អានតួអត្ថបទ
អាមេរិក-កូរ៉ូណា

អាជ្ញាធរ​រដ្ឋ​កាលីហ្វ័រញ៉ា​ រាំងខ្ទប់​ពលរដ្ឋ​ឲ្យនៅក្នុងផ្ទះ​ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​កូវីដ១៩

ទីប្រជុំជនសាន់ហ្វ្រាន់ស៊ីស្កូ ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកនៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២០។
ទីប្រជុំជនសាន់ហ្វ្រាន់ស៊ីស្កូ ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកនៅថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២០។ REUTERS - STEPHEN LAM

អាជ្ញាធររដ្ឋកាលីហ្វ័រញ៉ា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ មីនាម្សិលមិញ បានចេញបញ្ជា​ឲ្យ​ពលរដ្ឋចំនួនប្រមាណ ៤០ លាននាក់ ស្នាក់នៅតែក្នុងផ្ទះនិងកុំធ្វើដំណើរ​ចេញក្រៅ​ឲ្យ​សោះ​​បើគ្មានការអ្វីចាំបាច់ខ្លាំងនោះទេ។ មិនខុសពីប្រទេសដទៃទៀតដែរ វិធានការ​របស់​អាជ្ញាធរ​រដ្ឋកាលីហ្វ័រញ៉ានេះ ធ្វើឡើងដើម្បីការពារកុំឲ្យ​ជំងឺកូវីដ១៩ ឆ្លង​រាលដាល​ខ្លាំងឡើងៗ នៅក្នុងប្រទេសអាមេរិក។

ផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលចំនួនអ្នកឆ្លង និងអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ នៅតែបន្តកើនឡើង ខ្លាំង ​កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ មីនាម្សិលមិញ អភិបាលរដ្ឋកាលីហ្វ័រញ៉ា​លោក ហ្កាវីន ញ៉ូវសុម (Gavin Newsom) បានសម្រេច បិទខ្ទប់ការធ្វើដំណើររបស់ប្រជាជន ទាំងស្រុងតែម្តង។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា បានមានប្រសាសន៍ថា នាខណៈនេះ ការឆ្លងរាតត្បាត​នៃកូវីដ១៩ មានសភាពធ្ងន់ធ្ងរណាស់ ដូច្នោះហើយ វិធានការរាំងខ្ទប់ឲ្យប្រជាពលរដ្ឋ​នៅតែក្នុងផ្ទះ គឺជា​រឿងចាំបាច់ដែលមិនអាចជៀសបាន។ តែជាយ៉ាងណាក្តី លោក ហ្កាវីន ញ៉ូវសុម មិនបាន​បញ្ជាក់ប្រាប់នោះទេថាតើវិធានការបិទខ្ទប់ការធ្វើដំណើរចេញចូលនេះ នឹងត្រូវបញ្ចប់វិញនៅពេលណា។

គួរកត់សម្គាល់ថា កាលីហ្វ័រញ៉ា គឺជារដ្ឋមួយរបស់អាមេរិកដែលមានចំនួន​ប្រជាជន​រស់នៅ​ច្រើនជាងគេ គឺរហូតដល់ចំនួនប្រមាណ ៤០ លាននាក់។ នៅមួយរយៈពេលចុងក្រោយនេះ រដ្ឋកាលីហ្វ័រញ៉ា ស្ថិតក្នុងចំណោមទីតាំងដែលរងគ្រោះធ្ងន់ធ្ងរបំផុត​ពីកូវីដ១៩។ គិតរហូត​មកទល់នឹងពេលនេះ យ៉ាងហោចណាស់មានមនុស្សចំនួន ១៨ នាក់ស្លាប់ ដោយសារ​​កូវីដ ១៩ ហើយប្រជាជនកាលីហ្វ័រនីញ៉ាប្រហែលជា ១ ០០០ នាក់ផ្សេងទៀត​បានឆ្លងវីរុសនេះ។

នៅក្នុងលិខិតមួយ ​ផ្ញើទៅកាន់លោកប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ កាលពី​ថ្ងៃពុធ ទី១៨ មីនា អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោកញ៉ូវសុម បានស្នើសុំជំនួយពី រដ្ឋាភិបាលសហព័ន្ធ។

ក្រៅពីនេះ លោកក៏បានក្រើនរំឭកដែរថា ករណីឆ្លងនៃវីរុសកូវីដ១៩ នឹងកើនឡើងទ្វេដង រាល់៤ថ្ងៃម្តង នៅក្នុងផ្នែកខ្លះនៃរដ្ឋនេះ។ តាមការប៉ាន់ស្មាន ប្រជាជនដែលរស់នៅ​ក្នុងរដ្ឋកាលីហ្វ័រញ៉ាប្រមាណជា ៥៦ % ដែលស្មើនឹង ២៥លាន ៥ សែននាក់ អាចនឹង​ឆ្លងកូវីដ១៩ ក្នុងរយៈពេល ៨ សប្តាហ៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ