន​ពេញ​ចិត្ត​ប៉ុន្មាន​ទេ ប៉ុន្តែ​សម្ព័ន្ធមិត្ត​អាមេរិក​ទំនង​ជា​មិន​ប្រឆាំង​​ឡើយ។ ចុះ​ក្រុមប្រឹក្សា​សន្តិសុខ​ រុស្ស៊ី និង​ចិន​វិញ តើ​ពួកគេ​នឹងអាច​ទទួល​យក​កិច្ចព្រមព្រៀង​​អាមេរិក-តាលីបង់ ដែល​មាន​កប់​ឯកសាររណប​ពីរ​ដ៏​សម្ងាត់​នោះ ? នេះ​ជា​ចំណោទ​សួរ​របស់អ្នក​ការទូត​ដដែល។ ក្នុង​ដំណាក់កាល​នេះ គេមិន​ដឹង​អំពី​ជំហរ​របស់​ចិន​និង​រុស្ស៊ី​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ