អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ​១៩​៖ ព្រឹទ្ធសភា​និង​សេតវិមាន​អាមេរិក​ព្រមព្រៀងគ្នា​​លើកញ្ចប់​ថវិកា​ ២០០​ម៉ឺន​លានដុល្លារ​ដើម្បី​សង្គ្រោះ​សេដ្ឋកិច្ច

សំឡេង ០៦:២៥
រដ្ឋមន្រ្តីរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin នៅឯសភាអាមេរិក កាលពីយប់អធ្រាត្រថ្ងៃអង្គារ ឈានចូលថ្ងៃពុធ ទី២៥ មីនា ២០២០។
រដ្ឋមន្រ្តីរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin នៅឯសភាអាមេរិក កាលពីយប់អធ្រាត្រថ្ងៃអង្គារ ឈានចូលថ្ងៃពុធ ទី២៥ មីនា ២០២០។ © Chip Somodevilla/Getty Images/AFP

នៅអាមេរិក ដើម្បីសង្គ្រោះសេដ្ឋកិច្ច ដែលកំពុងរងការវាយលុកខ្លាំងពីជំងឺរាតត្បាតកូវីដ១៩ ព្រឹទ្ធសភា និងលោកប្រធានាធិបតីដូណាល់ ត្រាំ បានព្រមព្រៀងគ្នា លើកញ្ចប់ ថវិកាជំនួយចំនួន ២០០ ម៉ឺនលានដុល្លារ។ ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានឈានដល់កិច្ចព្រមព្រៀងមួយ នៅព្រឹកថ្ងៃពុធ ទី២៥ មីនានេះ បន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិក ហើយនិងរដ្ឋបាលរបស់លោកត្រាំ ជជែកពិភាក្សាគ្នាយ៉ាងតឹងសរសៃករយៈពេល ៥ ថ្ងៃ។ ក្រោយមានការយល់ព្រម លើកញ្ចប់ថវិកាសង្គ្រោះនេះភ្លាម គេឃើញទីផ្សារភាគហ៊ុន​អាមេរិក ក៏ដូចទីផ្សារអាស៊ីដែរចាប់ផ្តើមងើបក្បាលកើនឡើងវិញ។

ផ្សាយពាណិជ្ជកម្ម

 

ការព្រមព្រៀងគ្នារវាងព្រឹទ្ធសភានិងសេតវិមានលើកញ្ចប់ជំនួយថវិកា២០០ ម៉ឺនលានដុល្លារ

ក្រោយពីបាន ប្រកាសអំពីការព្រមព្រៀងគ្នា លើកញ្ចប់ថវិកាជំនួយនេះភ្លាម លោកមីជ ម៉ាក់កូនែល (Mitch McConnell) ដែលជាមេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិក បានមានប្រសាសន៍ថា នៅទីបំផុតទៅ ពួកគេអាចសម្រេចបាននូវកិច្ចព្រមពៀងហើយ។

ជាមួយគ្នានេះ លោក ម៉ាក់កូនែល បានបញ្ជាក់ប្រាប់ថា ថវិកាសង្គ្រោះចំនួន ២០០ ម៉ឺនលានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាកូវីដ១៩ នេះ គឺជា​ចំនួនទឹកប្រាក់ជំនួយដ៏ច្រើនបំផុតមួយក្នុងប្រវត្តិសាស្ត្រអាមេរិក។

គួរកត់សម្គាល់ថា សេចក្តីសម្រេចខាងលើ នៅមិនទាន់ចេញជាផ្លូវការណ៍នោះទេ ដោយហេតុថា ព្រឹទ្ធសភា និងសមាជិកសភាអាមេរិក នៅត្រូវអនុម័តលើសេចក្តី​ព្រមព្រៀងនេះជាមុនសិន។ បន្ទាប់មក គេត្រូវបញ្ជូនសេចក្តី ព្រមព្រៀងនេះទៅឲ្យ​ប្រធានាធិបតីដូណាល់ ត្រាំ ដើម្បីចុះហត្ថលេខា។

តែទោះជាបែបនេះក្តី ប្រភពពីខាងសមាជិកព្រឹទ្ធសភាអាមេរិក បានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ប្រាកដណាស់ នឹងចុះហត្ថលេខា លើ កញ្ចប់ថវិកាជំនួយឆាប់ៗ គឺថានៅថ្ងៃពុធនេះតែម្តង ពីព្រោះនេះ ជាអ្វីដែលលោក ទទូចចង់បានខ្លាំងណាស់។ ក្រោយមកទៀត នៅថ្ងៃពុធ ដដែលនេះ ព្រឹទ្ធសភាអាមេរិក នឹងបោះឆ្នោតអុនម័តលើវិធានការណ៍នេះជាផ្លូវការតែម្តង។

អាមេរិកនឹងជួយសង្គ្រោះសេដ្ឋកិច្ចដែលរងគ្រោះពីវីរុសកូវីដ ១៩ តាមរបៀបណា?

ជាការពិត កិច្ចព្រមព្រៀងលើកញ្ចប់ថវិកា ចំនួន ២០០ ម៉ឺនលានដុល្លារ ត្រូវបាន​សម្រេចឡើងក្នុងគោលបំណង ជួយស្តារសេដ្ឋកិច្ចអាមេរិក ដែលកំពុងរងការ​លុកលុយ និងកំពុងថមថយដំណើរ ដោយសារតែជំងឺរាតត្បាតសកល-កូវីដ ១៩។

ជាមួយចំនួនទឹកប្រាក់ដ៏សែនច្រើននេះ រដ្ឋាភិបាលអាមេរិក នឹងយកទៅជួយមណ្ឌល សុខភាព ក្រុមហ៊ុនសហគ្រាស និងប្រជាជនអាមេរិក ដែលកំពុងទទួលរងគ្រោះពី ការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មី។

រដ្ឋាភិបាលអាមេរិក នឹងផ្តល់ប្រាក់ដោយផ្ទាល់ ទៅក្នុងដៃរបស់ពលរដ្ឋអាមេរិក ទាំងឡាយណា ដែលជាជនរងគ្រោះពីវិបត្តិកូវីដ១៩។ ផ្តល់ជំនួយ ដល់អាជីវកម្មខ្នាតតូច និងផ្តល់ប្រាក់កម្ចីរាប់រយលានដុល្លារសម្រាប់ក្រុមហ៊ុនធំៗ រួមទាំងក្រុមហ៊ុនអាកាសចរណ៍​ផងដែរ។

បើតាមការចុះផ្សាយរបស់កាសែត Washingtonpost រដ្ឋាភិបាលអាមេរិក មានបំណង ចង់លើកស្ទួយការរីកចម្រើននៃសេដ្ឋកិច្ច ដោយផ្តល់ជូនដើមទុន តាមរយៈមូលប្បទានប័ត្រ (សែក) ចំនួន ១ ២០០ ដុល្លារ ទៅឱ្យពលរដ្ឋអាមេរិកជាច្រើន។ ក្រៅពីនេះ បង្កើតកម្មវិធី​ប្រាក់កម្ចីក្នុងចំនួន ទឹកប្រាក់ ៣៦៧ ពាន់លានដុល្លារ សម្រាប់អាជីវកម្មខ្នាតតូច និងបង្កើត​មូលនិធិ ៥០០ ពាន់លានដុល្លារ សម្រាប់ទ្រទ្រង់វិស័យឧស្សាហកម្ម។

ចំណែកថវិកា នៅសេសសល់ផ្សេងទៀត គេនឹងយកទៅជួយរ៉ាប់រង ពេលដែលប្រជាពលរដ្ឋគ្មានការងារធ្វើ។ ក្នុងចំណោមថវិកាទាំងអស់ គេត្រៀមផងដែរ ទឹកប្រាក់ចំនួន ១៥០ ពាន់លានដុល្លារ ទុកប្រើដើម្បីជំរុញកំណើនឡើងនៃសេដ្ឋកិច្ចរបស់រដ្ឋ និងមូលដ្ឋាន។

មួយចំណែកផ្សេងទៀត ចំនួន ១៣០ ពាន់លានដុល្លារ រដ្ឋាភិបាលអាមេរិក ទុកសម្រាប់​ជួយមន្ទីរពេទ្យនានា ដែលកំពុងត្រូវការឧបករណ៍យ៉ាងខ្លាំង ដូចជាឧបករណ៍ការពារ គ្រែ និងម៉ាស៊ីនជំនួយខ្យល់ដណ្តើម ដល់អ្នកជំងឺកូវីដ១៩ ដែលមានចំនួនចេះតែ​កើនឡើង​ពី​មួយថ្ងៃទៅមួយថ្ងៃ។

តើយុទ្ធសាស្ត្ររបស់អាមេរិក អាចជួយសង្គ្រោះសេដ្ឋកិច្ចឲ្យរួចផុតពីវិបត្តិកូវីដ១៩ដែរឬទេ?

សហរដ្ឋអាមេរិក ពិតជាមានឆន្ទៈខ្ពស់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីជាជន្ទល់ជួយជ្រោងឲ្យសេដ្ឋកិច្ចដើរ​ទៅមុខដោយរលូនបាន។

ការត្រៀមថវិកាក្នុងចំនួនដ៏ច្រើនរបស់អាមេរិក ទំនងជាអាចជួយស្តារសេដ្ឋកិច្ចអាមេរិក កុំឲ្យធ្លាក់ដុនដានខ្លាំង ដោយសារជងឺរាតត្បាតសកលបាន ក៏ប៉ុន្តែនាខណៈនេះ គេនៅ​មិនទាន់ដឹងច្បាស់​នោះទេ ថាវាជួយបានក្នុងកម្រិតណានោះ។

គិតត្រឹមព្រលប់ថ្ងៃពុធនេះ គេឃើញសញ្ញាវិជ្ជមានពីរហើយ បន្ទាប់ពីព្រឹទ្ធសភាអាមេរិក និងរដ្ឋបាល​លោកប្រធានាធិបតីដូណាល់ ត្រាំ ប្រកាសអំពីការឈានដល់កិច្ចព្រមព្រៀង លើកញ្ចប់ថវិកាចំនួន២០០ ម៉ឺនលានដុល្លារ។ ទី១ គឺទីផ្សារភាគហ៊ុនអាស៊ី បានផ្តើម​កើនឡើងខ្លាំងវិញ ដែលក្នុងនោះ មានទីផ្សារភាគហ៊ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានកើនឡើងដល់ចំនួន ៨ ភាគរយ ហើយតម្លៃប្រេងវិញ ក៏ចាប់ឡើង​ថ្លៃផងដែរ។

ចំណែកសញ្ញាវិជ្ជមានទី២ នោះ គឺទីផ្សាភាគហ៊ុនរបស់អាមេរិកខ្លួននឯងផ្ទាល់តែម្តង ដែលបានកើនឡើង គឺកើនតាំងតែពីថ្ងៃអង្គារម្សិលមិញមកម្ល៉េះ។ នេះ ដោយសារតែគេ រំពឹងទុកមុនហើយថា កិច្ចព្រមព្រៀងលើកញ្ចប់ថវិកាជាជំនួយពិសេស នឹងទទួលយល់ព្រម​ដោយព្រឹទ្ធសភាអាមេរិក និងប្រមុខសេតវិមានអាមេរិក គឺលោកដូណាល់ ត្រាំជាមិនខាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ