អានតួអត្ថបទ

Covid-19៖ លោកត្រាំ​ គម្រោង​បញ្ចេញ​ប្រាក់​​១០០​ម៉ឺន​លាន​ដុល្លារ ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច

លោកដូណាល់ត្រាំ និងលោករដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ក្នុងពេល​ធ្វើសន្និសីទកាសែត ស្តីពីវិធានការ​ទ្រទ្រង់សេដ្ឋកិច្ច ដែលជួបការលំបាក​ដោយ COVID-19។
លោកដូណាល់ត្រាំ និងលោករដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ក្នុងពេល​ធ្វើសន្និសីទកាសែត ស្តីពីវិធានការ​ទ្រទ្រង់សេដ្ឋកិច្ច ដែលជួបការលំបាក​ដោយ COVID-19។ REUTERS - JONATHAN ERNST

ប្រឈមនឹង​​វិបត្តិ​សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយ​មេរោគ​កូវីដ១៩ លោក​ដូណាល់ ត្រាំ​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​ប្រកាស​​កាលពី​ថ្ងៃ​ពុធ​ទី​១៨មីនាថា រដ្ឋាភិបាល​លោក​មានគម្រោង​ស្នើ​បញ្ចេញ​ទឹកប្រាក់​ ដ៏​សន្ធឹកសន្ធាប់​ ដើម្បី​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច ក្រុមហ៊ុន​​ និង​ជីវភាព​របស់​ប្រជាជន។ លោក​ដូណាល់ ត្រាំ ក៏​បានសម្រេច បិទ​ចរាចរណ៍​ឆ្លង​កាត់​ព្រំដែន រវាង​សហរដ្ឋ​អាមេរិក និង​កាណាដា ជា​បណ្តោះ​អាសន្ន​​​សិន ​លើកលែង​តែ​​ក្នុង​ករណី​ចាំបាច់ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លងរាល​ដាល​មេរោគ​កូវីដ១៩។

ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខអ្នកកាសែត លោកដូណាល់ ត្រាំ បានបញ្ជាក់ថា លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ កំពុងតែធ្វើការយ៉ាងមមារញឹក ជាមួយសភាទាំង២អង្គ ដើម្បីតាក់តែងច្បាប់ពិសេសមួយ អនុញ្ញាតឲ្យបញ្ចេញទឹកប្រាក់ក្នុងចំនួន​ដ៏ធំ មកជួយទ្រទ្រង់សេដ្ឋកិច្ចរបស់អាមេរិក។ លោកត្រាំ បានអះអាងថា នេះជាទឹកប្រាក់ដ៏ច្រើន ដែលមិនដែលធ្លាប់មាននរណាធ្វើទេពីមុន។យោងតាមការចុះផ្សាយ របស់បណ្តាញទូរទស្សន៍ CNBC កញ្ចប់ថវិកានេះ អាចមានចំនួន លើស​១០០ម៉ឺនលានដុល្លារ ឯណោះ។ គម្រោងនេះ ត្រូវឆ្លងកាត់ការបោះឆ្នោតយល់ព្រម​ ​នៅសភាទាំង២។

លោក Steven Mnuchin រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានរៀបរាប់ថា ដោយសារតែការឆ្លងរាតត្បាត នៃមេរោគ​ Covid-19 ក្រុមហ៊ុន​សហគ្រាសជាច្រើន កំពុងតែជួបការលំបាក។ ហាងទំនិញ ក្រុមហ៊ុនទេសចរណ៍ ភោជនីយដ្ឋាន ហាង​កាហ្វេ បារ ត្រូវបិទទ្វារ។ វិស័យដែលរង​គ្រោះ​ធំបំផុត គឺវិស័យទេសចរណ៍ ដោយសារ​តែ​ក្រុមហ៊ុន​អាកាសចរណ៍ ត្រូវបង្ខំ​ចិត្ត លុប​ចោលជើងហោះហើរ សឹងតែទាំងស្រុង។

លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានបញ្ជាក់ថា រដ្ឋមានគម្រោងផ្ញើជាសែកទឹកប្រាក់ ឲ្យ​ទៅ​ពលរដ្ឋអាមេរិក ដោយផ្ទាល់។ វិធានការរបៀបនេះ ធ្លាប់ត្រូវបានគេអនុវត្តកាលជំនាន់វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨។ លោករដ្ឋមន្ត្រីអាមេរិកដដែល អះអាងថា វាជាការចាំបាច់បំផុត ដែលត្រូវ​ចាក់បញ្ចូល​ទឹកប្រាក់ ទៅក្នុងសេដ្ឋកិច្ច ជួយ​ពលរដ្ឋឯកជន និងជាពិសេស ត្រូវជួយសហគ្រាសធន់តូច ដែលងាយរងគ្រោះ។ ក្រៅពីនេះ រដ្ឋក៏អាចមានលទ្ធភាពធានាការផ្តល់ប្រាក់ឥណ្ឌទាន ដល់ក្រុមហ៊ុនមួយចំនួន ដែលជួបការលំបាកខ្លាំង ដូចជាក្រុមហ៊ុនអាកាសចរណ៍ និងសណ្ឋាគារជាដើម។

បើតាមការចុះផ្សាយរបស់ទូរទស្សន៍CNN លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រាប់ទៅសភាទាំង២អង្គថា ចំនួនអត្រាអ្នកអត់ការងារធ្វើ ដែលមាន៣,៥% កាលពីខែកុម្ភៈ អាចនឹងឡើងដល់២០% នៅខែខាងមុខ។ វិបត្តិសេដ្ឋកិច្ច​បង្កឡើងដោយកូវីដ១៩ មានទំហំធំ និងធ្ងន់ជាងវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ឆ្ងាយណាស់។

គួរកត់សំគាល់ថា ពេលផ្តើមផ្ទុះការឆ្លងរាលដាលមេរោគកូរូណា Covid-19 លោកដូណាល់ ត្រាំ ត្រូវបានមតិមួយចំនួន​រិះគន់ ថាបានមើលស្រាលស្ថានការណ៍នេះ។ ទើបតែកាលពីថ្ងៃចន្ទទី១៦មីនា ដែលលោកត្រាំ បានទទួលស្គាល់ថា សេដ្ឋកិច្ចអាមេរិកអាចជួបហានិភ័យខ្ពស់។ គួរបញ្ជាក់ផងដែរថា ក្រៅពីគម្រោងចំណាយដ៏សន្ធឹកសន្ធាប់របស់រដ្ឋាភិបាល ក្រុមសមាជិកសភាតំណាង មកពីបក្ស​ប្រជាធិបតេយ្យ បានដាក់ស្នើ​គម្រោងចំណាយ ​ចំនួន​១ម៉ឺនលានដុល្លារ ដើម្បីជួយដល់បុគ្គលិកដែលរងផលប៉ះពាល់ដោយផ្ទាល់ ដោយសារមេរោគកូវីដ១៩។ លោក Mitch McConnell ប្រធានក្រុមសមាជិកសភា បក្សសាធារណៈរដ្ឋ​ បានលើកឡើងថា ពេលនេះគឺជាពេលត្រូវឯកភាពគ្នា ទុករឿងបក្សមួយឡែក ដើម្បីដោះស្រាយបញ្ហាប្រឈម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ