អានតួអត្ថបទ

គណៈកម្មាធិការ​សភា​អាមេរិក​សន្និដ្ឋាន​ថា​យន្តហោះប៊ូអ៊ីង​ 737MAX ត្រូវបាន​ផលិតឡើង​ខុស​បច្ចេកទេស​

យន្តហោះប៊ូអ៊ីង737 MAX ជាច្រើនគ្រឿងនៅឯទីលានមួយក្នុងក្រុងវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក ក្នុងថ្ងៃទី១ កក្ដដា ឆ្នាំ២០១៩។
យន្តហោះប៊ូអ៊ីង737 MAX ជាច្រើនគ្រឿងនៅឯទីលានមួយក្នុងក្រុងវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក ក្នុងថ្ងៃទី១ កក្ដដា ឆ្នាំ២០១៩។ REUTERS - Lindsey Wasson

គណៈកម្មាធិការសភាអាមេរិក កាលពីថ្ងៃសុក្រទី ៦ មីនា បានសន្និដ្ឋានថា យន្តហោះប៊ូអ៊ីង 737MAX ជាប្រភេទយន្តហោះមួយ ដែលត្រូវបានផលិតឡើងខុសបច្ចេកទេសស្តង់ដា និងគ្មានសុវត្ថិភាព។ ព្រមជាមួយគ្នានេះ គណៈកម្មាធិការសភាអាមេរិក បានទាមទារផងដែរឲ្យមានអនុវត្តន៍តឹងរ៉ឹងជាងមុន ក្នុងការត្រួតពិនិត្យលើបច្ចេកទេសផលិតយន្តហោះ របស់ក្រុមហ៊ុនប៊ូអ៊ីង។

ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃសុក្រម្សិលមិញ តាមរយៈរបាយការណ៍មួយ​ គណៈកម្មាធិការសភាអាមេរិក បានស្តីបន្ទោសចំពោះ គណៈគ្រប់គ្រងរបស់ក្រុមហ៊ុនប៊ូអ៊ីង និង ភ្នាក់ងារអាកាសចរណ៍រដ្ឋសហព័ន្ធ (FAA) និងបានអំពាវនាវឱ្យពួកគេធ្វើកំណែទម្រង់មួយជាបន្ទាន់។

ជាកំណែទម្រង់ ដែលគណៈកម្មាធិការសភាអាមេរិកចង់សំដៅពីការផលិត និងត្រួតពិនិត្យយន្តហោះឲ្យបានល្អត្រឹមត្រូវ កុំឲ្យដូ​ចករណីយន្តហោះប៊ូអ៊ីង 737MAX ដែលត្រូវបានផលិតឡើងខុសបច្ចេកទេសនិងអាចបង្កជាគ្រោះថ្នាក់ខ្ពស់។ ទន្ទឹមគ្នានេះ គណៈកម្មាធិការ ក៏បានចង្អុលបង្ហាញឲ្យទីភ្នាក់ងារអាកាសចរណ៍រដ្ឋសហព័ន្ធអាមេរិក ធ្វើការត្រួតពិត្យឲ្យបានម៉ត់ចត់ជាទីបំផុត មុននឹងអនុញ្ញាតឲ្យប្រភេទយន្តហោះណាមួយ ចេញប្រតិបត្តិការឬអាចដាក់លក់លើទីផ្សារបាន។

មួយវិញទៀត ដើម្បីដោះស្រាយនូវវិបត្តិដែលបង្កឡើងដោយការធ្លាក់យន្តហោះប៊ូអ៊ីង 737MAX គណៈកម្មាធិការសភាអាមេរិក ក៏គ្រោងនឹងដាក់ចេញនូវច្បាប់ថ្មីមួយ ដើម្បីធានាថា យន្តហោះដែលត្រូវផលិតពិតជាត្រឹមត្រូវតាមបច្ចេកទេសស្តង់ដា និងមានសុវត្ថិភាពខ្ពស់ ដែលអាចឲ្យអ្នកដំណើរជឿទុកចិត្តបាន។

គួរជម្រាបជូនថា របាយការណ៍របស់ គណៈកម្មការសភាអាមេរិកចេញផ្សាយតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនថ្ងៃគម្រប់ខួបនៃការថ្នាក់យន្តហោះប៊ូអ៊ីង 737MAX របស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី។

ចាប់តាំងពីដាក់ឲ្យដំណើរការ យន្តហោះអាមេរិកប្រភេទ 737MAX បានជួបគ្រោះថ្នាក់ធ្លាក់ ចំនួនពីរដង ក្នុងរវាងប្រមាណតែបីខែប៉ុណ្ណោះ ដែលលើកទី១ គឺសោកនាដកម្មរបស់ក្រុមហ៊ុន Lion Air នៅប្រទេសឥណ្ឌូនេស៊ី ក្នុងខែតុលាឆ្នាំ ២០១៨។ គ្រោះថ្នាក់ទាំងពីរលើកនេះ បានសម្លាប់ជីវិតមនុស្សសរុបទាំងអស់ចំនួន  ៣៤៦ នាក់។

ក្រោយឧបទ្ទវហេតុធ្លាក់យន្តហោះនេះ ក្រុមហ៊ុនប៊ូអ៊ីង បានទទួលរងនូវការរិះគន់ជាខ្លាំង ហើយប្រទេសជាច្រើនក្នុងពិភពលោកបានផ្អាកប្រតិបត្តិការ និងផ្អាកការកុម្មង់ទិញ ហោះប៊ូអ៊ីង 737MAX រហូតធ្វើឲ្យក្រុមហ៊ុនប៊ូអ៊ីងរបស់អាមេរិក ត្រូវជួបវិបត្តិហិវញ្ញវត្ថុទៀតផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ