អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Covid-19៖ លោក​ដូណាល់ ត្រាំ ​សម្រេច​បិទ​ការ​ធ្វើ​ដំណើរ ពី​ប្រទេស​អឺរ៉ុប​ចំនួន​​៣០​ថ្ងៃ​

សំឡេង ០៧:១៩
លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងពេល​ថ្លែងសន្ទរកថា ពីសេតវិមាន ក្រុងវ៉ាស៊ីនតោន ស្តីពីមេរោគCovid-19។ ថ្ងៃអង្គារ ទី១១មីនា​២០២០​
លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងពេល​ថ្លែងសន្ទរកថា ពីសេតវិមាន ក្រុងវ៉ាស៊ីនតោន ស្តីពីមេរោគCovid-19។ ថ្ងៃអង្គារ ទី១១មីនា​២០២០​ REUTERS - POOL

នៅអឺរ៉ុប ការឆ្លងរាលដាលមេរោគកូរ៉ូណា កំពុងតែឡើងល្បឿន គួរឲ្យព្រួយបារម្ភ។​ អ៊ីតាលីដែលធ្ងន់ធ្ងរជាងគេ មានអ្នកឆ្លងសរុប គិតត្រឹមថ្ងៃព្រហស្បតិ៍ទី១២មីនានេះ មានចំនួន១២៤៦២នាក់ ក្នុងនោះស្លាប់៨២៧នាក់។ បារាំង​ មានអ្នកឆ្លងប្រមាណ២២៨០នាក់ ស្លាប់៤៨នាក់។ នៅអេស្ប៉ាញវិញ ត្រឹមតែ​រយៈពេល​៣ថ្ងៃចុងក្រោយនេះ ចំនួនអ្នងឆ្លង​មេរោគ Covid-19 បានកើនឡើងមួយគុណជា៤ ពោលគឺមានចំនួន​សរុប​ ជាង២ពាន់នាក់។ ប្រឈមនឹងបញ្ហានេះ លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បាន​សម្រេច​កាលពីល្ងាចថ្ងៃពុធទី១១មីនា ដោយ​បានហាមឃាត់ ការធ្វើដំណើរមកពីប្រទេសអឺរ៉ុប រយៈពេល​៣០ថ្ងៃ។

ផ្សាយពាណិជ្ជកម្ម

ហាមឃាត់អ្នកដំណើរមកពី ប្រទេសអឺរ៉ុប២៦ប្រទេស

នៅក្នុងសុន្ទរកថា ថ្លែងចេញពីសេតវិមានអាមេរិក កាលពីថ្ងៃពុធទី១១មីនា លោក ដូណាល់ ត្រាំ បានប្រកាសថា ចាប់ពីថ្ងៃសុក្រ ទី១៣មីនា វេលាម៉ោង១២យប់ទៅ ការធ្វើដំណើរមកពី​ប្រទេសអឺរ៉ុប តំបន់ឆិនហ្គិនទាំងអស់ នឹងត្រូវហាមឃាត់ រយៈពេល៣០ថ្ងៃ។ ប្រទេសអឺរ៉ុប សមាជិកតំបន់ឆិនហ្គិន (Espace Schengen) គឺមានចំនួន​២៦ប្រទេស ដែលមានន័យថា ការធ្វើដំណើរចេញចូលរវាងប្រទេសទាំងនេះ គឺមិនចាំបាច់មានទិដ្ឋាកាទេ។ ប្រទេសអង់គ្លេស មិនស្ថិតនៅក្នុងតំបន់ឆិនហ្គិន ដូច្នេះមិនជាប់បំរាមរបស់អាមេរិកទេ។

នៅក្នុង​លិខិតប្រកាសរបស់ក្រសួងការបរទេសអាមេរិក បានលំអិតថា អ្នកដំណើរណាក៏ដោយ ដែលបាន​ស្នាក់នៅ ឬបាន​ឆ្លងកាត់ប្រទេសអឺរ៉ុបតំបន់ឆិនហ្គិន រយៈពេល១៤ថ្ងៃ មុននឹងដល់ថ្ងៃដែលត្រូវមកដល់​សហរដ្ឋ​អាមេរិក គឺត្រូវ​ហាមឃាត់​មិនឲ្យធ្វើដំណើរមកជាដាច់ខាត។ លើកលែងតែអ្នកដំណើរនោះ ជាជនជាតិ​អាមេរិក ឬ​ជាអ្នក​មាន​បណ្ណស្នាក់នៅ​ (Green Card)​ របស់អាមេរិក និងអ្នក​ដំណើរ​ដែល​ជា​ឪពុក​ម្តាយ​របស់​ជនជាតិ​អាមេរិក។

សម្រេចដោយអត្តនោម័ត គ្មានសួរយោបល់សហភាពអឺរ៉ុប

មន្ត្រីការទូតរបស់​សហភាពអឺរ៉ុបម្នាក់​ បាន​លើកឡើងថា ភាគីសហរដ្ឋ​អាមេរិក មិនបានជូនដំណឹងមកគេមុន សូម្បីតែមួយម៉ាត់ ទាក់ទិននឹង​ការ​សម្រេច​ហាមឃាត់​អ្នកដំណើរ​ចេញពី​អឺរ៉ុបនេះ។ នៅព្រឹកថ្ងៃព្រហស្បតិ៍​​ទី១២មីនា​ លោកស្រី​ប្រធាន​គណកម្មការអឺរ៉ុប បានចេញប្រកាស​មួយ ដោយ​បាន​លើកឡើង​ថា “មេរោគ ​Covid-19 គឺជា​ជម្ងឺ​ឆ្លងរាតត្បាតទូទាំងពិភពលោក វាមិនមែន​មាននៅ​តែ​ប្រទេស​ណាមួយ ​ឬ​ទ្វីប​​ណា​មួយ​​នោះទេ។ ស្ថិត​ក្នុង​កាលៈទេសៈ​នេះ ប្រទេស​ទាំងអស់​​លើ​ពិភពលោក គួរណាតែសហការគ្នា មិនមែន​​សម្រេចអ្វី​ស្រេចតែ​នឹងចិត្ត​ឯងឡើយ”។

ប្រកាស​របស់​ប្រធាន​គណកម្មការ​អឺរ៉ុប បន្តថា “សហភាពអឺរ៉ុប មិនយល់​ស្រប​ជាមួយ​ទេ ដែល​សហរដ្ឋ​អាមេរិក សម្រេច​​ដោយ​​អត្តនោម័ត​ ក្នុងបិទការធ្វើដំណើរពីអឺរ៉ុប ដោយគ្មានសួរយោបល់ ឬពិភាក្សា ជាមួយសហភាពអឺរ៉ុប សូម្បីតែមួយម៉ាត់”។ ដោយឡែក លោក Charles Michel ប្រធានាក្រុមប្រឹក្សាអឺរ៉ុប បានមានប្រតិកម្ម ដោយបានសរសេរលើទំព័រ Twitter ថា “សហភាពអឺរ៉ុប នឹងធ្វើគ្រប់យ៉ាង ដើម្បីឲ្យផលវិបាកលើសេដ្ឋកិច្ច មានការប៉ះពាល់តិចបំផុត​”។

វិបត្តិសេដ្ឋកិច្ច កាន់តែលេចរូបឡើង

ប៉ុន្មានថ្ងៃចុងក្រោយនេះ មា​នការបារម្ភជាខ្លាំង ថាពិភពលោក នឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ការសម្រេចបិទការធ្វើដំណើរពីអឺរ៉ុប ទៅអាមេរិកនាពេលនេះ គឺរិតធ្វើឲ្យការភ័យបារម្ភនេះ មានទំហំធំ។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ទីផ្សារហ៊ុនអឺរ៉ុប មិនថានៅប៉ារីស នៅឡុងដ៍ ឬនៅហ្វ្រង់ហ្វ័ដទេ គឺសុទ្ធតែបានធ្លាក់ថ្លៃយ៉ាងតិច៥%។ បើគិតពីដើមឆ្នាំ២០២០នេះមក ទីផ្សារភាគហ៊ុននៅអឺរ៉ុប បានធ្លាក់ថ្លៃជាមធ្យម២៥% ឯណោះ។ នៅអូស្ត្រាលី តម្លៃហ៊ុនបានធ្លាក់ចុះដល់ទៅ​ ៧,៤%។ នៅអាស៊ីវិញ តម្លៃហ៊ុនរបស់ទីផ្សារប្រេង បានធ្លាក់ចំនួន​៦%។ នៅ Wall Street តារាងតម្លៃហ៊ុន ក៏ធ្លាក់ជាមធ្យម៥%ដែរ  កាលពីថ្ងៃពុធទី​១១មីនា។ លោកដូណាល់ ត្រាំនៅតែអះអាងទៀតថា បន្តិចទៀតទីផ្សារហិរិញ្ញវត្ថុ និងត្រលប់មករកលំនឹងល្អវិញហើយ​។

វិស័យដែលជួបការលំបាកជាងគេ ដោយការបិទការធ្វើដំណើរ ពីអឺរ៉ុបទៅសហរដ្ឋអាមេរិកនេះ គឺ​វិស័យ​ទេសចរណ៍ និងវិស័យអាកាលចរណ៍។ ក្រុមហ៊ុនអាកាសចរណ៍សឹងតែទាំងអស់ បានកាត់បន្ថយជើងហោះហើរ ឬបានបិទទាំងស្រុងតែម្តង ជាមួយគោលដៅមួយចំនួនរួចទៅហើយ។

ពេលដំបូងនៅក្នុងសន្ទរកថា លោកដូណាល់ ត្រាំ បាននិយាយថា ចរាចរណ៍ទំនិញពីអឺរ៉ុប មកសហរដ្ឋអាមេរិក ក៏ត្រូវជាប់ក្នុងបំរាម ៣០ថ្ងៃនេះដែរ។ តែក្រោយមក ប្រហែលជាមានការឲ្យយោបល់ពីទីប្រឹក្សា លោកដូណាល់ ត្រាំ បានបញ្ជាក់ លើទំព័រTwitter ថា ចរាចរណ៍ទំនិញពាណិជ្ជកម្ម មិនជាប់ពាក់ព័ន្ធក្នុងបំរាមថ្មីនេះទេ។ តែយ៉ាងណា ប្រឈមនឹងភាពមិនប្រាកដ​ប្រជានេះ វិស័យសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងការលំបាកខ្លាំងណាស់។

លោកត្រាំថា ជាកំហុសរបស់អឺរ៉ុប

យោងតាមតួលេខចុងក្រោយ ត្រឹមល្ងាចថ្ងៃពុធ ទី១១មីនា នៅសហរដ្ឋអាមេរិក មានអ្នកឆ្លងមេរោគ Covid-19 ចំនួនប្រមាណ​១២០០នាក់ រួចទៅហើយ ហើយគ្រាន់តែ២៤ម៉ោងចុងក្រោយនេះ មានករណីឆ្លងថ្មីដល់ទី១៩០ករណី។ កន្លងមក លោកដូណាល់ ត្រាំ ធ្លាប់ត្រូវបាន​មតិមួយចំនួន​រិះគន់ ថាមានភាពយឺតយ៉ាវ ក្នុងការចាត់វិធានការទប់ស្កាត់ការឆ្លង​រាលដាល។ តាំងតែពីផ្ទុះការឆ្លងរាលដាល មេរោគCovid-19 នេះ លោកដូណាល់ ត្រាំ តែងតែនិយាយថាកុំបារម្ភ​ វាមិនធ្ងន់ធ្ងរទេ។ មិនត្រឹមតែមិនទទួលស្គាល់ពីទំហំធ្ងន់ធ្ងរ នៃការឆ្លងរាលដាលប៉ុណ្ណោះទេ លោកដូណាល់ ត្រាំ ថែមទាំងបាននិយាយ ឬធ្វើផ្ទុយ អំពី​អនុសាសន៍​របស់​អ្នក​ជំនាញផ្នែកសុខាភិបាល​ទៀតផង។

ឥឡូវពេលនេះ ចង់មិនចង់ លោកដូណាល់ ត្រាំ ត្រូវតែបង្ខំចិត្តបើកភ្នែកទទួលស្គាល់ការពិត ថា​ការបណ្តែត​បណ្តោយ​កន្លងមក វាបានធ្វើឲ្យស្ថានការណ៍ឆ្លងរាលដាល កាន់តែធ្ងន់ធ្ងរ ហើយមតិសាធារណៈរបស់ប្រជាជនអាមេរិក ក៏កាន់តែភ័យជ្រួលច្របល់ដែរ។ ដូច្នេះ គឺប្រជាប្រិយភាពរបស់គាត់ ដែលអាចប្រឈមគ្រោះថ្នាក់។ នេះជាហេតុផលមួយ ដែលជំរុញឲ្យគាត់ចេញវិធានការក្តៅបែបនេះ។

នៅក្នុងសុន្ទរកថារបស់គាត់ លោកដូណាល់ ត្រាំ បានប្រើពាក្យថា “មេរោគបរទេស” ដែលហាក់មានន័យថា ការឆ្លងរាលដាលCovid-19 នៅអាមេរិក គឺជាកំហុសមកពីជនបរទេស។ លោកដូណាល់ ត្រាំ បានឆ្លៀតនិយាយបន្ទោសប្រទេសអឺរ៉ុប ថា មកពីអឺរ៉ុបមិនបានចាត់វិធានការឲ្យបានតឹងតែង ពេលដែលផ្ទុះមេរោគនេះនៅចិនភ្លាម។ គាត់ថា ប្រទេសអឺរ៉ុប ធ្វើការខ្ជីរខ្ជារណាស់ បានជាបណ្តោយឲ្យមេរោគនេះ ឆ្លងមកសហរដ្​អាមេរិក តាម​រយៈអ្នកដំណើរ។

ជាមួយនឹងការ​សម្រេច ហាមឃាត់អ្នកដំណើរមកពីអឺរ៉ុបនេះ កម្មវត្ថុរបស់លោកដូណាល់ ត្រាំនៅពេលនេះ គឺចង់បង្ហាញប្រាប់ថា កាត់ក្តាប់ស្ថានការណ៍បានល្អ ចាត់វិធានការឆ្លើយតបទៅនឹងភាពអាសន្នជាក់ស្តែង​។ តែយ៉ាងណា ក្រុមគណបក្ស​ប្រជាធិបតេយ្យ បានលើកឡើងថា រដ្ឋាភិបាលលោកដូណាល់ ត្រាំ ធ្វើការយឺតយ៉ាវបំផុត ក្នុងការផ្តល់ជូនសេវាកម្ម​ពិនិត្យស្វែងរកមេរោគ ឲ្យបានទូលំទូលាយ ទៅឲ្យប្រជាជន។ នៅក្នុងសន្ទរកថារបស់គាត់ លោកដូណាល់ ត្រាំ មិនបាន​លើកឡើងពីការបង្កើនសង្វាក់ផលិតកម្ម ក្នុងការផលិតសម្ភាៈពិនិត្យរក​មេរោគ សម្ភារៈការពារការចម្លងមេរោគ ដូចជាម៉ាស ឬទឹកអាល់កុលលាងដៃនោះទេ។ ដូច្នេះ មិនប្រាកដទេ ថាត្រឹមសម្រេចបិទ កុំឲ្យមានអ្នកដំណើរពីអឺរ៉ុប សហរដ្ឋអាមេរិក នឹងរួចខ្លួន ពីការឆ្លងរាលដាលCovid-19នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ