អានតួអត្ថបទ

នាយករដ្ឋមន្ត្រី​កាណាដា​ត្រូវគេដាក់ឲ្យ​នៅដាច់​ដោយឡែក​ក្រោយ​ភរិយា​លោក​ឆ្លង​មេរោគ​កូរ៉ូណាថ្មី​

នាយករដ្ឋមន្ត្រីកាណាដា ហ្សូស ស្តាំង ទ្រុយដូ និងភរិយា។
នាយករដ្ឋមន្ត្រីកាណាដា ហ្សូស ស្តាំង ទ្រុយដូ និងភរិយា។ REUTERS - Patrick Doyle

មេរោគកូរ៉ូណាថ្មី កំពុងបន្តរាតត្បាតឥតឈប់ក្នុងពិភពលោក និងកំពុងធ្វើឲ្យទីផ្សារមូលបត្រសកលជួបភាពជ្រួលច្របល់ខ្លាំង។ គិតត្រឹមថ្ងៃសុក្រ ទី ១៣ ខែមីនានេះ ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណា នៅទូទាំងសាកលលោក មានចំនួនជិត ៥ ពាន់នាក់ និងឆ្លងទៅកាន់មនុស្សជាង ១៣ ម៉ឺននាក់។ មន្ត្រី និងថ្នាក់ដឹកនាំប្រទេសមួយចំនួន កំពុងប្រឈមខ្លាំងក្នុងការឆ្លងមេរោគនេះ ហើយករណីចុងក្រោយគេ គឺ លោកនាយករដ្ឋមន្ត្រីកាណាដា ហ្សូសស្តាំង ទ្រុយដូ ដែលភរិយារបស់លោក ទើបត្រូវគេធ្វើតេស្តរកឃើញមេរោគកូរ៉ូណាថ្មីដែរ កាលពីថ្ងៃព្រហស្បតិ៍ ទី ១២ មីនា។

ផ្សាយពាណិជ្ជកម្ម

ក្រោយពីភរិយារបស់លោក ត្រូវបានធ្វើតេស្តរកឃើញថាមានមេរោគកូរ៉ូណាថ្មីភ្លាម លោកនាយករដ្ឋមន្ត្រីកាណាដា ហ្សូសស្តាំង ទ្រុយដូ ត្រូវគេដាក់ឲ្យនៅដាច់ដោយឡែកពីគេឯងភ្លាមផងដែរ។

បើតាមសេចក្តីថ្លែងការណ៍មួយ ចេញដោយការិយាល័យរដ្ឋាភិបាលកាណាដា កាលពី យប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកទ្រុយដូ មានសុខភាពល្អ និងមិនមានរោគសញ្ញានៃជងឺកូវីដ-១៩ ឡើយ។ ក៏ប៉ុន្តែ លោកត្រូវបាន គេដាក់ឲ្យនៅដាច់ដោយឡែកទៅតាមយោបល់របស់ក្រុមគ្រូពេទ្យជំនាញ។

តែទោះបីជាត្រូវគេដាក់ឲ្យនៅដាច់ដោយឡែកក្តី ក៏នាខណៈពេលនេះ ប្រមុខដឹកនាំកាណាដា លោកហ្សូសស្តាំង ទ្រុយដូ នៅតែបន្តធ្វើការងារជាធម្មតា ហើយនៅថ្ងៃសៅរ៍ស្អែកនេះ លោកនឹងថ្លែងសុន្ទរកថាមួយ ទៅកាន់ជនរួមជាតិរបស់លោកទាំងមូលទាំងផងដែរ។ នេះបើតាមការអះអាងពីខាងការិយាល័យរដ្ឋាភិបាលកាណាដា។

មួយវិញទៀត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកទ្រុយដូ បានជួបពិភាក្សាជាមួយច្រើនតាមរយៈទូរសព្ទ ជាមួយមេដឹកនាំពិភពដូចជាអាមេរិក អ៊ីតាលី អាល្លឺម៉ង់ ព្រមទាំងជាមួយគណៈរដ្ឋមន្ត្រីពិសេសកាណាដា ទទួលបន្ទុកការងារទប់ស្កាត់ការរីករាលនៃមេរោគកូរ៉ូណាថ្មី។

នៅថ្ងៃសុក្រនេះដែរ លោកទ្រុយដូ នឹងពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលសំខាន់ៗជាច្រើននាក់ផងដែរ ដើម្បីរិះរកវិធីឆ្លើយតបទៅនឹងការរាតត្បាតរបស់មេរោគកូរ៉ូណា និងធ្វើយ៉ាងណាជួយស្រោចស្រង់សេដ្ឋកិច្ចកុំឲ្យរងគ្រោះខ្លាំងដោយសារមេរោគនេះ។

គួរកត់សម្គាល់ថា រហូតមកទល់នឹងពេលនេះ ករណីឆ្លងមេរោគកូរ៉ូណាថ្មី នៅក្នុងប្រទេសកាណាដា មានចំនួនជិត ១៥០ ករណី នៅក្នុងរដ្ឋចំនួន ៦។ ចំណែកអ្នកស្លាប់វិញ មានចំនួនម្នាក់។

ករណីក្នុងប្រទេសកាណាដា ភាគច្រើនឆ្លងចេញមកពីប្រទេសចិន អ៊ីរ៉ង់ អ៊ីតាលី អេហ្ស៊ីប។ ជាមួយគ្នានេះ បើយោងតាមអាជ្ញាធរសុខាភិបាលកាណាដា នៅពេលថ្មីៗនេះ មានមនុស្ស ៧ នាក់ ដែលទើបមកពីសហរដ្ឋអាមេរិក ក៏ត្រូវគេធ្វើតេស្តរកឃើញមេរោគផ្លូវដង្ហើមថ្មីនេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ