អានតួអត្ថបទ
អាមេរិក-Covid-១៩

អាមេរិក៖ក្រុងញូយ៉ក និងឡូសអន់យឺឡេសចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាល Covid-១៩

An empty restaurant is seen in the Manhattan borough following the outbreak of the coronavirus disease
An empty restaurant is seen in the Manhattan borough following the outbreak of the coronavirus disease REUTERS - JEENAH MOON

នៅអាមេរិក រដ្ឋអំណាច​ក្នុង​ទីក្រុង​ញូយ៉ក និង​ឡូសអន់យឺឡេស​បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​ថ្ងៃអាទិត្យ ទី១៥ មីនា​ពី​ការ​បិទ​ភោជនីយដ្ឋាន ហាងកាហ្វេ រោងល្ខោន និង​រោងកុន។ គោលដៅ គឺ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគកូរ៉ូណាថ្មី​ដែល​បាន​សម្លាប់​មនុស្ស​ចំនួន ៦៥នាក់ និង​អ្នក​ឈឺ​ជិត ៣ ០០០នាក់​គិត​ត្រឹម​ថ្ងៃទី១៥ មីនា។ តែ​ទន្ទឹម​គ្នា​នេះ រដ្ឋអណាច​ក្នុង​ទីក្រុង​ទាំង​ពីរ​បាន​អនុញ្ញាត​ឲ្យ​ភោជនីយដ្ឋាន និង​ហាងកាហ្វេ​បន្ត​លក់​ដោយ​ដឹកជញ្ជូន​ទៅ​ឲ្យ​អតិថិជន​ដល់​ផ្ទះ ឬ​មួយ​ក៏​អតិថិជន​ទៅ​យក​ដល់​ទីកន្លែង​ផ្ទាល់ មាន​ន័យ​ថា មិន​បើក​ទ្វារ​ទទួល​ភ្ញៀវ​ឲ្យ​ចូល​អង្គុយ​ទទួល​ទាន​ក្នុង​ហាង​ទេ។

ផ្សាយពាណិជ្ជកម្ម

 « មិន​មែន​ជា​ការ​សម្រេច​មួយ​ដែល​ខ្ញុំ​ធ្វើ​ស្រាលៗ​នោះ​ទេ » នេះ​ជា​ការ​ថ្លែង​របស់​ចៅហ្វាយ​ក្រុង​ញូយ៉ក​លោក Bill de Blasion នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា មេរោគកូរ៉ូណាថ្មី​អាច​ឆ្លង​រាលដាល​លឿន​ខ្លាំង​ជាមួយ​នឹង​ការ​ជួបជុំ ប្រមូលផ្តុំ​របស់​អ្នក​ក្រុង​ញូយ៉ក​នៅ​តាម​ភោជនីយដ្ឋាន ហាងកាហ្វេ ឬ​នៅ​កន្លែង​ផ្សេងៗ​ទៀត។ « យើង​ត្រូវ​តែ​បិទ​ការ​ជួបជុំ​របៀប​នេះ ព្រោះ​ក្រុង​របស់​យើង​កំពុង​ប្រឈម​នឹង​ការ​គំរាមកំហែង​មួយ​មិន​ធ្លាប់​មាន ហើយ​យើង​ត្រូវ​ចាត់​វិធានការ​ទប់ស្កាត់​ជាមួយ​នឹង​ទឹកចិត្ត​ធ្វើ​សង្រ្គាម » នេះ​ជា​ការ​បន្ថែម​របស់​លោក Blasion មុន​នឹង​បញ្ជាក់​ថា វិធានការ​នេះ​ចូល​ជា​ធរមាន​ចាប់​ពី​ម៉ោង ៩ព្រឹក​ថ្ងៃ​អង្គារ ទី១៧ មីនា​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ថ្មី។

ដោយ​ឡែក​នៅ​ក្នុង​ទីក្រុង​ឡូសអន់យឺឡេស ក្រៅ​ពី​វិធានការ​ដូច​គ្នា​នឹង​ក្រុង​ញូយ៉ក ចៅហ្វាយ​ក្រុង​ឡូសអន់យឺឡេស​លោក Eric Garcetti បាន​បន្ថែម​ការ​បិទ​កន្លែង​ហាក់កីឡា ហើយ​វិធានការ​ទាំង​អស់​នេះ​ចូល​ជា​ធរមាន​ចាប់​អធ្រាត​យប់​ថ្ងៃ​អាទិត្យ ទី១៥ មីនា​រហូត​ដល់​ថ្ងៃ​ទី៣១ មីនា និង​អាច​ពន្យារ​ពេល​បន្ថែម។ នៅ​ក្នុង​ទីក្រុង​ញូយ៉ក មាន​ភោជនីយដ្ឋាន​ជាង ៥០ ០០០កន្លែង​នឹង​ត្រូវ​បិទទ្វារ។ តាម​សមាគម​ក្រុម​ភោជនីយដ្ឋាន ប្រាក់ចំណូល​ប្រចាំ​ឆ្នាំ​បាន​មក​ពី​វិស័យ​មួយ​នេះ​មាន​ជាង ៥១ ០០០លានដុល្លារ និង​បាន​ប្រើ​បុគ្គលិក​ជាង ៨០០ ០០០នាក់។

គួរ​រម្លឹក​ថា អាមេរិក​ទើប​បាន​ស្គាល់​ល្បឿន​នៃ​ការ​ឆ្លង​រាលដាល​មេរោគ​កូរ៉ូណាថ្មី​ដោយ​រដ្ឋអំណាច​បាន​សម្រេច​បិទសាលារៀន ហើយ​ក្រុមហ៊ុន រួម​ទាំង​រោងចក្រ សហគ្រាស​ជា​ច្រើន​ក៏​បាន​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន។ នៅ​តាម​ហាងលក់​ចំណីអាហារ ពលរដ្ឋ​មួយ​ចំនួន​បាន​នាំ​គ្នា​ទិញ​អីវ៉ាន់​ចាំ​បាច់​ស្តុក​ទុក​ដែល​ធ្វើ​ឲ្យ​ហាង​មួយ​ចំនួន​អស់​អ៊ីវ៉ាន់​លក់។ ចំណែក​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​ដែល​ពី​ដំបូង​បាន​មើល​ស្រាល​លើ Covid-១៩ ក៏​ហាក់​បាន​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ដោយ​តាម​ស្ថានការណ៍ និង​ចម្លង​យក​វិធានការ​តាម​ប្រទេស​ផ្សេង។ រីឯ​អនុប្រធានាធិបតី​លោក Mike Pence បាន​ប្រកាស​ពី​ការ​បង្កើន​ការ​ធ្វើ​តេស្ត​រក Covid-១៩ នៅ​ក្នុង​មន្ទីរពិសោធន៍​ដែល​អាមេរិក​មាន​ជាង ២ ០០០មន្ទីរពិសោធន៍។ លោក Anthony Fauci ដែល​ជា​អ្នក​ជំនាញ​ផ្នែក​ជំងឺឆ្លង​បាន​ប្រកាស​ព្រមាន​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​ខ្លាំង​នៅ​ថ្ងៃ​ខាង​មុខ​ដូច​ដែល​លោក​ធ្លាប់​បាន​ព្រមាន​ច្រើន​ដង​នា​សប្តាហ៍​កន្លង​មក។ ដោយឡែក អ្នក​នាំ​ពាក្យ​ប្រធានាធិបតី​បាន​ថ្លែង​ថា លោក​ត្រាំ​គ្មាន Covid-១៩ ទេ បន្ទាប់​ពី​បាន​ធ្វើ​តេស្ត និង​បញ្ជាក់​ថា​ចាប់​ពី​ថ្ងៃ​ចន្ទ ទី១៦ មីនា​ទៅ មនុស្ស​ដែល​ចូល​ក្នុង​បរិវាណ​សេតវិមាន​នឹង​ត្រូវ​វាស់កម្តៅ​គ្រប់​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ