អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ១៩៖ មនុស្ស៨០០​លាននាក់ ត្រូវ​បង្ខំចិត្ត​នៅក្នុង​ផ្ទះ ដើម្បី​ទប់ស្កាត់​​ការឆ្លង​រាលដាល

សំឡេង ០៨:៥៣
ទីក្រុងញូយ៉ក បេះដូងនៃសហរដ្ឋអាេមរិក ស្ងាត់ជ្រងំនៅថ្ងៃទី​២០មីនា២០២០។
ទីក្រុងញូយ៉ក បេះដូងនៃសហរដ្ឋអាេមរិក ស្ងាត់ជ្រងំនៅថ្ងៃទី​២០មីនា២០២០។ REUTERS - MIKE SEGAR

ប្រឈមនឹងការឆ្លងរាលដាលកាន់តែខ្លាំងនៃ​កូវីដ១៩នេះ ​ប្រទេសកាន់តែច្រើន​ បានសម្រេចចិត្តបិទខ្ទប់ទាំងស្រុង និងហាមប្រជាជនមិនឲ្យធ្វើដំណើរទៅណាទាំងអស់ លើកលែង​តែក្នុងករណីចាំាបាច់បំផុត។ វិធានការរបៀបនេះ គឺ​ដើមី្បបញ្ជៀស​រាល់​ការ​ជួបប្រាស្រ័យ​ប៉ះពាល់គ្នា រវាងមនុស្សម្នាក់​ទៅមនុស្សម្នាក់ទៀត ដែលវាគឺជាមធ្យោបាយចម្លងមេរោគ​ ដ៏គ្រោះថ្នាក់បំផុត។ ទីក្រុងធំៗ នៅអឺរ៉ុបនិង​នៅ​សហរដ្ឋអាមេរិក ដែលធ្លាប់តែអ៊ូរអរ បាន​ប្រែក្លាយ​ជា​ស្ងាត់ជ្រងំ។ នេះជាលើកទីមួយហើយ ដែលមនុស្សជាច្រើនរយលាននាក់ នៅទូទាំងសកលលោក ត្រូវបង្ខំចិត្តសំងំក្នុងផ្ទះ ដោយសារតែខ្លាចការឆ្លងរាលដាលនៃមេរោគ។

ផ្សាយពាណិជ្ជកម្ម

ទប់ស្កាត់ការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់

ល្បឿនៃការឆ្លងរាលដាលមេរោគកូវីដ១៩ បានបោះពួយកាន់តែខ្លាំង ជាពិសេសនៅអឺរ៉ុប និង​នៅសហរដ្ឋអាេមរិក។ ប្រឈមនឹងបញ្ហានេះ អាជ្ញាធរប្រទេសជាច្រើន បានចេញវិធានការបង្ការ ការឆ្លងរាលដាល។ ការបិទខ្ទប់ទាំងស្រុង គឺមានន័យថា ហាងទំនិញត្រូវបិទទ្វារ លើកលែងតែទំនិញចំណីអាហារចាំបាច់ កន្លែងធ្វើការក៏ត្រូវបិទទ្វារ។ ប្រជាជន ត្រូវសំងំនៅក្នុងផ្ទះ អាចចេញក្រៅបាន តែក្នុងករណីចាំបាច់បំផុត ហើយដោយមានការត្រួតពិនិត្យយ៉ាងស្វិតស្វាញ ពីអាជ្ញាធរ។

សរុបមកត្រឹមថ្ងៃទី២១មីនា​ មានមនុស្សយ៉ាងហោចប្រមាណ​៨០០លាននាក់ នៅទូទាំងសកលលោក ដែលត្រូវ​បង្ខំចិត្តសំងំនៅក្នុងផ្ទះ មិនអាច​​ចេញទៅណាបាន។ ប្រទេសខ្លះបានចេញបញ្ជាបិទខ្ទប់ទាំងស្រុង ដូចជាបារាំង អ៊ីតាលី អេស្ប៉ាញជាដើម។ ប្រទេសខ្លះទៀត បានចេញបញ្ជាបិទទីតាំង ឬទីសាធារណៈទាំងអស់ ប្រទេសខ្លះទៀត បានចេញបញ្ជាហាមមិនឲ្យចេញដើរចាប់ពីម៉ោងកំណត់ណាមួយ។

រដ្ឋាភិបាល​អង់គ្លេសបានចេញបញ្ជា បិទហាងទំនិញ បិទភោជនីយដ្ឋាន។ ប៊ែលហ្សិក បានហាម​ការធ្វើដំណើរទាំងអស់ ដែលមិនចាំបាច់។ ស្វ៊ីស បានហាមការជួបជុំ ចាប់ពី៥នាក់ឡើងទៅ។ គុយបាវិញ បានបិទព្រំដែន មិនទទួលអ្នកទេសចរណ៍បរទេសណាទាំងអស់។ ប្រទេសទុយណេស៊ី នឹងបិទខ្ទប់ទាំងស្រុងចាប់ពីថ្ងៃអាទិត្យទី​២២មីនា ហើយនៅប្រទេសកូឡុំប៊ីវិញ ចាប់ពីថ្ងៃអង្គារទៅ គឺប្រជាជនមិនអាចចេញពីផ្ទះបានទេ។

រដ្ឋ៧របស់សហរដ្ឋអាមេរិក បិទខ្ទប់ទាំងស្រុង

នៅសហរដ្ឋអាមេរិក រដ្ឋកាលីហ្វ័រញ៉ា ជារដ្ឋដំបូងគេ ដែលបានប្រកាសបិទខ្ទប់ទាំងស្រុង កាលពីថ្ងៃព្រហស្បតិ៍។ ហើយកាលពីថ្ងៃសុក្រទី​២០មីនា​ មានរដ្ឋចំនួន៦ទៀត ក៏បានសម្រេចបិទខ្ទប់ទាំងស្រុងដែរ ដោយបិទហាងទំនិញ បិទហាងអាហារ និងការិយាល័យធ្វើការទាំងអស់ ប្រជាជនត្រូវនៅក្នុងផ្ទះ លើកលែង​តែ​ក្នុងករណីចាំបាច់បំផុត ទើបអាចចេញក្រៅបាន។ រដ្ឋទាំង៦គឺមាន​ រដ្ឋញូយ៉ក រដ្ឋអ៊ីលីណ័រ រដ្ឋណេវ៉ាដា រដ្ឋញូជើស៊ី រដ្ឋកូណេកទីខាត់ និង​​រដ្ឋផេនស៊ីលវេនី។ នៅរដ្ឋញូយ៉ក គ្រាន់តែ២៤ម៉ោងចុងក្រោយនេះ មានករណីឆ្លងថ្មី ចំនួន​២៩៥០​​ករណី។ បើសរុបនៅសហរដ្ឋអាមេរិក ទាំងមូលគឺមានករណីឆ្លងមេរោគកូវីដ១៩ ចំនួនប្រមាណ​ជាង​១៩០០០នាក់ ក្នុងនោះស្លាប់ជាង២២០នាក់។

កាលពីពេលថ្មីៗនេះ លោកដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថា ការបិទខ្ទប់រដ្ឋផ្សេង ក្រៅពីកាលីហ្វ័រញ៉ា ឬញូយ៉ក គឺជារឿងមិនអាចធ្វើទៅរួចទេ ព្រោះមិនសូវជាធ្ងន់ខ្លាំង។ ផ្ទុយទៅវិញ ចំណាត់ការ​បិទខ្ទប់​ទាំងស្រុងនៅរដ្ឋទាំងអស់៧នៅសហរដ្ឋអាមេរិក គឺវាបង្ហាញថា អភិបាលរដ្ឋទាំងនេះ យល់ឃើញខុសពីលោកដូណាល់ ត្រាំ។ វិធានការធ្វើនៅតាមរដ្ឋ មានលក្ខណៈតឹងតែង ប្រុងប្រយ័ត្ន ជាងវិធានការ​សហព័ន្ធ ដែលចេញដោយរដ្ឋាភិបាល​របស់​លោកត្រាំ។

លោក Andrew Cuomo អភិបាលរដ្ឋញូយ៉ក បានលើកឡើងថា ការបិទខ្ទប់ទាំងស្រុង គឺជាវិធានការធ្ងន់ធ្ងរណាស់ តែជាវិធានការចាំបាច់បំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩។ ការជួបជុំទាំងអស់ មិនថាប៉ុន្មាននាក់ក៏ដោយ គឺត្រូវតែហាមឃាត់ជាដាច់ខាត។ លោកថា ទាំងអស់គ្នាត្រូវរតែសំងំនៅក្នុងផ្ទះ នៅដាច់ដោយឡែកពីគ្នា រក្សាចំងាយពីគ្នា កុំឲ្យប៉ះពាល់គ្នា ទើបអាចផ្តាច់ផ្លូវចម្លងមេរោគនេះបាន។

ជីវិតមនុស្សមានតម្លៃជាងការខាតបង់សេដ្ឋកិច្ច

ទាក់ទងនិងបញ្ហាសេដ្ឋកិច្ចវិញ វាច្បាស់ណាស់​ ដែលថានឹងមានផលវិបាក។ រដ្ឋញូយ៉ក និងរដ្ឋកាលីហ្វ័រញ៉ា គឺប្រៀបបីដូចជាសួតឆ្វេងស្តាំនៃសេដ្ឋកិច្ចអាមេរិក។ ញូយ៉ក ជាជង្រុកទីផ្សារហិរញ្ញវត្ថុធំជាគេលើលោក ឯកាលីហ្វ័រញ៉ាវិញ គឺជង្រុកនៃក្រុមហ៊ុនបញ្ចេកវិទ្យាទំនើប ធំៗទាំងអស់។ រដ្ឋ២នេះបញ្ចូលគ្នា គឺស្មើនឹង១ភាគ៤ នៃចំណូលដុលក្នុងស្រុក របស់សហរដ្ឋអាមេរិកទាំងមូល។ រដ្ឋទាំង២នេះបិទខ្ទប់ទាំងស្រុង គឺមានន័យថា សេដ្ឋកិច្ចនឹងដើរយឺត។

លោកអភិបាលរដ្ឋញូយ៉ក បានលើកឡើងថា វាជាការទទួលខុសត្រូវធំណាស់ ក្នុងនាមលោកជាអភិបាលរដ្ឋ ដែលសម្រេចបិទខ្ទប់ទាំងស្រុងបែបនេះ ព្រោះថាវិធានការនេះ នឹងជះឥទ្ធិពលអាក្រក់ ទៅលើសកម្មភាពសេដ្ឋកិច្ច។ តែលោកបញ្ជាក់ថា ខាតបង់ប្រាក់ប៉ុន្មានក៏ខាតចុះ តែអ្វីដែលសំខាន់ គឺលោកជឿថា វិធានការនេះ អាចស្រោចស្រង់អាយុជីវិតមនុស្ស។​​ ជីវិតមនុស្សមានតម្លៃ មិនអាចយកមកប្រៀប ជាមួយនឹងការខាតបង់សេដ្ឋកិច្ចឡើយ។

លោកអភិបាលរដ្ឋញូជើស៊ី បានលើកឡើងថា​ លោកនិងអភិបាលរដ្ឋ៣ទៀត មានញូយ៉ក កូណេកទីខាត់ និង​ផេនស៊ីលវេនី បានរួមគ្នាធ្វើលិខិតស្នើទៅកាន់លោកប្រធានាធិបតីដូណាល់ ត្រាំ និងសភាខុនហ្ក្រេស ដើម្បីសុំការចាក់បញ្ចូលទឹកប្រាក់ចំនួន​១ម៉ឺនលាន់ដុល្លារ ដើម្បីជួយបន្ទាន់ដល់ការ​ខាតបង់ទាំងអស់។

ប្រជាជនក្រីក្រ គ្មានលទ្ធភាពការពារខ្លួន

ជាការពិត វិធានការបិទខ្ទប់ រារាំងមិនឲ្យមនុស្សប្រាស្រ័យប៉ះពាល់គ្នា គឺជាការបង្ការការ​ឆ្លងរាលដាល​នៃមេរោគកូវីដ១៩។ តែយ៉ាងណា ពិសី មានតែប្រទេសអ្នកមាន​ នៅអឺរ៉ុប ឬនៅអាមេរិកទេ ដែលអាចធ្វើដូចនេះបាន។ អង្គការសុខភាព​ពិភពលោក បានសម្តែងការព្រួយបារម្ភខ្លាំង អំពីអត្រាឆ្លងរាលដាល នៅតាមប្រទេសក្រីក្រជាច្រើន​នៅអាស៊ី និងនៅអាហ្វ្រិក ដោយហេតុតែគ្មានវិធានការឲ្យបានម៉ឺងម៉ាត់ ព្រមទាំងខ្វះមធ្យោបាយ។

ប្រទេសអ្នកមាន នៅអឺរ៉ុប ទោះបីជាយ៉ាងណា​ រដ្ឋអំណាចគេ មានសមត្ថភាពក្នុងការចេញបញ្ជា ហើយតាមដានការអនុវត្តជាក់ស្តែង ឲ្យមានប្រសិទ្ធិភាព ព្រមទាំងមានវិធានការជួយផ្នែកថវិកា ដល់ប្រជាជននឹងសហគ្រាសគេ ដែលខាតបង់។ ប្រជាជនគេ​ទៀត​សោត ក៏មានការយល់ដឹងច្រើន ហើយមានលទ្ធភាព ក្នុងការបង្ឃាំងខ្លួននៅដាច់ដោយឡែក មិនចេញទៅណា ឲ្យមេរោគរីករាលដាលឆ្លង។

ផ្ទុយទៅវិញ សម្រាប់ប្រទេសក្រីក្រ គឺវាជាការលំបាកណាស់។ វិធានការអនាម័យ ការហាមប្រាមមិនឲ្យប៉ះពាល់គ្នា នៅជុំគ្នា គឺពិបាកនឹងអនុវត្តណាស់។ ជាក់ស្តែង នៅតាមតំបន់អាណាធិបតេយ្យ ដូចជានៅប្រេស៊ីល នៅហ្វីលីពីន ឥណ្ឌូណេស៊ី និងនៅតាមទីក្រុងអាហ្វ្រិកខ្លះជាដើម។ អង្គការសុខ​ភាព​ពិភពលោក លើកឡើងថា ប្រជាជន​ប្រមាណ​៣ពាន់លាននាក់ រស់នៅក្នុងភាពក្រីក្រ គ្មានលទ្ធភាពការពារខ្លួនពីការឆ្លងមេរោគទេ។ នៅកន្លែងខ្លះ ប្រជាជនរស់នៅដោយគ្មានទឹកស្អាតប្រើប្រាស់ គ្មានទាំងសាប៊ូ​លាងដៃ​ផង។ នៅប្រទេស​អាហ្វ្រិកខាងត្បូង អាជ្ញាធរបានគិតស្មានទុករួចហើយ ថា៦០%នៃប្រជាជនសរុបទាំងអស់៥៦លាននាក់ អាចឆ្លងមេរោគកូវីដ១៩នេះ។ នៅប្រទេសសាល់វ៉ាដ័រវិញ អ្នករក​ស៊ី​ជីករណ្តៅកប់សព បានទាំងចាប់ផ្តើមជីករណ្តៅទុករាប់រយរណ្តៅ រួច​ទៅហើយ។

អង្គការសុខភាពពិភពលោក បានចាត់ទុកមេរោគកូវីដ១៩ ថាគឺជាសត្រូវរបស់មនុស្សជាតិ។ ហើយអ្នកដែលរងគ្រោះខ្លាំងជាងគេ គឺអ្នកក្រ ដែលគ្មានលទ្ធភាពការពារខ្លួន គ្មានលទ្ធភាព​រក្សាអនាម័យគ្រប់គ្រាន់ និងគ្មានលទ្ធភាព​រកព្យាបាល។ ដូច្នេះរដ្ឋាភិបាល តោងយកចិត្តទុកដាក់ គិតគូរ ដល់ពួកគេឲ្យបានច្រើនបំផុត។

ចំណុចចុងក្រោយមួយទៀត លោកអគ្គនាយក​អង្គការសុខភាពពិភពលោក បាន​បញ្ជាក់ថា យុវជន វ័យក្មេង​ក៏មិនត្រូវភ្លេចខ្លួន ក្នុងការពារខ្លួនដែរ ព្រោះពួកគេ មិនមែនមិនអាចឆ្លងមេរោគកូវីដ​១៩​ឡើយ។ កន្លងមក យុវជន​ក្មេងៗ​មិនសូវប្រយ័ត្នទេ ដោយគិតថាគ្រោះថ្នាក់ មានតែទៅលើមនុស្សចាស់។ នេះ គឺជាការយល់ច្រឡំធំណាស់។ ទោះមេរោគនេះអាចបង្កគ្រោះថ្នាក់ដល់ជីវិត លើមនុស្សវ័យក្មេង តិចជាងមនុស្សចាស់ក្តី តែកុំភ្លេចថា មនុស្សទាំងអស់ទោះក្មេងទោះចាស់ អាចផ្ទុកមេរោគនេះ ហើយអាចចម្លងទៅអ្នកដទៃបាន។ ដូច្នេះ ការប្រុងប្រយ័ត្ន គឺការពារខ្លួនយើងផង ការពារអាយុជីវិតអ្នកដ៏ទៃផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ