អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក៖លោកបៃដិនកំពុងបន្តមានប្រៀបខ្លាំងលើលោកស៊ែនឌើស៍សម្រាប់បេក្ខជនប្រធានាធិបតីក្នុងគណបក្សប្រជាធិបតេយ្យ

សំឡេង ០៦:១៨
លោកប៊ែរនី ស៊ែនឌើស៍ (រូបឆ្វេង) និង​លោក​ចូ បៃដិន
លោកប៊ែរនី ស៊ែនឌើស៍ (រូបឆ្វេង) និង​លោក​ចូ បៃដិន REUTERS/Jonathan Ernst

នៅ​អាមេរិក ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​បន្ត​មាន​រវាង​បេក្ខជន​ប្រជែង​គ្នា​ពីរ​រូប គឺ​លោក​ចូ បៃដិន និង​លោក​ប៊ែរនី ស៊ែនឌើស។ ការ​បោះឆ្នោត​នា​ថ្ងៃ​អង្គារ ទី១០ មីនា​ដែល​គេ​ហៅ « Mini-Super Tuesday » បាន​រៀប​ចំ​នៅ​ក្នុង​រដ្ឋ​ចំនួន ៦។ លទ្ធផល​បាន​បង្ហាញ​ថា មាន​រដ្ឋ​យ៉ាង​តិច​ចំនួន ៤ដែល​លោក​បៃដិន​បាន​ឈ្នះ​លោក​ស៊ែនឌើស៍ ពិសេស​គឺ​រដ្ឋ Michigan។ ក្នុង​ពេល​ដែល​កំពុង​រង់ចាំ​លទ្ធផល​នៅ​ក្នុង​រដ្ឋ​ចំនួន ២ទៀត លោក​បៃដិន​បាន​បោះដៃ​រក​គូប្រជែង​លោក​ស៊ែនឌើស​ដើម្បី​រួម​កម្លាំង​គ្នា​យក​ឈ្នះ​លោក​ដូណាល់ ត្រាំ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​នា​ខែ​វិច្ឆិកា​ខាង​មុខ។ គួរ​រម្លឹក​ថា​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ ទី៣ មីនា​ដែល​គេ​ហៅ « Super Tuesday » លោក​បៃដិន​ក៏​មាន​ប្រៀប​ជាង​លោក​ស៊ែនឌើស៍​ដែរ។

ផ្សាយពាណិជ្ជកម្ម

គេ​អាច​និយាយ​បាន​ថា មួយ​ជំហាន​ម្តងៗ លោក​ចូ បៃដិន​ហាក់​កំពុង​មានប្រៀបខ្លាំង​លើ​លោក​ប៊ែរនី ស៊ែនឌើស៍​។ ការ​ហ៊ាន​និយាយ​យ៉ាង​ដូច​នេះ​ដោយ​មាន​ហេតុផល​មួយ​ចំនួន ពិសេស​ជ័យជម្នះ​របស់​លោក​ចូ បៃដិន​នៅ​ក្នុង​រដ្ឋ Michigan ដែល​ជា​រដ្ឋ​ឧស្សាហកម្ម​មួយ​ស្ថិត​ក្នុង​តំបន់ Midwest។ គួរ​រម្លឹក​ថា ការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ក្នុង​គណបក្សប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ ២០១៦ លោក​ប៊ែរនី ស៊ែនឌើស៍​បាន​ឈ្នះ​លោកស្រី​ហ៊ីឡារី គ្លីនតុន​នៅ​ក្នុង​រដ្ឋ Michigan។ តែ​ឥឡូវ​នេះ និង​ខុស​ពី​ក្តីសង្ឃឹម​ទុក លោក​ស៊ែនឌើស៍​បែរ​ជា​បាន​ទទួល​បរាជ័យ​យ៉ាង​ជូរចត់​ទៅ​វិញ។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា លោក​បៃដិន​អាច​ប្រមូល​យក​សំឡេង​របស់​កម្មករ​ដែល​ធ្លាប់​គាំទ្រ​លោក​ស៊ែនឌើស៍​កាល​ពី ៤ឆ្នាំ​មុន។

ក្រៅ​ពី​រដ្ឋ Michigan ដែល​ជា​រដ្ឋ​គន្លឹះ លោក​បៃដិន​ក៏​បាន​ទទួល​សំឡេង​នាំ​មុខ​លោក​ស៊ែនឌើស៍​នៅ​ក្នុង​រដ្ឋ​ផ្សេង​ទៀត ដូច​យ៉ាង​រដ្ឋ Idaho រដ្ឋ Missouri និង​រដ្ឋ Mississipiដែរ។ គេ​នៅ​មិន​ទាន់​ដឹង​លទ្ធផល​នៅ​ក្នុង​រដ្ឋ​ចំនួន ២ទៀត គឺ​រដ្ឋ North Dakota និង​រដ្ឋ​វ៉ាស៊ីនតោន។ តែ​ទោះ​ជា​លោក​ស៊ែនឌើស៍​ឈ្នះ ឬ​មិន​ឈ្នះ​លោក​បៃដិន​នៅ​ក្នុង​រដ្ឋ​ទាំង​ពីរ​នេះ​ក្តី ក៏​លោក​ស៊ែនឌើស៍​មិន​អាច​ស្រោចស្រង់​ភាព​បរាជ័យ​របស់​លោក​បាន​ដែរ។ គួរ​រម្លឹក​ថា ការ​បោះឆ្នោត​នា​ថ្ងៃ​អង្គារ ទី៣ មីនា​ដែល​គេ​ហៅ « Super Tuesday »នៅ​ក្នុង​រដ្ឋ​ចំនួន ១៤ លោក​បៃដិន​បាន​ឈ្នះ​លោក​ស៊ែនឌើស៍​ចំនួន ១០រដ្ឋ។ រីឯ​ការ​បោះឆ្នោត​នា​ថ្ងៃ​អង្គារ ទី១០ មីនា​ដែល​គេ​ហៅ « Mini-Super Tuesday »នៅ​ក្នុង​រដ្ឋ​ចំនួន ៦ លោក​បៃដិន​បាន​ឈ្នះ​លោក​ស៊ែនឌើស៍​យ៉ាង​តិច ៤រដ្ឋ។

ដោយ​មិន​បង្អង់​យូរ និង​មិន​ចង់​បង្ហាញ​ក្តីត្រេកត្រអាល​ខ្លាំង​ពេក លោក​បៃដិន​បាន​ថ្លែង​សុន្ទរកថា​មួយ​យ៉ាង​ស្រគត់ស្រគំ​ដោយ​បោះដៃ​រក​លោក​ស៊ែនឌើស៍។ « ខ្ញុំ​ចង់​អរគុណ​ដល់​លោក​ប៊ែរនី ស៊ែនឌើស៍ និង​ក្រុម​សកម្មជន​របស់​គាត់​ចំពោះ​ការ​ចំណាយ​កម្លាំង​មិន​ចេះ​នឿយហត់ និង​ចំណង់ចំណូល​ចិត្ត​របស់​ពួក​គេ។ យើង​មាន​កម្មវត្ថុ​ដូច​គ្នា ហើយ​យើង​រួម​គ្នា​ដើម្បី​យក​ឈ្នះ​លោក​ដូណាល់ ត្រាំ »នេះ​ជា​ការ​ថ្លែង​របស់​លោក​បៃដិន។ ជាមួយ​នឹង​ការ​ថ្លែង​របៀប​នេះ លោក​បៃដិន​បាន​តាំង​ខ្លួន​រួច​ស្រេច​ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​គណបក្សប្រជាធិបតេយ្យ និង​ត្រៀមខ្លួន​ដើម្បី​ប្រឈម​ទល់​នឹង​លោក​ដូណាល់ ត្រាំ​មក​ពី​បក្សសាធារណរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ខែ​វិច្ឆិកា​ខាង​មុខ។

លោក​ប៊ែរនី ស៊ែនឌើស៍​រក្សា​ភាព​ស្ងៀមស្ងាត់

ខណៈ​នេះ លោក​ស៊ែនឌើស៍​បាន​ជ្រើស​យក​ផ្លូវ​នៅ​ស្ងៀមស្ងាត់​ដោយ​មិន​និយាយ​ស្តី​អ្វី​ទាំង​អស់។ គេ​ពិត​ជា​អាច​យល់​បាន​ពី​ជម្រើស​មួយ​នេះ​របស់​លោក​ស៊ែនឌើស៍ បន្ទាប់​ពី​លោក​បាន​ចាញ់​លោក​បៃដិន​ជា​បន្តបន្ទាប់។ តាម​បណ្តាញសារព័ត៌មាន​អាមេរិក លោក​ស៊ែនឌើស៍​នឹង​ថ្លែង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ដោយ​មិន​ទាន់​ដឹង​ថា តើ​លោក​ស៊ែនឌើស៍​នឹង​និយាយ​អ្វី​ខ្លះ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្តី មាន​ជម្រើស​តែ​ពីរ​គត់​សម្រាប់​លោក​ស៊ែនឌើស៍ ជម្រើស​ទី១ ដកខ្លួន​ចេញ​ពី​ការ​ប្រកួត​នៅ​ពាក់កណ្តាលទី និង​ជម្រើស​ទី២ បន្ត​ការ​ប្រកួត​រហូត​ដល់​ទឹក​ចុងក្រោយ។ សម្រាប់​ក្រុម​សកម្មជន​របស់​លោក​ស៊ែនឌើស៍ គឺ​មាន​តែ​ការ​សោកស្តាយ និង​ខកចិត្ត ព្រោះ​ពួក​គេ​បាន​គាំទ្រ និង​បន្ត​មាន​ជំនឿ​លើ​លោក​ស៊ែនឌើស៍។

អ៊ីចឹង​ហើយ​បាន​ជា​ពេល​នេះ មាន​អ្នក​ខ្លះ​ចង់​ឲ្យ​លោក​ស៊ែនឌើស៍​បន្ត​ការ​ប្រកួត​រហូត​ដល់​នាទី​ចុង​ក្រោយ និង​បញ្ជាក់​ថា ទោះ​បី​ជា​លោក​ស៊ែនឌើស៍​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ក៏​ដោយ ក៏​ពួក​គេ​បន្ត​យុទ្ធនាការ​ដើម្បី​បង្វែរ​គណបក្សប្រជាធិបតេយ្យ​ឲ្យ​មាន​លក្ខណៈ​ចម្រើននិយម​ជាង​មុន​ដូច​គំនិត​របស់​លោក​ស៊ែនឌើស៍។ តែ​អ្នក​ខ្លះ​ទៀត​ចង់​ឲ្យ​លោក​ស៊ែនឌើស៍​ដក​ខ្លួន​ចេញ​ពេល​នេះ ហើយ​បង្វែរ​ការ​គាំទ្រ​ចំពោះ​លោក​បៃដិន។ កម្មវត្ថុ​របស់​ក្រុម​សកម្មជន​ប្រភេទ​នេះ គឺ​មក​ពី​ពួក​គេ​មិន​ចង់​ឃើញ និង​មិន​ចង់​ឲ្យ​មាន​ការ​បែកបាក់​នៅ​ផ្ទៃក្នុង​គណបក្ស​ប្រជាធិបតេយ្យ។ សកម្មជន​ម្នាក់​របស់​លោក​ស៊ែនឌើស៍​បាន​បញ្ជាក់​រួច​ហើយ​ថា បើ​លោក​ស៊ែនឌើស៍​ដក​ខ្លួន​ពី​ការ​ប្រកួត រូប​គេ​នឹង​បោះឆ្នោត​ឲ្យ​លោក​បៃដិន ទោះ​បី​ជា​ខ្លួន​មិន​ចូលចិត្ត និង​មិន​យល់ស្រប​តាម​នយោបាយ​របស់​លោក​បៃដិន​ក៏​ដោយ។

សប្តាហ៍​ក្រោយ​នឹង​បន្ត​មាន​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ចំនួន ៤ទៀត ហើយ​បើ​តាម​លទ្ធផល​ស្ទង់មតិ លោក​បៃដិន​នឹង​ឈ្នះ​លោក​ស៊ែនឌើស៍​ដោយ​មិន​ពិបាក។ តើ​រវាង​ដក​ខ្លួន​ចេញ​ពេល​នេះ និង​បន្ត​ការ​ប្រកួត​ដល់​នាទី​ចុង​ក្រោយ លោក​ស៊ែនឌើស៍​នឹង​ជ្រើស​យក​មួយ​ណា?។ មាន​តែ​លោក​ស៊ែនឌើស៍​ខ្លួន​លោក​ទេ​ទើប​ដឹង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ